វិវរណៈ ៥
កូនចៀមបើកក្រាំង
៥បន្ទាប់មក ខ្ញុំឃើញមានសៀវភៅមួយ នៅក្នុងព្រះហស្ដស្ដាំរបស់ព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក សៀវភៅនោះមានសរសេរអក្សរទាំងក្នុងទាំងក្រៅ ព្រមទាំងមានបិទត្រាប្រាំពីរផង។ ២ខ្ញុំក៏ឃើញទេវតាដ៏ខ្លាំងពូកែមួយរូប ប្រកាសដោយសំឡេងខ្លាំងៗថា៖ «តើអ្នកណាស័ក្តិសមនឹងបើកសៀវភៅនេះ និងបកត្រាទាំងនេះបាន?» ៣ប៉ុន្ដែគ្មានអ្នកណាម្នាក់ដែលនៅស្ថានសួគ៌ នៅផែនដី ឬនៅក្រោមដី អាចបើក ឬមើលសៀវភៅនោះបានឡើយ។
៤ពេលនោះ ខ្ញុំយំយ៉ាងខ្លាំង ព្រោះមិនឃើញអ្នកណាម្នាក់ស័ក្តិសមនឹងបើក ឬមើលសៀវភៅនោះឡើយ ៥រួចមានចាស់ទុំម្នាក់និយាយមកខ្ញុំថា៖ «កុំយំអី មើល៍ តោដែលចេញពីកុលសម្ព័ន្ធយូដា ជាពូជពង្សរបស់ស្ដេចដាវីឌ ព្រះអង្គមានជ័យជម្នះ ព្រះអង្គអាចបើកសៀវភៅ និងបកត្រាទាំងប្រាំពីរនោះបាន»។
៦ខ្ញុំឃើញកូនចៀមមួយ ដែលមើលទៅដូចជាគេសម្លាប់រួចហើយ កំពុងឈរនៅរវាងបល្ល័ង្ក និងសត្វមានជីវិតទាំងបួន ព្រមទាំងនៅកណ្ដាលពួកចាស់ទុំទាំងឡាយ កូនចៀមនោះមានស្នែងប្រាំពីរ ភ្នែកប្រាំពីរ គឺជាព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានចាត់ឲ្យទៅពាសពេញលើផែនដី។ ៧កូនចៀមនោះ ក៏មកយកសៀវភៅពីព្រះហស្តស្តាំរបស់ព្រះអង្គ ដែលគង់នៅលើបល្ល័ង្កនោះ។ ៨ពេលកូនចៀមមកយកសៀវភៅនោះ សត្វមានជីវិតទាំងបួន និងពួកចាស់ទុំទាំងម្ភៃបួននាក់ក៏ក្រាបចុះនៅពីមុខកូនចៀមនោះ ម្នាក់ៗមានកាន់ពិណមួយ និងពានមាសពេញទៅដោយគ្រឿងក្រអូប ដែលជាសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធ។ ៩អ្នកទាំងនោះ ក៏ច្រៀងចម្រៀងថ្មីមួយថា៖ «ព្រះអង្គស័ក្តិសម នឹងយកសៀវភៅនេះ និងបកត្រានៅលើសៀវភៅនេះ ដ្បិតព្រះអង្គត្រូវបានគេសម្លាប់ ហើយបានលោះមនុស្សពីគ្រប់ទាំងកុលសម្ព័ន្ធ គ្រប់ភាសា គ្រប់ជនជាតិ និងគ្រប់ប្រទេស សម្រាប់ព្រះជាម្ចាស់ ដោយសារឈាមរបស់ព្រះអង្គ ១០និងបានធ្វើឲ្យពួកគេត្រលប់ជានគរមួយ និងជាពួកសង្ឃសម្រាប់ ព្រះជាម្ចាស់នៃយើង ហើយអ្នកទាំងនោះនឹងសោយរាជ្យលើផែនដី»។
១១នោះខ្ញុំឃើញ ហើយឮសំឡេងទេវតាជាច្រើននៅជុំវិញបល្ល័ង្ក សត្វមានជីវិត និងពួកចាស់ទុំ រីឯចំនួនទេវតាទាំងនោះមានរាប់ពាន់រាប់ម៉ឺន ១២នាំគ្នាបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថា៖ «កូនចៀមដែលគេបានសម្លាប់នោះ ស័ក្តិសមនឹងទទួលអំណាច ទ្រព្យសម្បត្តិ ប្រាជ្ញា ឥទ្ធិឫទ្ធិ កិត្តិយស សិរីរុងរឿង និងព្រះពរ»។
១៣នោះខ្ញុំក៏ឮគ្រប់ទាំងជីវិត ដែលបានបង្កើតមកដែលនៅស្ថានសួគ៌ នៅផែនដី នៅក្រោមដី និងនៅក្នុងសមុទ្រ ព្រមទាំងអ្វីៗទាំងអស់ ដែលនៅស្ថានទាំងនោះនិយាយថា៖ «សូមឲ្យព្រះអង្គដែលគង់លើបល្ល័ង្ក និងកូនចៀមបានប្រកបដោយព្រះពរ កិត្តិយស សិរីរុងរឿង និងព្រះចេស្តា រហូតអស់កល្បជានិច្ច»។
១៤រីឯសត្វមានជីវិតទាំងបួនក៏និយាយថា៖ «អាម៉ែន!» នោះពួកចាស់ទុំក៏ក្រាបថ្វាយបង្គំ។