រ៉ូម ១៤
មនុស្សខ្សោយ និងមនុស្សខ្លាំង
១៤ចូរទទួលអ្នកដែលខ្សោយខាងជំនឿ កុំឈ្លោះប្រកែកពីគំនិតខុសប្លែកគ្នាឡើយ ២គឺម្នាក់ជឿថា ខ្លួនអាចបរិភោគអាហារបានគ្រប់មុខ ប៉ុន្ដែចំពោះអ្នកខ្សោយវិញ បរិភោគតែបន្លែ ៣នោះចូរកុំឲ្យអ្នកដែលបរិភោគមើលងាយអ្នកដែលមិនបរិភោគ ហើយអ្នកដែលមិនបរិភោគ ក៏មិនត្រូវថ្កោលទោសអ្នកដែលបរិភោគដែរ ដ្បិតព្រះជាម្ចាស់បានទទួលអ្នកនោះ ៤តើអ្នកជាអ្វី បានជាហ៊ានថ្កោលទោសបាវបម្រើរបស់គេ? ទោះជាអ្នកបម្រើនោះឈរក្តី ដួលក្តី ស្រេចលើចៅហ្វាយរបស់គេទេតើ តែគេនឹងឈរបាន ព្រោះព្រះអម្ចាស់មានអំណាចជួយគេឲ្យឈរបាន។
៥ដ្បិតម្នាក់គិតថា ថ្ងៃមួយប្រសើរជាងថ្ងៃមួយទៀត ម្នាក់ទៀតបែរជាគិតថា ថ្ងៃណាក៏ដូចជាថ្ងៃណាដែរ ដូច្នេះ ចូរម្នាក់ៗជឿជាក់ នៅក្នុងគំនិតរបស់ខ្លួនចុះ ៦ព្រោះអ្នកដែលប្រតិបត្ដិតាមថ្ងៃ គេប្រតិបត្ដិសម្រាប់ព្រះអម្ចាស់ ឯអ្នកដែលបរិភោគ គេបរិភោគសម្រាប់ព្រះអម្ចាស់ដែរ ដ្បិតគេបានអរព្រះគុណព្រះជាម្ចាស់ ហើយអ្នកដែលមិនបរិភោគ គេក៏មិនបរិភោគសម្រាប់ព្រះអម្ចាស់ ហើយគេក៏អរព្រះគុណព្រះជាម្ចាស់ដែរ ៧ដ្បិតក្នុងចំណោមយើង គ្មានអ្នកណាម្នាក់រស់នៅដើម្បីខ្លួនឯងទេ ហើយក៏គ្មានអ្នកណាម្នាក់ស្លាប់ដើម្បីខ្លួនឯងដែរ ៨ព្រោះបើយើងរស់នៅ គឺរស់នៅដើម្បីព្រះអម្ចាស់ ហើយបើយើងស្លាប់ គឺស្លាប់ដើម្បីព្រះអម្ចាស់ ដូច្នេះហើយទោះបីយើងរស់ក្តី ស្លាប់ក្តី យើងជារបស់ព្រះអម្ចាស់ ៩ហេតុនោះហើយ បានជាព្រះគ្រិស្ដសោយទិវង្គត ហើយមានព្រះជន្មរស់ឡើងវិញ ដើម្បីធ្វើជាព្រះអម្ចាស់លើ ទាំងមនុស្សស្លាប់ និងមនុស្សរស់។
១០ចុះអ្នកវិញ ហេតុអ្វីបានជាថ្កោលទោសបងប្អូនរបស់ខ្លួនដូច្នេះ? ឬហេតុអ្វីបានជាអ្នកមើលងាយបងប្អូនរបស់ខ្លួនដូច្នេះ? ដ្បិតយើងនឹងឈរនៅមុខទីជំនុំជម្រះ របស់ព្រះជាម្ចាស់ទាំងអស់គ្នា ១១ព្រោះមានសេចក្ដីចែងទុកថា ព្រះអម្ចាស់មានបន្ទូលថា យើងមានព្រះជន្មរស់ជានិច្ច ដូច្នេះជង្គង់ទាំងអស់ត្រូវលុតចុះនៅចំពោះមុខយើង ហើយអណ្តាតទាំងអស់ ត្រូវប្រកាសទទួលស្គាល់ព្រះជាម្ចាស់។ ១២ដូច្នេះយើងម្នាក់ៗ នឹងរៀបរាប់ទូលព្រះជាម្ចាស់ពីអំពើដែលយើងបានធ្វើ ១៣ហេតុនេះ យើងមិនត្រូវថ្កោលទោសគ្នាទៀតឡើយ ផ្ទុយទៅវិញ យើងត្រូវប្ដេជ្ញាចិត្ដថា យើងមិនត្រូវធ្វើឲ្យបងប្អូនណាម្នាក់ ជំពប់ដួល ឬរវាតចិត្ដឡើយ។
១៤ខ្ញុំដឹង ហើយជឿជាក់នៅក្នុងព្រះអម្ចាស់យេស៊ូថា គ្មានអ្វីមួយមិនបរិសុទ្ធដោយខ្លួនឯងនោះទេ លុះត្រាតែមានអ្នកណាម្នាក់ចាត់ទុកថា វាមិនបរិសុទ្ធ ទើបវាត្រលប់ជា មិនបរិសុទ្ធសម្រាប់អ្នកនោះ ១៥ប៉ុន្ដែ បើអ្នកធ្វើឲ្យបងប្អូនរបស់អ្នកព្រួយចិត្ដ ដោយសារតែរឿងអាហារ នោះអ្នកមិនបានរស់នៅ ដោយសេចក្ដីស្រឡាញ់ទៀតទេ ដូច្នេះកុំធ្វើឲ្យបងប្អូនរបស់អ្នក ដែលព្រះគ្រិស្ដបានសោយទិវង្គតជំនួស ត្រូវវិនាសដោយសារតែអាហាររបស់អ្នកឡើយ។ ១៦ដូច្នេះកុំឲ្យគេនិយាយបង្ខូច ការល្អរបស់អ្នកបានឡើយ។
១៧ដ្បិតនគររបស់ព្រះជាម្ចាស់ មិនមែនជាការបរិភោគ និងការផឹកឡើយ គឺជាសេចក្ដីសុចរិត សេចក្ដីសុខសាន្ត និង សេចក្ដីអំណរនៅក្នុងព្រះវិញ្ញាណបរិសុទ្ធ។ ១៨ព្រោះអ្នកដែលបម្រើព្រះគ្រិស្ដតាមរបៀបនេះ គាប់ព្រះហឫទ័យព្រះជាម្ចាស់ណាស់ ហើយមនុស្សទាំងឡាយ ក៏ទទួលស្គាល់អ្នកនោះដែរ។ ១៩ដូច្នេះហើយ យើងត្រូវដេញតាមសេចក្ដីទាំងឡាយដែលនាំឲ្យមានសេចក្ដីសុខសាន្ត និងការស្អាងចិត្តដល់គ្នាទៅវិញទៅមក។
២០កុំបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ដោយសារតែអាហារឡើយ ដ្បិតអាហារសុទ្ធតែបរិសុទ្ធទេ ប៉ុន្ដែជាការអាក្រក់សម្រាប់អ្នកដែលបរិភោគដោយធ្វើឲ្យគេជំពប់ដួល ២១ហើយជាការប្រសើរ បើមិនបរិភោគសាច់ ឬផឹកស្រា និងអ្វីផ្សេងទៀត ដែលធ្វើឲ្យបងប្អូនរបស់អ្នកជំពប់ដួល។ ២២បើអ្នកមានជំនឿបែបណា ចូរជឿបែបនោះតែម្នាក់ឯង នៅចំពោះព្រះជាម្ចាស់ចុះ ដ្បិតមានពរហើយ អ្នកណាដែលមិនថ្កោលទោសខ្លួនឯងចំពោះអ្វីដែលខ្លួនយល់ថា ត្រឹមត្រូវ ២៣ផ្ទុយទៅវិញ បើអ្នកណាបរិភោគទាំងសង្ស័យ អ្នកនោះមានទោសហើយ ព្រោះមិនបានបរិភោគដោយជំនឿទេ ហើយអំពើទាំងឡាយ ដែលមិនមែនមកពីជំនឿទេ នោះសុទ្ធតែជាបាបទាំងអស់។