រ៉ូម ១០
១០បងប្អូនអើយ! ចិត្ដប្រាថ្នារបស់ខ្ញុំ និងការអធិស្ឋានទូលសុំដល់ព្រះជាម្ចាស់សម្រាប់ជនជាតិអ៊ីស្រាអែល គឺឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះ ២ដ្បិតខ្ញុំធ្វើបន្ទាល់ពីពួកគេថា ពួកគេមានចិត្ដប្ដូរផ្ដាច់ចំពោះព្រះជាម្ចាស់ណាស់ ប៉ុន្ដែមិនមែនដោយប្រាជ្ញាទេ ៣ព្រោះពួកគេមិនយល់អំពីសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ហើយពួកគេខំធ្វើឲ្យខ្លួនឯង បានសុចរិតដោយមិនបានចុះចូលតាមសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ឡើយ ៤ដ្បិតព្រះគ្រិស្ដជាអ្នកសម្រេចក្រឹត្យវិន័យ ដើម្បីឲ្យអ្នកជឿទាំងអស់ទទួលសេចក្ដីសុចរិត។
សេចក្ដីសង្រ្គោះគឺសម្រាប់មនុស្ស គ្រប់គ្នា
៥លោកម៉ូសេបានចែងទុកអំពីសេចក្ដីសុចរិត ដែលមានតាមរយៈក្រឹត្យវិន័យថា អ្នកណាប្រព្រឹត្តតាមសេចក្ដីទាំងនេះ អ្នកនោះនឹងរស់នៅ ដោយសារសេចក្ដីទាំងនេះឯង ៦ឯសេចក្ដីសុចរិតដែលមានដោយសារជំនឿវិញ មានចែងដូច្នេះថា កុំឲ្យអ្នកគិតក្នុងចិត្តថា តើអ្នកណានឹងឡើងទៅស្ថានសួគ៌បាន [គឺថាដើម្បីនាំព្រះគ្រិស្ដចុះមក]?
៧ឬតើអ្នកណា នឹងចុះទៅក្នុងរណ្ដៅនរក [គឺថា ដើម្បីនាំព្រះគ្រិស្ដចេញពីចំណោមពួកមនុស្សស្លាប់]? ៨តើបទគម្ពីរចែងយ៉ាងដូចម្តេច? គឺចែងថា៖ «ព្រះបន្ទូលនៅក្បែរៗអ្នកនេះឯង គឺនៅក្នុងមាត់របស់អ្នក និងនៅក្នុងចិត្តរបស់អ្នក» នោះហើយជាព្រះបន្ទូលអំពីជំនឿដែលយើងកំពុងប្រកាស ៩ព្រោះបើមាត់របស់អ្នកប្រកាសថា ព្រះយេស៊ូជាព្រះអម្ចាស់ ហើយជឿនៅក្នុងចិត្តថា ព្រះជាម្ចាស់ បានប្រោសព្រះអង្គឲ្យរស់ពីការសោយទិវង្គតឡើងវិញមែន នោះអ្នកនឹងទទួលបានសេចក្ដីសង្គ្រោះ។ ១០ដ្បិតមនុស្សម្នាក់ ត្រូវបានរាប់ជាសុចរិតដោយ សារចិត្ដដែលជឿ ហើយបានទទួលសេចក្ដីសង្គ្រោះដោយសារមាត់ ដែលប្រកាស ១១ព្រោះបទគម្ពីរចែងថា៖ «អ្នកណាក៏ដោយដែលជឿព្រះអង្គ អ្នកនោះនឹងមិនខកចិត្ដឡើយ»។ ១២ដូច្នេះ ជនជាតិយូដា និងជនជាតិក្រេកគ្មានអ្វីខុសគ្នាទេ ដ្បិតមានព្រះអម្ចាស់តែមួយជាព្រះអម្ចាស់ របស់មនុស្សទាំងអស់គ្នាហើយព្រះអង្គប្រោសប្រទានយ៉ាងបរិបូរដល់អស់អ្នក ដែលអំពាវនាវរកព្រះអង្គ ១៣ព្រោះអ្នកណាក៏ដោយ ដែលអំពាវនាវរកព្រះនាមរបស់ព្រះអម្ចាស់ អ្នកនោះនឹងទទួលបានសេចក្ដីសង្គ្រោះ។
១៤ដូច្នេះ តើធ្វើដូចម្ដេចឲ្យពួកគេអំពាវនាវរកព្រះអង្គបាន បើពួកគេមិនដែលជឿផង? ហើយឲ្យពួកគេជឿយ៉ាងដូចម្តេចបាន បើពួកគេមិនដែលឮផង? ហើយឲ្យពួកគេឮយ៉ាងដូចម្ដេចបាន បើគ្មានអ្នកណា ប្រកាសប្រាប់ពួកគេផង? ១៥តើឲ្យមានអ្នកប្រកាស យ៉ាងដូចម្ដេចបាន បើគ្មានអ្នកណាចាត់ឲ្យគេទៅផង? ដូចមានសេចក្ដីចែងទុកថា៖ «ជើងរបស់អ្នកប្រកាសដំណឹងល្អ អំពីសេចក្ដីសុខសាន្ដ ល្អប្រពៃណាស់ហ្ន៎!» ១៦ប៉ុន្ដែមិនមែនមនុស្សទាំងអស់ បានស្តាប់តាមដំណឹងល្អទេ ព្រោះលោកអេសាយនិយាយថា៖ «ឱ ព្រះអម្ចាស់អើយ! តើអ្នកណា ជឿសេចក្ដីប្រកាសរបស់យើង?» ១៧ដូច្នេះជំនឿកើតមកពីការឮ ហើយការឮនោះជាការឮអំពីព្រះបន្ទូលរបស់ព្រះគ្រិស្ដ ១៨ប៉ុន្ដែ ខ្ញុំសូមសួរថា តើពួកគេមិនដែលឮទេឬ? ទេ ពួកគេបានឮប្រាកដណាស់ «សំឡេងនោះបានលាន់ពាសពេញផែនដី ហើយពាក្យសំដី ក៏ឮដល់ចុងបំផុតនៃផែនដីទៀតផង»។ ១៩ហើយខ្ញុំសូមសួរទៀតថា តើជនជាតិអ៊ីស្រាអែលមិនដែលដឹងទេឬ? លោកម៉ូសេបានថ្លែងទុកជាមុនថា៖ «យើងនឹងធ្វើឲ្យអ្នករាល់គ្នាច្រណែនដោយសារមនុស្ស ដែលមិនដឹងជាជនជាតិណាមួយ ហើយយើងនឹងធ្វើឲ្យអ្នករាល់គ្នាខឹង ដោយសារជនជាតិមួយដែលគ្មានប្រាជ្ញា»។ ២០រីឯលោកអេសាយវិញមានចិត្ដក្លាហាន ហើយគាត់បានថ្លែងថា៖ «យើងឲ្យពួកអ្នកដែលមិនបានស្វែងរកយើង បានឃើញយើង ព្រមទាំងបង្ហាញឲ្យពួកអ្នកដែលមិនបានសួររកយើង ឃើញយើងដែរ»។ ២១ហើយគាត់បានថ្លែងអំពី ជនជាតិអ៊ីស្រាអែលថា៖ «យើងបានលូកដៃរបស់យើងពេញមួយថ្ងៃ ទៅឯជនជាតិមួយ ដែលមិនស្តាប់បង្គាប់ ហើយចេះតែប្រឆាំង»។