KCB - វិវរណៈ ១០


វិវរណៈ ១០

ទេវតា និងសៀវភៅតូច

១០ខ្ញុំ​បាន​ឃើញ​ទេវតា​ដ៏​ខ្លាំង​ពូកែ​មួយ​រូបទៀត​ ចុះ​មក​ពី​លើ​មេឃ ​មានពពកព័ទ្ធជុំវិញ ​ហើយ​នៅ​លើ​ក្បាលមាន​ឥន្ទធនូ​​ មុខ​ទេវតា​នោះ​ដូច​ជាដួងអាទិត្យ​​ រីឯជើង​ដូច​ជា​បង្គោល​ភ្លើង ​ហើយនៅ​ក្នុង​ដៃ​មាន​សៀវភៅ​តូច​មួយ ​ដែលបាន​បើក​ជាស្រេច។ ទេវតានោះ​ បាន​ដាក់​ជើង​ស្តាំ​​លើ​សមុទ្រ​ ហើយ​ជើង​ឆ្វេង ​លើ​ដី​គោក ​ទាំង​​ស្រែក​ឡើង​ ដោយ​សំឡេង​យ៉ាង​ខ្លាំង​ដូច​ជា​សត្វតោ​ស្រែក​រោទ៍​ ហើយ​ពេល​ទេវតានោះ​ស្រែក​ឡើង​ ​ផ្គរលាន់​ទាំង​ប្រាំពីរ​ក៏​និយាយ​​ដែរ។ ​ នៅពេលផ្គរលាន់​ទាំង​ប្រាំពីរ​បាននិយាយរួចហើយ​​នោះ ​ខ្ញុំ​ក៏បម្រុង​នឹង​សរសេរទុក ប៉ុន្ដែខ្ញុំ​ឮ​សំឡេង​មួយ​ចេញ​ពី​លើមេឃ​មក​ថា​៖​ «ចូរ​បំបិទ​សេចក្ដី​ ដែល​ផ្គរលាន់​ទាំង​ប្រាំពីរ​បាន​និយាយ​នោះ​ទៅ កុំសរសេរ​សេចក្ដី​ទាំង​នោះទុក​​ឡើយ»។

​បន្ទាប់​មក ​ទេវតា​ដែល​ខ្ញុំ​បាន​ឃើញ​ឈរ​លើសមុទ្រ​ និង​លើ​ដីគោក​នោះ​ ក៏​លើក​ដៃ​ស្តាំ​ឡើង​ទៅ​ស្ថានសួគ៌​ ហើយ​ស្បថនឹង​ព្រះអង្គ​ ដែល​មាន​ព្រះជន្ម​រស់​អស់កល្ប​ជា​និច្ច គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ​ និង​អ្វី​ៗនៅ​លើ​មេឃ​ ផែនដី​ និង​អ្វី​ៗនៅ​លើ​ផែនដី​ ព្រមទាំង​សមុទ្រ​ និង​អ្វី​ៗនៅ​ក្នុង​សមុទ្រថា៖​ «គ្មានពេលវេលា​ទៀត​ឡើយ​ ដ្បិត​នៅ​គ្រា​នៃ​សំឡេង​ត្រែរបស់​ទេវតា​ទី​ប្រាំពីរ​ដែល​លោកបម្រុង​នឹង​ផ្លុំ​ នោះ​សេចក្ដី​អាថ៌កំបាំង​របស់​ព្រះជាម្ចាស់ ​នឹង​បានសម្រេច ដូច​ព្រះអង្គ​បាន​ប្រកាស​ប្រាប់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ ជា​បាវបម្រើ​របស់​ព្រះអង្គ»។​

បន្ទាប់​មក​ សំឡេង​ដែល​ខ្ញុំ​បាន​ឮ​ពី​លើមេឃ​នោះ ​ក៏​និយាយ​មកកាន់​ខ្ញុំ​ម្តង​ទៀត​ថា​៖​ «ចូរ​ទៅ​យក​សៀវភៅ​ដែល​បានបើក​ជាស្រេច​នៅ​ក្នុង​ដៃ​ទេវតា​ដែល​ឈរ​លើ​សមុទ្រ​ និង​លើ​ដីគោក​នោះ​ចុះ»។​

ដូច្នេះ​ខ្ញុំ​ក៏​ទៅ ​ហើយប្រាប់ទេវតា​នោះ​​ឲ្យ​ប្រគល់​សៀវភៅ​តូច​នោះ​មក​ខ្ញុំ។ ទេវតានោះក៏និយាយ​មក​ខ្ញុំ​ថា​៖​ «ចូរ​យក​សៀវភៅ​នេះ​ទៅ​បរិភោគ​ចុះ សៀវភៅ​នេះ​នឹង​ធ្វើ​ឲ្យពោះ​អ្នក​ល្វីង ប៉ុន្ដែ​នៅ​ក្នុង​មាត់​អ្នក​នឹង​ផ្អែម​ដូច​ទឹកឃ្មុំ»។​ ១០ខ្ញុំ​ក៏​​យក​សៀវភៅ​តូច​នោះ​ពី​ដៃ​ទេវតា ​រួច​បរិភោគ​​ទៅ ហើយ​នៅ​ក្នុង​មាត់​ខ្ញុំ​សៀវភៅ​តូចនោះ​ផ្អែម​ដូច​ទឹកឃ្មុំ លុះ​ពេលខ្ញុំ​បរិភោគ​រួច​ហើយ ​ក៏​ធ្វើឲ្យពោះខ្ញុំ​ល្វីង​មែន។​ ១១បន្ទាប់​មក​​ពួកគេប្រាប់​ខ្ញុំ​ថា​៖ ​«អ្នក​ត្រូវ​ថ្លែង​ព្រះបន្ទូល​ម្តង​ទៀត​អំពី​ជនជាតិ​ អំពីប្រទេស អំពី​ភាសា​ និងអំពី​ស្តេច​ជា​ច្រើន»។

វិវរណៈ ១០