KCB - រ៉ូម ១៥


រ៉ូម ១៥

រស់នៅដោយធ្វើឲ្យអ្នកដទៃ សប្បាយចិត្ដ

១៥យើង​ជា​អ្នក ​ដែល​រឹងមាំ​ ត្រូវ​ទ្រាំ​ទ្រ​ ចំពោះ​ភាព​ទន់ខ្សោយ​របស់​អ្នក​ដែល​មិន‍រឹងមាំ ហើយ​​មិន​ត្រូវ​ផ្គាប់​ចិត្ត​ខ្លួន​ឯង​នោះទេ​ ចូរ​យើង​ម្នាក់ៗ​ធ្វើ​ឲ្យ​អ្នក​ជិតខាងពេញ​ចិត្ត ដើម្បី​ជា​ការ​ល្អ​សម្រាប់​​ស្អាង​ចិត្ត​ឡើង​ ព្រោះ​សូម្បីតែ​ព្រះគ្រិស្ដ ព្រះអង្គ​ក៏​មិន​បាន​ផ្គាប់​ព្រះហឫទ័យ​​ព្រះអង្គ​ផ្ទាល់​ដែរ គឺ​ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖ «ដំណៀល ​របស់​ពួក​អ្នក​ដៀលត្មះ​ព្រះអង្គ ​បាន​ធ្លាក់​មក​លើ​ខ្ញុំ​វិញ» ដ្បិត​សេចក្ដី​ទាំងឡាយ​​ដែល​បាន​ចែង​ទុក​កាល​ពីមុន គឺ​បាន​ចែង​ទុក​សម្រាប់​បង្រៀន​យើង ដើម្បី​ឲ្យ​យើង​មាន​សង្ឃឹម​ តាមរយៈ​ការស៊ូទ្រាំ និង ​តាមរយៈការ​លើកទឹកចិត្តពី​​បទគម្ពីរ‍។​

ឥឡូវ​នេះ សូម​ព្រះជាម្ចាស់​នៃ​ការស៊ូទ្រាំ និង​ការ​លើកទឹកចិត្ដ​ប្រទាន​ឲ្យ​អ្នករាល់គ្នា​មាន​គំនិត​តែ​មួយ​ តាមរយៈ​ព្រះ​គ្រិស្ដ​យេស៊ូ​ ដើម្បី​ឲ្យ​អ្នករាល់គ្នា​សរសើរ​តម្កើង​ព្រះជាម្ចាស់​ ​ជា​ព្រះវរបិតា​របស់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើងដោយ​ព្រម​ព្រៀង​គ្នា​ និងមាន​សំឡេង​តែ​មួយ។

ដូច្នេះ ចូរ​ទទួល​គ្នា​ទៅវិញ​ទៅមក​ដូច​ជា​ព្រះគ្រិស្ដ​ បាន​ទទួល​អ្នករាល់គ្នា​​ដែរ​ចុះ ដើម្បី​ជា​សិរីរុងរឿង​របស់​​ព្រះជាម្ចាស់​ ដ្បិត​​ខ្ញុំ​សូម​ប្រាប់​ថា ព្រះគ្រិស្ដ​បាន​ត្រលប់​ជា ​អ្នកបម្រើ​របស់​ពួក​អ្នក​កាត់​ស្បែក​ ក្នុង​នាម​ជា​សេចក្ដី​ពិត​​​របស់​ព្រះជាម្ចាស់ ដើម្បី​បញ្ជាក់​សេចក្ដី​សន្យា​​​របស់​ព្រះជាម្ចាស់ ​ ដែល​បាន​ធ្វើ​ជា​មួយ​នឹង​ពួក​ដូនតា ​​និង​ឲ្យ​សាសន៍​ដទៃ​ថ្វាយ​សិរី​រុងរឿង ​ដល់​ព្រះជាម្ចាស់ចំពោះ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអង្គ ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖ «ដោយ​ហេតុនេះបានជា​ ខ្ញុំ​សរសើរ​តម្កើង​ព្រះជាម្ចាស់ ​នៅក្នុង​ចំណោម​សាសន៍​​ដទៃ ហើយ​ខ្ញុំ​ច្រៀង​សរសើរ​ព្រះនាម​​ព្រះអង្គ»។​ ១០ហើយ​មាន​សេចក្ដី​មួយ​ទៀត​ចែង​ទុក​ថា៖ «ពួក​សាសន៍​ដទៃ​អើយ!​ ចូរ​អរ​សប្បាយ​ជាមួយ​ប្រជារាស្រ្ដ​របស់​ព្រះអង្គ​ចុះ​​!» ១១រួច​មាន​សេចក្ដី​ចែង​ទុក​ទៀត​ថា៖ «ពួក​សាសន៍​ដទៃ​អើយ!​ ចូរ​សរសើរ​ព្រះអម្ចាស់ជន​​ទាំងឡាយ​អើយ!​ ចូរ​សរសើរ​ព្រះអង្គ​ចុះ!» ​​១២ក្នុង​សេចក្ដី​មួយ​ទៀត ​លោក​អេសាយ​បាន​ថ្លែង​ថា៖ «នឹង​មាន​ឫស​របស់​លោក​អ៊ីសាយ​មួយ​កើត​មក ដើម្បី​គ្រប់គ្រង​ពួក​សាសន៍​​ដទៃ ហើយ​ពួក​សាសន៍​ដទៃ ​នឹង​សង្ឃឹម​លើ​ព្រះអង្គ» ១៣ដូច្នេះ សូម​ឲ្យ​ព្រះជាម្ចាស់​នៃ​សេចក្ដី​សង្ឃឹម​ បំពេញ​អ្នករាល់គ្នា ដោយ​​អំណរគ្រប់បែបយ៉ាង និង​សេចក្ដី​សុខសាន្ត​តាមរយៈ​ជំនឿ ដើម្បី​ឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដី​សង្ឃឹម​ហូរហៀរ ​ដោយ​អំណាច​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ។​

លោកប៉ូលផ្សាយដំណឹងល្អដល់សាសន៍ដទៃ

១៤បងប្អូន​អើយ! ខ្ញុំ​ជឿ​ជាក់​ចំពោះ​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​ពេញ​ដោយ​សេចក្ដី​ល្អ និង​ពេញ​ដោយ​ចំណេះដឹង​គ្រប់​បែបយ៉ាង ព្រមទាំង​អាច​ដាស់តឿន​គ្នា​ទៅវិញ​ទៅមក​បាន​ដែរ ​១៥ប៉ុន្ដែខ្ញុំ​បាន​សរសេរ​អំពី​ចំណុច​ខ្លះ​​ ផ្ញើ​មក​អ្នករាល់គ្នាដោយ​ចិត្ដ​ក្លា​ហាន​ ដើម្បី​រំឭក​អ្នករាល់គ្នា​ដោយសារ​ព្រះគុណ​ ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ ១៦គឺ​ឲ្យ​ខ្ញុំ​ធ្វើ​ជា​អ្នកបម្រើ​ព្រះគ្រិស្ដ​យេស៊ូ​សម្រាប់​សាសន៍​ដទៃ ហើយ​បំពេញ​តួនាទី​ ជា​សង្ឃ​សម្រាប់​ដំណឹង​ល្អ​ របស់​ព្រះជាម្ចាស់ ដើម្បី​នាំ​សាសន៍​ដទៃ ​មក​ថ្វាយ​ព្រះជាម្ចាស់​ទុក​ជា​តង្វាយដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​​ទទួល​យក​ និង​ដែល​បាន​​ញែក​ជា​បរិសុទ្ធ ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ‍។​ ១៧ដូច្នេះនៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ ខ្ញុំ​មាន​ហេតុផល​អួត​អំពី​កិច្ចការ​ទាំង​ឡាយ​​ ដែល​ខ្ញុំ​បាន​ធ្វើ​ថ្វាយ​ព្រះជាម្ចាស់​ ១៨ដ្បិត​ខ្ញុំ​មិន​ហ៊ាន​និយាយ​អំពី​អ្វី​ឡើយ ក្រៅពី​អ្វី​ដែល​ព្រះគ្រិស្ដ​ បាន​ធ្វើ​តាមរយៈ​ខ្ញុំ សម្រាប់​ការនាំ​សាសន៍​ដទៃ​ឲ្យ​ស្តាប់​បង្គាប់ តាមរយៈ​ពាក្យ​សំដី​ និង​ការ​ប្រព្រឹត្ដិ​ ១៩ដោយ​អំណាច​នៃ​ទី​សំគាល់ ការ​អស្ចារ្យ និង ​អំណាច​នៃព្រះ​​វិញ្ញាណ​របស់​ព្រះជាម្ចាស់។ ដូច្នេះ​ហើយ ​ខ្ញុំ​បាន​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះគ្រិស្ដ​នៅ​គ្រប់​ទីកន្លែងតាំង​ពី​​ក្រុង​យេរូសាឡិម​រហូត​ដល់​ស្រុក​អ៊ីលីរីកុន។​

២០​ខ្ញុំ​មាន​​បំណង ​​ប្រកាស​ដំណឹង​ល្អ​នៅ​កន្លែង​ ដែលគេ​មិន​ធ្លាប់​​ឮ​ព្រះនាម​របស់​ព្រះគ្រិស្ដ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​សង់​គ្រឹះ​លើ​គ្រឹះ​របស់​អ្នក​ដទៃ។ ២១ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖ «អស់​អ្នក​ដែល​មិន​ទាន់‍បាន​ទទួល​ដំណឹង​អំពី​ព្រះអង្គ នោះ​នឹង​បាន​ឃើញ ឯ​​អស់​អ្នក​ដែល​មិន​ធ្លាប់​ឮ នោះ​នឹង​បាន​យល់»​ ២២ហេតុនេះបានជា​ខ្ញុំ​ខកខាន​ច្រើន​ដង មិន​បាន​មក‍ឯ​អ្នករាល់គ្នា។​

គម្រោងការបស់លោកប៉ូល​ធ្វើដំណើរទៅក្រុងរ៉ូម

២៣ប៉ុន្ដែ​ពេលនេះ នៅ​ក្នុង​តំបន់​ទាំងនេះ​ គ្មាន​កន្លែង​ណា​នៅ​សល់​ទៀត​ឡើយ ម្យ៉ាង​ទៀតជា​ច្រើន​​ឆ្នាំ​មក​ហើយ​ដែល​ខ្ញុំ​មាន​បំណង​ ចង់​មក​ជួប​អ្នករាល់គ្នា​ ២៤ហើយ​ពេលណា​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស្បាញ ខ្ញុំ​សង្ឃឹម​ថានឹង​​ជួប​អ្នករាល់គ្នា​នៅ​ពេល​ធ្វើ​ដំ​ណើរ​កាត់តា​ម​នោះ​ ដើម្បី​ឲ្យ​អ្នករាល់គ្នា​ជួយ​ខ្ញុំ​ បន្ត​ដំណើរ​ពី​ស្រុក​នោះ​ទៀត​ បន្ទាប់​ពី​​​​ខ្ញុំ​បាន​កម្សាន្ដ​​ចិត្ដ​បន្ដិច​ ដោយ​​បាន​ស្នាក់​នៅ​ជាមួយ​អ្នករាល់គ្នា​មួយរយៈ។​

២៥ឥឡូវ​នេះ ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម ដើម្បី​នឹង​បម្រើ​ពួក​បរិសុទ្ធ​សិន​ ២៦ដ្បិត​បងប្អូន​នៅ​ស្រុក​ម៉ាសេដូន និង ​ស្រុក​អាខៃសុខ​ចិត្ដ​បរិច្ចាគ​មួយ​ចំនួន​ ជួយ​អ្នក​ក្រីក្រ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​នៅ​ក្រុង​យេរូសាឡិម​ ២៧មែន​ហើយ ពួកគេ​ពេញចិត្ដ​ធ្វើ​ដូច្នេះ​ណាស់ ព្រោះ​ពួកគេ​ជំពាក់​អ្នក​ទាំងនោះ ដ្បិត​សាសន៍​ដទៃ​ បាន​ទទួល​ចំណែក​​ខាង​វិញ្ញាណ​ពី​អ្នក​ទាំងនោះ បានជា​សាសន៍ដទៃ​ ត្រូវ​ផ្គត់ផ្គង់​ចំណែក​ខាង​សាច់​ឈាម​ដល់​អ្នក​ទាំងនោះ​វិញ ២៨ដូច្នេះ​ពេល​ណា​ខ្ញុំ​បំពេញ​កិច្ចការ​នេះ​ចប់​សព្វគ្រប់ គឺ​ប្រគល់​ជំនួយ​ដល់​អ្នក​ទាំងនោះ​រួចហើយ​ ខ្ញុំ​នឹង​ចេញ​ដំណើរ​ ទៅ​ស្រុក​​អេស្បាញ​​ដោយ​ឆៀង​ចូល​ជួប​អ្នករាល់គ្នា ២៩ហើយ​ខ្ញុំ​ដឹង​ថា ពេល​ខ្ញុំ​មក​ជួប​អ្នករាល់គ្នា ខ្ញុំ​នឹង​មក​ជា​មួយ​ព្រះពរ​ ដ៏​ហូរហៀរ​របស់​ព្រះគ្រិស្ដ។

៣០បងប្អូន​អើយ! ខ្ញុំ​សូម​ដាស់​តឿន​អ្នករាល់គ្នា​ក្នុង​​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង និង​​ដោយ​​សេចក្ដីស្រឡាញ់​​នៃ​ព្រះវិញ្ញាណ​ថា ចូរ​ខំប្រឹង​ជាមួយ​ខ្ញុំ ក្នុងការអធិស្ឋានដល់​ព្រះជាម្ចាស់​សម្រាប់​ខ្ញុំ​​​ផង​ ៣១ដើម្បី​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​ពួក​អ្នក​មិន​ជឿ​នៅ​ស្រុក​យូដា និង​ឲ្យ​ពួក​បរិសុទ្ធ ​នៅ​ក្រុង​យេរូសាឡិម​ទទួល​យក​ការ​បម្រើ​របស់​ខ្ញុំ​ ៣២ព្រមទាំង​ឲ្យ​ខ្ញុំ​មក​ឯ​អ្នករាល់គ្នា ​ដោយ​អំណរ ​តាម​បំណង​របស់​ព្រះជាម្ចាស់ ហើយ​ឲ្យ​ខ្ញុំ​បាន​សម្រាក ​ ជាមួយ​អ្នករាល់គ្នា​ដែរ‍។​ ៣៣សូម​ឲ្យ​ព្រះជាម្ចាស់​នៃ​សេចក្ដី​សុខសាន្ត គង់​ជាមួយ​អ្នក​ទាំងអស់​គ្នា អាម៉ែន។

រ៉ូម ១៥