KCB - វិវរណៈ ៤


វិវរណៈ ៤

ការថ្វាយបង្គំនៅស្ថានសួគ៌

ក្រោយ​ការ​ទាំង​អស់​នេះ ​ខ្ញុំបាន​ឃើញ​​ទ្វារ​មួយ​បើក​ចំហ​នៅស្ថានសួគ៌ ហើយ​សំឡេង​ដំបូង​ដែល​ខ្ញុំ​បាន​ឮ​ដូច​ជា​សំឡេង​ត្រែ​នោះ ក៏​មាន​បន្ទូល​មក​ខ្ញុំ​ថា​៖ «ចូរ​ឡើង​មក​នេះ យើង​នឹង​បង្ហាញ​​អ្នក ឲ្យ​​ឃើញ​ហេតុការណ៍ ដែល​ត្រូវ​កើត​ឡើង​ ក្រោយ​ការ​ទាំងអស់​​នេះ»រំពេច​នោះ ខ្ញុំ​បាន​លង់​​នៅក្នុង​វិញ្ញាណ ហើយ​មើល៍ មាន​បល្ល័ង្ក​មួយ​តាំង​នៅ​ស្ថានសួគ៌ ក៏​មាន​ព្រះ​មួយ​អង្គ​គង់​នៅ​លើ​បល្ល័ង្ក​នោះ ហើយ​ព្រះអង្គ​ដែល​គង់​នៅលើ​បល័ង្ក​នោះ មើល​ទៅ​ដូច​ជា​ត្បូង​មណីជោ​តិរស​ និង​ត្បូង​ទទឹម​ ហើយ​មាន​ឥន្ទធនូ​ នៅ​ព័ទ្ធ​ជុំ​វិញ​បល្ល័ង្ក​នោះ ដែល​មើល​ទៅ​ដូច​ជា​ត្បូង​មរកត។ ​នៅ​ជុំ​វិញ​បល្ល័ង្ក​នោះ មាន​បល្ល័ង្ក​ម្ភៃ​បួន​ទៀត ហើយ​ខ្ញុំ​ឃើញ​ចាស់​ទុំ​ម្ភៃ​បួន​នាក់​ អង្គុយ​នៅ​លើ​បល្ល័ង្ក​ទាំង​នោះ ទាំង​ស្លៀកពាក់សម្លៀក​បំពាក់​​ពណ៌​ស ហើយ​ពាក់​​មកុដ​មាស​នៅ​លើ​ក្បាលផង។ ​មាន​ផ្លេក​បន្ទោរ មាន​សំឡេង និង​ផ្គរលាន់ ចេញ​ពី​បល្ល័ង្ក​​នោះ ​ហើយ​​មាន​ចង្កៀង ​ប្រាំពីរ​កំពុង​ឆេះ​នៅ​ពី​មុខ​បល្ល័ង្ក​នោះ គឺ​ជា​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះជាម្ចាស់។ ​នៅ​ពី​មុខ​បល្ល័ង្ក​នោះ ​មានដូចជា​​​សមុទ្រ​​កែវដែលដូចជា​កែវ​​​ចរណៃ ហើយ​នៅ​កណ្តាល និង​នៅ​ជុំ​វិញ​បល្ល័ង្ក​នោះ​ មាន​សត្វ​មាន​ជីវិត​បួន ដែល​មាន​ភ្នែក​ពេញ​ទាំង​មុខ​ទាំង​ក្រោយ។ ​សត្វ​មាន​ជីវិត​ទីមួយ​ដូច​ជា​តោ សត្វ​មាន​ជីវិត​ទីពីរដូច​ជា​កូន​គោ សត្វ​មាន​ជីវិត​ទីបី មាន​មុខ​ដូច​ជា​មនុស្ស ហើយ​សត្វ​មាន​ជីវិត​ទីបួន ដូច​ជា​ឥន្ទ្រី​ដែល​កំពុង​ហើរ។ ​សត្វ​មាន​ជីវិត​ទាំង​បួន​នោះ សត្វ​នីមួយ​ៗមាន​ស្លាប​ប្រាំមួយ ក៏​មាន​ភ្នែក​ពេញ​នៅ​ជុំ​វិញ​ខ្លួន និង​នៅ​ខាង​ក្នុង​ខ្លួន​ដែរ ក៏​ពោលពាក្យ​ឥត​ឈប់ទាំង​យប់ទាំងថ្ងៃ​ថា៖ «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះអម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះចេស្តា​លើអ្វីៗទាំងអស់ ជា​ព្រះ​ដែលគង់​នៅ​តាំង​ពី​ដើម គង់​នៅ​សព្វ​ថ្ងៃ ហើយដែល​​ត្រូវ​យាង​មក»។ ​ពេល​សត្វ​មាន​ជីវិត​ទាំង​នោះ​ថ្វាយ​សិរីរុងរឿង ថ្វាយ​​កិត្តិយស និង​ថ្វាយ​ការ​​អរ​ព្រះគុណ​ដល់​ព្រះអង្គដែល​គង់​នៅ​លើ​បល្ល័ង្ក គឺ​ដល់​ព្រះអង្គ​ ដែល​មាន​ព្រះជន្ម​រស់​អស់កល្ប​ជា​និច្ច ១០​នោះ​ពួក​ចាស់​ទុំ​ទាំង​ម្ភៃ​បួន​នាក់​ ក៏​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក​ ហើយ​ថ្វាយ​បង្គំ​ព្រះអង្គ ​ដែល​មាន​ព្រះជន្ម​រស់​អស់កល្ប​ជា​និច្ច ព្រមទាំង​ដាក់​មកុដរបស់​​ខ្លួន​ចុះ​នៅ​ពីមុខ​បល្ល័ង្ក​ ទាំង​​និយាយ​​ថា​៖ ១១​«ព្រះអម្ចាស់ជា​ព្រះ​នៃ​យើងខ្ញុំ ព្រះអង្គ​ស័ក្តិសម​នឹង​ទទួល​សិរីរុងរឿង កិត្តិយស និង​អំណាច​ ដ្បិត​ព្រះអង្គ​បាន​បង្កើត​របស់​សព្វសារពើ​មក ហើយ​អ្វីៗទាំងអស់សុទ្ធតែកើតមក​ និង​​ស្ថិតស្ថេរ​ដោយ​សារ​បំណង​របស់​​ព្រះអង្គ»។

វិវរណៈ ៤