វិវរណៈ ៨
កូនចៀមបកត្រាទីប្រាំពីរ
៨ពេលកូនចៀមបកត្រាទីប្រាំពីរនោះមានសភាពស្ងាត់ស្ងៀមនៅស្ថានសួគ៌ ប្រហែលកន្លះម៉ោង ២ហើយខ្ញុំក៏ឃើញទេវតាទាំងប្រាំពីររូប ដែលឈរនៅមុខព្រះជាម្ចាស់ បានទទួលត្រែប្រាំពីរ។
៣មានទេវតាមួយរូបទៀត កាន់ពានមាសមួយ បានមកឈរនៅមុខកន្លែងថ្វាយតង្វាយ ហើយបានទទួលគ្រឿងក្រអូបជាច្រើនដើម្បីថ្វាយជាមួយ សេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធទាំងអស់ នៅលើកន្លែងថ្វាយតង្វាយធ្វើអំពីមាសដែលនៅពីមុខបល្ល័ង្ក។ ៤ផ្សែងនៃគ្រឿងក្រអូបនោះ ក៏ហុយចេញពីដៃរបស់ទេវតា ឡើងទៅលើជាមួយសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធនៅចំពោះមុខព្រះជាម្ចាស់។ ៥ទេវតានោះ បានយកពានមក ហើយយកភ្លើង ពីកន្លែងថ្វាយតង្វាយ មកដាក់ពេញពាននោះ រួចក៏បោះទៅលើផែនដី នោះកើតមានផ្គរលាន់ មានសំឡេង មានផ្លេកបន្ទោរ និងរញ្ជួយផែនដី។
សំឡេងត្រែបួនដំបូង
៦រួចទេវតាទាំងប្រាំពីរ ដែលមានត្រែប្រាំពីរនោះបានប្រុងប្រៀបផ្លុំត្រែ។
៧ទេវតាទីមួយក៏ផ្លុំត្រែឡើង នោះកើតមានព្រឹល និងភ្លើងលាយជាមួយឈាម ដែលបានបោះទៅលើផែនដី ហើយផែនដីឆេះអស់មួយភាគបី ដើមឈើឆេះអស់មួយភាគបី ហើយស្មៅខៀវខ្ចីទាំងឡាយក៏ឆេះអស់ដែរ។
៨ទេវតាទីពីរក៏ផ្លុំត្រែឡើង នោះហាក់ដូចជាមានភ្នំមួយយ៉ាងធំកំពុងឆេះ ដែលបានបោះទៅក្នុងសមុទ្រ ហើយសមុទ្រមួយភាគបីក៏ត្រលប់ជាឈាម ៩រីឯសត្វដែលមានជីវិតរស់នៅក្នុងសមុទ្រ បានស្លាប់អស់មួយភាគបី ហើយនាវាទាំងឡាយ ក៏ត្រូវបានបំផ្លាញអស់មួយភាគបីដែរ។
១០ទេវតាទីបីក៏ផ្លុំត្រែឡើង នោះមានផ្កាយមួយយ៉ាងធំឆេះដូចចន្លុះ បានធ្លាក់ពីលើមេឃទៅក្នុងទន្លេទាំងឡាយ អស់មួយភាគបី និងទៅក្នុងប្រភពទឹកទាំងឡាយដែរ ១១ផ្កាយនោះឈ្មោះស្លែង ហើយទឹកមួយភាគបីបានត្រលប់ទៅជាល្វីងដូចស្លែង។ មនុស្សជាច្រើនបានស្លាប់ដោយសារទឹកនោះ ពីព្រោះបានត្រលប់ជាល្វីងអស់ហើយ។
១២ទេវតាទីបួនក៏ផ្លុំត្រែឡើង ដួងអាទិត្យមួយភាគបី លោកខែមួយភាគបី និងផ្កាយមួយភាគបី ត្រូវបានបំផ្លាញ ដូច្នេះធ្វើឲ្យងងឹតមួយភាគបី ហើយនៅពេលថ្ងៃលែងមានពន្លឺមួយភាគបី រីឯនៅពេលយប់ក៏ដូច្នោះដែរ។
១៣នោះខ្ញុំបានឃើញមានសត្វឥន្រ្ទីមួយកំពុងហើរលើអាកាស ហើយឮវាស្រែកខ្លាំងៗថា៖ «វេទនាហើយ វេទនាហើយ វេទនាហើយ ដល់ពួកអ្នកដែលរស់នៅលើផែនដី ដោយព្រោះសំឡេង ត្រែរបស់ទេវតាបីរូបទៀត ដែលបម្រុងនឹងផ្លុំ»។