KCB - ម៉ាថាយ ៦


ម៉ាថាយ ៦

ព្រះយេស៊ូបង្រៀន​អំពីការ​​ចែក​​ទាន​

ប៉ុន្ដែ​ចូរ​ប្រយ័ត្ន កុំ​បង្ហាញ​​សេចក្ដី​សុចរិត​​របស់​​អ្នក​រាល់គ្នា​ ​នៅមុខ​មនុស្ស​ ដើម្បី​ឲ្យ​តែ​គេ​ឃើញ​ប៉ុណ្ណោះ​ បើ​មិន​ដូច្នោះ​ទេ​ អ្នក​រាល់​គ្នា​គ្មាន​រង្វាន់​ពី​ព្រះវរបិតា​របស់​អ្នក​រាល់​គ្នា ​​ដែល​គង់​នៅ​​ស្ថានសួគ៌​នោះ​​ឡើយ។ ​ដូច្នេះ ពេល​អ្នក​ចែកទាន ចូរ​កុំ​ផ្លុំ​ត្រែ​​​ដើម្បី​​ចេញ​​មុខ​​ដូចជា​ពួក​​មនុស្ស​មានពុត​បាន​ធ្វើ​នៅ​ក្នុង​សាលា​ប្រជុំ​ និងនៅ​តាម​ផ្លូវ​ ដើម្បី​ឲ្យ​គេ​សរសើរ​ខ្លួន​​នោះទេ។​​ ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ជា​បា្រកដ ​ថា គេ​មាន​រង្វាន់​របស់​គេ​ហើយ។ ប៉ុន្ដែ​​​ពេល​អ្នក​ចែកទាន​ ចូរ​កុំ​ឲ្យដៃ​ឆ្វេង​របស់អ្នក​​ដឹង​ការ ​ដែល​​ដៃ​ស្តាំ​របស់អ្នក​​ធ្វើ​ឡើយ ដើម្បី​ឲ្យ​ការ​​ចែក​ទាន​របស់​អ្នកស្ងាត់​កំបាំង ហើយ​ព្រះវរបិតា​ដែល​ទត​ឃើញ​នៅ​ទីស្ងាត់​​កំបាំង​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។​

ព្រះយេស៊ូបង្រៀន​អំពីការ​​អធិស្ឋាន

នៅ​ពេល​អ្នក​រាល់គ្នាអធិស្ឋាន ចូរ​កុំ​ធ្វើ​ដូចជា​ពួកមនុស្ស​មានពុត ព្រោះ​ពួក​គេ​ចូល​ចិត្ដ​ឈរ​អធិស្ឋាន​ នៅ​ក្នុង​សាលា​ប្រជុំ​ និង​ទី​សាធារណៈ​ដើម្បី​ឲ្យគេ​មើល​ឃើញ​ ដ្បិត​ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ជា​បា្រកដ​ថា គេ​មាន​រង្វាន់​របស់​គេ​ហើយ​ ផ្ទុយ​ទៅ​វិញ​ ពេល​អ្នក​អធិស្ឋាន ចូរ​​​ទៅ​ក្នុង​បន្ទប់ស្ងាត់​ បិទ​ទ្វារ ហើយ​អធិស្ឋាន​ទៅ​ព្រះវរបិតា ​​​ដែល​​គង់​នៅ​ទី​ស្ងាត់កំបាំង​នោះ​​ព្រះវរបិតា ​ដែល​ទត​ឃើញ​នៅ​ទី​ស្ងាត់​កំបាំង ​នឹង​ប្រទានរង្វាន់​ដល់​អ្នក។​ ​ហើយនៅ​ពេល​អធិស្ឋាន​ ចូរ​កុំ​និយាយ​ប៉ប៉ាច់​ប៉ប៉ោច​​​​ដូច​សាសន៍ដទៃ ​ព្រោះ​គេគិត​ថា ​ព្រះ​របស់គេឮ​​​សំដីដ៏​​ហូរ​ហៀរ​​របស់​គេ។​ ដូច្នេះ កុំ​ធ្វើ​ដូច​ពួកគេ​ឡើយ ដ្បិត​ព្រះវរបិតា​ ជ្រាប​ពី​សេចក្តី​ត្រូវការ​របស់​អ្នក​រាល់​គ្នា​ មុន​អ្នក​រាល់​គ្នា​ទូលសុំ​​​​ទៅ​ទៀត។​

ដូច្នេះ ចូរ​អ្នករាល់គ្នា​អធិស្ឋាន​ដូចនេះ​ថា

«ឱ​​ព្រះវរបិតា​នៃ​យើងខ្ញុំ​ ដែល​គង់​នៅ​ស្ថានសួគ៌​អើយ! សូម​ឲ្យព្រះនាម​របស់​ព្រះអង្គ​​បាន​​បរិសុទ្ធ​

១០សូម​ឲ្យរាជ្យ​​​របស់ព្រះអង្គ​​​ បាន​មក​ដល់​ សូម​ឲ្យបំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​បាន​សម្រេច​​នៅ​ផែនដី​ ដូច​នៅ​ស្ថានសួគ៌ដែរ។​

១១សូម​ប្រទាន​អាហារ​ប្រចាំ​ថ្ងៃ ដល់​​​យើង​ខ្ញុំ​​​នៅ​ថ្ងៃនេះ។​

១២សូម​លើកលែង​​ទោស​កំហុស​​​​យើង​ខ្ញុំ​ ដូចជា​យើងខ្ញុំ​បាន​លើកលែង​​ទោស​ដល់​អស់​​អ្នក​ ដែល​ធ្វើ​ខុស​​នឹង​​យើង​ខ្ញុំ​ដែរ។​

១៣សូម​កុំ​បណ្ដោយ​​​យើងខ្ញុំ​​ឲ្យទៅ​ក្នុង​សេចក្ដី​ល្បួង​ ប៉ុន្ដែ ​សូម​ប្រោស​​យើងខ្ញុំ​ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​​វិញ​ [ដ្បិត​​រាជ្យ​​ ព្រះ​ចេស្ដា​​ និង​​សិរីល្អ​​ជា​​របស់​ព្រះអង្គ​​ នៅ​អស់​កល្បជានិច្ច​​ អាម៉ែន​​]»

១៤ដ្បិត​បើ​អ្នករាល់គ្នា​ លើកលែង​ទោស​​កំហុស​ដល់​មនុស្ស នោះ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថានសួគ៌​ នឹង​លើក​លែង​ទោស​​ដល់​អ្នក​រាល់គ្នា​ដែរ​ ១៥ប៉ុន្ដែ បើ​អ្នករាល់គ្នា ​មិន​លើក​លែង​ទោស​ដល់​មនុស្ស​ទេ នោះ​ព្រះវរបិតា​របស់អ្នករាល់គ្នា​ ក៏មិន​លើកលែងទោស​កំហុស​របស់​​អ្នករាល់គ្នា​ដែរ។​

ព្រះយេស៊ូបង្រៀនអំពីការ​តម​អាហារ​

១៦នៅ​ពេល​អ្នករាល់គ្នា តម​អាហារ​ ចូរ​កុំ​ធ្វើ​មុខ​​ក្រៀម​​ដូច​ជា ​ពួក​មនុស្ស​មានពុត​ឲ្យ​សោះ​ ពួក​គេ​បង្ហាញ​ទឹក​មុខ​ស្រពោន ដើម្បី​ឲ្យ​មនុស្ស​មើល​ឃើញ​​​ថា​ ពួកគេកំពុង​តម​អាហារ។​ ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ជា​បា្រកដ​ថា ពួក​គេមាន​រង្វាន់​របស់​ពួក​គេហើយ។​ ១៧ដូច្នេះនៅ​ពេល​អ្នក​តមអាហារ​ ចូរ​លុប​លាង​មុខ ហើយ​លាបប្រេង​លើ​ក្បាល​ចុះ​​ ១៨ដើម្បីកុំ​ឲ្យអ្នក​បង្ហាញ​ដល់​មនុស្ស​ថា​ អ្នក​កំពុង​តមអាហារ ប៉ុន្ដែ​បង្ហាញ​ដល់​ព្រះវរបិតា​របស់​អ្នក ​ដែល​គង់​នៅ​ទីស្ងាត់កំបាំង​វិញ ហើយ​ព្រះវរបិតា​របស់​អ្នក ​ដែល​ទតឃើញ​នៅ​ក្នុងទីស្ងាត់កំបាំង​ នឹង​ប្រទាន​រង្វាន់​​ដល់​អ្នក។​

ព្រះយេស៊ូបង្រៀនអំពីទ្រព្យ​សម្បត្ដិនៅ​ផែនដី​

១៩ចូរ​កុំ​សន្សំ​ទ្រព្យសម្បត្ដិ ​សម្រាប់​​ខ្លួន​នៅ​ផែនដី​ឲ្យសោះ​ ដ្បិត​ជាកន្លែង​ដែល​មាន​កណ្ដៀរ​ និង​ច្រែះ​ស៊ីបំផ្លាញ​ ហើយ​ជា​កន្លែង​ ដែល​មាន​ចោរ​គាស់​ទម្លាយ​ចូល​លួច​ផង​ ២០ដូច្នេះ ចូរ​សន្សំ​ទ្រព្យសម្បត្ដិ​សម្រាប់​​ខ្លួន ​នៅ​ស្ថានសួគ៌ ដ្បិត​ជា​កន្លែង​គ្មាន​កណ្ដៀរ​ គ្មាន​ច្រែះ​​ស៊ីបំផ្លាញ ហើយ​ក៏​ជាកន្លែងគ្មាន​ចោរ​គាស់​ទម្លាយចូល​​លួច​ដែរ​ ២១ដ្បិត​ទ្រព្យសម្បត្ដិ​របស់​អ្នក​នៅ​​កន្លែងណា​ ចិត្ដ​របស់​អ្នក​ក៏​នៅ​ទី​នោះដែរ។ ២២ភ្នែក​ជា​​ចង្កៀង​នៃ​រូបកាយ​ ដូច្នេះ​ បើ​ភ្នែក​របស់​អ្នក​ភ្លឺ​ល្អ​ នោះ​រូបកាយ​​របស់​អ្នកទាំងមូល​នឹង​ភ្លឺ​ដែរ​ ២៣ប៉ុន្ដែ​បើ​ភ្នែករបស់អ្នក​មិនល្អ នោះ​រូបកាយ​​របស់​អ្នក​ទាំងមូលនឹង​ត្រលប់​ជា​ងងឹត​សូន្យសុង ហើយ​បើ​ពន្លឺ​ក្នុង​ខ្លួនរបស់អ្នក​​ ជា​​សេចក្ដីងងឹត​ទៅ​ហើយ ចុះ​​សេចក្ដីងងឹត​នឹង​ទៅ​ជា​សូន្យ​សុង​​យ៉ាង​ណា​​ទៅ​ទៀត!​

២៤គ្មាន​អ្នកណា​ អាច​បម្រើ​​ចៅហ្វាយ​ពីរ​​បាន​ទេ ដ្បិត​អ្នកនោះ​នឹង​ស្អប់​មួយ​ ស្រឡាញ់​​មួយ​ ឬ​ស្មោះ​​ត្រង់​នឹង​មួយ​ ហើយ​មើល​ងាយ​​មួយ​​ទៀត។ អ្នករាល់គ្នា​មិន​អាច​បម្រើ​​ព្រះជាម្ចាស់​ផង បម្រើ​​ទ្រព្យសម្បត្ដិ​ផង​បាន​ទេ។​

ព្រះយេស៊ូបង្រៀនកុំ​ឲ្យខ្វល់​ខ្វាយ​

២៥ដូច្នេះ ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ថា កុំ​ខ្វល់​​ខ្វាយ​នឹង​ជីវិត​ និងអ្វី​ដែលត្រូវ​បរិភោគ​ ឬ​ផឹក​នោះ​ឡើយ​​ ហើយ​ក៏​កុំ​​ខ្វល់ខ្វាយ​​​នឹង​រូបកាយថា​ ត្រូវ​ស្លៀក​ពាក់​​អ្វី​ដែរ តើ​ជីវិត​មិន​វិសេស​ជាង​អាហារ ហើយ​រូបកាយ​ មិន​វិសេស​ជាង​សម្លៀក​​បំពាក់​ទេ​ឬ? ២៦ចូរ​មើល​សត្វ​ស្លាប​​លើ​មេឃ ដ្បិត​ពួកវា​មិន​បាន​សាបព្រោះ​ ឬច្រូតកាត់​ប្រមូល​​ផល​ដាក់​ជង្រុក​ទេ ប៉ុន្ដែ ​ព្រះវរបិតា​របស់​អ្នករាល់គ្នា​ ដែល​គង់នៅ​ស្ថានសួគ៌​បាន​ចិញ្ចឹម​ពួកវា តើ​អ្នករាល់គ្នា​គ្មាន​​តម្លៃ​​លើស​ពួកវា​ទេ​ឬ?​ ២៧​ក្នុង​ចំណោម​​អ្នករាល់គ្នា​ តើ​អ្នក​ដែល​ខ្វល់​ខ្វាយ​​ អាចបន្ថែម​កំពស់​ខ្លួន​ឯង​បាន​មួយ​ហត្ថ​​ដែរឬ​ទេ? ២៨ហេតុអ្វី​​បានជា​អ្នករាល់គ្នា​ខ្វល់​ខ្វាយ​​នឹង​សម្លៀក​បំពាក់​យ៉ាងដូច្នេះ? ចូរសង្កេត​មើល​​ផ្កាព្រៃ​នៅ​តាម​វាល ពួក​វា​​ដុះឡើង​យ៉ាង​ដូច​ម្ដេច​ ពួកវា​មិន​ធ្វើការ​ ឬត្បាញរវៃ​​អ្វីឡើយ​​ ២៩ប៉ុន្ដែ​ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ថា សូម្បីតែ​ស្តេច​សាឡូម៉ូន ​ដែល​​មាន​​សិរី​​រុងរឿងគ្រប់​យ៉ាង ក៏​ស្លៀក​​ពាក់​មិន​បានស្អាត​​ដូចជា​ផ្កា​មួយ​ទង ​ក្នុង​ចំណោម​ផ្កា​ទាំង​នេះ​ផង។ ៣០បើ​ព្រះជាម្ចាស់​តុបតែង​ស្មៅ​​នៅតាម​​វាល​​ដែល​ដុះ​នៅថ្ងៃ​នេះ​ ហើយ​ថ្ងៃ​ស្អែក ​ត្រូវ​បោះ​ទៅ​ក្នុង​ឡ​ភ្លើង​យ៉ាង​នោះ​​ទៅ​ហើយ​ ឱ មនុស្ស​មាន​ជំនឿ​តិច​អើយ! តើ​ព្រះអង្គ​​មិន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិសេស​​ជាង​នោះ​​​​ទេ​ឬ​?​ ៣១ដូច្នេះ​ កុំ​ខ្វល់​ខ្វាយថា ​ត្រូវ​បរិភោគ​អ្វី ផឹក​អ្វី ឬស្លៀក​ពាក់​អ្វីឡើយ​​ ៣២ដ្បិត​សាសន៍ដទៃ​ស្វែងរក​របស់​ទាំង​អស់​​នេះ ​ឯ​​ព្រះវរបិតា​​ដែល​គង់​​នៅ​ស្ថានសួគ៌​បាន​ជ្រាប​ថា អ្នក​​រាល់​គ្នា​ក៏​ត្រូវការ​របស់​ទាំងអស់​នេះ​ដែរ។​ ៣៣ចូរ​ស្វែងរក​នគរ​ព្រះជាម្ចាស់​ និង​សេចក្ដី​សុចរិត​​របស់​ព្រះអង្គ​​ជាមុន នោះ​ព្រះជាម្ចាស់​នឹង​បំពេញ​ គ្រប់​សេចក្ដី​ត្រូវ​ការ​របស់អ្នក​រាល់គ្នា​​ ៣៤ដូច្នេះចូរ​កុំ​ខ្វល់ ខ្វាយ​ពី​ថ្ងៃស្អែក​ឡើយ​​​​ ​រឿង​ថ្ងៃស្អែក​ចាំ​គិត​​ថ្ងៃស្អែក​​​ ដ្បិត​បញ្ហា​​​​មួយ​ថ្ងៃ​ៗ​ល្មមគ្រប់​គ្រាន់​​ហើយ។

ម៉ាថាយ ៦