KCB - វិវរណៈ ១


វិវរណៈ ១

វិវរណៈ

 សេចក្ដី​ផ្តើម

នេះជាការបើកសំដែង​របស់​​ព្រះ​​​​យេស៊ូគ្រិស្ត ដែលព្រះជា​ម្ចាស់​បានប្រទានដល់​​ព្រះអង្គ ដើម្បី​​បង្ហាញពួក​បាវ​បម្រើ​របស់​ព្រះអង្គ​​ ឲ្យឃើញហេតុការណ៍ ​ដែល​ត្រូវ​កើតឡើង​ឆាប់​ៗនេះ។​ ព្រះយេស៊ូ​​​​បាន​បង្ហាញ​​ ដោយ​ចាត់​ទេវតា​របស់​ព្រះអង្គ ទៅឯ​លោក​យ៉ូហាន ជាបាវបម្រើ​របស់​ព្រះអង្គ។​ ​លោក​យ៉ូហាន​​បាន​ធ្វើ​បន្ទាល់ពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ និង​សេចក្តី​បន្ទាល់​របស់​ព្រះ​យេស៊ូ​គ្រិស្ដ គឺ​ជាហេតុការណ៍​ទាំង​ឡាយ ​ដែល​គាត់​បាន​ឃើញ។

មាន​ពរ​ហើយ​អ្នក​ណា​​ ដែល​​អាន និង​ស្ដាប់​​ ពាក្យ​​ថ្លែង​ព្រះបន្ទូលទាំង​នេះ​ ហើយ​កាន់​តាម​សេចក្ដី​ទាំង​ឡាយ ដែល​បាន​ចែង​ទុក​នៅក្នុង​នោះ​​ ដ្បិត​ពេល​កំណត់​ជិត​មក​ដល់​​​ហើយ។

ពាក្យជម្រាបសួររបស់​លោកយ៉ូហានទៅកាន់ក្រុមជំនុំទាំងប្រាំពីរ

​ខ្ញុំ​ យ៉ូហាន ជូនចំពោះ​ក្រុម​ជំនុំ​ទាំង​ប្រាំពីរ​នៅ​ស្រុក​អាស៊ី។ សូមឲ្យអ្នក​រាល់​គ្នា​ទទួល​បាន​​ព្រះគុណ និង​សេចក្តី​សុខសាន្តពី​ព្រះអង្គ​ដែលគង់​នៅ​សព្វ​ថ្ងៃ​គង់​នៅ​តាំង​ពី​ដើម ហើយ​ដែលត្រូវ​យាង​មក និង​​​ពី​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ​ដែល​នៅ​ពីមុខ​បល្ល័ង្ក​របស់​ព្រះអង្គ ​ព្រមទាំង​​​ពី​ព្រះ​យេស៊ូ​គ្រិស្ដ ជា​សាក្សី​ដ៏​ស្មោះ​ត្រង់ ជា​កូន​ច្បង​នៃ​ពួក​មនុស្ស​ស្លាប់ និង​​ជា​អ្នកគ្រប់គ្រង​លើ​អស់​ទាំង​ស្តេច​ នៅ​ផែនដី។ សូម​ឲ្យ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង ហើយ​បាន​រំដោះ​យើង​ ឲ្យ​រួច​ពី​បាបដោយ​សារ​ឈាម​​របស់​ព្រះអង្គ​ ព្រមទាំង​ធ្វើ​ឲ្យ​​យើង​ត្រលប់​ជា​នគរ​មួយ និង​ជា​ពួក​សង្ឃ​សម្រាប់​ព្រះជាម្ចាស់ ដែល​ជា​ព្រះវរបិតា​របស់ព្រះអង្គ​បាន​ ប្រកប​ដោយ​សិរីរុងរឿង និង​ព្រះចេស្ដា​រហូត​អស់​កល្ប​ជានិច្ច។ អាម៉ែន។

​មើល៍ ព្រះអង្គ​យាង​មក​នៅ​លើ​ពពក នោះ​គ្រប់​ទាំង​ភ្នែក​ នឹង​ឃើញ​ព្រះអង្គ សូម្បី​តែ​ពួក​អ្នក​ដែល​បាន​ចាក់​ព្រះអង្គ​ផង ហើយ​​មនុស្សទាំងអស់​នៅ​លើ​ផែនដី​ នឹង​ទួញសោកដោយ​ព្រោះ​ព្រះអង្គ​ នោះប្រាកដ​ជា​មាន​ដូច្នោះ​មែន។ អាម៉ែន។

​ព្រះអម្ចាស់​ដ៏​ជា​ព្រះ ​​ដែលគង់​នៅ​សព្វ​ថ្ងៃ គង់​នៅ​តាំង​ពី​ដើម ហើយ​ដែលត្រូវ​យាង​មក គឺ​​ព្រះ​ដ៏​មាន​ព្រះចេស្តា​​លើអ្វីៗទាំងអស់ ព្រះអង្គមាន​បន្ទូល​ថា​៖ «យើង​ជា​អាលផា​ និងជា​​អូមេកា»

ការនិមិត្តឃើញកូនមនុស្ស

​ខ្ញុំ​យ៉ូហាន ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ហើយ​ជា​អ្នក​រួម​​ចំណែក​ជាមួយអ្នក​រាល់គ្នា​នៅក្នុង​ព្រះយេស៊ូ​ គឺនៅក្នុង​​​សេចក្ដី​វេទនា នៅក្នុង​នគរ​ និង​នៅក្នុង​ការ​ស៊ូទ្រាំ។​ ខ្ញុំបាននៅ​លើ​កោះ​ប៉ាត់ម៉ុស​ដោយព្រោះ​ព្រះបន្ទូល​របស់​ព្រះ​ជាម្ចាស់​​ និង​សេចក្តី​បន្ទាល់​របស់​ព្រះ​យេស៊ូ។ ១០​នៅ​ថ្ងៃ​របស់​ព្រះអម្ចាស់​ ខ្ញុំ​បាន​លង់​​នៅក្នុងវិញ្ញាណ ហើយ​ខ្ញុំ​បាន​​ឮ​សំឡេង​​យ៉ាង​ខ្លាំងមួយដូចជាសំឡេង​ត្រែ នៅពីក្រោយខ្ញុំ​ ១១​បន្លឺឡើង​ថា​៖​ «អ្វី​ដែល​អ្នក​ឃើញ ចូរសរសេរទុក​​ក្នុង​សៀវភៅ​មួយ ហើយ​ផ្ញើ​ទៅ​ក្រុម​ជំនុំ​ទាំង​ប្រាំពីរ ដែល​នៅក្រុង​អេភេសូរ ក្រុង​ស្មឺណា ក្រុង​ពើការម៉ុសក្រុង​ធាទេរ៉ា ក្រុង​សើដេស​​​ ក្រុង​ភីឡាដិលភា​ ​និង​ក្រុង​ឡៅឌីសេ»

១២​ខ្ញុំ​ក៏​បែរ​ទៅ​មើល​សំឡេង ដែល​មាន​បន្ទូល​មក​ខ្ញុំ​នោះ ពេល​​បែរ​ទៅ​ហើយ ​ខ្ញុំ​ក៏​ឃើញ​ជើង​ចង្កៀង​មាស​ប្រាំពីរ ១៣​ហើយ​នៅ​កណ្តាល​ជើង​ចង្កៀង​នោះ មានម្នាក់​ដូចជា​កូន​មនុស្ស​ពាក់​អាវ​វែង​ដល់ជើង ហើយពាក់​ខ្សែក្រវាត់​មាស​នៅ​ដើម​ទ្រូង​ផង។ ១៤​សក់របស់​លោក​ ស ដូច​ជារោម​ចៀម​ព៌ណ​ស គឺ​ស​ដូចជា​​ព្រឹល ហើយ​ភ្នែក​របស់​លោក​ដូច​ជា​អណ្តាតភ្លើង ១៥ជើងរបស់​លោក​ដូច​ជា​លង្ហិន​ដ៏​ភ្លឺ​រលោង ដែល​គេ​ដុត​នៅ​ក្នុង‍ឡភ្លើង ហើយ​សំឡេង​​​របស់​លោកដូច​ជា​សំឡេងទឹកជា​ច្រើន ដែល​ឮ​យ៉ាង​​ខ្លាំង។ ១៦​លោកកាន់​ផ្កាយ​ប្រាំពីរនៅដៃ​ស្តាំ​ ក៏​មាន​ដាវ​មុខ​ពីរ​ដ៏​មុត ចេញ​ពីមាត់លោក​មក ហើយ​មុខ​លោកដូច​ជា​ដួង​អាទិត្យ​​​ភ្លឺ​ពេញកំដៅ។​

១៧ពេល​ខ្ញុំ​ឃើញ​លោក ខ្ញុំ​ក៏​ដួល​នៅ​ទៀបជើងរបស់​លោក ដូច​ជា​មនុស្ស​ស្លាប់ ប៉ុន្ដែលោក​បាន​ដាក់ដៃ​ស្តាំ​លើ​ខ្ញុំ ទាំង​និយាយ​ថា​៖ «កុំ​ខ្លាច​អី! យើង​ជា​មុន​គេ​ និង​ជា​ក្រោយ​គេ​ ១៨​ហើយ​ជា​ព្រះ​ដ៏​រស់ យើង​បាន​ស្លាប់ ប៉ុន្ដែ​មើល៍ យើង​រស់នៅរហូត​អស់​កល្ប​ជានិច្ច​ យើង​ក៏​មាន​កូនសោ​នៃ​សេចក្ដី​ស្លាប់ និង​កូន​សោ​នៃ​ស្ថាន​នរក​ដែរ។ ១៩​ដូច្នេះចូរ​កត់​ត្រា​​ហេតុការណ៍​ទាំង​ឡាយ ​​ដែល​អ្នក​បាន​ឃើញ គឺ​ហេតុការណ៍​នៅ​​ពេល​នេះ និង​ហេតុការណ៍​ ដែល​នឹង​មក​តាម​ក្រោយ។ ២០​រីឯ​អាថ៌​ កំបាំង​អំពី​ផ្កាយ​ទាំង​ប្រាំពីរ​ ដែល​អ្នក​បាន​ឃើញ​នៅ​ដៃ​ស្តាំ​របស់​យើង និង​ជើង​ចង្កៀង​មាសទាំង​ប្រាំពីរ​នោះ គឺដូច្នេះ​ ផ្កាយ​ទាំង​ប្រាំពីរ​ជា​ទេវតា​​របស់​ក្រុម​ជំនុំ​ទាំង​ប្រាំពីរ ហើយ​ជើង​ចង្កៀង​ទាំង​ប្រាំពីរ​​ ជា​ក្រុម​ជំនុំ​ទាំង​ប្រាំពីរ​នោះ​​ហើយ»

វិវរណៈ ១