រ៉ូម ៧
មិនស្ថិតនៅក្រោមក្រឹត្យវិន័យទៀតទេ
៧បងប្អូនអើយ! ខ្ញុំសូម និយាយទៅកាន់ ពួកអ្នកស្គាល់ក្រឹត្យវិន័យ តើអ្នករាល់គ្នាមិនដឹងទេឬអីថា ក្រឹត្យវិន័យមានអំណាចលើមនុស្សម្នាក់ នៅពេលដែលគេមានជីវិតប៉ុណ្ណោះ? ២គឺស្រ្តីរៀបការហើយ ត្រូវនៅជាប់ជាមួយប្តី ដោយសារក្រឹត្យវិន័យ នៅពេលប្ដីនោះមានជីវិតនៅឡើយ តែបើប្តីស្លាប់ នោះនាងបានរួចពីក្រឹត្យវិន័យស្ដីអំពីប្ដីនោះហើយ ៣ដូច្នេះបើនាងទៅយកប្តីម្នាក់ទៀត នៅពេលប្ដីនៅរស់នៅឡើយ នោះគេហៅនាងថាស្ត្រីផិតក្បត់ ប៉ុន្ដែបើប្តីស្លាប់ នោះនាងបានរួចពីក្រឹត្យវិន័យហើយ ដូច្នេះទោះបីនាងទៅយកប្តីម្នាក់ទៀត ក៏នាងមិនមែនជាស្ត្រីផិតក្បត់ដែរ។
៤ហេតុនេះបងប្អូនអើយ! អ្នករាល់គ្នាក៏បានស្លាប់ខាងឯគម្ពីរវិន័យ តាមរយៈរូបកាយរបស់ព្រះគ្រិស្ដរួចហើយ គឺដើម្បីឲ្យអ្នករាល់គ្នា បានរួមជាមួយមនុស្សម្នាក់ទៀត ដែលបានរស់ពីស្លាប់ឡើងវិញ ដើម្បីឲ្យយើងបង្កើតផលថ្វាយព្រះជាម្ចាស់ ៥ព្រោះកាលយើងនៅខាងសាច់ឈាមនៅឡើយ ដោយសារគម្ពីរវិន័យ សេចក្ដីប៉ងប្រាថ្នារបស់បាបបានធ្វើសកម្មភាពក្នុងអវយវៈទាំងឡាយរបស់យើងឲ្យបង្កើតផលជាសេចក្ដីស្លាប់ ៦ប៉ុន្ដែ ឥឡូវនេះ យើងបានរួចពីគម្ពីរវិន័យហើយ ទាំងបានស្លាប់ខាងឯសេចក្ដីដែលឃុំឃាំងយើងទុកដែរ ដើម្បីឲ្យយើងបម្រើ តាមរបៀបថ្មីរបស់ព្រះវិញ្ញាណ មិនមែនតាមរបៀបចាស់របស់គម្ពីរវិន័យឡើយ។
ក្រឹត្យវិន័យនៃព្រះជាម្ចាស់បង្ហាញឲ្យឃើញបាប
៧តើយើងនិយាយយ៉ាងដូចម្តេច? តើគម្ពីរវិន័យជាបាបឬ? មិនមែនដូច្នោះទេ ព្រោះបើគ្មានគម្ពីរវិន័យ នោះខ្ញុំក៏មិនស្គាល់បាបដែរ ដ្បិតបើក្រឹត្យវិន័យមិនបានចែងថា កុំលោភលន់ នោះខ្ញុំក៏មិនស្គាល់សេចក្ដីលោភលន់ ជាអ្វីដែរ ៨ប៉ុន្ដែតាមរយៈបញ្ញត្តិ បាបបានឆ្លៀតឱកាស ឲ្យមានសេចក្ដីលោភលន់គ្រប់បែបយ៉ាងនៅក្នុងខ្ញុំ ដ្បិតបើគ្មានក្រឹត្យ វិន័យទេ បាបក៏ស្លាប់ដែរ។
៩កាលគ្មានគម្ពីរវិន័យនៅឡើយ ខ្ញុំមានជីវិត ប៉ុន្ដែពេលមានបញ្ញត្ដិ នោះបាបបានរស់ឡើងវិញ រីឯខ្ញុំបានស្លាប់ ១០ហើយខ្ញុំក៏យល់ឃើញថា បញ្ញត្ដិដែលនាំមកនូវជីវិត បែរជានាំមកនូវសេចក្ដីស្លាប់វិញ ១១ព្រោះបាបបានឆ្លៀតឱកាសបញ្ឆោតខ្ញុំតាមរយៈបញ្ញត្ដិ ហើយក៏សម្លាប់ខ្ញុំតាមរយៈបញ្ញត្ដិនោះ ១២ដូច្នេះ គម្ពីរវិន័យបរិសុទ្ធ រីឯបញ្ញត្តិក៏បរិសុទ្ធ ល្អ និងសុចរិតដែរ។
១៣តើសេចក្ដីល្អទាំងនេះធ្វើឲ្យខ្ញុំស្លាប់ឬ? មិនមែនដូច្នោះ ទេ! គឺបាបទេតើដែលធ្វើឲ្យខ្ញុំស្លាប់ ដោយសារសេចក្ដីល្អទាំងនេះ ដើម្បីបង្ហាញថា បាបគឺជាបាប ហើយដោយសារបញ្ញត្ដិទាំងនេះ បាបបានត្រលប់ជាកាន់តែធ្ងន់ឡើងៗ។
មានបញ្ហាជាមួយបាប
១៤ដ្បិតយើងដឹងថា គម្ពីរវិន័យត្រូវខាងវិញ្ញាណ រីឯខ្ញុំជាមនុស្សខាងសាច់ឈាម ដែលត្រូវបានលក់ឲ្យនៅក្រោមអំណាចរបស់បាប ១៥ហេតុនេះហើយ ខ្ញុំមិនយល់អំពីការប្រព្រឹត្ដិរបស់ខ្ញុំទេ ដ្បិតខ្ញុំមិនបានធ្វើអ្វីតាមដែលខ្ញុំចង់ធ្វើឡើយ បែរជាធ្វើអ្វីដែលខ្ញុំស្អប់ទៅវិញ ១៦ដូច្នេះ បើខ្ញុំធ្វើអ្វីដែលខ្ញុំមិនចង់ធ្វើ នោះខ្ញុំយល់ព្រមថា គម្ពីរវិន័យល្អមែន ១៧ព្រោះមិនមែនជាខ្ញុំទេ ដែលធ្វើកិច្ចការនោះ គឺបាបនៅក្នុងខ្ញុំទេតើដែលធ្វើ។
១៨ខ្ញុំដឹងថា គ្មានអ្វីល្អនៅក្នុងខ្ញុំទេ គឺនៅក្នុងសាច់ឈាមរបស់ខ្ញុំនេះ ព្រោះខ្ញុំមានបំណងចង់ធ្វើល្អ ប៉ុន្ដែធ្វើមិនបាន ១៩ខ្ញុំមិនធ្វើកិច្ចការល្អដែលខ្ញុំចង់ធ្វើទេ ខ្ញុំបែរជាធ្វើកិច្ចការអាក្រក់ ដែលខ្ញុំមិនចង់ធ្វើទៅវិញ។ ២០ដូច្នេះ បើខ្ញុំធ្វើកិច្ចការដែលខ្ញុំមិនចង់ធ្វើ នោះមិនមែនជាខ្ញុំទេដែលធ្វើកិច្ចការនោះ គឺបាបនៅក្នុងខ្ញុំទេជាអ្នកធ្វើ។
២១ហេតុនេះខ្ញុំរកឃើញគោលការណ៍មួយ គឺនៅពេលខ្ញុំចង់ធ្វើការល្អ នោះសេចក្ដីអាក្រក់ ក៏ចេះតែនៅជាមួយខ្ញុំជានិច្ច ២២ដ្បិតមនុស្សខាងក្នុងរបស់ខ្ញុំពេញចិត្តនឹងក្រឹត្យវិន័យ របស់ព្រះជាម្ចាស់ណាស់ ២៣ប៉ុន្ដែខ្ញុំឃើញគោលការណ៍មួយទៀត នៅក្នុងអវយវៈទាំងឡាយក្នុងរូបកាយរបស់ខ្ញុំ ដែលកំពុងច្បាំងទាស់នឹងគោលការណ៍ នៃគំនិតរបស់ខ្ញុំ ហើយធ្វើឲ្យខ្ញុំត្រលប់ជា ឈ្លើយរបស់គោលការណ៍នៃបាប ដែលមានក្នុងអវយវៈទាំងឡាយរបស់ខ្ញុំ។ ២៤ខ្ញុំជាមនុស្សវេទនាណាស់ តើអ្នកណាអាចជួយខ្ញុំ ឲ្យរួចពីរូបកាយនៃសេចក្ដីស្លាប់នេះបាន? ២៥សូមអរព្រះគុណព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង ដូច្នេះខាងគំនិតរបស់ខ្ញុំ ខ្ញុំបម្រើក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ឯខាងសាច់ឈាមរបស់ខ្ញុំ ខ្ញុំបម្រើគោលការណ៍របស់បាប។