KCB - វិវរណៈ ១៤


វិវរណៈ ១៤

កូនចៀម និងមនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់

១៤បន្ទាប់​មក ​ ខ្ញុំ​មើល​ទៅ​ឃើញ​កូន​ចៀម​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន​ ​ហើយ​នៅ​ជា​មួយ​ព្រះអង្គ​មាន​មនុស្ស មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់​ដែល​មាន​ព្រះនាម​របស់ព្រះអង្គ​ និង​ព្រះនាម​ព្រះវរបិតារបស់​ព្រះអង្គ​សរសេរនៅ​លើ​ថ្ងាស​របស់​គេ ​ខ្ញុំ​បានឮ​សំឡេង​មួយ​ពី​លើមេឃ​មក ដូច​ជា​សំឡេង​ទឹក​ជាច្រើន​ និង​ដូច​ជាសំឡេង​ផ្គរលាន់​យ៉ាង​ខ្លាំង​ ហើយ​សំឡេង​ដែល​ខ្ញុំ​បានឮនោះ​ គឺ​ដូច​ជា​សំឡេងរបស់​ពួក​អ្នក​លេង​ពិណ​កំពុង​ប្រគំ​ពិណរបស់​ខ្លួន ​ពួកគេ​ច្រៀង​ចម្រៀង​មួយ​ថ្មី​នៅ​មុខ​បល្ល័ង្ក​ នៅ​មុខ​សត្វ​មាន​ជីវិត​ទាំង​បួន និង​នៅមុខពួក​ចាស់​ទុំ ហើយ ​គ្មាន​អ្នក​ណា​អាច​រៀន​ចម្រៀង​នោះ​បាន​ឡើយ​ លើក​លែង​តែ​មនុស្ស​ មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់​ ដែល​ត្រូវបាន​លោះ​ចេញ​ពី​ផែនដី​ប៉ុណ្ណោះ។

​មនុស្ស​ទាំង​នេះ​ គឺ​ជា​ពួក​អ្នក​ដែល​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​ស្មោក​គ្រោក​ ជា​មួយ​នឹង​ស្រ្តី​ ដ្បិត​ពួកគេ​បាន​រក្សា​ខ្លួន​ឲ្យនៅ​បរិសុទ្ធ។ អ្នក​ទាំង​នេះ​គឺ​ជា​ពួក​អ្នក​ដែល​ដើរតាម​កូន​ចៀម​គ្រប់​ទី​កន្លែង​ ដែល​កូនចៀម​ទៅ។ អ្នក​ទាំង​នេះ​ត្រូវបាន​លោះ​ចេញ​ពី​ចំណោម​មនុស្ស​ទុក​ជា​ផល​ដំបូង​ថ្វាយ​ដល់​ព្រះជាម្ចាស់​ និង​ដល់​កូន​ចៀម​​ ហើយ​នៅ​មាត់​របស់​ពួកគេ មិន​ឃើញ​មាន​សេចក្ដី​ភូតភរ​ឡើយ​ ពួកគេ​ជា​មនុស្ស​ឥត​បន្ទោសបាន។

ទេវតាទាំងបី

​ហើយខ្ញុំក៏​បាន​ឃើញ​ទេវតា​មួយរូប​ទៀត​ហោះ​នៅ​កណ្តាល​អាកាស​ ទាំង​មាន​ដំណឹង​ល្អ​​ដែល​នៅ​អស់កល្ប​ជានិច្ច ដើម្បី​ប្រកាស​ប្រាប់​អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ គឺ​ដល់​គ្រប់​ប្រទេស គ្រប់​កុល​សម្ព័ន ​ គ្រប់​ភាសា និង​គ្រប់​ជនជាតិ ​ទេវតា​នោះ ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖​ «ចូរ​កោត​ខ្លាច​ព្រះជាម្ចាស់ ហើយ​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះអង្គ​ចុះ​ ដ្បិត​ពេល​ដែល​ព្រះអង្គត្រូវ​​ជំនុំ​ជម្រះ​ បាន​មក​ដល់​ហើយ ចូរ​ថ្វាយ​បង្គំ​ព្រះអង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ​ ផែនដី​ សមុទ្រ​ និង​ប្រភព​ទឹក​ទាំង​ឡាយចុះ»។

​មាន​ទេវតា​មួយ​រូបទៀត​ ជា​ទេវតា​ទី​ពីរ​ បានមក​តាម​ក្រោយ រួច​បន្លឺ​ឡើង​ថា​៖​«រលំ​ហើយ ​រលំ​ហើយ ​ ក្រុងបាប៊ីឡូនដ៏​ធំ ​ដែល​បាន​ឲ្យ​ជនជាតិ​ទាំងឡាយ​ផឹក​ស្រា​នៃអំពើ​អសីលធម៌​ខាងផ្លូវភេទ​ដ៏រោល​​រាលរបស់ខ្លួន»។

​បន្ទាប់​មក មាន​ទេវតា​មួយ​រូបទៀត​ជា​ទេវតា​ទី​បី​បានមក​តាម​ក្រោយ រួចបន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖ ​«បើ​អ្នក​ណា​ថ្វាយ​បង្គំ​សត្វ​សាហាវ​នោះ និង​រូបចម្លាក់​របស់​វា​ ហើយ​ទទួល​យក​សញ្ញា​សំគាល់​នៅ​លើ​ថ្ងាស​ ឬនៅ​លើ​ដៃ​របស់​ខ្លួន ១០​អ្នក​ នោះ​​ នឹងត្រូវ​ផឹក​ស្រា​នៃ​កំហឹង​របស់​ព្រះជាម្ចាស់​ ជាស្រាដ៏​សុទ្ធ ឥត​លាយ ​ដែលបានចាក់​ចូលក្នុង​ពែង ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះអង្គ ​ហើយ​អ្នក​នោះ​នឹងត្រូវទទួលទារុណកម្ម​នៅក្នុងភ្លើង​ និង​ស្ពាន់ធ័រ​ នៅ​ចំពោះ​មុខ​ពួក​ទេវតា​បរិសុទ្ធ​ និង​នៅ​ចំពោះ​មុខ​កូន​ចៀម។​ ១១​នោះផ្សែងនៃទារុណ​កម្ម​ របស់ពួកគេក៏ហុយឡើងអស់កល្បជា​និច្ច​ ពួកគេគ្មាន​សេចក្ដីស្រាកស្រាន្តឡើយ ទាំងថ្ងៃទាំងយប់ គឺពួក​អ្នកដែលថ្វាយបង្គំសត្វនោះ និងរូបចម្លាក់​របស់វា ព្រមទាំង​អ្នកណាដែលទទួលសញ្ញាសំគាល់​ នៃឈ្មោះរបស់វាផង»។ ១២​នេះ​ហើយ​គឺជា​សេចក្ដី​អត់ធ្មត់​របស់​ពួក​បរិសុទ្ធ ​ដែល​កាន់​តាម​បញ្ញត្តិ​របស់​ព្រះជាម្ចាស់​ និង​ជំនឿនៅក្នុង​​ព្រះ​យេស៊ូ។

១៣​ខ្ញុំ​ក៏​បានឮ​សំឡេង​មួយ​​ពី​លើមេឃ​មក​ថា​៖ «ចូរ​សរសេរដូច្នេះថា មាន​ពរ​ហើយ​ អស់​អ្នក​ដែល​ស្លាប់​នៅ​ក្នុង​ព្រះអម្ចាស់​ពី​ពេល​នេះតទៅ​!» ព្រះវិញ្ញាណ​ក៏​មាន​បន្ទូល​ថា​ «មែន​ហើយ​ ពួកគេ​នឹង​បានសម្រាក​ ពី​ការ​នឿយ​ហត់​របស់ពួក​គេ​ ដ្បិត​ការប្រព្រឹត្ដិ​របស់​ពួកគេតាម​ជាប់​ពួកគេ»។​

ចម្រូតនៅផែនដី

១៤ពេល​នោះ ​ខ្ញុំ​មើល​ទៅ​ឃើញ​ពពក​ស​មួយ​ដុំ​ ហើយ​មាន​ម្នាក់​ដូច​ជា​កូន​មនុស្ស​អង្គុយ​លើ​ពពក​នោះ​ ទាំង​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល​ និង​កាន់កណ្តៀវ​ដ៏​មុត​នៅ​នឹង​ដៃ​របស់លោក។

១៥​មាន​ទេវតា​មួយរូប​ទៀត​ ចេញ​ពី​ព្រះវិហារ​មក​ ទាំងស្រែក​ឡើង​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ ទៅ​កាន់​អ្នកដែល​អង្គុយនៅ​លើ​ពពក​នោះ​ថា​៖​ «សូមប្រើកណ្តៀវ​របស់លោកទៅ​ច្រូត​ចុះ ដ្បិត​ដល់​ពេលច្រូត​ហើយ ពី​ព្រោះ​ចម្រូត​នៅ​ផែនដី​ទុំ​​ហើយ»។​ ១៦ដូច្នេះ​អ្នក​ដែល​អង្គុយនៅ​លើ​ពពក​ ក៏បោះ​កណ្តៀវ​របស់លោក​ទៅ​លើ​ផែនដី នោះ​ផែនដី​ក៏​ត្រូវបាន​ច្រូត។

១៧​មានទេវតា​មួយ​រូបទៀត​ចេញ​ពី​ព្រះវិហារ​ដែល​នៅ​ស្ថានសួគ៌ ទេវតានោះក៏​មាន​កណ្តៀវ​មួយ​ដ៏​មុត​ដែរ​ ១៨បន្ទាប់​មក ​ទេវតា​មួយរូប​ទៀត​​ ដែល​មាន​អំណាច​លើ​ភ្លើង​ ក៏​ចេញ​ពី​កន្លែងថ្វាយតង្វាយ​មក​ ហើយទេវតានោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ទៅ​ទេវតា​ ដែល​មាន​កណ្តៀវ​ដ៏​មុត​នោះ​ថា​៖​ «ចូរ​ប្រើកណ្តៀវ​ដ៏​មុត​របស់អ្នក​ទៅ​ប្រមូល​ចង្កោម​ទំពាំងបាយជូរ​នៅ​​ផែនដី​ចុះ​ ដ្បិត​ផ្លែ​វា​ទុំ​ហើយ»។ ១៩ដូច្នេះ​ ទេវតា​នោះ ​ក៏បោះកណ្តៀវ​របស់​គាត់​ទៅ​លើ​ផែនដី ​ហើយ​ប្រមូល​ផល​ទំពាំងបាយជូរ​នៅ​លើ​ផែនដី​ រួច​បោះ​ចូល​ទៅ​ក្នុង​កន្លែង បញ្ជាន់​ផ្លែ​ទំពាំងបាយជូរដ៏​ធំ​ នៃ​សេចក្ដី​ក្រោធ​ របស់​ព្រះជាម្ចាស់។ ២០​ឯ​កន្លែងបញ្ជាន់ផ្លែនោះ ទំពាំងបាយជូរ​ ក៏ត្រូវ​បាន​គេ​​យកទៅបញ្ជាន់​នៅ​ខាង​ក្រៅ​ទី​ក្រុង ហើយ​មាន​ឈាម​ចេញ​ពី​កន្លែង​បញ្ជាន់​ផ្លែ​ទំពាំងបាយជូរនោះឡើង​​ដល់​បង្ហៀរ​សេះ​ ចម្ងាយ​មួយ​ពាន់​ប្រាំ​មួយ​​រយ​ស្តេឌៀ។

វិវរណៈ ១៤