ម៉ាថាយ ៥
ព្រះយេស៊ូបង្រៀននៅលើភ្នំ
៥កាល បានឃើញបណ្តាជន ព្រះអង្គក៏យាងឡើង លើភ្នំ ហើយអង្គុយចុះ ពួកសិស្សរបស់ព្រះអង្គបានចូលមកជិតព្រះអង្គ ២រួចព្រះអង្គក៏ចាប់ផ្ដើមបង្រៀនពួកគេថា៖
ព្រះយេស៊ូបង្រៀនអំពីព្រះពរ
៣«មានពរហើយ អស់អ្នកដែលមានសេចក្ដីកម្សត់ខាងឯវិញ្ញាណ ដ្បិត នគរស្ថានសួគ៌ ជារបស់អ្នកទាំងនោះ។
៤មានពរហើយ អស់អ្នកដែលយំសោក ដ្បិតអ្នកទាំងនោះនឹងទទួលការកម្សាន្ដចិត្ដ។
៥មានពរហើយ អស់អ្នកដែលស្លូតត្រង់ ដ្បិតអ្នកទាំងនោះនឹងបានផែនដីជាមរតក។
៦មានពរហើយ អស់អ្នកដែលស្រេកឃ្លានសេចក្ដីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត។
៧មានពរហើយ អស់អ្នកដែលមានចិត្ដមេត្ដា ដ្បិតអ្នកទាំងនោះនឹងទទួលសេចក្តីមេត្ដា។
៨មានពរហើយ អស់អ្នកមានចិត្ដបរិសុទ្ធ ដ្បិតអ្នកទាំងនោះនឹងបានឃើញព្រះជាម្ចាស់។
៩មានពរហើយអស់អ្នកដែលផ្សះផ្សា គេ ដ្បិតអ្នកទាំងនោះនឹងត្រូវបានហៅថាជាកូនរបស់ព្រះជាម្ចាស់។
១០មានពរហើយ អស់អ្នកដែលត្រូវគេបៀតបៀន ដោយព្រោះតែសេចក្ដីសុចរិត ដ្បិតនគរស្ថានសួគ៌ជារបស់អ្នកទាំងនោះ។
១១អ្នករាល់គ្នាមានពរហើយ ក្នុងកាលដែលគេជេរ បៀតបៀន និយាយអាក្រក់បង្ខូចអ្នករាល់គ្នា គ្រប់បែបយ៉ាងដោយព្រោះខ្ញុំ។
១២ចូរមានអំណរ ហើយរីករាយជាខ្លាំងឡើង ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌ព្រោះគេបានបៀតបៀន អ្នកនាំព្រះបន្ទូលដែលនៅមុនអ្នករាល់គ្នាបែបដូច្នោះដែរ។
អ្នកជឿជាអំបិល និងជាពន្លឺនៃលោកិយ
១៣អ្នករាល់គ្នា ជាអំបិលនៃផែនដី ប៉ុន្ដែបើអំបិលបាត់ជាតិប្រៃ តើនឹងយកអ្វីមកធ្វើឲ្យប្រៃវិញបាន? វាគ្មានប្រយោជន៍អ្វីទៀតទេ មានតែបោះចោលឲ្យមនុស្សដើរជាន់ប៉ុណ្ណោះ ១៤អ្នករាល់គ្នាជាពន្លឺនៃលោកិយ ទីក្រុងដែលតាំងនៅលើភ្នំមិនអាចលាក់បាំងបានទេ ១៥ក៏គ្មានអ្នកណាអុជចង្កៀង ដាក់នៅក្រោមថាំងដែរ គឺដាក់នៅលើជើងចង្កៀងវិញ ដើម្បីឲ្យភ្លឺដល់មនុស្សទាំងអស់ នៅក្នុងផ្ទះ។ ១៦ចូរឲ្យពន្លឺអ្នករាល់គ្នា ភ្លឺនៅចំពោះមុខមនុស្សយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា រួចសរសើរតម្កើងព្រះវរបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌។
ព្រះយេស៊ូជាអ្នកសម្រេចគម្ពីរវិន័យ
១៧កុំគិតថា ខ្ញុំមកបំផ្លាញគម្ពីរវិន័យ ឬពាក្យរបស់អ្នកនាំព្រះបន្ទូល ឲ្យសោះ ខ្ញុំមិនមែនមកបំផ្លាញទេ ប៉ុន្ដែខ្ញុំមកធ្វើឲ្យសម្រេចវិញ ១៨ដ្បិតខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា រហូតដល់ផ្ទៃមេឃ និងផែនដីវិនាសទៅ ក៏គ្មានសញ្ញាក្បៀស ឬសញ្ញាបន្ដក់ណាមួយ ក្នុងគម្ពីរវិន័យត្រូវលុបបំបាត់ចោលដែរ លុះត្រាតែអ្វីៗបានសម្រេចជាមុនសិន។ ១៩ដូច្នេះ អ្នកណាល្មើសបញ្ញត្ដិតូចបំផុតមួយ ក្នុងចំណោមបញ្ញត្ដិទាំងនេះ ហើយបង្រៀនមនុស្សឲ្យធ្វើដូច្នោះ អ្នកនោះនឹងត្រូវហៅថាជាអ្នកតូចបំផុត នៅក្នុងនគរស្ថានសួគ៌ ប៉ុន្ដែអ្នកណាដែលអនុវត្តតាម និងបង្រៀនបញ្ញត្តិទាំងនេះ អ្នកនោះនឹងត្រូវហៅថាជាអ្នកធំនៅក្នុងនគរស្ថានសួគ៌។ ២០ដ្បិតខ្ញុំបា្រប់អ្នករាល់គ្នាថា បើសេចក្ដីសុចរិតរបស់អ្នករាល់គ្នា មិនលើសសេចក្ដីសុចរិតរបស់ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីទេ នោះអ្នករាល់គ្នា មិនអាចចូលនគរស្ថានសួគ៌បានឡើយ។
ព្រះយេស៊ូបង្រៀនថា ខឹងស្មើនឹង សម្លាប់
២១អ្នករាល់គ្នា បានឮសេចក្ដីដែលបានបង្គាប់ដល់មនុស្សជំនាន់មុនថា កុំសម្លាប់មនុស្សឲ្យសោះ អ្នកណាសម្លាប់មនុស្ស អ្នកនោះនឹងត្រូវជាប់ទោស ២២ប៉ុន្ដែ ខ្ញុំបា្រប់អ្នករាល់គ្នាថា អស់អ្នកដែលខឹងនឹងបងប្អូនខ្លួនឯង នោះនឹងត្រូវជាប់ទោសដែរ ហើយអ្នកណាហៅបងប្អូនខ្លួនឯងថា «អាឡប់» អ្នកនោះនឹងត្រូវក្រុមប្រឹក្សាកំពូល ដាក់ទោស។ អ្នកណាដែលជេរគេថា «អាឆ្កួត» អ្នកនោះនឹងត្រូវធ្លាក់ក្នុងភ្លើងនរក។ ២៣ដូច្នេះបើអ្នកនាំតង្វាយ មកកន្លែងថ្វាយតង្វាយ ហើយនៅទីនោះ អ្នកចាំថា បងប្អូនរបស់អ្នកមានរឿងទាស់នឹងអ្នក ២៤ចូរទុកតង្វាយនៅទីនោះ នៅមុខកន្លែងថ្វាយតង្វាយចុះ ហើយទៅផ្សះផ្សានឹងបងប្អូនជាមុនសិន រួចសឹមមកថ្វាយតង្វាយរបស់អ្នកវិញ។ ២៥ចូរជានានឹងគូវិវាទរបស់អ្នកភ្លាមៗ ពេលអ្នកនៅតាមផ្លូវជាមួយអ្នកនោះ ក្រែងលោគេប្រគល់អ្នកឲ្យទៅចៅក្រម ហើយចៅក្រមប្រគល់អ្នកឲ្យ ទៅនគរបាល រួចអ្នកត្រូវជាប់គុក។ ២៦ខ្ញុំបា្រប់អ្នកជាបា្រកដថា អ្នកចេញពីទីនោះមិនបានឡើយ លុះត្រាតែអ្នកសងគេដោយឥតខ្វះមួយសេន។
ចិត្ដស្រើបស្រាលអាក្រក់ដូចការផិតក្បត់
២៧អ្នករាល់គ្នាបានឮសេចក្ដី ដែលបានបង្គាប់មកថា កុំផិតក្បត់ឲ្យសោះ ២៨ប៉ុន្ដែ ខ្ញុំបា្រប់អ្នករាល់គ្នាថា អស់អ្នកដែលសម្លឹងមើលស្ដ្រីម្នាក់ ដោយចិត្តស្រើបស្រាលចង់បាននាង អ្នកនោះបានផិតក្បត់ក្នុងចិត្ដ ជាមួយនាងរួចទៅហើយ។ ២៩បើភ្នែកស្ដាំរបស់អ្នក បណ្ដាលឲ្យអ្នកប្រព្រឹត្ដបាប ចូរខ្វេះវាចោលទៅ ដ្បិតបើអ្នកបាត់បង់អវយវ:មួយ ប្រសើរជាងឲ្យរូបកាយទាំងមូល ត្រូវបោះទៅក្នុងស្ថាននរក។ ៣០បើដៃស្ដាំរបស់អ្នកបណ្ដាលឲ្យអ្នកប្រព្រឹត្ដបាប ចូរកាត់វាចោលទៅ ដ្បិតបើអ្នកបាត់បង់អវយវៈមួយ ប្រសើរជាងឲ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងស្ថាននរក។
ព្រះយេស៊ូបង្រៀនអំពីការលែងលះ
៣១មានសេចក្ដី ដែលបានបង្គាប់មកថា អ្នកណាលែងប្រពន្ធ អ្នកនោះត្រូវប្រគល់លិខិតលែងលះឲ្យនាង។ ៣២ប៉ុន្ដែ ខ្ញុំបា្រប់អ្នករាល់គ្នាថា អស់អ្នកលែងប្រពន្ធដែលពុំបានផិតក្បត់ខ្លួន អ្នកនោះធ្វើឲ្យនាងផិតក្បត់ហើយ។ អ្នកណារៀបការនឹងស្ដ្រីប្តីលែង អ្នកនោះក៏ផិតក្បត់ដែរ។
ព្រះយេស៊ូបង្រៀនឲ្យនិយាយ សេចក្ដីពិត
៣៣មួយទៀត អ្នករាល់គ្នាបានឮសេចក្ដី ដែលបានបង្គាប់ដល់មនុស្សជំនាន់មុនថា កុំប្រព្រឹត្ដខុសសម្បថឲ្យ សោះ ប៉ុន្ដែត្រូវធ្វើតាមសម្បថដែលបានស្បថចំពោះព្រះអម្ចាស់។ ៣៤ប៉ុន្ដែខ្ញុំបា្រប់អ្នករាល់គ្នាថា កុំស្បថឲ្យសោះ ហើយកុំស្បថនឹងស្ថានសួគ៌ ដ្បិតស្ថានសួគ៌ជាបល្ល័ង្ករបស់ព្រះជាម្ចាស់។ ៣៥កុំស្បថនឹងផែនដី ដ្បិតផែនដីជាកំណល់បាទារបស់ព្រះអង្គ។ កុំស្បថនឹងក្រុងយេរូសាឡិម ដ្បិតជាក្រុងរបស់ស្ដេចដ៏ឧត្ដម។ ៣៦កុំស្បថនឹងក្បាលរបស់អ្នក ដ្បិតអ្នក មិនអាចធ្វើឲ្យសក់មួយសសៃត្រលប់ជាពណ៌ស ឬខ្មៅបានឡើយ។ ៣៧ចូរឲ្យពាក្យអ្នករាល់គ្នា មែន គឺមែន ទេ គឺទេ ប៉ុន្ដែ លើសពីសេចក្ដីទាំងនេះ គឺមកពីអារក្សសាតាំងទេ។
ព្រះយេស៊ូបង្រៀនកុំឲ្យសងសឹក
៣៨អ្នករាល់គ្នាបានឮសេចក្ដី ដែលបានបង្គាប់មកថា ភ្នែកសងដោយភ្នែក ធ្មេញសងដោយធ្មេញ។ ៣៩ប៉ុន្ដែខ្ញុំបា្រប់អ្នករាល់គ្នាថា កុំតបតមនុស្សអាក្រក់ បើគេទះកំផ្លៀងស្ដាំរបស់អ្នក ចូរបែរម្ខាងទៀតឲ្យគេទះដែរចុះ។ ៤០ចំពោះអ្នកណា ដែលចង់ប្ដឹងយកអាវខាងក្នុងរបស់អ្នក ចូរឲ្យគេទាំងអាវវែងផង។ ៤១អ្នកណា ដែលបង្ខំអ្នកឲ្យធ្វើដំណើរមួយពាន់ជំហាន ចូរទៅជាមួយគេពីរពាន់ជំហានចុះ។ ៤២ចូរឲ្យដល់អស់អ្នកដែលសុំ ហើយកុំគេចពីអស់អ្នកដែលចង់ខ្ចីឡើយ។
ព្រះយេស៊ូបង្រៀនឲ្យស្រឡាញ់សត្រូវ
៤៣អ្នករាល់គ្នាឮ សេចក្ដីដែលបានបង្គាប់មកថា ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នក ហើយស្អប់សត្រូវរបស់អ្នក។ ៤៤ប៉ុន្ដែខ្ញុំបា្រប់អ្នករាល់គ្នាថា ចូរស្រឡាញ់សត្រូវរបស់អ្នករាល់គ្នា ហើយអធិស្ឋាន ឲ្យអស់អ្នក ដែលបៀតបៀនអ្នករាល់គ្នា ៤៥ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាកូនរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ព្រោះ ព្រះអង្គបានធ្វើឲ្យថ្ងៃរះឡើង បំភ្លឺទាំងមនុស្សល្អ និងមនុស្សអាក្រក់ ហើយក៏បង្អុរភ្លៀងធ្លាក់មកលើទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិតដែរ។ ៤៦ដ្បិតបើអ្នករាល់គ្នាស្រឡាញ់មនុស្ស ដែលស្រឡាញ់អ្នករាល់គ្នា តើអ្នករាល់គ្នាបានរង្វាន់អ្វី? សូម្បីតែអ្នកទារពន្ធដារ ក៏បានធ្វើដូច្នោះដែរ។ ៤៧បើអ្នករាល់គ្នារាប់អានតែបងប្អូនខ្លួនឯង តើអ្នករាល់គ្នាមានអ្វីអស្ចារ្យទៅ? សូម្បីតែសាសន៍ដទៃក៏ធ្វើដូច្នោះដែរ។ ៤៨ដូច្នេះចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ចុះ ដូចជាព្រះវរបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌គ្រប់លក្ខណ៍ដូច្នោះដែរ។