KCB - វិវរណៈ ១១


វិវរណៈ ១១

សាក្សីពីរ​នាក់​

១១បន្ទាប់​មក​ ខ្ញុំ​បាន​ទទួល​ដំបង​មួយ ដែលដូច​ជា​ឈើ​ច្រត់ ក៏​មាន​គេនិយាយ​មក​ខ្ញុំ​ថា​៖ «ចូរ​ក្រោក​ឡើង​ ហើយ​វាស់​ព្រះវិហារ​របស់​ព្រះជាម្ចាស់ ​និង​កន្លែងថ្វាយតង្វាយ ​ព្រម​ទាំង​រាប់ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​នៅ​ទី​នោះ​​ ប៉ុន្ដែ ​ចូរ​ទុក​ទីលាន​ខាង​ក្រៅ​ព្រះវិហារ​ដោយ​ឡែក កុំ​វាស់​ទី​នោះ​ឡើយ​ ដ្បិត​ទី​នោះ ​ត្រូវ​បាន​ប្រគល់​ឲ្យ​សាសន៍ដទៃ ហើយ​ពួកគេ​នឹង​ជាន់​ឈ្លី​ទី​ក្រុង​បរិសុទ្ធ​​ អស់​រយៈ​ពេល​សែសិប​ពីរ​ខែ។ យើង​នឹង​ឲ្យ​អំណាច​ដល់​សាក្សី​ពីរ​នាក់របស់​យើង ហើយពួកគេ​នឹង​ថ្លែង​ព្រះបន្ទូល​ អស់​រយៈ​ពេល​មួយ​ពាន់​ពីរ​រយ​ហុកសិប​ថ្ងៃ​ ទាំង​ស្លៀក​សំពត់​ធ្មៃ»។​ អ្នក​ទាំង​នេះជា​ដើម​អូលីវ​ទាំង​ពីរ​ និងជា​ជើងចង្កៀង​ទាំង​ពីរ​ ដែល​ឈរ​នៅ​ពីមុខព្រះអម្ចាស់​នៃ​ផែនដី។ ​បើ​មាន​អ្នក​ណា​ម្នាក់​ចង់​ធ្វើ​ទុក្ខ​ពួកគេ នោះនឹងមាន​ភ្លើង​ចេញ​ពី​មាត់​ពួកគេ​មក ហើយឆេះ​បំផ្លាញ​ខ្មាំង​សត្រូវ​របស់​ពួកគេ។ ដូច្នេះ​ ​បើ​មាន​អ្នក​ណាម្នាក់​​ចង់​ធ្វើ​ទុក្ខ​ពួកគេ អ្នក​នោះ​ត្រូវ​តែ​ស្លាប់​បែប​នេះ​ឯង។​ អ្នក​ទាំង​នេះមាន​អំណាច​នឹង​បិទ​មេឃ​មិន​ឲ្យ​មានភ្លៀង​ធ្លាក់​ ក្នុង​អំឡុងពេលដែលពួកគេ​ថ្លែង​ព្រះបន្ទូល​ ហើយក៏​មាន​អំណាចលើទឹក​ ដើម្បី​​ធ្វើ​ឲ្យ​ទឹកត្រលប់ទៅ​ជា​ឈាម​ ព្រមទាំង​វាយប្រហារ​ផែនដី​ ដោយ​គ្រោះ​កាច​គ្រប់​យ៉ាង​ជា​ញឹកញាប់ តាម​តែ​ពួកគេ​ចង់។​

កាលអ្នក​ទាំង​នេះ​ ធ្វើ​បន្ទាល់​របស់​ខ្លួន​ចប់ហើយ ​មានសត្វ​សាហាវ​​ឡើង​ពី​ទី​ជម្រៅ​​ មក​ច្បាំង​ជា​មួយ​ពួកគេ​ ក៏​ឈ្នះ​ពួកគេ ហើយ​សម្លាប់ពួក​គេ​ផង ​ហើយ​សាកសព​របស់​ពួកគេ​​នៅ​តាម​ផ្លូវ​ក្នុង​ទី​ក្រុង​ដ៏​ធំ​​នោះ​ ដែល​​ខាងវិញ្ញាណ​ហៅ​ថា​ ក្រុងសូដុម​ និងស្រុក​អេស៊ីព្វ ជា​កន្លែង ​ដែល​បាន​ឆ្កាង​ព្រះអម្ចាស់​របស់​ពួកគេ។ មាន​មនុស្ស​មកពី​បណ្ដា​ជនជាតិ​ បណ្ដាកុល​សម្ព័ន្ធ​ បណ្ដា​ភាសា ​និង​បណ្ដា​ប្រទេសទាំងឡាយ ​នឹង​មើល​​សាកសព​របស់​ពួកគេ អស់​រយៈ​ពេល​បី​ថ្ងៃ​កន្លះ ហើយ​មិន​អនុញ្ញាតឲ្យ​​យក​សាកសព​របស់ពួកគេ ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ឡើយ។ ១០​អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ក៏​ត្រេក​អរ​ ហើយ​នាំ​គ្នា​អប​អរសាទរដោយសារពួកគេស្លាប់ រួចផ្ញើ​អំណោយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ពី​ព្រោះ​អ្នក​នាំ​ព្រះបន្ទូល​ទាំង​ពីរនាក់​នេះ ​បាន​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ឈឺចាប់។

១១​ប៉ុន្ដែ​បី​ថ្ងៃ​កន្លះក្រោយ​មក​ ​មាន​ដង្ហើម​ជីវិត​ ចេញ​ពី​ព្រះជាម្ចាស់​ចូល​មក​ក្នុង​សាកសព​អ្នក​ទាំង​ពីរ ហើយ​ពួកគេក៏​ក្រោក​ឈរ​ឡើង​ រីឯ​អស់​អ្នក​ដែល​ឃើញ​ពួកគេ ក៏​​មាន​សេចក្ដី​ភ័យខ្លាច​ជា​ខ្លាំង។ ១២​នោះ​អ្នក​ទាំង​ពីរ​បាន​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​ពី​លើមេឃ​មក​កាន់​ពួកគេ​ថា​ ចូរ​ឡើង​មក​នេះ។ នោះ​ពួកគេ​ក៏​ឡើង​ទៅ​លើ​មេឃ​ ក្នុង​ពពក​ ហើយ​សត្រូវ​របស់​ពួកគេក៏​ឃើញ​ដែរ។

១៣​នៅ​វេលា​នោះ មាន​រញ្ជួយ​ផែនដី​យ៉ាងខ្លាំង​កើតឡើង ហើយ​មួយ​ភាគ​ដប់នៃក្រុង​​នោះបានដួល​រលំ​ មនុស្ស​ប្រាំពីរ​ពាន់​នាក់​បាន​ស្លាប់​​ដោយសារការរញ្ជួយ​ផែនដី​នោះ​ រីឯអ្នក​ដែល​សល់​ពី​ស្លាប់​បានភ័យខ្លាច ហើយ​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះជាម្ចាស់​នៃ​ស្ថានសួគ៌។ ១៤​សេចក្ដី​វេទនា​ទី​ពីរ​​បាន​កន្លង​ផុត​ទៅ ហើយ​មើល៍​សេចក្ដី​វេទនា​ទី​បី​នឹង​មក​​យ៉ាង​ឆាប់។

ត្រែទីប្រាំពីរនាំមកនូវសេចក្ដី​វេទនាទីបី

១៥​បន្ទាប់​មក​ ទេវតា​ទី​ប្រាំពីរ​ផ្លុំ​ត្រែ​ឡើង​ នោះ​មាន​សំឡេង​យ៉ាង​ខ្លាំង​នៅ​ស្ថានសួគ៌​បន្លឺ​ឡើង​ថា​៖​ «នគរ​របស់​លោកិយ​នេះ ​បាន​ត្រលប់​ជា​នគរ​របស់​ព្រះអម្ចាស់​នៃ​យើង​ និង​របស់​ព្រះគ្រិស្ដរបស់​ព្រះ​អង្គ​​ ហើយ​ព្រះអង្គ​នឹង​សោយ​រាជ្យ​រហូតអស់កល្ប​ជា​និច្ច»។

១៦​ពេល​នោះ​ ពួក​ចាស់​ទុំ​ទាំង​ម្ភៃ​បួន​នាក់​ដែល​ អង្គុយ​លើ​បល្ល័ង្ក​របស់​ខ្លួន​នៅ​ពីមុខព្រះជាម្ចាស់​ ក៏​ក្រាប​ផ្កាប់មុខ​ ហើយ​ថ្វាយ​បង្គំ​ព្រះជាម្ចាស់​ ១៧ទាំង​និយាយ​ថា​៖​ «ឱ​ព្រះអម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះចេស្តា​លើ​អ្វី​ៗទាំង​អស់​ ជា​ព្រះ​ដែល​គង់​នៅ​សព្វ​ថ្ងៃ​ និងគង់​នៅ​តាំង​ពី​ដើមអើយ! ​យើង​ខ្ញុំ​សូម​អរ​ព្រះគុណ​ព្រះអង្គ​ ព្រោះ​ព្រះអង្គ​បាន​យក​អំណាច​ដ៏​ធំ​ឧត្ដមរបស់​ព្រះអង្គ ហើយ​​បានសោយរាជ្យ​​ ១៨​ប្រទេសទាំងឡាយ​មាន​កំហឹង​ ប៉ុន្ដែ​សេចក្ដី​ក្រោធ​របស់​ព្រះអង្គ​ បានមក​ដល់​ ជា​ពេល​កំណត់ដែលត្រូវ​ជំនុំ​ជម្រះមនុស្ស​ស្លាប់ ហើយ​​ប្រទាន​រង្វាន់​ដល់​ពួកបាវបម្រើ​របស់ព្រះអង្គ ដល់ពួក​អ្នក​នាំ​ព្រះបន្ទូល​ ​ដល់​ពួក​បរិសុទ្ធ​ និងដល់​ពួក​អ្នក​ដែល​កោត​ខ្លាច​​ព្រះនាម​ព្រះអង្គ ​ទាំង​តូច ទាំង​ធំ ព្រមទាំងបំផ្លាញ​ពួក​អ្នក​ដែល​បំផ្លាញ​ផែនដី​ផង»។​

១៩ពេល​នោះ ​ព្រះវិហារ​របស់​ព្រះជាម្ចាស់​នៅ​ស្ថានសួគ៌​បើក​ចំហ​ ហើយ​ក៏ឃើញហិប​នៃ​កិច្ចព្រមព្រៀង​ របស់​ព្រះអង្គ​​នៅ​ក្នុង​ព្រះវិហារ រួច​មាន​ផ្លេក​បន្ទោរ​ មាន​សំឡេង​ មានផ្គរលាន់​ មាន​ការរញ្ជួយ​ផែនដី​ និង​មាន​ព្រឹលធ្លាក់យ៉ាងខ្លាំង។

វិវរណៈ ១១