រ៉ូម ១៣
ចុះចូលនឹងរដ្ឋអំណាច
១៣មនុស្សគ្រប់គ្នា ត្រូវចុះចូលនឹងរដ្ឋអំណាច ដ្បិតសិទ្ធិអំណាចទាំងនោះ មកពីព្រះជាម្ចាស់ ហើយសិទ្ធិអំណាចដែលកំពុងមាននេះក៏ព្រះអង្គបានតែងតាំងដែរ ២ដូច្នេះអ្នកណាប្រឆាំងនឹងរដ្ឋអំណាច អ្នកនោះក៏ប្រឆាំង បញ្ញត្ដិរបស់ព្រះជាម្ចាស់ដែរ ហើយអ្នកប្រឆាំងទាំងនោះ នឹងនាំឲ្យខ្លួនឯងជាប់ទោស ៣ដ្បិតអ្នកធ្វើល្អមិនខ្លាចអ្នកគ្រប់គ្រងឡើយ ផ្ទុយទៅវិញ មានតែអ្នកធ្វើអាក្រក់ប៉ុណ្ណោះ ដូច្នេះបើអ្នកមិនចង់ខ្លាចរដ្ឋអំណាចទេ ចូរធ្វើល្អចុះ នោះអ្នកគ្រប់គ្រង នឹងសរសើរអ្នកមិនខាន ៤ព្រោះគេជាអ្នកបម្រើរបស់ព្រះជាម្ចាស់ សម្រាប់ជាការល្អដល់អ្នក ប៉ុន្ដែបើអ្នកធ្វើអាក្រក់ ចូរភ័យខ្លាចចុះ ដ្បិតគេមិនមែនស្ពាយដាវឥតប្រយោជន៍ទេ គេជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ហើយជាអ្នកតបស្នង តាមសេចក្ដីក្រោធដល់អស់អ្នកដែលធ្វើអាក្រក់ ៥ដូច្នេះចូរចុះចូលចុះ មិនមែនដោយខ្លាចសេចក្ដីក្រោធប៉ុណ្ណោះទេ គឺដោយព្រោះមនសិការផង។
៦ហេតុនេះហើយ បានជាអ្នករាល់គ្នាត្រូវបង់ពន្ធដារដែរ ព្រោះអ្នកទាំងនោះជាអ្នកបម្រើរបស់ព្រះជាម្ចាស់ដែលកំពុងបំពេញតួនាទីនេះ ៧ដូច្នេះ ចូរសងដល់អ្នកទាំងនោះ គឺចូរបង់ពន្ធដារ និងពន្ធអាករដល់ពួកអ្នក ដែលអ្នករាល់គ្នាត្រូវបង់ ចូរកោតខ្លាចពួកអ្នកដែលអ្នករាល់គ្នាត្រូវកោតខ្លាច ហើយចូរគោរពពួកអ្នកដែលអ្នករាល់គ្នាត្រូវគោរព។
ក្ដីស្រឡាញ់សម្រេចក្រឹត្យវិន័យរបស់ព្រះជាម្ចាស់
៨ចូរកុំជំពាក់អ្វីអ្នកណាឡើយ ជំពាក់តែសេចក្ដីស្រឡាញ់ ដល់គ្នាទៅវិញទៅមកបានហើយ ដ្បិតអ្នកណាស្រឡាញ់អ្នកដទៃ អ្នកនោះបានសម្រេចតាមក្រឹត្យវិន័យហើយ ៩ព្រោះបញ្ញត្ដិដែលថា កុំផិតក្បត់ កុំសម្លាប់មនុស្ស កុំលួច កុំលោភលន់ ព្រមទាំងបញ្ញត្តិអ្វីផ្សេងទៀតបើមាន គឺត្រូវបានសង្ខេបដូចនេះថា ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចខ្លួនឯង។ ១០សេចក្ដីស្រឡាញ់មិនដែលធ្វើអាក្រក់ ដល់អ្នកជិតខាងឡើយ ដូច្នេះ សេចក្ដីស្រឡាញ់ជាការសម្រេចក្រឹត្យវិន័យ។
១១ចូរធ្វើដូច្នេះ ដោយដឹងពីពេលវេលាចុះថា ដល់ម៉ោងសម្រាប់អ្នករាល់គ្នាត្រូវភ្ញាក់ហើយ ដ្បិតឥឡូវនេះសេចក្ដីសង្គ្រោះរបស់យើង មកជិតបង្កើយជាងពេលដែលយើងទើបតែបានជឿ ១២ដ្បិតរាត្រីកាលជិតកន្លងផុតហើយ រីឯថ្ងៃក៏ជិតមកដល់ដែរ ដូច្នេះចូរយើងបោះបង់ចោល អំពើនៃសេចក្ដីងងឹតទាំងឡាយ ហើយពាក់គ្រឿងសឹកនៃពន្លឺវិញ។ ១៣ចូរយើងរស់នៅតាមបែបត្រឹមត្រូវ ប្រៀបដូចជាដើរនៅពេលថ្ងៃ គឺមិនប្រមឹក មិនស៊ីផឹកអ៊ូអែ មិនប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ ល្មោភកាម ឈ្លោះប្រកែក ឬច្រណែនគ្នាឡើយ ១៤គឺចូរប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូគ្រិស្ដវិញ ហើយកុំគិតតែបំពេញចំណង់តណ្ហាខាងសាច់ឈាមឡើយ។