ទីតុស ២
សេចក្ដីបង្រៀនដ៏ត្រឹមត្រូវ
២រីឯអ្នកវិញ ចូរនិយាយសេចក្ដីណា ដែលស្របតាមសេចក្ដីបង្រៀនត្រឹមត្រូវ។ ២ត្រូវឲ្យបុរសចាស់ៗចេះទប់ចិត្ត ហើយដឹងខុសត្រូវ គួរឲ្យគោរព និងរឹងមាំក្នុងជំនឿ សេចក្ដីស្រឡាញ់ និងសេចក្តីអត់ធ្មត់ផង។
៣រីឯស្រ្តីចាស់ៗក៏ដូច្នោះដែរ ត្រូវមានកិរិយាមារយាទសមជាអ្នកបរិសុទ្ធ មិននិយាយមូលបង្កាច់ ឬញៀនស្រាឡើយ ប៉ុន្តែ ជាគ្រូបង្រៀនសេចក្ដីត្រឹមត្រូវវិញ ៤ដើម្បីអប់រំស្រ្តីក្មេងៗឲ្យស្រឡាញ់ប្តី និងកូនរបស់ខ្លួន ៥ឲ្យដឹងខុសត្រូវ បរិសុទ្ធ ធ្វើជាមេផ្ទះដ៏ល្អ ចុះចូលនឹងប្តីរបស់ខ្លួន ដើម្បីកុំឲ្យអ្នកណា ប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ។
៦រីឯបុរសក្មេងៗវិញ ក៏ដូច្នោះដែរ ចូរដាស់តឿនគេឲ្យមានគំនិតត្រឹមត្រូវ។ ៧ក្នុងការអ្វីក៏ដោយ ចូរបង្ហាញខ្លួនអ្នកទុកជាគំរូពីកិច្ចការល្អ ហើយនៅក្នុងការបង្រៀនវិញ ចូរបង្ហាញភាពស្អាតស្អំ សេចក្តីថ្លៃថ្នូរ ៨និងពាក្យសំដីត្រឹមត្រូវ ដែលរកបន្ទោសមិនបាន ដើម្បីឲ្យអ្នកប្រឆាំងអាម៉ាស់មុខ ដោយគ្មានអ្វីអាក្រក់និយាយអំពីយើង។
៩ចូរឲ្យពួកបាវបម្រើ ចុះចូលនឹងចៅហ្វាយរបស់ខ្លួនក្នុងគ្រប់ការទាំងអស់ ទាំងផ្គាប់ចិត្តចៅហ្វាយ ហើយឥតប្រកែក ១០ឥតលួចបន្លំឡើយ ផ្ទុយទៅវិញ ត្រូវសំដែងភាពស្មោះត្រង់ទាំងស្រុង ដើម្បីតុបតែង សេចក្ដីបង្រៀនរបស់ព្រះជាម្ចាស់ ជាព្រះអង្គសង្គ្រោះរបស់យើងក្នុងគ្រប់ការទាំងអស់ ១១ដ្បិតព្រះគុណរបស់ព្រះជាម្ចាស់ ដែលនាំសេចក្ដីសង្គ្រោះដល់មនុស្សទាំងអស់ បានលេចមកហើយ ១២ព្រមទាំងបង្ហាត់បង្រៀនយើងឲ្យលះបង់ ការមិនគោរពកោតខ្លាចព្រះជាម្ចាស់ និងសេចក្ដីប៉ងប្រាថ្នាខាងលោកិយចោល ហើយឲ្យយើងរស់នៅក្នុងលោកិយនេះ ដោយមានចិត្តធ្ងន់ សុចរិត និងដោយគោរពកោតខ្លាចព្រះជាម្ចាស់ ១៣ទាំងរង់ចាំសេចក្ដីសង្ឃឹមដ៏មានពរ និងការយាងមកប្រកបដោយសិរីរុងរឿងរបស់ព្រះជាម្ចាស់ដ៏ឧត្ដម គឺព្រះយេស៊ូគ្រិស្ដ ជាព្រះអង្គសង្គ្រោះរបស់យើង ១៤ដែលព្រះអង្គបានប្រគល់អង្គទ្រង់ជំនួសយើង ដើម្បីលោះយើងឲ្យរួចពីសេចក្ដីទុច្ចរិតគ្រប់បែបយ៉ាង ហើយសំអាតប្រជារាស្ត្រមួយ ធ្វើជាប្រជារាស្ដ្រដ៏វិសេសសម្រាប់ព្រះអង្គផ្ទាល់ ដែលខ្នះខ្នែងប្រព្រឹត្តការល្អ។
១៥ចូរប្រាប់អំពីសេចក្ដីទាំងនេះ ទាំងដាស់តឿន និងស្ដីបន្ទោសពួកគេដោយសិទ្ធិអំណាចគ្រប់បែបយ៉ាង។ កុំឲ្យអ្នកណាម្នាក់មើលងាយអ្នកឡើយ។