ភីលីព ១
ភីលីព
ពាក្យជម្រាបសួរពីលោកប៉ូល
១ខ្ញុំ ប៉ូល និងធីម៉ូថេជាបាវបម្រើរបស់ព្រះគ្រិស្ដយេស៊ូ ជូនចំពោះពួកបរិសុទ្ធទាំងអស់ នៅក្នុងព្រះគ្រិស្ដយេស៊ូ ព្រមទាំងពួកអ្នកមើលខុសត្រូវ និងពួកអ្នកជំនួយនៅក្រុងភីលីព ២សូមឲ្យព្រះជាម្ចាស់ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្តប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា។
ពាក្យអរគុណ និងពាក្យអធិស្ឋានរបស់លោកប៉ូល
៣ខ្ញុំអរព្រះគុណព្រះរបស់ខ្ញុំរាល់ពេលដែលខ្ញុំនឹកចាំពីអ្នករាល់គ្នា ៤ហើយនៅក្នុងគ្រប់ទាំងការទូលអង្វររបស់ខ្ញុំ ខ្ញុំតែងតែទូលអង្វរដោយអំណរ សម្រាប់អ្នកទាំងអស់គ្នាជានិច្ច ៥ដោយសារការដែលអ្នករាល់គ្នារួមចំណែក នៅក្នុងដំណឹងល្អ ចាប់តាំងពីថ្ងៃដំបូងរហូតដល់ពេលនេះ។ ៦ខ្ញុំជឿជាក់លើសេចក្តីនេះថា ព្រះអង្គដែលបានចាប់ផ្តើមធ្វើការល្អនៅក្នុងអ្នករាល់គ្នា ព្រះអង្គនឹងសម្រេចការនោះ រហូតដល់ថ្ងៃរបស់ព្រះគ្រិស្ដយេស៊ូ។
៧ការដែលខ្ញុំគិត ចំពោះអ្នកទាំងអស់គ្នាបែបនេះ គឺត្រឹមត្រូវហើយ ព្រោះខ្ញុំមានអ្នករាល់គ្នានៅក្នុងចិត្ត ដោយអ្នកទាំងអស់គ្នា ជាអ្នករួមចំណែកជាមួយខ្ញុំនៅក្នុងព្រះគុណ ទាំងនៅពេលដែលខ្ញុំជាប់ចំណង ទាំងនៅពេលដែលខ្ញុំឆ្លើយការពារ និងបញ្ជាក់អំពីដំណឹងល្អ។ ៨ព្រះជាម្ចាស់ជាសាក្សីរបស់ខ្ញុំថា ខ្ញុំស្រឡាញ់ អ្នកទាំងអស់គ្នាខ្លាំងយ៉ាងណា ដោយព្រះហឫទ័យ សន្ដោសរបស់ព្រះគ្រិស្ដយេស៊ូ។ ៩ខ្ញុំអធិស្ឋានបែបនេះថា សូមឲ្យសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាបានចម្រើនកាន់តែច្រើនឡើងៗ នៅក្នុងប្រាជ្ញា និងការយល់ដឹងគ្រប់បែបយ៉ាង១០នោះអ្នករាល់គ្នា ចេះសង្កេតសេចក្តីផ្សេងៗ ដើម្បីឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ហើយឥតបន្ទោសបាន នៅថ្ងៃរបស់ព្រះគ្រិស្ដ ១១ទាំងបានពេញដោយផលផ្លែនៃសេចក្ដីសុចរិត តាមរយៈព្រះយេស៊ូគ្រិស្ដសម្រាប់ការសរសើរតម្កើង និងសិរីរុងរឿងរបស់ព្រះជាម្ចាស់។
លោកប៉ូលមានអំណរ ទោះបីជាគាត់ជាប់គុក
១២បងប្អូនអើយ! ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ហេតុការណ៍ទាំងឡាយដែលកើតឡើងចំពោះខ្ញុំ បានធ្វើឲ្យដំណឹងល្អកាន់តែរីកចម្រើនឡើង ១៣ដូច្នេះហើយបានជាក្នុងបន្ទាយទ័ពទាំងមូល និងអ្នកទាំងអស់ផ្សេងទៀត បានដឹងច្បាស់អំពីការជាប់ចំណងរបស់ខ្ញុំ ដោយសារព្រះគ្រិស្ដ ១៤ហើយដោយសារការជាប់ចំណងរបស់ខ្ញុំនេះ បងប្អូនភាគច្រើនបានជឿជាក់លើព្រះអម្ចាស់ ហើយកាន់តែហ៊ានប្រកាសព្រះបន្ទូល ដោយឥតភ័យខ្លាចឡើយ។
១៥មានមនុស្សមួយចំនួនប្រកាសអំពីព្រះគ្រិស្ដ ដោយព្រោះសេចក្តីឈ្នានីស និងការឈ្លោះប្រកែកមែន ប៉ុន្តែមានមនុស្សមួយចំនួនទៀត ពិតជាប្រកាស ដោយព្រោះបំណងល្អ ១៦គឺពួកគេប្រកាសដោយសេចក្ដីស្រឡាញ់ ទាំងដឹងថា ខ្ញុំត្រូវបានកំណត់ សម្រាប់ឆ្លើយការពារដំណឹងល្អ ១៧រីឯពួកអ្នកដែលប្រកាស ដោយព្រោះសេចក្តីឈ្នានីស ពួកគេប្រកាសអំពីព្រះគ្រិស្ដ ដោយការប្រជែង មិនមែនដោយស្មោះត្រង់ទេ គឺដោយគិតថា នឹងធ្វើឲ្យការជាប់ចំណងរបស់ខ្ញុំកាន់តែវេទនា ១៨តើយ៉ាងដូចម្ដេចដែរ? គឺមិនថាដោយរបៀបណាទេ ទោះបីដោយធ្វើពុត ឬដោយពិតប្រាកដក្តី ឲ្យតែគេបានប្រកាសអំពីព្រះគ្រិស្ដ នោះខ្ញុំត្រេកអរចំពោះការនេះហើយ រួចខ្ញុំនឹងត្រេកអរតទៅទៀត ១៩ដ្បិតខ្ញុំដឹងថា ការនេះនឹងត្រលប់ជាសេចក្ដីសង្គ្រោះដល់ខ្ញុំវិញ ដោយសារការទូលអង្វររបស់អ្នករាល់គ្នា និងជំនួយពីព្រះវិញ្ញាណរបស់ព្រះយេស៊ូគ្រិស្ដ។
ជីវិតរបស់លោកប៉ូលសម្រាប់ព្រះគ្រិស្ដ
២០ស្របទៅតាមការទន្ទឹងរង់ចាំដោយអន្ទះសា និងសេចក្ដីសង្ឃឹមរបស់ខ្ញុំ គឺថា ខ្ញុំនឹងមិនត្រូវខ្មាសក្នុងការអ្វីឡើយ ផ្ទុយទៅវិញ ខ្ញុំមានសេចក្ដីក្លាហានទាំង ស្រុង ទាំងនៅពេលឥឡូវនេះ ក៏ដូចរាល់ពេលដែរ ដើម្បីឲ្យព្រះគ្រិស្ដនឹងត្រូវបានលើកតម្កើងឡើង នៅក្នុងរូបកាយរបស់ខ្ញុំ ទោះរស់ ឬស្លាប់ក្ដី ២១ដ្បិតសម្រាប់ខ្ញុំ រស់ គឺសម្រាប់ព្រះគ្រិស្ដ ហើយស្លាប់គឺចំណេញ ២២ប៉ុន្ដែ បើការរស់នៅខាងរូបកាយនេះ ជាកិច្ចការដែលមានផលផ្លែសម្រាប់ខ្ញុំ នោះខ្ញុំមិនដឹងថានឹងជ្រើសរើសយកមួយណាទេ ២៣ពេលនេះ ខ្ញុំរារែកដោយសារសេចក្ដីទាំងពីរយ៉ាង ម្យ៉ាងគឺចង់ទៅនៅជាមួយព្រះគ្រិស្ដ ដ្បិតការនេះប្រសើរជាងខ្លាំងណាស់ ២៤ប៉ុន្ដែម្យ៉ាងទៀត ខ្ញុំនៅក្នុងរូបកាយនេះតទៅទៀត នោះចាំបាច់ជាងសម្រាប់អ្នករាល់គ្នា ២៥ដោយជឿជាក់លើសេចក្ដីនេះបានជាខ្ញុំដឹងថា ខ្ញុំនឹងរស់នៅ ហើយស្នាក់នៅជាមួយអ្នករាល់គ្នាតទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាបានរីកចម្រើនឡើង ហើយមានអំណរដោយសារជំនឿ ២៦និងដើម្បីឲ្យអ្នករាល់គ្នា មានមោទនភាពកាន់តែខ្លាំងឡើងចំពោះខ្ញុំ នៅក្នុងព្រះយេស៊ូគ្រិស្ដ ដោយសារខ្ញុំមកនៅជាមួយអ្នករាល់គ្នាម្តងទៀត។
រស់ឲ្យស័ក្ដិសមជារាស្រ្ដស្ថានសួគ៌
២៧អ្នករាល់គ្នា គ្រាន់តែរស់នៅឲ្យស័ក្ដិសម នឹងដំណឹងល្អរបស់ព្រះគ្រិស្ដចុះ នោះទោះបីខ្ញុំមកជួបអ្នករាល់គ្នា ឬនៅឆ្ងាយក្តី ខ្ញុំនឹងឮអំពីអ្នករាល់គ្នាថា អ្នករាល់គ្នាឈរមាំមួន ដោយមានវិញ្ញាណតែមួយ និងតស៊ូជាមួយគ្នាដោយមានគំនិតតែមួយ ដើម្បីជំនឿលើដំណឹងល្អ ២៨ទាំងមិនខ្លាចពួកអ្នកប្រឆាំងនៅក្នុងការអ្វីឡើយ។ នេះជាភស្ដុតាងពីសេចក្ដីវិនាសសម្រាប់ពួកគេ ប៉ុន្ដែជាសេចក្ដីសង្គ្រោះសម្រាប់អ្នករាល់គ្នាវិញ ហើយការនេះមកពីព្រះជាម្ចាស់ ២៩ពីព្រោះការនេះ ត្រូវបានប្រទានមកអ្នករាល់គ្នាដោយសារព្រះគ្រិស្ដ គឺមិនគ្រាន់តែឲ្យអ្នករាល់គ្នាជឿព្រះអង្គប៉ុណ្ណោះទេ ថែមទាំងឲ្យរងទុក្ខលំបាក ដោយព្រោះព្រះអង្គដែរ ៣០ដ្បិតអ្នករាល់គ្នាកំពុងជួបការតយុទ្ធតែមួយ ដែលអ្នករាល់គ្នាបានឃើញថា ខ្ញុំមាន ហើយក៏ឮថា ឥឡូវនេះ ខ្ញុំនៅតែមាន។