KCB - ភីលីព ៤


ភីលីព ៤

សេចក្ដីណែនាំចុងក្រោយរបស់លោកប៉ូល

ដូច្នេះ បងប្អូន​ជា​ទី​ស្រឡាញ់​ ជា​ទី​នឹក​រឭក​បំផុត ជា​អំណរ និង​ជា​កិត្ដិយស​របស់​ខ្ញុំ​អើយ‍! ចូរ​បងប្អូន​​ឈរ​ឲ្យ​មាំ​មួន​ដូច្នេះ ​នៅ​ក្នុង​ព្រះអម្ចាស់​ចុះ​ ខ្ញុំ​សូម​ដាស់តឿន​​ដល់​នាង​អេរ៉ូឌី​ និង​នាង​ស៊ុនទីច​​ ឲ្យមាន​គំនិត​តែ​មួយ​ក្នុង​ព្រះអម្ចាស់​ ​អ្នក​​រួម​ការងារ​ដ៏​ពិត​ប្រាកដ​របស់​ខ្ញុំ​អើយ​!​ ខ្ញុំ​ក៏​សុំ​អ្នករាល់គ្នា​ដែរ​ថា ចូរ​ជួយ​ស្រ្តី​ទាំងពីរ​នាក់​នោះ​ផង ដ្បិត​ពួក​នាង​បាន​តស៊ូ​ជាមួយ​ខ្ញុំ នៅ​ក្នុង​ដំណឹង​ល្អ​ ព្រមទាំង​ជាមួយ​​លោក​ក្លេម៉ង់ ​ និង ​ពួក​អ្នក​រួម​ការងារ​របស់​ខ្ញុំ​ផ្សេង​ទៀត​ ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ជីវិត​ដែរ។

​ចូរ​អរ​សប្បាយ ​នៅ​ក្នុង​ព្រះអម្ចាស់​ជានិច្ច ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង​!​ ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ស្គាល់​ ចិត្ដ​ស្លូតបូត​របស់​អ្នករាល់គ្នា​​ចុះ‍។ ព្រះអម្ចាស់​នៅ​ជិត​បង្កើយ។

ចូរ​កុំ​ខ្វល់ខ្វាយ​​អ្វី​ឡើយ ផ្ទុយទៅវិញ គ្រប់​ការ​ទាំងអស់ ចូរ​ទូល​ព្រះជាម្ចាស់​ឲ្យជ្រាប​ពី​​សំណូម​ របស់​អ្នករាល់គ្នា​ដោយ​សេចក្ដី​អធិស្ឋាន និង​ការ​ទូលអង្វរ​ ទាំង​អរ​ព្រះគុណ​ផង នោះ​សេចក្ដី​សុខសាន្ត​របស់​ព្រះជាម្ចាស់ ​ដែល​វិសេស​លើស​អស់​ទាំង​គំនិត ​របស់​មនុស្ស​នឹង​ការពារ​ចិត្តគំនិត​របស់​អ្នករាល់គ្នា​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ។ ​នៅ​ទី​បញ្ចប់​នេះបងប្អូន​អើយ‍! សេចក្ដី​ណា​ដែល​ពិត សេចក្ដី​ណា​ដែល​គួរ​គោរព សេចក្ដី​ណា​ដែល​សុចរិត សេចក្ដី​ណា​ដែល​បរិសុទ្ធ សេចក្ដី​ណា​ដែល​គួរ​ស្រឡាញ់​ សេចក្ដី​ណា​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្អ​ បើ​មាន​សេចក្តី​ល្អ​ ឬ​សេចក្ដី​គួរសរសើរ​ណា​មួយ​ ចូរ​ពិចារណា​ អំពី​សេចក្ដី​ទាំងនោះ​ចុះ​ ហើយ​សេចក្ដី​ទាំង​ឡាយ​ ដែល​អ្នករាល់គ្នា​​បាន​រៀន​​​ បាន​ទទួល បាន​ឮ និង​បាន​ឃើញនៅក្នុង​ខ្ញុំ ចូរ​អ្នករាល់គ្នា​ធ្វើ​តាម​​ចុះ នោះ​ព្រះជាម្ចាស់​នៃ​សេចក្ដី​សុខសាន្ត​នឹង​គង់​ជាមួយ​អ្នករាល់គ្នា។

លោកប៉ូលអរគុណគ្រិស្ត​បរិស័ទនៅ ក្រុងភីលីព

១០ខ្ញុំ​មាន​អំណរ​ក្នុង​ព្រះអម្ចាស់​ណាស់ ​ដែល​អ្នករាល់គ្នា​បាន​គិត​ដល់​ខ្ញុំជាថ្មី ​នៅ​ទី​បំផុត​នេះ ដ្បិត​អ្នករាល់គ្នា​ពិតជា​បាន​គិត​​ដល់​ខ្ញុំ​មែន​ ប៉ុន្ដែ​អ្នករាល់គ្នា​គ្មាន​ឱកាស​ ១១ខ្ញុំ​និយាយ​បែបនេះ​មិន​មែន​មក​ពី​ខ្ញុំ​ខ្វះ​ខាត​ទេ ដ្បិត​ខ្ញុំ​ចេះ​ស្កប់​ចិត្ត​​នៅគ្រប់​កាលៈ​ទេសៈ​ទាំងអស់​ ១២ខ្ញុំ​ស្គាល់​ភាព​ទ័លក្រជា​យ៉ាង​ណា​​ ហើយ​ភាព​ហូរហៀរ​ជា​យ៉ាង​ណា​ គឺ​ខ្ញុំ​ចេះ​រស់​​គ្រប់​កាលៈ​ទេសៈ​ទាំងអស់ មិន​ថា​ពេល​ឆ្អែត ពេល​ឃ្លាន ពេល​ហូរហៀរ ឬ​ពេល​ខ្វះ​ខាត​ទេ។​ ១៣ខ្ញុំ​អាច​ធ្វើ​អ្វីៗ​បាន​ទាំងអស់ ​ដោយសារ​​ព្រះអង្គ​​ដែល​ចម្រើន​កម្លាំង​ដល់​ខ្ញុំ​ ១៤លើស​ពី​នេះ​ អ្នករាល់គ្នា​បាន​រួម​ចំណែក​ជាមួយ​ខ្ញុំ ​យ៉ាង​ប្រសើរ​ នៅ​ពេល​ខ្ញុំ​មាន​សេចក្ដី​វេទនា។

១៥ឱ​ ពួក​អ្នក​ក្រុង​ភីលីព​​អើយ‍! អ្នករាល់គ្នា​ក៏​ដឹង​ដែរ​ថា តាំង​ពី​ខ្ញុំ​ចាប់ផ្ដើម​ប្រកាស​ដំណឹង​ល្អ​ នៅ​ពេល​ដែល​ខ្ញុំ​បាន​ចាក​ចេញ​ពី​ស្រុក​ម៉ាសេដូន​​​ មក​នោះ គ្មាន​ក្រុម​ជំនុំ​ណា​រួម​ចំណែក​ជួយ​​​​ខ្ញុំ ​​​ខាង​ផ្នែក​ជំនួយ​ឡើយ​ ក្រៅពី​អ្នករាល់គ្នា​ប៉ុណ្ណោះ​ ១៦ហើយ​សូម្បីតែ​កាល​ខ្ញុំ​នៅ​ក្រុង​ថែស្សាឡូនីច​នោះ​ អ្នករាល់គ្នា​ក៏​បាន​ផ្ញើ​ម្តងពីរដង​រួច​មក​ហើយ​ ដើម្បី​ផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​របស់​ខ្ញុំ។​​ ១៧ខ្ញុំ​និយាយ​នេះ​ មិន​មែន​រក​ជំនួយ​ទេ គឺ​ខ្ញុំ​​រក​ផលផ្លែ ដែល​ចម្រើន​ដល់​​អ្នករាល់គ្នា​វិញ ១៨​ដ្បិត​ខ្ញុំ​មាន​អ្វីៗ​គ្រប់​បែបយ៉ាង​ ទាំង​ហូរហៀរ​ទៀត​ផង‍។ ខ្ញុំ​បាន​ទទួល​អ្វីៗ​គ្រប់គ្រាន់​ហើយ​ពី​អ្នករាល់គ្នា តាមរយៈ​លោក​អេប៉ាប្រូឌីត​ គឺ​ជា​តង្វាយ​ដ៏​សែន​ក្រអូប ជា​យញ្ញបូជា​ដែល​ព្រះជាម្ចាស់​ទទួល​យក​ ទាំង​សព្វ​ព្រះហឫទ័យ‍។​ ១៩ព្រះជាម្ចាស់​របស់​ខ្ញុំនឹង​បំពេញ​គ្រប់​ទាំង​សេចក្ដី​ត្រូវការ​របស់​អ្នករាល់គ្នា ​ស្របតាម​​ភាពបរិបូរ​​របស់​ព្រះអង្គ ​​ប្រកប​ដោយ​សិរីរុងរឿង ដែល​មាន​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ ២០​សូម​ឲ្យព្រះជាម្ចាស់​ ដ៏​ជា​ព្រះវរបិតា​របស់​យើង ​បានប្រកប​ដោយ​សិរីរុងរឿង​ រហូត​អស់កល្ប​ជានិច្ច អាម៉ែន។​

ពាក្យជម្រាប​សួរចុងក្រោយរបស់លោកប៉ូល

២១សូម​​ជម្រាប​សួរ​ ដល់​ពួក​បរិសុទ្ធ​ទាំងអស់​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ រីឯ​បងប្អូន​ទាំងឡាយ ​ដែល​នៅ​ជាមួយ​ខ្ញុំ​ក៏​​ជម្រាប​សួរ​មក​អ្នករាល់គ្នា​ដែរ ២២​ពួក​បរិសុទ្ធ​ទាំងអស់ ជា​ពិសេស​ពួក​អ្នក​នៅ​ក្នុង​ដំណាក់​ស្ដេច​ក្រុងរ៉ូម​ ​ក៏​ជម្រាប​សួរ​មក​អ្នករាល់គ្នា​ដែរ​ ២៣សូម​ឲ្យវិញ្ញាណ​របស់​អ្នករាល់គ្នា បានប្រកប​ដោយ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​៕

ភីលីព ៤