KCB - រ៉ូម ១១


រ៉ូម ១១

សេចក្ដីមេត្ដាករុណារបស់ព្រះជាម្ចាស់ចំពោះជនជាតិអ៊ីស្រាអែល

១១ដូច្នេះ ខ្ញុំ​សូម​សួរ​ថា តើ​ព្រះជាម្ចាស់​បោះ​បង់​​ប្រជារាស្ដ្រ​របស់​ព្រះអង្គ​ចោល​ឬ? មិន​មែន​ដូច្នោះ​ទេ​ ព្រោះ​ខ្ញុំ​ផ្ទាល់​ក៏​ជា​ជនជាតិ​អ៊ីស្រាអែល​ម្នាក់​ដែរ ហើយ​ជា​ពូជពង្ស​របស់​លោក​អ័ប្រាហាំ កើត​នៅក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន។​

ព្រះជាម្ចាស់​ មិន​បោះ​បង់​ចោល​ប្រជារាស្រ្ដ​របស់​ព្រះអង្គ​ ដែល​ព្រះអង្គ​បាន​ស្គាល់​ជា​មុន​នោះ​ឡើយ ឬ​មួយ​អ្នករាល់គ្នា​មិន​ដឹង​អំពី​អ្វី ​ដែល​បទគម្ពីរបាន​ចែង​អំពី​លោក​អេលីយ៉ា​ទេ‍ឬ​អី​ថា តើ​គាត់​ទូល​អង្វរ​ព្រះជាម្ចាស់​ ទាស់​ជាមួយ​ជនជាតិ​អ៊ីស្រាអែល​ យ៉ាង​ដូចម្ដេច​ខ្លះ‍?​​ គឺគាត់​ទូលថា​៖ «ព្រះអម្ចាស់​អើយ! ពួកគេ​បាន​សម្លាប់​ ពួក​អ្នកនាំ​ព្រះបន្ទូល​របស់​ព្រះអង្គ ហើយ​រំលំ​កន្លែង​ថ្វាយ​តង្វាយ​ទាំងឡាយ​​ របស់​ព្រះអង្គ​ចោល នៅ​សល់​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ រួច​​ពួកគេ​រក​សម្លាប់​ខ្ញុំ​ទៀត‍​!»

តើ​ព្រះជាម្ចាស់​មានបន្ទូល​ឆ្លើយ​ទៅ​គាត់​យ៉ាង​​ដូចម្តេច? គឺ​ព្រះអង្គ​ឆ្លើយ​ថា៖ «យើង​បាន​រក្សា​មនុស្ស​ប្រាំពីរ​ពាន់​នាក់​ទុក​សម្រាប់​យើង ជា​ពួក​អ្នក​ដែល​មិន​​លុត​ជង្គង់ នៅ​ចំ​ពោះ​មុខ​ព្រះ​​បាល‍»។​

ដូច្នេះ​ដែរ នៅបច្ចុប្បន្ន​នេះ ក៏​មាន​អ្នក​នៅ​សល់​ ដែល​ព្រះអង្គ​បាន​ជ្រើសរើសដោយ​សារ​ព្រះគុណ​ ហើយ​បើ​​ដោយសារព្រះគុណ​មែន នោះ​មិន​ត្រូវ​អាង​លើ​ការ​ប្រព្រឹត្តិ​ទៀត​ទេ បើ​មិន​ដូច្នេះ​ទេ​ ព្រះគុណ​មិន​មែន​ជា​ព្រះគុណ​ទៀត​ទេ។​

តើ​យ៉ាង​ដូចម្តេច​ទៀត​? អ្វី​ដែល​ជនជាតិ​អ៊ីស្រាអែល​ស្វែង​រក នោះ​មិន​បាន​ទទួល​ឡើយ ប៉ុន្ដែ​ពួក​ដែល​ត្រូវ​បាន​ជ្រើសរើស​បាន​ទទួល ឯ​អ្នក‍ឯទៀតៗ​ត្រូវ​ធ្វើ​ឲ្យ​មាន​ចិត្ត​រឹងរូស​ ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖ «ព្រះជាម្ចាស់​ប្រទានវិញ្ញាណ​ស្ពឹក​ស្រ​ពន់​ និងភ្នែកដែល​​មើល​មិន​ឃើញ ហើយ​ត្រចៀក​​ដែលស្តាប់​មិន​ឮ​ ដល់ពួកគេ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ‍»។​ ឯ​ស្តេច​ដាវីឌ​វិញនិយាយ​ថា៖ «សូម​ឲ្យ​តុ​របស់​ពួកគេ​ត្រលប់​ជា​អង្គប់ ជា​អន្ទាក់ ជា​របស់​ដែល​ធ្វើ​ឲ្យ​ជំពប់​ដួល និង​ជា​សំណង​ដល់​ពួកគេ​វិញ​ចុះ១០សូម​ឲ្យ​ភ្នែក​របស់​ពួកគេ​ងងឹត​មើល​មិន​ឃើញ ហើយ​ឲ្យ​ខ្នង​របស់​ពួកគេ​កោង​រហូត»។​

មែកដែលផ្សាំ

១១ដូច្នេះ ខ្ញុំ​សូម​សួរ​ថា តើ​ពួកគេ​បាន​ជំពប់​ដើម្បី​​ដួល​ចុះ​ឬ? មិន​មែនដូច្នោះ​ទេ​ ផ្ទុយទៅវិញ​ ដើម្បី​ឲ្យ​សាសន៍​ដទៃ​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ ​ដោយសារ​កំហុស​​របស់​ពួកគេ ព្រមទាំង​ធ្វើ​ឲ្យ​ពួកគេ​ច្រណែន។ ១២បើ​កំហុស​​របស់​ពួកគេ​នាំ​ភាព​ចម្រើន​ដល់​ពិភព​លោក ហើយការ​អន់​ថយ​របស់​ពួកគេ នាំ​ភាព​ចម្រើន​ ដល់​សាសន៍​ដទៃ ​យ៉ាង​នេះ​ទៅ​ហើយ ចុះ​ទម្រាំ​ភាព​ពេញលក្ខណៈ​របស់​ពួកគេ​វិញ នោះ​នឹងនាំ​នូវ​ការ​ប្រសើរ​​ច្រើន​លើស​លប់​យ៉ាង​ណា​ទៅ​ទៀត​!​​

១៣ខ្ញុំ​និយាយ​ទៅ​អ្នករាល់គ្នា​ ជា​សាសន៍​ដទៃ ព្រោះ​ខ្ញុំ​ជា​សាវក​​សម្រាប់​សាសន៍​ដទៃបាន​ជា​​ខ្ញុំ​លើក​តម្កើង​ការងារ​របស់​ខ្ញុំនេះ​​ ១៤ហើយ​ប្រហែល​ជា​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ជន​រួមជាតិ​របស់​ខ្ញុំ​ច្រណែន ដើម្បី​ឲ្យ​ពួកគេ​ខ្លះ​ទទួល​បាន​សេចក្ដី​សង្គ្រោះ‍។​ ១៥បើការ​ដែលពួកគេត្រូវ​​បដិសេធ នាំ​សេចក្ដី​ផ្សះផ្សា​ដល់​ពិភព​លោក​យ៉ាងនេះ​ទៅ​ហើយ ចុះ​ទម្រាំ​​បើ​ពួកគេត្រូវទ​ទួល​យក​​វិញ នោះ‍តើ​មិនមែន​ជា​ការ​មាន​ជីវិត​រស់​​ឡើង​វិញ ពី​សេចក្ដីស្លាប់​ទេ‍ឬ‍?​ ១៦បើ​មួយ​ចំណិត​ដំបូង​នៃ​តង្វាយ​បរិសុទ្ធ នោះ​ដុំ​ទាំង​មូល​ក៏​បរិសុទ្ធ​ដែរ ហើយ​បើ​ឫស​បរិសុទ្ធ នោះ​មែក​ក៏​បរិសុទ្ធ​ដែរ។​

១៧យ៉ាងណា​ក្ដី បើ​មែក​ខ្លះ​ត្រូវ​កាច់​ចេញ ហើយ​​អ្នក​ដែល​ជា​ដើម​អូលីវ​ព្រៃ​ត្រូវ​បាន​ផ្សាំ ​ក្នុង​ចំណោម​​មែក​ទាំងនោះ ព្រមទាំង​ស្រូប​យក​ជីវ​ជាតិ​ពី​ឫស​ដើម​អូលីវ​ស្រុក​ជាមួយ​មែក‍ផ្សេងទៀត​ទៅហើយ​ ១៨នោះចូរ​ កុំ​អួតអាង​នឹង​មែក​ទាំង​នោះ​ឡើយ​ ទោះ​​បី​អ្នក​អួតអាង​ក៏ដោយ​​ ក៏ចូរ​ដឹង​ថាមិនមែន​អ្នក​ទេ​ដែល​ចិញ្ចឹម​ឫស គឺ​ឫស​ចិញ្ចឹម​អ្នក​វិញ។​

១៩ពេលនោះ ​អ្នក​នឹង​និយាយ​ថា មែក​ទាំងនោះ​ត្រូវ​បាន​កាត់​ចេញ ដើម្បី​យក​ខ្ញុំ​ផ្សាំជំនួស។ ២០មែន​ហើយ ពួកគេ​ត្រូវ​បាន​កាត់​ចេញ ដោយសារ​គ្មាន​ជំនឿ រីឯ​អ្នក​វិញ ត្រូវ​បាន​ភ្ជាប់​ឲ្យ​ជាប់ដោយ​សារ​​ជំនឿ ដូច្នេះកុំ​មាន​គំនិត​ឆ្មើងឆ្មៃ​ឡើយ ប៉ុន្ដែចូរ​កោតខ្លាច​វិញ​ ២១ដ្បិត​បើ ​ព្រះជាម្ចាស់​មិន​អត់ឱន​ឲ្យ​​​មែក​ពី​កំណើត​ផង នោះ​ព្រះជាម្ចាស់​ក៏​មិន​អត់ឱនឲ្យ​​អ្នក​ដែរ‍។​

២២ចូរពិចារណា​អំពី ​សេចក្ដី​សប្បុរស និង​ ភាព​ម៉ឺងម៉ាត់​របស់​ព្រះជាម្ចាស់​ចុះ។ ព្រះអង្គ​មាន​ភាព​ម៉ឺងម៉ាត់​ចំពោះ​អស់​អ្នក​ដែល​ដួល​​ចុះ ប៉ុន្ដែព្រះអង្គ​មាន​សេចក្ដី​សប្បុរស​ចំពោះ​អ្នក លុះត្រាតែ​អ្នក​នៅ​ជាប់​នឹង ​សេចក្ដី​សប្បុរស​របស់​ព្រះអង្គ​ បើ​មិន​ដូច្នេះ​ទេ អ្នក​ក៏​ត្រូវ​កាត់​ចេញ​ដែរ ​២៣ឯ​ពួកអ្នក​ដែល​ត្រូវ​កាត់ចេញ​ទាំងនោះ​ក៏​ដូច្នេះ​ដែរ បើ​ពួកគេ​បោះ​បង់​ភាពគ្មានជំនឿរបស់ពួកគេ​ ព្រះជាម្ចាស់​នឹង​ផ្សាំ​ពួកគេវិញ​ ព្រោះ​ព្រះអង្គ​អាច​ផ្សាំ​ពួកគេ​ជា​ថ្មី​បាន។​

២៤ដ្បិត​បើ​ អ្នក​ដែល​មាន​កំណើត​ជា​ដើម​អូលីវ​ព្រៃ ត្រូវ​បាន​កាត់​យក​មក​ផ្សាំ​ជាប់​ដើម​អូលីវ​ស្រុក ​ដែល​មិន​មែន​ជា​ដើម​ពី​កំណើត​ទៅ​ហើយ ចុះ​ទម្រាំ​ពួកគេ ​ដែល​មាន​កំណើត​ជា​ដើម​អូលីវ​ស្រុក​ស្រាប់ នោះ​ងាយ​ផ្សាំ​ជាប់​ដើម​របស់​ខ្លួន​វិញ​លើសជាង​អម្បាល​មាន​ទៅ​ទៀត។​

ជនជាតិអ៊ីស្រាអែលទាំងអស់នឹងបានទទួលសេចក្ដីសង្រ្គោះ

២៥បងប្អូន​អើយ!​ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នករាល់គ្នា​មិន​ដឹង ​អំពី​អាថ៌កំបាំង​នេះ​ឡើយ ដើម្បី​កុំ​ឲ្យ​អ្នករាល់គ្នា​ស្មាន​ថា ​ខ្លួន​ឯង​ឆ្លាត គឺ​ថាជនជាតិ​អ៊ីស្រាអែល​មួយ​ចំនួន​មាន​ចិត្ដ​រឹងរូស រហូត​ទាល់តែឲ្យ​​សាសន៍​ដទៃ​ទាំង​ឡាយ​​បាន​ចូល​មក​​គ្រប់​ចំនួន។​ ២៦ដូច្នេះហើយ​ ជនជាតិ​អ៊ីស្រាអែល​​នឹង​ទទួល​បាន ​សេចក្ដី​សង្គ្រោះទាំងអស់គ្នា​​ ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖ «ព្រះអង្គ​សង្គ្រោះ ​នឹង​យាង​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ ហើយ​ព្រះអង្គ ​នឹង​ដក​យក​ការ​មិន​កោតខ្លាច​ព្រះជាម្ចាស់​ចេញ​ពី​យ៉ាកុប​ ២៧ដ្បិត​នេះ​ហើយ ​ជា​កិច្ច​ព្រមព្រៀង​របស់​យើង​ជាមួយ​ពួកគេ គឺ​នៅ​ពេល​ដែល​យើង​ដក​យក​បាប​ចេញ​ពី​ពួកគេ»។​

២៨យោង​តាម‍ដំណឹង​ល្អ ដោយ​សារ​អ្នករាល់គ្នា ពួកគេ​​ត្រលប់​ជា​សត្រូវ​របស់​ព្រះជាម្ចាស់ ប៉ុន្ដែ​យោង​តាម​ការ​ជ្រើសរើស​វិញ ដោយ​សារ​ដូនតា​របស់​ពួកគេ ព្រះជាម្ចាស់ស្រឡាញ់​​ពួកគេ​ ២៩ព្រោះ​អំណោយ​ទាន និង​ការ​ត្រាស់ហៅ​របស់​ព្រះជាម្ចាស់​មិន​ប្រែប្រួល​ឡើយ​ ៣០ដ្បិត​ពី​ដើម ​អ្នករាល់គ្នា​មិន​បាន​ស្តាប់​បង្គាប់​ព្រះជាម្ចាស់ តែ​ឥឡូវអ្នករាល់គ្នា​បាន​ទទួល​សេចក្ដី​មេត្តា​ករុណា​ ដោយសារ​ពួក​អ្នក​មិន​ស្តាប់​បង្គាប់​ទាំងអស់​​នោះ ជា​យ៉ាងណា​ ៣១នោះពួកគេ​ក៏​ដូច្នោះ​ដែរ គឺឥឡូវនេះ ពួកគេ​មិន​ស្តាប់​បង្គាប់​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​សេចក្ដី​មេត្ដា​ករុណា​នៅពេលនេះ ដោយ​សេចក្ដីមេត្ដាករុណា​ដែល​អ្នករាល់គ្នា​ បាន​ទទួល​នោះដែរ​ ៣២ដ្បិត​ព្រះជាម្ចាស់ ​បាន​បង្ខាំង​មនុស្ស​ទាំង​អស់​ទុក​ក្នុង ​សេចក្ដី​មិន​ស្តាប់​បង្គាប់ ដើម្បី​​សំដែង​​ សេចក្ដី​មេត្តា​ករុណា​ដល់​ពួកគេ​គ្រប់គ្នា‍។‍

៣៣សេច​​ក្ដី​សប្បុរស​ ប្រាជ្ញា និង​ចំណេះ​របស់​ព្រះជាម្ចាស់​បរិបូរ ​ជ្រាល​ជ្រៅ​ណាស់​! គ្មាន​អ្នកណា​អាច​ពិពណ៌នា​អំពី​ការ​ជំនុំជម្រះ​ របស់​ព្រះអង្គ​បាន​ទេ ហើយ​ក៏​គ្មាន​អ្នកណា​អាច ​យល់​អំពី​មាគ៌ា​របស់​ព្រះអង្គ​បាន​ដែរ​ ៣៤តើ​មាន​អ្នក​ណា​ស្គាល់​គំនិត​របស់​ព្រះអម្ចាស់ ឬ​ធ្លាប់​ធ្វើ​ជា​អ្នក​ផ្ដល់​យោបល់​ ដល់​ព្រះអង្គដែរ‍ឬ​ទេ​?​ ៣៥តើ​មាន​អ្នក​ណា​ធ្លាប់​ថ្វាយ​ដល់​ព្រះអង្គ​ជាមុន ដើម្បី​ឲ្យ​ព្រះអង្គ​តបស្នង​ដល់​ខ្លួន​វិញ​ដែរ‍ឬ​ទេ​?​ ​៣៦ដ្បិត​អ្វីៗ​ទាំងអស់​កើត​មក​ពី​ព្រះអង្គ ដោយសារ​ព្រះអង្គ និង​សម្រាប់​ព្រះអង្គ‍។ សូម​ឲ្យ​ព្រះអង្គ​ ប្រកប​ដោយ​សិរីរុងរឿង​អស់កល្ប​ជានិច្ច អាម៉ែន។

រ៉ូម ១១