KCB - វិវរណៈ ៩


វិវរណៈ ៩

ត្រែទីប្រាំនាំមកនូវសេចក្ដី​វេទនាទីមួយ

ទេវតា​ទី​ប្រាំ​ក៏​ផ្លុំ​ត្រែ​ឡើង នោះ​ខ្ញុំ​ឃើញ​ផ្កាយ​មួយ ធ្លាក់​ចុះ​ពី​លើ​មេឃមកផែនដី ហើយផ្កាយ​​នោះបានទទួលកូនសោ​រណ្ដៅនៃទីជម្រៅ។ ផ្កាយ​នោះ​ ក៏​បើក​រណ្តៅនៃទីជម្រៅ​​ហើយ​មាន​ផ្សែង​ហុយ​ចេញ​ពី​រណ្ដៅ​នោះ​មកដូច​ជា​ផ្សែង​ចេញ​ពី‍ឡភ្លើង​មួយ​យ៉ាង​ធំ នោះ​ដួងអាទិត្យ និង​អាកាស​ក៏​ងងឹតសូន្យសុង ដោយ​សារ​ផ្សែង​ចេញ​ពី​រណ្ដៅ​នោះ។

មាន​កណ្តូប​ជាច្រើន ​ចេញ​ពី​ផ្សែង​នោះ ​ហើរ​មក​លើ​ផែនដី ហើយពួកវា​បាន​ទទួល​អំណាច ដូច​អំណាច​របស់​ខ្យាដំរី​នៅ​លើ​ផែន​ដីដែរ។ ​កណ្តូប​ទាំង​នោះ​បាន​ទទួល​បង្គាប់​ មិន​ឲ្យ​ធ្វើទុក្ខស្មៅ​នៅ​លើ​ផែនដី ឬ​រុក្ខជាតិ​ពណ៌​បៃតង ឬ​ដើម​ឈើ​ណា​មួយ​ឡើយ ប៉ុន្ដែឲ្យធ្វើទុក្ខតែមនុស្ស​ដែល​គ្មាន​ត្រា​របស់​ព្រះជាម្ចាស់នៅ​លើ​ថ្ងាស​ប៉ុណ្ណោះ។​ កណ្តូប​ទាំង​នោះ មិនបានទទួល​អំណាចឲ្យសម្លាប់ពួកគេទេ គឺគ្រាន់តែធ្វើ​ឲ្យ​ពួកគេឈឺចុកចាប់​ក្នុង​រវាង​ប្រាំ​ខែ​ប៉ុណ្ណោះ ហើយ​ការឈឺចុកចាប់ ដែលពួកវាបង្កឡើង​នោះ ​ដូច​ជាការឈឺចុកចាប់ ដែល​ខ្យាដំរីបង្កឡើង នៅ​ពេល​ដែល​វា​ទិច​មនុស្សដែរ។ ​នៅ​គ្រា​នោះ មនុស្ស​នឹង​ស្វែង​រក​សេចក្ដី​ស្លាប់ ប៉ុន្ដែ​រក​មិន​បាន​ឡើយ ពួកគេ​នឹង​ចង់​ស្លាប់​ណាស់ ប៉ុន្ដែ​សេចក្ដី​ស្លាប់នឹង​រត់​គេចពី​ពួកគេ។

​កណ្តូប​ទាំង​នោះ​ មាន​រូបរាងដូច​ជា​សេះ​ ដែល​បាន​ត្រៀមជាស្រេចសម្រាប់ច្បាំង ​ហើយ​នៅ​ពី​លើ​ក្បាល​ពួកវា មាន​ដូច​ជាមកុដ​​មាស​ ហើយ​មុខ​ពួកវា​ដូច​ជា​មុខ​មនុស្ស ​ពួកវា​មាន​សក់​ដូច​ជា​សក់​របស់​ស្រ្តី ​ឯធ្មេញ​ពួកវា​ដូច​ជា​ធ្មេញ​របស់​សត្វ​តោ ​ពួកវា​មាន​អាវក្រោះ ដូច​ជា​អាវ​ក្រោះធ្វើពីដែក​ ហើយ​ស្នូរ​ស្លាប​របស់ពួក​វា​ ដូច​ជា​ស្នូរ​របស់​រទេះ​​សេះចំបាំងជាច្រើន​ ដែល​​សម្រុក​ចូល​ទៅ​ក្នុង​ចំបាំង។ ១០​ពួកវា​មាន​កន្ទុយ និង​ទ្រនិច​ដូច​ជា​ខ្យា​ដំរី​ ហើយ​កន្ទុយ​របស់​ពួកវា​មាន​អំណាច​ធ្វើ​ទុក្ខមនុស្ស​អស់​រយៈ​ពេល​ប្រាំ​ខែ។​ ១១ពួកវា​មាន​ទេវតា​នៃ​ទី​ជម្រៅ​ជា​ស្តេច​លើ​ពួកវា​ ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេព្រើរ​ថា អាបាដូន ​និង​មាន​ឈ្មោះ​ជា​ភាសា​ក្រេក​ថា អាប៉ូលីយ៉ូន។

១២​សេចក្ដី​វេទនា​ទី​មួយ​ បាន​កន្លង​ផុត​ទៅ ​មើល៍​នៅ​មាន​សេចក្ដី​វេទនា​ពីរ​ទៀតដែលនឹងមក​តាម​ក្រោយ ​ហេតុការណ៍​ទាំង​នេះ។​

ត្រែទីប្រាំមួយនាំមកនូវសេចក្ដី​វេទនា ទីពីរ

១៣បន្ទាប់​មក ទេវតា​ទី​ប្រាំមួយ​ផ្លុំ​ត្រែ​ឡើង​នោះ​ខ្ញុំ​ឮ​សំឡេង​មួយ ​ ចេញ​ពី​ស្នែង​ទាំង​បួន​ របស់​កន្លែងថ្វាយតង្វាយធ្វើពីមាស​ ដែល​​នៅ​ពីមុខព្រះជាម្ចាស់ ១៤​និយាយទៅ​កាន់​ទេវតា​ទី​ប្រាំមួយ​ដែល​មាន​ត្រែ​នោះ​ថា​៖ «ចូរ​ស្រាយ​ទេវតា​ទាំង​បួន​ដែល​បាន​ចង​ទុក​នៅ​ឯ​ទន្លេ​អើប្រាត​ដ៏​ធំ​នោះ​ទៅ»។ ១៥នោះ​ទេវតា​ទាំង​បួន​ដែល​បាន​ត្រៀម​ទុក​សម្រាប់ វេលានោះ ថ្ងៃនោះ ខែនោះ​ និង​ឆ្នាំនោះ​​​​ក៏ត្រូវ​បាន​ស្រាយ​ ដើម្បី​ឲ្យ​សម្លាប់​មនុស្ស​មួយ​ភាគ​បី​ ១៦រីឯ ទ័ព​សេះ​​មានចំនួន​ពីរ​រយ​លាន​នាក់។​ ខ្ញុំ​បាន​ឮ​ចំនួន​ទ័ព​ទាំង​នោះ​​ ១៧ហើយ​នៅ​ក្នុង​និមិត្ត​​នោះ​ ខ្ញុំ​បាន​ឃើញ​សេះ និងអ្នកជិះលើពួកវាយ៉ាងដូច្នេះ​ គឺពួក​គេ​ពាក់​អាវ​ក្រោះ​ពណ៌ភ្លើង ​ពណ៌​ខៀវងងឹត​ និង​ពណ៌​ស្ពាន់ធ័រ​ ហើយ​ក្បាល​សេះ​ទាំងនោះ​ ដូច​ជា​ក្បាល​សត្វតោ ហើយក៏​មាន​ភ្លើង ​ផ្សែង ​និង​ស្ពាន់​ធ័រ​ចេញ​ពី​មាត់​របស់​ពួកវា​មកដែរ។ ១៨​មនុស្ស​មួយ​ភាគ​បី​ បាន​ស្លាប់​ដោយ​សារ​គ្រោះ​កាច​ទាំង​បី​នេះ​ គឺដោយ​ភ្លើង​ ផ្សែង​ និង​ស្ពាន់​ធ័រ​ដែល​ចេញ​ពី​មាត់របស់​​ពួកវា​មក ១៩​ដ្បិត​អំណាច​របស់​សេះ​ទាំង​នោះ​ គឺ​នៅ​ក្នុង​មាត់​ និង​កន្ទុយ​របស់ពួកវា ព្រោះ​កន្ទុយ​របស់ពួកវា​​ដូច​ជា​សត្វពស់ ហើយមាន​ក្បាល។ ​ពួកវា​ធ្វើ​ទុក្ខមនុស្ស​​ដោយសារ​​ក្បាល​នោះ​ ២០​រីឯ​មនុស្ស​ឯ​ទៀត​ៗដែល​ មិន​បាន​ស្លាប់​ដោយ​សារ​គ្រោះ​កាច​ទាំង​នេះ​ មិន​បាន​ប្រែ​ចិត្ត​ចេញ​ពី​កិច្ចការ ដែល​ដៃ​របស់ពួកគេ​បាន​ធ្វើឡើយ​ ក៏​មិន​បាន​ឈប់​ថ្វាយ​បង្គំ​អារក្ស​ និង​រូប​ព្រះ​ដែល​ធ្វើ​ពី​មាស​ ពី​ប្រាក់​ ពី​លង្ហិន ​ពី​ថ្ម​ និង​ពី​ឈើ​ដែល​​​មើលមិនឃើញ​ ​ស្តាប់​មិន​ឮ ​​ដើរមិនរួច​នោះ​ឡើយ​ ២១ហើយ​ពួកគេ​ក៏​មិន​បាន​ប្រែ​ចិត្ត​ពីការសម្លាប់មនុស្ស​ ពី​មន្ដអាគម​ ពី​អំពើ​អសីលធម៌ខាងផ្លូវភេទ​ និងពី​អំពើ​លួច​ប្លន់​របស់​ពួកគេ​នោះ​ដែរ។

វិវរណៈ ៩