KCB - វិវរណៈ ៣


វិវរណៈ ៣

ព្រះ​រាជសារទៅក្រុមជំនុំនៅ​ក្រុង​ សើដេស

«ចូរ​សរសេរ​ទៅ​ទេវតា​របស់​​ក្រុម​ជំនុំ​ នៅ​ក្រុង​សើដេស​ថា ព្រះអង្គ​ដែល​មាន ​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះជាម្ចាស់ និង​មាន​ផ្កាយ​ទាំង​ប្រាំពីរ ​មាន​បន្ទូល​ដូច្នេះ​​ថា​ យើង​ស្គាល់​ការប្រព្រឹត្តិ​របស់​អ្នកហើយ​ អ្នក​ឈ្មោះ​ថា​រស់ ប៉ុន្ដែ​អ្នក​ស្លាប់​ទេ។​ ចូរ​ប្រុង​ស្មារតី​ ហើយ​ពង្រឹង​អ្វី​ៗ​​នៅ​សល់ដែល​បម្រុង​នឹង​ស្លាប់​នោះ ដ្បិត​យើង​បាន​ឃើញថា ​ ការប្រព្រឹត្តិ​របស់​អ្នកមិន​បាន​គ្រប់លក្ខណ៍​ នៅ​ចំពោះមុខ​​ព្រះជាម្ចាស់​របស់​យើង​ឡើយ។ ​ដូច្នេះចូរ​នឹក​ចាំថា​​ អ្នក​បាន​ទទួល និង​បាន​ឮ​ជា​យ៉ាង​ណា នោះ​ចូរ​កាន់​តាម ហើយ​ប្រែ​ចិត្ត​ចុះ បើ​អ្នក​មិន​ប្រុងស្មារតី​ទេ នោះ​យើង​នឹង​មក‍ឯ​អ្នក​ដូច​ជា​ចោរ ហើយ​អ្នក​មិន​ដឹង​ថា​ យើង​នឹង​មកឯ​អ្នក​​នៅ​ពេល​ណា​​ឡើយ ប៉ុន្ដែ​​​នៅ​ក្រុង​សើដេសក៏មានអ្នក​​ខ្លះ ក្នុង​ចំណោម​អ្នក​មិន​បាន​ធ្វើ​ឲ្យសម្លៀក​បំពាក់ ​របស់​ពួកគេ​​ស្មោក​គ្រោកទេ​ អ្នក​ទាំង​នោះ​នឹង​ដើរ​ជា​មួយ​យើង ទាំង​ស្លៀកពាក់​ពណ៌​ស ដ្បិត​ពួកគេ​ស័ក្តិសមណាស់។​ អ្នក​ណា​មានជ័យជម្នះ​ អ្នកនោះ​នឹង​បាន​ស្លៀកពាក់​ពណ៌​ស ដូច្នោះ​​ដែរ យើង​នឹង​មិន​លប់​ឈ្មោះ​របស់​អ្នក​នោះ​ ចេញ​ពី​បញ្ជី​ជីវិត​​ឡើយ យើង​នឹង​ទទួល​ស្គាល់​​ឈ្មោះ​ របស់​អ្នក​នោះ ​នៅ​ចំពោះ​មុខ​ព្រះវរបិតា​របស់​យើង និង​នៅ​ចំពោះ​មុខ​ពួក​ទេវតា​របស់​ព្រះអង្គដែរ។ ​អ្នកណាមាន​ត្រចៀក ចូរស្តាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មកកាន់​ក្រុម​ជំនុំ​ទាំង​នោះ​ចុះ»

ព្រះ​រាជសារទៅក្រុមជំនុំនៅ​ក្រុង ​ភីឡាដិលភា​

​«ចូរ​សរសេរ​ទៅ​ទេវតា របស់​​ក្រុម​ជំនុំ​នៅ​ក្រុង​ភីឡាដិលភា​ថា ព្រះអង្គ​ដ៏​បរិសុទ្ធ ព្រះអង្គ​ដ៏​ពិត ​ព្រះអង្គ​ដែល​មាន​កូនសោ​របស់​ស្ដេចដាវីឌ បើ​ព្រះអង្គ​បើក ​គ្មាន​អ្នកណា​បិទបាន​ ហើយ​​​​បើ​ព្រះអង្គ​បិទ ក៏​​គ្មាន​អ្នកណា​បើកបាន​​ ​មាន​បន្ទូល​ដូច្នេះ​​ថា ​យើង​ស្គាល់​ការប្រព្រឹត្តិ​​របស់​អ្នក​​ហើយ មើល៍ យើង​បាន​បើក​ទ្វារ​ចំហ​នៅ​ពី​មុខ​អ្នក ដែល​គ្មាន​អ្នកណា​អាច​បិទ​បាន​ឡើយ។ អ្នក​មាន​កម្លាំង​បន្តិចបន្តួច​​​មែន ប៉ុន្ដែ​អ្នក​បាន​កាន់​តាម​ពាក្យ​របស់​យើង ព្រមទាំង​​​មិន​បាន​បដិសេធ​ឈ្មោះ​របស់​យើង​ឡើយ។ ​មើល៍ យើង​នឹង​ធ្វើ​ឲ្យ​ក្រុមជំនុំ​របស់​អារក្ស​សាតាំង​ ជា​ពួក​អ្នក​ដែល​ហៅ​ខ្លួន​ឯង ​ថា​ជា​ជនជាតិ​យូដា​ ប៉ុន្ដែ​មិន​មែនឡើយ​ ពួកគេ​ជា​​ពួកកុហក គឺយើង​នឹង​ធ្វើ​ឲ្យ​ពួកគេ​មក​ក្រាប​នៅ​ទៀប​ជើង​របស់​អ្នក ហើយពួកគេ​នឹង​ដឹង​ថា យើង​​ស្រឡាញ់​អ្នក​មែន។ ​១០ដោយ​ព្រោះ​អ្នក​បាន​កាន់​តាម​ពាក្យ​របស់​យើង ​ដែល​ឲ្យ​​​ស៊ូទ្រាំ​ នោះ​យើង​នឹង​រក្សា​អ្នក​ឲ្យ​រួចផុត​​ពី​គ្រា​នៃ​សេចក្តី​វេទនា​ ដែល​បម្រុង​​នឹង​មក​លើ​ពិភព​លោក​ទាំង​មូល​​ ដើម្បី​ល្បងល​​ពួក​អ្នក​ដែល​រស់​នៅ​លើ​ផែនដី។ ១១​យើង​នឹង​មក​យ៉ាង​ឆាប់​ ចូរ​កាន់​ខ្ជាប់​សេចក្ដី​ដែល​អ្នក​​មាន​​ចុះ ដើម្បី​កុំ​ឲ្យ​អ្នកណា​យក​មកុដ​របស់​អ្នក​បាន​ឡើយ។ ១២​អ្នក​ណា​មានជ័យជម្នះ​ យើង​នឹង​តាំង​អ្នក​នោះ​ឲ្យ​ធ្វើ​ជា​សសរទ្រូង នៅក្នុង​ព្រះវិហារនៃ​ព្រះ​របស់​យើង​ ហើយ​អ្នក​​នោះ​នឹង​មិន​ចេញ​ពី​ព្រះវិហារ​នេះទៀត​ឡើយ។ ​យើង​នឹង​សរសេរ​ ព្រះ​នាម​នៃ​ព្រះ​របស់​យើង និង​​ឈ្មោះ​​ក្រុង​នៃ​ព្រះ​របស់​យើង នៅលើ​អ្នក​នោះ​​ ​ជា​ក្រុង​យេរូសាឡិម​ថ្មី​ដែល​ចុះ​មក​ពី​ស្ថានសួគ៌ គឺ​​មក​ពី​ព្រះ​របស់​យើង ហើយ​យើង​ ក៏នឹង​សរសេរ​​ឈ្មោះ​ថ្មី​របស់​យើងនៅលើ​អ្នក​នោះ​ដែរ។​ ១៣​អ្នក​ណា​​មាន​ត្រចៀក ចូរស្តាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ ​មាន​បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នោះ​ចុះ»។​

ព្រះ​រាជសារទៅក្រុមជំនុំនៅ​ក្រុង​ ឡៅឌីសេ

១៤«ចូរ​សរសេរ​ទៅ​ទេវតា​ របស់​​ក្រុម​ជំនុំ​នៅ​ក្រុង​ឡៅឌីសេ​ថា ព្រះ​អង្គដ៏​ជា​អាម៉ែន​ ជា​សាក្សី​ដ៏ស្មោះ​ត្រង់ និងដ៏​ពិត​ ​ហើយ​ជា​ដើមកំណើត​នៃ​អ្វីៗ​ ដែល​ព្រះជាម្ចាស់​​បាន​បង្កើត​មក មាន​បន្ទូល​ដូច្នេះ​ថា ១៥យើង​ស្គាល់​ការប្រព្រឹត្តិ​របស់​អ្នក​ហើយ គឺ​អ្នក​​ត្រជាក់មិន​ត្រជាក់​ ក្តៅ​មិន​ក្តៅ យើង​ចង់​ឲ្យ​អ្នក​ បើ​​ត្រជាក់គឺ​ត្រជាក់ ​បើ​ក្តៅ​គឺ​ក្តៅ។ ១៦​ដោយ​ព្រោះ​តែអ្នក​គ្រាន់តែ​ក្ដៅ​ឧណ្ហៗ​ ត្រជាក់​មិន​ត្រជាក់ ក្តៅ​​មិន​ក្ដៅដូច្នេះ​​ នោះ​យើង​នឹង​ខ្ជាក់​អ្នក​ចេញ​ពី​មាត់​របស់​យើងហើយ​ ១៧ដ្បិត​​អ្នក​បាន​និយាយ​​ថា ខ្ញុំ​ជា​អ្នក​មាន ខ្ញុំ​ស្តុក​ស្តម្ភ​ហើយ​​ ខ្ញុំ​មិន​ខ្វះ​​អ្វីទេ​ ប៉ុន្ដែ​អ្នក​មិន​ដឹង​ថា ខ្លួនឯង​​វេទនា គួរឲ្យអាណិត ក្រ ខ្វាក់ ហើយ​នៅ​អាក្រាត​ឡើយ។ ១៨​យើង​ឲ្យ​យោបល់​អ្នក​​ទិញ​មាសពីយើង​ជាមាសដែលបន្សុទ្ធ​ដោយ​ភ្លើង ដើម្បី​ឲ្យ​អ្នកត្រលប់​ជា​អ្នក​មាន ហើយ​ទិញ​សម្លៀក​បំពាក់​ពណ៌‍ស មក​ស្លៀកពាក់​ ដើម្បី​​កុំ​ឲ្យ​គេ​ឃើញ​កេរ្ដិ៍ខ្មាស ដែល​អ្នក​នៅអាក្រាត​នោះ​ឡើយ ព្រម​ទាំង​ទិញ​ថ្នាំ​ដាក់​​ភ្នែក​ផង ដើម្បី​ឲ្យ​អ្នក​មើល​ឃើញ។ ១៩​យើង​ស្ដីបន្ទោស ហើយ​វាយ​ប្រដៅ​អ្នកណា​ដែល​យើង​ស្រឡាញ់ ដូច្នេះ​ ចូរ​មាន​ចិត្ត​សង្វាត​ ហើយ​ប្រែ​ចិត្ត​ចុះ។ ២០មើល៍ យើង​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ បើ​អ្នក​ណា​ឮ​សំឡេង​យើង ហើយ​បើក​ទ្វារ​ឲ្យ នោះ​យើង​នឹង​ចូល​ទៅ​ឯ​អ្នក​នោះ រួច​​បរិភោគ​ជា​មួយ​អ្នក​នោះ ហើយ​អ្នក​នោះ​ក៏បរិភោគ​ជា​មួយ​យើង​ដែរ។ ២១​អ្នក​ណា​មានជ័យជម្នះ​ យើង​នឹង​ឲ្យ​អ្នក​នោះ​អង្គុយ​ជាមួយ​យើងនៅ ​លើ​បល្ល័ង្ក​របស់​យើង ដូចដែល​​យើង​មានជ័យជម្នះ​ ហើយ​​បាន​អង្គុយ​ជា​មួយ​ព្រះវរបិតារបស់​​យើង នៅ​លើ​បល្ល័ង្ក​របស់​ព្រះអង្គ​ដែរ។ ២២អ្នក​ណា​​មាន​ត្រចៀក ចូរស្តាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​ មាន​បន្ទូល​មកកាន់​ក្រុម​ជំនុំ​ទាំង​នោះ​ចុះ»

វិវរណៈ ៣