វិវរណៈ ១៥
ចម្រៀងរបស់លោកម៉ូសេ និង កូនចៀម
១៥បន្ទាប់មក ខ្ញុំឃើញទីសំគាល់មួយទៀត ដែលធំ ហើយអស្ចារ្យនៅលើមេឃ គឺមានទេវតាប្រាំពីរកាន់គ្រោះកាចប្រាំពីរ ដែលជាគ្រោះកាចចុងក្រោយ ដ្បិតសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ បានសម្រេចដោយសារគ្រោះកាចទាំងនោះ។ ២ខ្ញុំបានឃើញមានដូចជាសមុទ្រកែវ លាយជាមួយភ្លើង ហើយពួកអ្នកដែលបានឈ្នះសត្វសាហាវនោះ និងរូបចម្លាក់របស់វា ព្រមទាំងលេខឈ្មោះរបស់វា កំពុងឈរនៅលើសមុទ្រកែវនោះ ទាំងកាន់ពិណរបស់ព្រះជាម្ចាស់ ៣ពួកគេច្រៀងចម្រៀងរបស់លោកម៉ូសេ ជាបាវបម្រើរបស់ព្រះជាម្ចាស់ និងចម្រៀងរបស់កូនចៀមថា៖ «ឱ ព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់អើយ! ស្នារព្រះហស្តរបស់ព្រះអង្គធំ ហើយអស្ចារ្យណាស់ ឱ ព្រះមហាក្សត្រ នៃជនជាតិទាំងឡាយអើយ! ផ្លូវរបស់ព្រះអង្គសុចរិត ហើយពិតត្រង់ ៤ឱ ព្រះអម្ចាស់អើយ! តើមានអ្នកណាមិនកោតខ្លាច ហើយមិនថ្វាយសិរីរុងរឿង ដល់ព្រះនាមរបស់ព្រះអង្គ? ដ្បិតមានតែព្រះអង្គប៉ុណ្ណោះ ដែលបរិសុទ្ធ។ ជនជាតិទាំងអស់នឹងចូលមក ហើយថ្វាយបង្គំព្រះអង្គ ព្រោះសេចក្ដីសុចរិតរបស់ព្រះអង្គ បានសំដែងឲ្យឃើញហើយ»។
ពានមាសទាំងប្រាំពីរនៃគ្រោះកាចទាំងប្រាំពីរ
៥ក្រោយពីហេតុការណ៍ទាំងនេះ ខ្ញុំបានឃើញព្រះវិហារនៅស្ថានសួគ៌ ដែលជារោងនៃសេចក្ដីបន្ទាល់ បានបើកចំហ ៦ហើយទេវតាទាំងប្រាំពីរដែលកាន់គ្រោះកាចទាំងប្រាំពីរក៏ចេញពីព្រះវិហារ មក ទាំងស្លៀកពាក់សំពត់ទេសឯកយ៉ាងស្អាតហើយភ្លឺ ក៏ពាក់ខ្សែក្រវាត់មាសនៅដើមទ្រូងផង។ ៧ពេលនោះសត្វមានជីវិតមួយ ក្នុងចំណោមសត្វមានជីវិតទាំងបួនបានប្រគល់ពានមាសប្រាំពីរ ដល់ទេវតាទាំងប្រាំពីរដែលមានពេញដោយសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ដ៏មានព្រះជន្មរស់អស់កល្បជានិច្ច ៨ព្រះវិហារក៏បានពេញដោយផ្សែងចេញពីសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងពីព្រះចេស្ដារបស់ព្រះអង្គហើយគ្មាននរណា អាចចូលទៅក្នុងព្រះវិហារបានទេ រហូតទាល់តែគ្រោះកាចទាំងប្រាំពីរ របស់ទេវតាទាំងប្រាំពីរនោះចប់សព្វគ្រប់សិន។