KCB - ទីតុស ៣


ទីតុស ៣

ចូរធ្វើអ្វីដែលល្អ

ចូររំឭក​ពួកគេ​ ឲ្យចុះ​ចូល​នឹង​ពួក​អ្នក​ដឹក​នាំ ចុះចូល​នឹង​ពួក​អាជ្ញាធរ ហើយ​ឲ្យស្តាប់​បង្គាប់ ព្រមទាំង​​​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច ​សម្រាប់​ការ​ល្អ​គ្រប់​បែប​យ៉ាង​ មិនត្រូវ​និយាយ​បង្ខូច​​អ្នក​ណា​ម្នាក់ ឬ​រករឿង​ឈ្លោះ​ប្រកែក​ឡើយ ត្រូវ​មាន​ចិត្ត​ស្លូត​បូត ​ទាំង​បង្ហាញ​ចិត្ត​សុភាព​គ្រប់​បែប​យ៉ាង​ ដល់​មនុស្ស​ទាំង​អស់។​ ដ្បិត​កាល​ពី​ដើម យើង​ក៏​ជា​មនុស្ស​ល្ងង់ខ្លៅ មិន​ស្តាប់​បង្គាប់ ចាញ់​ការ​បោក​បញ្ឆោត​ ហើយ​បម្រើ​សេចក្ដី​ប៉ង​ប្រាថ្នា និង​សេចក្ដី​ស្រើប​ស្រាល​ផ្សេងៗ​ ទាំង​រស់​នៅ​ក្នុង​សេចក្ដី​អាក្រក់ និង​សេចក្ដី​ឈ្នានីស ជា​មនុស្ស​គួរ​ឲ្យ​ស្អប់ខ្ពើម ព្រមទាំង​ស្អប់​គ្នា​ទៅវិញ​ទៅមក​ទៀត​ផង‍។ ប៉ុន្ដែ​នៅ​ពេល​ដែល​សេចក្ដី​សប្បុរស​​របស់​ព្រះជាម្ចាស់ ​ជា​ព្រះអង្គសង្គ្រោះ​នៃ​យើង និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ ​ចំពោះ​មនុស្ស​បាន​លេច​មក​ នោះ​​ព្រះអង្គ​បាន​សង្គ្រោះ​យើង មិន​មែន​ដោយ​ព្រោះ​​កិច្ច​ការ​ដ៏​សុចរិត​ដែល​យើង​ប្រព្រឹត្ត​ទេ គឺ​ដោយព្រោះ​សេចក្ដី​​មេត្តា​ករុណា ​របស់​ព្រះអង្គវិញ‍ តាមរយៈ​​ការ​លាង​សំអាត​​ដែល​ឲ្យ​យើង​កើត​ជា​ថ្មី និង​ការ​ផ្លាស់​ប្រែ​ជា​ថ្មី​ដោយសារ​​​ព្រះ​វិញ្ញាណ​បរិសុទ្ធ ​ហើយ​ព្រះអង្គ​បាន​ចាក់​បង្ហូរ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នេះ​មក​លើ​យើង​យ៉ាង​បរិបូរ តាមរយៈ​ព្រះ​យេស៊ូ​គ្រិស្ដ​ ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ​ដើម្បី​នៅ​ពេល​យើង​ត្រូវ​​បាន​រាប់​ជា​សុចរិត ​ដោយ​សារ​ព្រះគុណ​របស់​ព្រះអង្គរួច​ហើយ​ នោះ​យើង​នឹង​ត្រលប់​ជា​អ្នក​ស្នង​មរតក ស្រប​តាម​សេចក្ដី​សង្ឃឹម​លើ​​ជីវិត​អស់កល្ប​ជានិច្ច។ ​ពាក្យ​នេះ​គួរ​ឲ្យ​ជឿ ហើយ​ខ្ញុំ​ចង់​ឲ្យអ្នក​បញ្ជាក់​សេចក្ដី​នេះ ​ឲ្យបាន​ច្បាស់​លាស់ ដើម្បី​ឲ្យពួក​អ្នក​ដែល​ជឿ​លើ​ព្រះ​ជាម្ចាស់​ខិតខំ​យក​ចិត្ត​ទុក​ដាក់ ​ចំពោះ​ការ​ប្រព្រឹត្ដិ​ល្អ។ ការ​ទាំង​នេះ​​ជាការ​ប្រសើរ និង​មាន​ប្រយោជន៍​ដល់​មនុស្ស។

ការដាស់តឿន និងពាក្យជម្រាបសួរចុងក្រោយ

ចូរ​ចៀស​ចេញ​ពី ​ការ​សួរ​ដេញ​ដោល​ដ៏​ល្ងង់ខ្លៅ​ និង​​ពី​បញ្ជី​វង្ស​ត្រកូល ​ការ​ឈ្លោះ​ប្រកែក និង​ជម្លោះ​​អំពី​គម្ពីរ​វិន័យ ដ្បិត​ការ​ទាំង​នោះ​ជាការឥត​ប្រយោជន៍ ហើយ​គ្មាន​បាន​ការ​អ្វី​ទាំង​អស់។ ១០​ចំពោះ​មនុស្ស​ណា​ដែល​បង្កើត​បក្ស​ពួក ចូរ​កុំ​ទទួល​ស្គាល់​អ្នក​នោះ​ឲ្យ សោះ ក្រោយ​ពីបានព្រមាន​គេ​ម្តង​ពីរ​ដង​ហើយ​នោះ​ ១១ដោយ​ដឹង​ថា ​មនុស្ស​បែប​នេះ​អាក្រក់​​អស់​ហើយ គេ​​ចេះ​តែ​ធ្វើ​បាប ព្រមទាំង​ជា​អ្នក​ដាក់​ទោស​ខ្លួន​ឯង​ទៀត​ផង។ ១២​នៅពេល​ខ្ញុំ​ចាត់​លោក​អើតេម៉ាស​ ឬ​លោក​​ទីឃីកុស​​ឲ្យមក​ឯ​អ្នក ចូរ​ព្យាយាម​​មក​ឯ​ខ្ញុំ​នៅ​ក្រុង​នីកូប៉ូល ដ្បិត​ខ្ញុំ​សម្រេច​ចិត្ត​ថា ស្នាក់​នៅ​​ទី​នោះ​ក្នុង​រដូវ​រងា។ ១៣​ចូរ​​ខិតខំជួយ​លោក​សេណាស​ជា​មេធាវី និង​លោក​អ័ប៉ុឡូស​​​ឲ្យ​បន្ដ​ដំណើរទៅមុខ​ទៀត​ ​កុំ​ឲ្យពួកគេ​ខ្វះ​អ្វី​ឡើយ។ ១៤​ត្រូវឲ្យបងប្អូន​យើង​​ខិតខំ​ធ្វើ​ការ​ល្អ​ផង​ សម្រាប់​បំពេញ​​សេចក្ដី​ត្រូវការ​ចាំ​បាច់ទាំងឡាយ​ ដើម្បី​កុំ​ឲ្យត្រលប់​ជា​មនុស្ស ​មិន​បង្កើត​ផល​ឡើយ។ ១៥​បងប្អូន​ទាំង​អស់​ដែល​នៅ​ជាមួយ​ខ្ញុំ​ក៏ជម្រាប​សួរ​មក​អ្នក‍ដែរ‍។ ចូរ​​ជម្រាប​សួរ​ដល់​ ពួក​អ្នក​រួម​ជំនឿ​ដែល​ស្រឡាញ់​យើង​ផង។​ សូម​ឲ្យអ្នក​ទាំង​អស់​គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​៕

ទីតុស ៣