KCB - វិវរណៈ ១៩


វិវរណៈ ១៩

ចម្រៀងនៃជ័យជម្នះនៅស្ថានសួគ៌

១៩ក្រោយ​ពីហេតុការណ៍ទាំង​នេះ​ ខ្ញុំ​បានឮ​ដូច​ជា​សំឡេង​យ៉ាងខ្លាំង​ របស់មនុស្ស​ជា​ច្រើន​នៅ​ស្ថានសួគ៌​ បន្លឺ​ឡើង​ថា​៖ «ហាលេលូយ៉ា​! សេចក្ដី​សង្គ្រោះ សិរីរុងរឿង និង​អំណាច​ ជា​របស់​ព្រះជាម្ចាស់​នៃ​យើង​ ដ្បិត​ការ​ជំនុំ​ជម្រះ​របស់​ព្រះអង្គ​ពិត​ត្រង់​ហើយ​សុចរិត​ ពី​ព្រោះ​ព្រះអង្គ​បាន​ជំនុំ​ជម្រះ​ស្ត្រី​ពេស្យា​ ដ៏​ល្បីអសោច ដែល​បាន​បំផ្លាញផែនដីដោយសារ​ អំពើ​អសីលធម៌ខាងផ្លូវភេទ​របស់​នាង ហើយ​ព្រះអង្គ​ក៏​បាន​សងសឹក​ឲ្យ​ឈាម​របស់​ពួក​បាវបម្រើ​របស់ព្រះអង្គ ដែលបានស្លាប់​ ដោយសារដៃរបស់នាងដែរ»។ ​ពួកគេក៏​បន្លឺ​ឡើង​ម្ដង​ទៀត​ថា​៖ «ហាលេលូយ៉ា‍! ផ្សែង​​ហុយ​ឡើងពី​នាង​អស់កល្ប​ជា​និច្ច»​ ​នោះពួក​ចាស់​ទុំ​ទាំង​ម្ភៃ​បួន​នាក់ និង​សត្វ​មាន​ជីវិត​ទាំង​បួន​ក៏​ក្រាប​ចុះ​ ហើយ​ថ្វាយ​បង្គំ​ព្រះជាម្ចាស់​ដែល​គង់​លើ​បល្ល័ង្ក​ ទាំង​និយាយ​ថា​៖ «អាម៉ែន​​ ហាលេលូយ៉ា​!» ​ហើយ​មាន​សំឡេង​មួយ ​ចេញ​ពី​បល្ល័ង្ក​មក​​ថា​៖ «ឱ អស់អ្នក​ ដែល​ជា​បាវបម្រើ​របស់​ព្រះអង្គ​ និងពួកអ្នក ​ដែល​កោត​ខ្លាច​ព្រះអង្គទាំង​តូច​ ទាំង​ធំ​អើយ! ចូរ​សរសើរ​ព្រះជាម្ចាស់​នៃ​យើង​ចុះ​!» ​ខ្ញុំបាន​ឮ​សំឡេង ដូច​ជា​​សំឡេងរបស់​មនុស្ស​ជាច្រើន ហើយ​ដូច​ជា​សំឡេងទឹកជា​ច្រើន​ និង​ដូច​ជា​សំឡេងផ្គរលាន់​យ៉ាង​ខ្លាំង​បន្លឺឡើងថា​៖ «ហាលេលូយ៉ា​! ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​ ជា​ព្រះ​ដ៏​មាន​ព្រះចេស្តា្ ​លើ​អ្វី​ៗទាំង​អស់ ​ បាន​សោយ​រាជ្យ​​ហើយ ​ចូរ​យើងត្រេកអរ ហើយ​រីករាយ​ជា​ខ្លាំង​ចុះ​ រួច​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះអង្គ​ ដ្បិត​ដល់​ពេលរៀបមង្គលការ​កូន​ចៀមហើយ​ រីឯ​កូន​ក្រមុំ​របស់​ព្រះអង្គ​ ក៏​បាន​រៀប​ចំខ្លួនរួច​ជា​ស្រេចហើយ​ដែរ​ ​កូនក្រមុំបាន​ទទួល​ការអនុញ្ញាត ឲ្យ​ស្លៀក​សម្លៀក​បំ​ពាក់ ក្រណាត់​ទេស​ឯកប្រណិតយ៉ាងស្អាត ហើយ​ភ្លឺ​​​ ដ្បិតសម្លៀកបំពាក់​​ក្រណាត់ទេស​ឯកប្រណិតនោះ ជា​សេចក្ដី​សុចរិត​របស់ពួក​បរិសុទ្ធ»។

​ទេវតា​ក៏​និយាយមក​ខ្ញុំ​ថា​៖ «ចូរ​សរសេរ​ដូច្នេះថា មាន​ពរ​ហើយ​ អស់​អ្នក​ដែល​ត្រូវ​បាន​​ហៅ​ ឲ្យមក​ចូលរួមពិធីជប់​លៀង​មង្គល​ការ​របស់កូន​ចៀម» ទេវតានោះ ក៏​និយាយ​មក​ខ្ញុំ​ទៀត​ថា​៖ «សេចក្ដី​ទាំង​នេះ​​ជា​ព្រះបន្ទូលដ៏ពិត​របស់ព្រះជាម្ចាស់»។ ១០​ពេល​នោះ​ ខ្ញុំ​ក៏ក្រាប​ចុះ​នៅ​ទៀប​ជើងរបស់​ទេវតា​នោះ​ ដើម្បី​ថ្វាយ​បង្គំ ប៉ុន្ដែ​ទេវតានោះនិយាយ​មក​ខ្ញុំ​ថា​៖ «កុំធ្វើ​ដូច្នេះ​ឡើយ​ ខ្ញុំ​ជា​បាវ​បម្រើ​រួម​ការងារ​ជា​មួយ​អ្នក​ និង​រួមជាមួយបង​ប្អូន​របស់អ្នក​ ដែល​មាន​សេចក្ដី​បន្ទាល់​របស់​ព្រះ​យេស៊ូ​ដែរ ចូរ​ថ្វាយ​បង្គំ​ព្រះជាម្ចាស់​វិញ ដ្បិត​សេចក្ដី​បន្ទាល់​របស់​ព្រះ​យេស៊ូ​ ជា​វិញ្ញាណ​នៃ​ការថ្លែងព្រះបន្ទូល»។

អ្នក​ជិះ​សេះ​ស

១១​ខ្ញុំ​ក៏​បានឃើញ​មេឃ​បើក​ចំហ​ ហើយមើល៍​ មាន​សេះ​ស​មួយ ព្រះអង្គដែលគង់លើ​វា​មាន​ព្រះនាម​ថា ស្មោះ​ត្រង់ ​ហើយ​ពិត​ត្រង់។ ព្រះអង្គ​ជំនុំ​ជម្រះ និង​ច្បាំង​ដោយ​សុចរិត។ ១២​ព្រះនេត្រ​​របស់ព្រះអង្គ​ដូច​ជា​អណ្ដាត​ភ្លើង ហើយ​នៅ​លើ​ព្រះសិរ​របស់ព្រះអង្គ មាន​មកុដ​ជា​ច្រើន​ ព្រះអង្គ​មាន​ព្រះនាម​មួយដែលបានសរសេរ​ទុក ហើយ​គ្មាន​នរ​ណា​ស្គាល់​ឡើយ លើក​លែង​តែព្រះ​អង្គ​​​ប៉ុណ្ណោះ ១៣​ព្រះអង្គ​ស្លៀក​សម្លៀក​បំពាក់ ដែល​ប្រឡាក់​ឈាម ហើយ​គេ​ហៅ​ព្រះនាម​ព្រះអង្គ​ថា«ព្រះបន្ទូល​របស់​ព្រះជាម្ចាស់»​១៤​រីឯ​កងទ័ព ​នៅ​ស្ថានសួគ៌​ ដែល​ស្លៀកសម្លៀកបំពាក់​ ក្រណាត់ទេស​ឯកប្រណិតសស្អាត ​បាន​ជិះ​សេះ​ស​តាម​ព្រះអង្គ។ ១៥មាន​ដាវ​មួយ​យ៉ាង​មុត​ចេញ​ពី​ព្រះឱស្ឋ​របស់ព្រះអង្គ​មក ដើម្បីឲ្យព្រះអង្គ​ ប្រហារ​ជនជាតិ​ទាំង​ឡាយ​ដោយ​សារដាវ​នោះ ហើយ​ព្រះអង្គ​នឹង​គ្រប់​គ្រង​ពួកគេ​ដោយ​ដំបង​ដែក​ ព្រះអង្គ​ក៏​ជាន់ក្នុង​កន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរនៃសេចក្ដី​ក្រោធ​យ៉ាង​ខ្លាំង ​​​​របស់​ព្រះជាម្ចាស់​ ជា​ព្រះ​ដ៏​មាន​ព្រះចេស្តា​លើ​អ្វី​ៗ​ទាំង​អស់។ ១៦​ព្រះអង្គ​មាន​ព្រះនាម​សរសេរនៅ​លើ​អាវ និង​នៅ​លើ​ភ្លៅ​របស់ព្រះអង្គ​ថា​ «ស្ដេច​លើ​អស់​ទាំង​ស្ដេច ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់»។ ១៧ខ្ញុំ​បានឃើញ​ទេវតា​មួយរូប​ ឈរ​នៅ​ក្នុងដួងអាទិត្យ ហើយ​​ស្រែក​ឡើង​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ ប្រាប់​ដល់​​សត្វ​ស្លាបទាំងអស់ ​ដែល​ហើរ​នៅ​កណ្តាល​អាកាស​ថា​៖​ «ចូលមក ចូរ​ប្រមូល​គ្នាមក​ចូល​រួម​ពិធី​ជប់លៀង​ ដ៏​ធំ​របស់​ព្រះជាម្ចាស់​ ១៨ដើម្បី​ឲ្យ​ពួកឯង​ស៊ី​សាច់ពួក​ស្ដេច សាច់ពួក​មេទ័ព សាច់ពួក​អ្នក​ខ្លាំង​ពូកែ​ សាច់​សេះ​ និង​សាច់ពួក​អ្នក​ជិះ​សេះ​ ព្រម​ទាំង​សាច់​មនុស្ស​ទាំង​អស់​ ទាំង​អ្នកមានសេរីភាព​ទាំង​បាវបម្រើ​ ទាំង​​តូច ទាំង​ធំ»។

១៩ខ្ញុំ​ក៏​ឃើញ​សត្វ​សាហាវ​​ និង​ពួក​ស្ដេច​នៅ​លើ​ផែនដី ព្រម​ទាំង​កងទ័ព​របស់​ពួកគេ ប្រមូល​គ្នា​មក​ច្បាំង​នឹង​ព្រះអង្គ​ដែល​គង់​លើ​សេះ​ ហើយ​នឹង​កងទ័ព​របស់​ព្រះអង្គ។ ២០​សត្វសាហាវ​នោះ​​ត្រូវ​ចាប់​បាន​ជា​មួយ​នឹង​អ្នក​នាំ​ព្រះបន្ទូល​ក្លែង​ក្លាយ​ ដែល​ធ្វើ​ទី​សំគាល់​នៅ​មុខ​វា​ ហើយ​ដោយ​សារ​ទី​សំគាល់​ទាំងនោះ​ វា​បាន​បោកបញ្ឆោត​ អស់​អ្នក​ដែល​ទទួល​សញ្ញាសំគាល់​របស់​សត្វ​សាហាវនោះ​ និង​អស់​អ្នក​ដែល​ថ្វាយ​បង្គំ​ រូប​ចម្លាក់របស់សត្វសាហាវនោះ។ ពួកវា​ទាំង​ពីរ​​ត្រូវ​បានបោះ​ទាំង​រស់ ​ទៅ​ក្នុង​បឹង​ភ្លើង​ដែល​ឆេះ​ដោយ​ស្ពាន់​ធ័រ​ ២១​ហើយ​អ្នក​ឯ​ទៀត​ ​ក៏​ត្រូវ​ស្លាប់​ដោយសារ​ដាវ ដែល​ចេញ​ពី​ព្រះឱស្ឋ​ របស់​ព្រះអង្គ​ដែល​គង់​លើ​សេះ។​​ សត្វ​ស្លាប​ទាំង​អស់ក៏​ឆ្អែត​ស្កប់​ស្កល់​ដោយសារ​សាច់​ពួកអ្នក​ទាំង​នោះ។

វិវរណៈ ១៩