KCB - វិវរណៈ ១២


វិវរណៈ ១២

ស្រ្តី និងនាគ

១២មាន​ទី​សំគាល់​មួយយ៉ាង​ធំ​ លេច​មក​នៅ​លើ​មេឃ គឺ​មានស្ដ្រី​ម្នាក់​ ស្លៀក​ពាក់​ដួងអាទិត្យ ហើយមាន​លោកខែ​នៅ​ក្រោម​ជើង ក៏​មានផ្កាយ​ដប់ពីរ​​ធ្វើ​ជា​​មកុដនៅ​លើ​ក្បាល​នាង​មាន​​ផ្ទៃពោះ ហើយស្រែក​ឡើង​ ដោយឈឺ​ចាប់​​ហៀប​នឹង​សម្រាលកូន។

​ហើយមាន​ទី​សំគាល់​មួយ​ទៀត​លេច​មក​នៅ​លើ​មេឃ​ គឺ​មាននាគ​​ក្រហម​មួយ​យ៉ាង​ធំ ​មាន​ក្បាល​ប្រាំពីរ​ និង​ស្នែង​ដប់ ហើយ​នៅ​លើ​ក្បាល​របស់វា មាន​មកុដ​ប្រាំពីរ ​រីឯកន្ទុយ​របស់វា​បាន​ទាញ​ផ្កាយ​នៅ​លើ​មេឃ​មួយ​ភាគ​បី​​ គ្រវែង​មក​លើ ​ផែនដី។​ នាគ​នោះ​បាន​ឈរ​នៅ​ពី​មុខ​ស្ដ្រី​ដែល​ហៀប​នឹង​សម្រាល​កូន​នោះ​ ដើម្បី​​ស៊ី​កូន​របស់​នាង ពេល​នាង​សម្រាល​កូន​នោះ​មក។ ​នាង​សម្រាល​ បាន​កូន​ប្រុស​មួយ​ដែល​នឹងគ្រប់គ្រង​​​ជនជាតិទាំងអស់ដោយ​ដំបង​ដែក​ ប៉ុន្ដែ​កូន​របស់​នាងត្រូវបានលើកឡើងទៅដល់ព្រះជាម្ចាស់​​ និងបល័្លង្ក​របស់​ព្រះអង្គ។ ​ស្ដ្រី​នោះ​បាន​រត់​គេច​ទៅ​ឯ​ទី​រហោ​ឋាន ជា​កន្លែង​​ដែល​ព្រះជាម្ចាស់​បាន​រៀបចំ​ទុក​ឲ្យ​នាង​ ដើម្បី​ចិញ្ចឹម​នាង​នៅ​ទី​នោះ​ រយៈ​ពេល​មួយ​ពាន់​ពីរ​រយ​ហុកសិប​ថ្ងៃ។

​ពេល​នោះ​មាន​ចំបាំង​កើតឡើងនៅ​លើ​មេឃ​ គឺមីកែល​​ និង​ពួក​ទេវតា​របស់​មីកែល​ច្បាំង​នឹង​នាគ ​ហើយ​នាគ និង​ពួក​ទេវតា​របស់​ពួកវា ​ក៏​ច្បាំងតបវិញ​​ដែរ ​ប៉ុន្ដែ​ពួកវា​មិន​បានឈ្នះ​ទេ ហើយ​ក៏​មិនឃើញមានកន្លែង​ណា​ សម្រាប់​ពួកវា​នៅ​លើមេឃ​ទៀត​ដែរ​ ​នោះ​នាគ​ដ៏​ធំ​នោះ​​ត្រូវបានទម្លាក់​ចុះ​មក គឺ​ជា​ពស់​ពី​បុរាណ​ដែល​ហៅ​ថា​មេអារក្ស​ផង​ និង​សាតាំង​ផង​ ជា​អ្នក​ដែល​នាំឲ្យមនុស្ស​នៅ​លើ​ផែនដី​ទាំង​មូលវង្វេង​ ​វា​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ផែនដី​ ហើយ​ពួក​ទេវតា​របស់​វា​ក៏​ត្រូវ​បាន​ទម្លាក់​ចុះ​មកជា​មួយ​វាដែរ​ ១០​រួចខ្ញុំ​បានឮ​សំឡេង​មួយ​យ៉ាង​ខ្លាំងនៅ​លើមេឃបន្លឺ​ឡើង​ថា​៖ «ឥឡូវ​នេះ​សេចក្ដី​សង្គ្រោះ អំណាច​ និង​រាជ្យ​របស់​ព្រះជាម្ចាស់​នៃ​យើង ព្រម​ទាំង​សិទ្ធិអំណាចរបស់ព្រះគ្រិស្ដរបស់​​​ព្រះ​អង្គ​​​ បានមក​ដល់​ហើយ​ ដ្បិត​អ្នក​ចោទ​ប្រកាន់​​បង​ប្អូន​​របស់យើង​ត្រូវ​បាន​ទម្លាក់​ចុះមក គឺវា​នោះហើយ​ដែល​ចោទ​ប្រកាន់​ពួក​គេ ​នៅ​ចំពោះ​ព្រះជាម្ចាស់របស់យើង​ទាំង​យប់​ទាំង​ថ្ងៃ។

១១​ពួកគេ​បាន​ឈ្នះ​វា​ដោយ​សារ​ឈាម​របស់​កូន​ចៀម និង​ដោយ​សារ​ពាក្យ​នៃ​សេចក្ដី​បន្ទាល់​របស់​ពួកគេ ​ដ្បិត​ពួកគេ​មិនបាន​ស្រឡាញ់​ជីវិត​របស់ខ្លួន​ រហូត​ដល់​ស្លាប់។​ ១២ហេតុ​នេះ​ ឱស្ថានសួគ៌​ និង​អស់​អ្នក​ដែល​នៅ​ស្ថាន​នោះ​អើយ! ចូរ​អរ​សប្បាយ​ឡើង​ ប៉ុន្ដែ​វេទនា​ដល់​ផែនដី​ និង​សមុទ្រវិញ ព្រោះ​អារក្សសាតាំង​បាន​ចុះ​មកឯ​អ្នក​រាល់​គ្នា​ ទាំង​មាន​កំហឹង​ជា​ខ្លាំង​ ដោយ​ដឹង​ថា​ វា​មាន​ពេល​វេលា​តែបន្ដិចទេ»។​

១៣នៅពេល​នាគ​​ឃើញ​ថា​ វា​ត្រូវ​បាន​ទម្លាក់​ចុះមក​ផែនដី​ដូច្នេះ​ វា​ក៏​បៀតបៀន​​ស្ដ្រី​ ដែល​បាន​សម្រាល​កូន​ប្រុស​នោះ។ ១៤​ប៉ុន្ដែ​ស្ត្រី​នោះបានទទួលស្លាប​ពីរ​របស់​សត្វ​ឥន្ទ្រី​ដ៏​ធំ​ ដើម្បី​ឲ្យ​នាង​អាច​ហើរ​ទៅ​ឯ​ទី​រហោឋាន​ ជា​កន្លែង​របស់នាងដែល​នាងនឹងទទួលបានការ​ចិញ្ចឹម ​​ក្នុង​រយៈ​ពេលមួយ​ឆ្នាំ ពីរ​ឆ្នាំ និង​កន្លះ​ឆ្នាំ​ ផុតពី​មុខ​សត្វ​ពស់​នោះ។

១៥​ពស់​នោះ​បាន​ព្រួស​ទឹក​ចេញ​ពី​មាត់​របស់វាមក​ ដូច​ជា​ទន្លេ​តាម​ពី​ក្រោយ​ស្ត្រី​នោះ​ ដើម្បី​ធ្វើ​ឲ្យ​នាង​រសាត់​ទៅ​តាម​ទឹក​ជំនន់។​ ១៦ប៉ុន្ដែ​ ផែនដី​បាន​ជួយ​ស្រ្តី​នោះ​ គឺ​ផែនដី​បាន​ហា​មាត់​ ហើយ​លេប​ទន្លេ​ដែល​នាគ​នោះ បាន​ព្រួស​ចេញ​ពី​មាត់​វា​មក។​ ១៧ដូច្នេះ​នាគក៏​ខឹង​នឹង​ស្រ្តី​នោះ​ជា​ខ្លាំង​ ហើយ​ក៏​ចេញ​ទៅ​ច្បាំង​ជា​មួយ​នឹង​កូន​ចៅ​ឯ​ទៀត​ៗរបស់​នាងដែល​កាន់​តាម​បញ្ញត្តិ​របស់​ព្រះជាម្ចាស់​ និងមាន​សេចក្ដី​បន្ទាល់​របស់​ព្រះ​យេស៊ូ។​ ១៨បន្ទាប់​មក វា​ក៏​ឈរ​នៅ​លើ​ខ្សាច់​​សមុទ្រ។

វិវរណៈ ១២