KCB - រ៉ូម ៩


រ៉ូម ៩

ព្រះជាម្ចាស់ជ្រើសរើសជនជាតិ អ៊ីស្រាអែល

ខ្ញុំ​និយាយ​សេចក្ដី​ពិតនៅ​ក្នុង​ព្រះគ្រិស្ដ ខ្ញុំ​មិន​កុហក​ទេ មនសិការ​របស់​ខ្ញុំ​ធ្វើ​បន្ទាល់​ជាមួយ​ខ្ញុំ ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ ថា ខ្ញុំ​មាន​ទុក្ខព្រួយ​ជា​ខ្លាំង ហើយ​សោក​សង្រេង​ក្នុង​ចិត្ត​មិន​​ស្បើយ​សោះ​​ ដ្បិតខ្ញុំ​សុខចិត្ដ​ត្រូវ​បណ្តាសា​ឲ្យ​បែក​ចេញ​ពី​ព្រះគ្រិស្ដ​​ដើម្បី​បងប្អូន​ជន​រួមជាតិ​ ខាង​ឯ​សាច់​ឈាម​របស់​ខ្ញុំ ​គឺជា​​​ជនជាតិ​អ៊ីស្រាអែល​ដែល​ជា​កូន​ចិញ្ចឹម​របស់​ព្រះជាម្ចាស់ ហើយ​មាន​​សិរីរុងរឿង កិច្ច​ព្រមព្រៀង គម្ពីរ​វិន័យ ការបម្រើ​ព្រះ និង​សេចក្ដី​សន្យា​ផ្សេងៗ​ ពួក​គេមាន​​ដូនតា​​ ហើយ​​ព្រះគ្រិស្ដ​បាន​ប្រសូត​ខាង​ឯ​សាច់​ឈាម​ពី​ពួកគេ​ដែរ គឺ​ព្រះអង្គ​នេះ​ហើយ​ជា​ព្រះ​លើ​ទាំងអស់ ជា​ព្រះ​ដ៏៎​មាន​​ពរ​អស់កល្ប​ជានិច្ច អាម៉ែន​!​​

យ៉ាងណា​ក្ដី ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​មិន​មែន​ មិន​បាន​សម្រេច​ទេ ព្រោះជន​ជាតិ អ៊ីស្រាអែលទាំងអស់​មិនមែន​សុទ្ធតែ​ជា ​ជនជាតិ​អ៊ីស្រាអែល​ទេ​ ហើយ​​ក៏មិនមែន ​ដោយសារ​ពួកគេ​ជា​ពូជពង្ស​របស់​លោក​អ័ប្រាហាំ ពួកគេ​សុទ្ធតែ​ជា​កូនចៅ​របស់​គាត់​ដែរ​ ផ្ទុយទៅវិញ​មាន​សេចក្ដី​ចែង​ទុក​ថា៖ «ពូជពង្ស​ពី​អ៊ីសាក ​នឹង​ត្រូវ​រាប់​ជា​ពូជ‍របស់​អ្នក‍» គឺកូន​ខាង​សាច់​ឈាម មិន​មែន​ជា​កូន​របស់​ព្រះជាម្ចាស់ទេ ផ្ទុយទៅវិញ កូន​ខាង‍ឯ​សេចក្ដី​សន្យា​​​ទេតើ ដែលត្រូវ​រាប់​ជា​ពូជពង្ស។ ដ្បិត​ព្រះជាម្ចាស់​មានបន្ទូល​សន្យា​ថា៖​ «យើង​នឹង​មក​វិញ​តាម​ពេល​កំណត់ ហើយ​សារ៉ា​នឹង​មាន​កូន​ប្រុស​ម្នាក់»។

១០មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅ​ពេលនាង​រេបិកា​មាន​ផ្ទៃ​ពោះ​ជាមួយ​បុរស​ម្នាក់​ គឺលោក​អ៊ីសាក ​ជា​ដូនតា​របស់​យើង​​ក៏ដូច្នោះ​ដែរ​ ១១ទោះបីកូន​ទាំងពីរ​នោះ​មិន​ទាន់​កើត និង​មិន​ទាន់​បាន​ធ្វើ​អ្វី​ល្អ ឬ​អាក្រក់​នៅ​ឡើយក៏​ដោយ ដើម្បី​ឲ្យ​គម្រោង​ការ​​នៃ​ការ​ជ្រើសរើស​ ដែល​ស្រប​តាម​បំណង​ របស់​ព្រះ​ជាម្ចាស់​នៅ​ស្ថិតស្ថេរ ១២ដ្បិត​មិន​មែន​ដោយសារ​​ការ​ប្រព្រឹត្តិ​ទេ គឺដោយសារ​​​ការ​ត្រាស់​ហៅ​របស់ព្រះអង្គវិញ ព្រះជាម្ចាស់​បាន​មានបន្ទូលមក​​នាង​ថា៖ «កូន​ច្បង​នឹង​បម្រើ​កូន​ប្អូន» ១៣ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖ «យើងស្រឡាញ់​​យ៉ាកុប ហើយ​ស្អប់​អេសាវ‍»។

១៤ដូច្នេះ តើ​យើង​នឹង​និយាយ​យ៉ាង​ដូចម្តេច​? តើ​ព្រះជាម្ចាស់​មាន​សេចក្ដី​ទុច្ចរិត​ឬ​? មិន​មែន​ដូច្នោះ​ទេ​!​ ១៥ដ្បិត​ព្រះអង្គ​មានបន្ទូល​ប្រាប់​លោក​ម៉ូសេ​ថា៖ «យើង​នឹងមេត្តា​ចំពោះ​អ្នកណា ​ដែល​យើង​មេត្តា ហើយ​យើង​នឹង​អាណិតអាសូរ​ចំពោះ​អ្នកណា​ដែល​យើង​អាណិតអាសូរ‍»។​ ១៦ដូច្នេះ មិន​មែន​ស្រេច​លើ​អ្នក​ណា​ចង់​បាន ឬ​អ្នក​ណា​ខំ​រត់​រក​នោះ​ទេ គឺ​ស្រេច​លើ​ព្រះជាម្ចាស់​ដែល​ជា​អ្នក​មាន​សេចក្ដី​មេត្ដា​វិញ។​

១៧ដ្បិត​ក្នុង​បទគម្ពីរ ​ព្រះជាម្ចាស់​មានបន្ទូល​ទៅ​ស្តេច​ស្រុកអេស៊ីព្ទ​ថា៖«យើង ​បាន​តាំង​អ្នក​ឡើង ​សម្រាប់​ការ​នេះ​ឯង គឺ​ដើម្បី​បង្ហាញ​​ អំណាច​របស់​យើង​តាមរយៈ​អ្នក និង​ដើម្បី​ឲ្យ​គេ​ប្រកាស​ប្រាប់​ពី​ឈ្មោះ​របស់​យើង​​ពាសពេញ​ផែនដី​ទាំង​មូល» ១៨ដូច្នេះព្រះអង្គ​មេត្ដា​​​ដល់​អ្នក​ណា​ តាម​​តែ​​​ព្រះ​ហ​ឫទ័យរបស់​ព្រះអង្គ​ ហើយ​ព្រះអង្គ​ធ្វើ​ឲ្យ​អ្នក​ណា​​មាន​ចិត្ត​រឹងរូស ក៏​តាម​តែ​ព្រះហឫទ័យ​របស់ព្រះអង្គ​ដែរ។​

១៩អ្នក​មុខជា​សួរ​ខ្ញុំ​ថា ចុះ​ហេតុអ្វី​ព្រះអង្គ​នៅតែ​ប្រកាន់​ទោស​ទៀត​? ដ្បិត ​តើ​អ្នក​ណា​ ប្រឆាំង​នឹង​បំណង​របស់​ព្រះអង្គ​បាន​?​ ២០ប៉ុន្ដែ ឱ​មនុស្ស​អើយ! តើ​អ្នក​ជា​អ្វី បានជា​ហ៊ាន​តវ៉ា​ជាមួយ​ព្រះជាម្ចាស់​ដូច្នេះ​? តើ​របស់​​ដែល​ជាងស្មូន​បាន​សូន​ឡើង​ នឹង​និយាយ​ទៅ​ជាង​ស្មូន​ថា ហេតុ​អ្វី​បាន​ជាអ្នកសូន​ខ្ញុំ​ដូច្នេះដែរ​​ឬ?​ ២១តើ​ជាង​ស្មូន​គ្មាន​សិទ្ធិ​សូន​​ពីដីឥដ្ឋ​តែមួយ​ដុំ​ ធ្វើ​របស់​​មាន​តម្លៃ‍មួយ និង‍​មួយទៀតគ្មាន​តម្លៃ‍ទេ‍ឬ‍?​ ២២ចុះ​បើព្រះជាម្ចាស់​ សព្វ​ព្រះហឫទ័យ​​​បង្ហាញកំហឹង និង​ឲ្យ​គេ​ស្គាល់​ព្រះចេស្ដា​របស់​ព្រះអង្គ ប៉ុន្ដែ​ព្រះអង្គ​ស៊ូទ្រាំ​ដោយ​អត់ធ្មត់ ​ចំពោះ​របស់​ដែល​ត្រូវ​រង​កំ​ហឹង ដែល​រៀប​ចំ​សម្រាប់​បំ​ផ្លាញ​​នោះ ​យ៉ាង​ដូច​ម្ដេច​ដែរ? ២៣ដ្បិត​ព្រះអង្គ​ធ្វើ​ដូច្នេះ​ ដើម្បី​ឲ្យ​របស់​ដែល​បាន ​ទទួល​សេចក្ដី​មេត្ដា​ ដែល​​ព្រះអង្គ​បាន​រៀបចំ​ទុក​ជាមុន​សម្រាប់​សិរី​រុងរឿង បានស្គាល់​សិរី​រុងរឿង​ដ៏​បរិបូរ​របស់​ព្រះអង្គ​ ២៤គឺ​​យើង ដែលព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​ មិន​ត្រឹមតែ​​ពី​ក្នុង ចំណោម​ជនជាតិ​យូដា​ប៉ុណ្ណោះ​ទេ គឺ​ពី​ចំណោម​សាសន៍​ដទៃ​ដែរ។​

២៥ដូច​ដែល​ ព្រះអង្គ​មានបន្ទូល​​ក្នុង​គម្ពីរហូសេ​ថា៖ «យើង​នឹង​ហៅ​ប្រជារាស្រ្ដ ​ដែល​មិន​មែន​ជា​រាស្រ្ដ​របស់​យើង​ថាជា​រាស្រ្ដ​របស់​យើង ហើយ​ហៅ​អ្នក​ដែល​យើង​មិន​បានស្រឡាញ់​​ថា ​ជា​ទីស្រឡាញ់របស់​យើង២៦ព្រមទាំង​ត្រង់​កន្លែង​ដែល​បាន​ប្រកាស​ថា អ្នករាល់គ្នា​មិន​មែន​ប្រជា​រាស្រ្ដ​របស់​យើង​ទេ កន្លែង​នោះ​ពួកគេ​នឹង​ត្រូវ​បាន​ហៅ​ថា ជា​កូន​របស់​ព្រះ​ ដ៏​មាន​ព្រះជន្ម​រស់វិញ‍»។​ ២៧ឯ​​លោកអេសាយ​វិញ គាត់​បាន​ប្រកាស​អំពី​ជនជាតិ​អ៊ីស្រាអែល​ថា៖ «ទោះបី​កូន​ចៅ​របស់​ជនជាតិ​អ៊ីស្រាអែល ​មាន​ចំនួន​ច្រើន ​ដូច​ខ្សាច់​នៅ​សមុទ្រ​ក៏ដោយ ក៏​មាន​តែ​អ្នក ​ដែល​នៅ​សល់​ប៉ុណ្ណោះ​ដែល​នឹងបាន​សង្គ្រោះ​​ ២៨ដ្បិត​ព្រះអម្ចាស់​នឹង​​​សម្រេច​ព្រះបន្ទូល​របស់​ព្រះ​អង្គសព្វគ្រប់​នៅ​លើ​ផែនដី​នេះ ​ដោយ​មិន​បង្អង់​ឡើយ»។ ២៩ដូច​ដែល​លោក​អេសាយ​បាន​ថ្លែង​ទុក​ពីមុន​ថា៖ «បើ​ព្រះអម្ចាស់​​នៃ​ពួក​ពល​បរិវារ​​ មិន​ទុក​ពូជ​ឲ្យ​យើង​ទេ នោះ​យើង​បានត្រលប់​​ដូច​ជា​ក្រុង​សូដុម​ និង​ក្រុង​កូម៉ូរ៉ា​​ជា​មិនខាន​ហើយ‍»។​

ភាពគ្មានជំនឿរបស់ជនជាតិ អ៊ីស្រាអែល

៣០ដូច្នេះ​ តើ​យើង​និយាយ​យ៉ាង​ដូចម្តេច‍អំពីសាសន៍​ដទៃ ​ដែល​មិន​បាន​សង្វាត​រក​​សេចក្ដី​សុចរិត ទទួល​បាន​សេចក្ដី​សុចរិត ជា​សេចក្ដី​សុចរិត​ដោយ​សារ​ជំនឿ ៣១ឯ​ជនជាតិ​អ៊ីស្រាអែល​ ដែល​សង្វាត​ធ្វើ​តាម ​ក្រឹត្យវិន័យនៃ​សេចក្ដី​សុចរិត​វិញ ពួកគេ​មិន​បានសម្រេច​តាម​ក្រឹត្យវិន័យ​​ឡើយ​ ៣២ហេតុអ្វី​? ព្រោះ​ពួកគេ​ពឹង​​លើ​ការប្រព្រឹត្ដិ មិន​មែន​ពឹង​លើ​ជំនឿ គឺ​ពួកគេ​បាន​ជំពប់​នឹង​ថ្ម​ដែល​នាំ​ឲ្យ​គេ​​​ជំពប់ដួល​ ៣៣ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖ «យើង​បាន​ដាក់​ថ្ម​​មួយ ​ដែល​នាំ​ឲ្យ​​ជំពប់ដួល​​នៅឯ​ក្រុង​ស៊ីយ៉ូន ហើយ​ជា​ផ្ទាំងថ្ម​ដែល​ធ្វើ​ឲ្យ​រវាត​​ចិត្ដ ប៉ុន្ដែ​អ្នកណា​ជឿ​លើ​ថ្ម​​នោះ អ្នកនោះ​នឹង​មិនត្រូវខ​កចិត្ដឡើយ»។​

រ៉ូម ៩