ភីលីព ២
ការរួបរួមតាមរយ:ការបន្ទាបខ្លួន
២ដូច្នេះ បើមានការលើកទឹក ចិត្ដណាមួយ នៅក្នុងព្រះគ្រិស្ដ បើមានការកម្សាន្ដចិត្ដណាមួយ របស់សេចក្ដីស្រឡាញ់ បើមានសេចក្ដីប្រកបណាមួយរបស់ព្រះវិញ្ញាណ បើមានព្រះហឫទ័យសន្ដោស និងសេចក្ដីមេត្ដាករុណាណាមួយនោះ ២ចូរបំពេញអំណររបស់ខ្ញុំចុះ ដោយអ្នករាល់គ្នាមានគំនិតតែមួយ មានសេចក្ដីស្រឡាញ់តែមួយ មានចិត្ដរួបរួមគ្នា ហើយមានឆន្ទៈតែមួយ។ ៣ចូរកុំធ្វើអ្វីដោយការប្រជែង ឬដោយចិត្ដអំនួត ឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ចូរបន្ទាបខ្លួន ទាំងគិតថា អ្នកដទៃប្រសើរជាងខ្លួនឯង។ ៤កុំឲ្យម្នាក់ៗគិតតែពីខ្លួនឯងឡើយ ផ្ទុយទៅវិញ ចូរឲ្យម្នាក់ៗគិតពីអ្នកដទៃផង។
ព្រះគ្រិស្ដបន្ទាបខ្លួន និងទទួលសិរីរុងរឿង
៥ចូរឲ្យមានគំនិតដូច្នេះ នៅក្នុងចំណោមអ្នករាល់គ្នាចុះ ព្រោះគំនិតដូច្នេះ ក៏មាននៅក្នុងព្រះគ្រិស្ដយេស៊ូដែរ ៦ដ្បិតទោះបីព្រះអង្គមានសណ្ឋានជាព្រះ ក៏ដោយ ក៏ព្រះអង្គមិនបានរាប់ភាពស្មើនឹងព្រះនោះទុកជា សេចក្តីដែលត្រូវកាន់ខ្ជាប់ឡើយ ៧គឺព្រះអង្គបានលះបង់អ្វីៗទាំងអស់មកយកសណ្ឋាន ជាបាវបម្រើ ដោយបានប្រសូតមកជាមនុស្ស ហើយរស់នៅជាមនុស្សធម្មតា។ ៨ព្រះអង្គបានបន្ទាបខ្លួន ទាំងស្តាប់បង្គាប់រហូតដល់សោយទិវង្គត គឺសោយទិវង្គតនៅលើឈើឆ្កាងនោះឯង។ ៩ហេតុនេះហើយបានជាព្រះជាម្ចាស់ លើកតម្កើងព្រះអង្គឡើង ព្រមទាំងប្រទានឲ្យព្រះអង្គមាននាមលើអស់ទាំងនាមផង ១០ដើម្បីឲ្យ គ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី និងនៅក្រោមផែនដីត្រូវលុតចុះ នៅក្នុងព្រះនាមព្រះយេស៊ូ ១១ហើយអណ្តាតទាំងអស់ត្រូវថ្លែងប្រាប់ថា ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ ដើម្បីជាសិរីរុងរឿងដល់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា។
គ្រិស្ដបរិស័ទជាពន្លឺពិភពលោក
១២ដូច្នេះ ឱ បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ! ចូរសម្រេចឲ្យបាននូវសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា ដោយការកោតខ្លាច និងញាប់ញ័រចុះ គឺដូចដែលអ្នករាល់គ្នាបានស្តាប់បង្គាប់ជាដរាបមកហើយ មិនមែនគ្រាន់តែនៅពេលដែលខ្ញុំនៅប៉ុណ្ណោះទេ ប៉ុន្ដែឥឡូវនេះ នៅពេលខ្ញុំមិននៅ ចូរស្ដាប់បង្គាប់ឲ្យ កាន់តែខ្លាំងឡើងថែមទៀតចុះ ១៣ដ្បិតជាព្រះជាម្ចាស់ទេតើ ដែលធ្វើការនៅក្នុងអ្នករាល់គ្នា ទាំងឲ្យអ្នករាល់គ្នាមានឆន្ទៈ ហើយប្រព្រឹត្តតាម ដើម្បីឲ្យព្រះអង្គសព្វព្រះហឫទ័យ។ ១៤ចូរធ្វើអ្វីៗទាំងអស់ដោយមិនរអ៊ូរទាំ និងប្រកែកឡើយ ១៥ដើម្បីឲ្យអ្នករាល់គ្នា ត្រលប់ជាមនុស្សដែលស្លូតត្រង់ ឥតបន្ទោសបាន និងជាកូនរបស់ព្រះជាម្ចាស់ ដែលគ្មានកំហុសនៅកណ្ដាលចំណោមជំនាន់មនុស្សដែលវៀចវេរ ហើយខិលខូចនេះ គឺអ្នករាល់គ្នាកំពុងចាំងពន្លឺក្នុងចំណោម ពួកគេដូចជាពន្លឺចាំងមកក្នុងពិភពលោកនេះ ១៦ទាំងកាន់តាមព្រះបន្ទូលនៃជីវិតយ៉ាងខ្ជាប់ខ្ជួន ដើម្បីឲ្យខ្ញុំមានអំនួត នៅថ្ងៃរបស់ព្រះគ្រិស្ដថា ខ្ញុំមិនបានរត់ ឬធ្វើការនឿយហត់ ដោយឥតប្រយោជន៍ទេ។ ១៧ហើយទោះបី ត្រូវច្រូចខ្ញុំលើយញ្ញបូជា និង លើការងារបម្រើជំនឿរបស់អ្នករាល់គ្នាក៏ដោយ ក៏ខ្ញុំមានអំណរ ហើយត្រេកអរជាមួយអ្នករាល់គ្នាដែរ ១៨ចូរអ្នករាល់គ្នាមានអំណរដូចគ្នា ហើយត្រេកអរជាមួយខ្ញុំដែរចុះ។
លោកប៉ូលសរសើរធីម៉ូថេ
១៩ខ្ញុំសង្ឃឹមនៅក្នុងព្រះអម្ចាស់យេស៊ូថា នឹងចាត់ធីម៉ូថេឲ្យមកជួបអ្នករាល់គ្នាក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យខ្ញុំសប្បាយចិត្តនៅពេលដឹងអំពីអ្នករាល់គ្នា ២០ដ្បិតខ្ញុំគ្មានអ្នកណា ដែលមានចិត្ដដូចគាត់ទេ ជាអ្នកដែលយកចិត្តទុកដាក់ ចំពោះអ្នករាល់គ្នាអស់ពីចិត្ដ ២១ព្រោះមនុស្សទាំងអស់រកប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ គេមិនរកប្រយោជន៍ សម្រាប់ព្រះយេស៊ូគ្រិស្ដទេ ២២រីឯអ្នករាល់គ្នាវិញ ក៏ដឹងអំពីអត្តចរិតរបស់គាត់ស្រាប់ហើយ គឺគាត់បានបម្រើនៅក្នុងដំណឹងល្អជាមួយខ្ញុំដូចជាឪពុក និងកូន។ ២៣ដូច្នេះ ខ្ញុំសង្ឃឹមថា នឹងចាត់គាត់ឲ្យមកភ្លាម នៅពេលណាខ្ញុំឃើញថា រឿងរបស់ខ្ញុំបានជ្រះស្រឡះហើយ ២៤រីឯខ្ញុំវិញ ខ្ញុំជឿជាក់នៅក្នុងព្រះអម្ចាស់ថា ខ្ញុំនឹងមកក្នុងពេលឆាប់ៗនេះដែរ។
លោកប៉ូលសរសើរលោកអេប៉ាប្រូឌីត
២៥ហើយខ្ញុំគិតថា ខ្ញុំចាំបាច់ត្រូវចាត់លោកអេប៉ាប្រូឌីតឲ្យមកជួបអ្នករាល់គ្នាដែរ គាត់ជាបងប្អូន ជាអ្នករួមការងារ ជាអ្នករួមប្រយុទ្ធ និងជាអ្នកផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ ហើយក៏ជាអ្នកនាំសាររបស់អ្នករាល់គ្នាដែរ ២៦ព្រោះគាត់មានបំណងចង់មកជួប អ្នករាល់គ្នាណាស់ ហើយគាត់ពិបាកចិត្ដណាស់ ដោយសារតែអ្នករាល់គ្នាបានឮថា គាត់ឈឺ។ ២៧មែនហើយ គាត់ឈឺធ្ងន់ស្ទើរតែស្លាប់មែន ប៉ុន្ដែព្រះជាម្ចាស់បានមេត្តាដល់គាត់ ហើយមិនមែនតែគាត់ប៉ុណ្ណោះទេ ព្រះអង្គក៏មេត្ដាដល់ខ្ញុំដែរ ដើម្បីកុំឲ្យខ្ញុំមានទុក្ខត្រួតលើទុក្ខ។ ២៨ហេតុនេះហើយ បានជាខ្ញុំរូតរះចាត់គាត់ឲ្យមកជួបអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រេកអរនៅពេលជួបគាត់ម្តងទៀត ហើយខ្ញុំក៏បានធូរស្បើយពីទុក្ខព្រួយដែរ។ ២៩ចូរទទួលគាត់នៅក្នុងព្រះអម្ចាស់ ដោយអំណរគ្រប់យ៉ាង ហើយចូរគោរពមនុស្សបែបនេះចុះ ៣០ព្រោះដោយសារកិច្ចការរបស់ព្រះគ្រិស្ដ គាត់ស្ទើរតែស្លាប់ទៅហើយ គាត់បានប្រថុយជីវិតដើម្បីបំពេញ ភាពខ្វះខាតក្នុងកិច្ចការរបស់អ្នករាល់គ្នាសម្រាប់ខ្ញុំ។