ភីលេម៉ូន
ភីលេម៉ូន
ពាក្យជម្រាបសួរពីលោកប៉ូល
១ខ្ញុំប៉ូលជាអ្នកទោសដោយព្រោះព្រះគ្រិស្ដយេស៊ូ និងធីម៉ូថេជាបងប្អូន ជូនចំពោះលោកភីលេម៉ូនជាទីស្រឡាញ់ និងជាអ្នករួមការងារជាមួយយើង ២ហើយជូនចំពោះនាងអាប់ភាជាបងប្អូនរបស់យើង និងលោកអើឃីពជាអ្នករួមប្រយុទ្ធជាមួយយើង ព្រមទាំងក្រុមជំនុំ ដែលជួបជុំគ្នានៅក្នុងផ្ទះរបស់លោកភីលេម៉ូនផង។
៣សូមឲ្យព្រះជាម្ចាស់ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា។
ពាក្យអរព្រះគុណ និងសេចក្ដីអធិស្ឋានរបស់លោកប៉ូល
៤ខ្ញុំតែងតែ អរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំជានិច្ច ទាំងនឹកចាំពីអ្នកនៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ ៥ដ្បិតខ្ញុំបានឮអំពីសេចក្ដីស្រឡាញ់ និងជំនឿរបស់អ្នកដែលមានចំពោះព្រះអម្ចាស់យេស៊ូ និងចំពោះពួកបរិសុទ្ធទាំងអស់ ៦ដូច្នេះសូមឲ្យការរួមចំណែក ខាងឯជំនឿរបស់អ្នកមានប្រសិទ្ធិភាពឡើង ដើម្បីឲ្យបានយល់ដឹងអំពីការល្អទាំងអស់ ដែលមាននៅក្នុងយើងសម្រាប់ព្រះគ្រិស្ដ។ ៧ប្អូនអើយ! ខ្ញុំមានអំណរ និងបានទទួលការលើកទឹកចិត្តយ៉ាងខ្លាំង ដោយសារសេចក្ដីស្រឡាញ់របស់អ្នក ពីព្រោះពួកបរិសុទ្ធបានធូរស្បើយក្នុងចិត្ត ដោយសារអ្នក។
ពាក្យអង្វររបស់លោកប៉ូលសម្រាប់ អូនេស៊ីម
៨ដូច្នេះ ទោះបីខ្ញុំជឿជាក់យ៉ាងខ្លាំងនៅក្នុងព្រះគ្រិស្ដថា អាចបង្គាប់អ្នកឲ្យ ធ្វើអ្វីដែលត្រូវធ្វើក៏ដោយ ៩ក៏ខ្ញុំសូមអង្វរអ្នកដោយសេចក្ដីស្រឡាញ់ដែរ ដ្បិតប៉ូលខ្ញុំជាមនុស្សចាស់ ហើយឥឡូវនេះក៏ជាអ្នកទោសដោយព្រោះព្រះគ្រិស្ដយេស៊ូទៀត។
១០ខ្ញុំសូមអង្វរអ្នក អំពីកូនរបស់ខ្ញុំ ឈ្មោះអូនេស៊ីម ដែលខ្ញុំបានបង្កើតនៅពេលខ្ញុំជាប់ចំណង ១១កាលពីដើម អូនេស៊ីម គ្មានប្រយោជន៍សម្រាប់អ្នកទេ ប៉ុន្ដែឥឡូវនេះគាត់មានប្រយោជន៍ ទាំងសម្រាប់អ្នក និងខ្ញុំ។ ១២ខ្ញុំបានចាត់គាត់ដែលជាដួងចិត្តរបស់ខ្ញុំ ឲ្យត្រលប់មកឯ អ្នកវិញ។
១៣ខ្ញុំចង់ទុកគាត់ ឲ្យនៅជាមួយខ្ញុំណាស់ ដើម្បីឲ្យគាត់បម្រើខ្ញុំជំនួសអ្នក ក្នុងពេលដែលខ្ញុំជាប់ចំណងដោយព្រោះដំណឹងល្អ ១៤ប៉ុន្ដែខ្ញុំមិនចង់ធ្វើអ្វីដោយគ្មានការយល់ព្រមពីអ្នកទេ ដើម្បីកុំឲ្យអ្នកធ្វើអំពើល្អដោយបង្ខំចិត្តឡើយ គឺដោយស្ម័គ្រចិត្តវិញ។ ១៥ប្រហែលជាដោយសារតែមូលហេតុនេះហើយ បានជាគាត់ត្រូវបែកពីអ្នកមួយរយៈ គឺដើម្បីឲ្យអ្នកទទួលគាត់វិញ អស់កល្បជានិច្ច ១៦ហើយមិនមែនក្នុងនាមជា បាវបម្រើទៀតទេ ប៉ុន្ដែប្រសើរជាងបាវបម្រើទៅទៀត គឺជាបងប្អូនជាទីស្រឡាញ់ ជាពិសេស សម្រាប់ខ្ញុំ រីឯសម្រាប់អ្នកវិញ គាត់កាន់តែពិសេសជាងអ្នកជាទីស្រឡាញ់ទៅទៀត ទាំងខាងសាច់ឈាម និងក្នុងព្រះអម្ចាស់។ ១៧ដូច្នេះ បើអ្នកចាត់ទុកខ្ញុំជាគូកនមែន សូមអ្នកទទួលគាត់ទុកដូចជាទទួលខ្ញុំចុះ។ ១៨បើគាត់ធ្វើអ្វីខុសចំពោះអ្នក ឬជំពាក់អ្នក សូមគិតលើខ្ញុំចុះ ១៩ប៉ូលខ្ញុំសរសេរដោយផ្ទាល់ដៃថា ខ្ញុំនឹងសងអ្នកវិញ ប៉ុន្ដែខ្ញុំមិនរំឭកអ្នកទេថា សូម្បីតែខ្លួនអ្នកផ្ទាល់ក៏ជំពាក់ខ្ញុំដែរ។
២០មែនហើយ ប្អូនអើយ! សូមឲ្យខ្ញុំមានអំណរនៅក្នុងព្រះអម្ចាស់ដោយសារអ្នកផង សូមឲ្យចិត្តរបស់ខ្ញុំបានធូរស្បើយនៅក្នុងព្រះគ្រិស្ដផង។ ២១ខ្ញុំបានសរសេរមកអ្នកដោយជឿជាក់ថា អ្នកនឹងស្តាប់ខ្ញុំ ហើយខ្ញុំដឹងថា អ្នកនឹងធ្វើលើសពីអ្វីដែលខ្ញុំបាននិយាយទៅទៀត។ ២២ម្យ៉ាងទៀត សូមអ្នករៀបចំកន្លែងមួយ សម្រាប់ឲ្យខ្ញុំស្នាក់នៅផង ព្រោះខ្ញុំសង្ឃឹមថា តាមរយៈសេចក្ដីអធិស្ឋានរបស់អ្នក ព្រះជាម្ចាស់នឹងប្រទានឲ្យខ្ញុំ បានមកជួបអ្នកមិនខាន។
ពាក្យជម្រាបសួរចុងក្រោយរបស់លោកប៉ូល
២៣លោកអេប៉ាប្រាស ជាអ្នកជាប់ឃុំឃាំងជាមួយខ្ញុំ ដោយព្រោះព្រះគ្រិស្ដយេស៊ូក៏ជម្រាបសួរមកអ្នកដែរ ២៤ហើយម៉ាកុស លោកអើរីស្ដាក លោកដេម៉ាស និងលោកលូកា ដែលជាអ្នករួមការងារជាមួយខ្ញុំ ក៏ជម្រាបសួរមកអ្នកដែរ។
២៥សូមឲ្យព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ដ ស្ថិតនៅជាមួយវិញ្ញាណរបស់អ្នក៕