ម៉ាថាយ ៧
ព្រះយេស៊ូបង្រៀនថា កុំថ្កោលទោសអ្នកដទៃ
៧កុំថ្កោលទោសគេ ក្រែងលោអ្នករាល់គ្នា ទទួលការថ្កោលទោសវិញ ២ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា អ្នករាល់គ្នានឹងទទួលការថ្កោលទោសយ៉ាងនោះវិញ ហើយអ្នករាល់គ្នានឹងទទួលតាមរង្វាល់ ដែលអ្នករាល់គ្នាបានវាល់ឲ្យគេ។ ៣ហេតុអ្វីក៏អ្នកមើលឃើញកម្ទេចល្អិត នៅក្នុងភ្នែកបងប្អូនរបស់អ្នក ប៉ុន្ដែមិនឃើញសសរនៅក្នុងភ្នែករបស់ខ្លួនយ៉ាងដូច្នេះ? ៤បើអ្នកមានសសរនៅក្នុងភ្នែករបស់ខ្លួន តើអ្នកនឹងនិយាយបានយ៉ាងដូចម្ដេច ទៅកាន់បងប្អូន របស់អ្នកថា ទុកឲ្យខ្ញុំយកកម្ទេចល្អិតចេញពីភ្នែករបស់អ្នក? ៥ឱ មនុស្សមានពុតអើយ! ចូរយកសសរចេញពីក្នុងភ្នែករបស់អ្នកជាមុនសិន នោះអ្នកនឹងមើលឃើញច្បាស់ ដើម្បីយកកម្ទេចល្អិត ចេញពីក្នុងភ្នែក បងប្អូនរបស់អ្នកបាន។ ៦កុំឲ្យរបស់បរិសុទ្ធទៅឆ្កែ ហើយកុំបោះគជ់ឲ្យជ្រូក ក្រែងលោពួកវាជាន់កម្ទេច ហើយបែរមកខាំហែកអ្នករាល់គ្នាវិញ។
ព្រះយេស៊ូបង្រៀនឲ្យព្យាយាមអធិស្ឋាន
៧ចូរសុំ នោះអ្នករាល់គ្នានឹងបានទទួល ចូររក នោះអ្នករាល់គ្នានឹងរកឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នករាល់គ្នា ៨ដ្បិតអ្នកណាសុំ នោះបានទទួល អ្នកណារក នោះបានឃើញ ហើយអ្នកណាគោះ នោះនឹងបើកឲ្យ។ ៩ក្នុងចំណោមអ្នករាល់គ្នា តើនរណាឲ្យដុំថ្មដល់កូន ពេលកូនសុំនំបុ័ង ១០ឬឲ្យពស់វែកដល់កូន ពេលកូនសុំតី្រដែរឬទេ? ១១ដូច្នេះបើអ្នករាល់គ្នាជាមនុស្សអាក្រក់ ចេះឲ្យអំណោយល្អៗដល់កូន នោះតើព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ នឹងប្រទានអំណោយល្អៗលើសនេះ ដល់អ្នកដែលសុំពីព្រះអង្គយ៉ាងណាទៅទៀត។ ១២អ្នករាល់គ្នាចង់ឲ្យមនុស្សប្រពឹ្រត្ដគ្រប់ការទាំងអស់ ចំពោះខ្លួនយ៉ាងណា ចូរប្រពឹ្រត្ដចំពោះគេយ៉ាងនោះដែរ ដ្បិតនេះជាសេចក្ដីសង្ខេបនៃគម្ពីរវិន័យ និងជាពាក្យរបស់អ្នកនាំព្រះបន្ទូល។
ផ្លូវទៅនគរព្រះជាម្ចាស់ជាផ្លូវចង្អៀត
១៣ចូរចូលតាមទ្វារចង្អៀត ដ្បិតទ្វារធំ និងផ្លូវទូលាយ នាំទៅរកសេចក្ដីវិនាស ហើយមនុស្សជាច្រើនកំពុងចូលតាមទ្វារនោះ ១៤ឯទ្វារចង្អៀត និងផ្លូវតូចនាំទៅរកជីវិត ហើយមានមនុស្សតិចណាស់រកឃើញ។
ព្រះយេស៊ូបង្រៀនអំពីគ្រូក្លែងក្លាយ
១៥ចូរប្រយ័ត្ននឹងពួកអ្នកនាំព្រះបន្ទូលក្លែងក្លាយ ដែលពាក់ស្បែកចៀមមករកអ្នករាល់គ្នា តែខាងក្នុងវិញជាឆ្កែចចកកាចសាហាវ ១៦រួចអ្នករាល់គ្នានឹងស្គាល់ពួកគេដោយសារផលផ្លែរបស់ពួកគេ តើមាននរណាប្រមូលផលទំពាំងបាយជូរពីគុម្ពបន្លា ឬផ្លែល្វាពីដើមកន្ដ្រើយដែរឬទេ? ១៧ដូច្នេះដើមឈើណាល្អឲ្យផ្លែល្អ ហើយដើមឈើណាមិនល្អក៏ឲ្យផ្លែមិនល្អដែរ ១៨ដ្បិតដើមឈើល្អមិនអាចឲ្យផ្លែមិនល្អទេ ហើយដើមឈើមិនល្អក៏មិនអាចឲ្យផ្លែល្អដែរ ១៩ដើមឈើណាមិនឲ្យផ្លែល្អ គេនឹងកាប់បោះចូលទៅក្នុងភ្លើង ២០ដូច្នេះ អ្នករាល់គ្នានឹងស្គាល់គេដោយសារផលផ្លែរបស់គេ ២១មិនមែនអ្នកទាំងឡាយណា ដែលនិយាយមកកាន់ខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់! នឹងបានចូលទៅក្នុងនគរស្ថានសួគ៌ នោះទេ ប៉ុន្ដែអ្នកដែលចូលបាន គឺអ្នកដែលធ្វើតាមបំណងរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌វិញ។ ២២នៅថ្ងៃនោះមនុស្សជាច្រើន នឹងនិយាយមកខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់! តើយើងខ្ញុំមិនបានថ្លែងព្រះបន្ទូល បណ្តេញអារក្ស និងធ្វើកិច្ចការដ៏មានអំណាចជាច្រើននៅក្នុងព្រះនាមរបស់ព្រះអង្គទេឬ? ២៣ពេលនោះខ្ញុំនឹងប្រកាសប្រាប់គេវិញថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ ចូរចេញទៅ ពួកល្មើសច្បាប់អើយ!
ព្រះយេស៊ូបង្រៀនអំពីគ្រឹះពីរយ៉ាង
២៤ដូច្នេះ អស់អ្នកដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម អ្នកនោះប្រៀបដូចជាមនុស្សវៃឆ្លាត ដែលសង់ផ្ទះរបស់ខ្លួននៅលើថ្មដា ២៥ពេលភ្លៀងធ្លាក់មក ទឹកជន់ឡើង ហើយខ្យល់បក់ខ្លាំង ក៏ផ្ទះនោះមិនរលំដែរ ដ្បិតវាបានចាក់គ្រឹះនៅលើថ្មដា។ ២៦ប៉ុន្ដែអស់អ្នកដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយមិនប្រព្រឹត្តតាម អ្នកនោះប្រៀបដូចជាមនុស្សល្ងង់ ដែលសង់ផ្ទះរបស់ខ្លួននៅលើដីខ្សាច់ ២៧ពេលភ្លៀងធ្លាក់មក ទឹកជន់ឡើង ហើយខ្យល់បក់ខ្លាំង ផ្ទះនោះក៏ដួលរលំខ្ទេចខ្ទីអស់»។
២៨កាលព្រះយេស៊ូ មានបន្ទូលអំពីសេចក្ដីទាំងនេះ ចប់សព្វគ្រប់ហើយ បណ្តាជននឹកអស្ចារ្យក្នុងចិត្ដ ចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ ២៩ដ្បិតពេលព្រះអង្គបង្រៀនពួកគេ ដូចជាអ្នកមានសិទ្ធិអំណាច មិនដូចជាពួកគ្រូវិន័យរបស់ពួកគេឡើយ។