KCB - ម៉ាថាយ ២៨


ម៉ាថាយ ២៨

ព្រះយេស៊ូរស់​​ឡើង​វិញ​

២៨ព្រលឹម​ស្រាងៗ​ នៅ​ក្នុង​ថ្ងៃទីមួយ ​នៃ​សប្តាហ៍ក្រោយ ​ថ្ងៃ​សប្ប័ទ​​ នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់​ដាឡា​ និង​នាង​ម៉ារា​ម្នាក់​​ទៀត​បាន​មក​មើល​ផ្នូរ។​ ពេលនោះ​ ក៏​មាន​រញ្ជួយដី​យ៉ាងខ្លាំង​ ដ្បិត​ទេវតា​របស់​ព្រះអម្ចាស់​បាន​ចុះ​ពី​ស្ថានសួគ៌​មក​ ហើយ​ចូលទៅ​ជិត​​ផ្នូរ​ ប្រមៀល​​ថ្ម​បិទ​​ផ្នូរ​នោះ​ចេញ និងបាន​​អង្គុយ​នៅលើ​ថ្ម​​នោះ។​ រូបរាង​របស់​ទេវតានោះ ​ភ្លឺ​ដូចជា​ផ្លេកបន្ទោរ​ ហើយ​សម្លៀកបំពាក់​ស​ដូច​ព្រឹល។​ ពួកអ្នក​យាម​​ភ័យ​ញ័ររន្ធត់​ ដោយ​​ខ្លាច​ទេវតានោះ​ ហើយ​ពួក​គេ​ត្រលប់​ដូចជា​មនុស្ស​ស្លាប់។​ ​ទេវតា​នោះ​ក៏​និយាយ​ទៅ​ពួក​ស្រ្តី​ទាំង​នោះ​ថា​៖ «កុំ​ខ្លាច​អី! ដ្បិត​ខ្ញុំ​ដឹង​ថា អ្នក​កំពុង​​រក​ព្រះយេស៊ូ​ដែល​ត្រូវ​គេ​ឆ្កាង​នោះ​ហើយ ព្រះអង្គ​មិន​នៅ​ទីនេះទៀត​​ទេ​ ដ្បិត​ព្រះអង្គ​បាន​រស់​ពី​ការសោយទិវង្គត​ឡើង​វិញ​ ដូច​ដែល​​ព្រះអង្គ​បាន​មានបន្ទូល​រួច​ហើយ​ ចូរ​មក​មើល​កន្លែង​ ដែល​គេ​ផ្ដេក​សព​ព្រះអង្គ​ចុះ​ ហើយ​ចូរ​ប្រញាប់​ទៅ​​ប្រាប់​ ពួក​សិស្ស​របស់​ព្រះអង្គ​ថា​ ព្រះអង្គ​បាន​រស់​ពី​ការសោយទិវង្គត​​ឡើង​វិញ​ហើយ មើល៍ ព្រះអង្គ​​យាង​ទៅ​ស្រុក​កាលីឡេ​​មុន ​អ្នក​រាល់​គ្នា​ អ្នក​រាល់​គ្នា​នឹង​ជួប​​ព្រះអង្គ​នៅ​ទីនោះ។ មើល៍​! ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ»។​ កាល​បាន​ចាក​ចេញ​ពី​ផ្នូរ​យ៉ាង​រហ័ស ទាំង​ភ័យ​អរ​​ជាខ្លាំង​ផងនោះ​ពួកនាង​ក៏​រត់ទៅ​បា្រប់​ ពួក​សិស្ស​របស់​ព្រះអង្គ​ ស្រាប់តែ​ព្រះយេស៊ូ​បាន​មកជួប​ពួក​នាង ទាំង​មានបន្ទូល​ថា​៖ «ជម្រាបសួរ»។ ពួក​នាង​បាន​ចូល​មក​ជិត​​ចាប់​ឱបបាទា​​​ព្រះអង្គ​ និង​បាន​ថ្វាយបង្គំ​ព្រះអង្គ។ ​១០បន្ទាប់​មក ព្រះយេស៊ូ​មានបន្ទូល​ទៅ​ពួក​នាង​ថា​៖ «កុំ​ខ្លាច​អី! ចូរ​ទៅ​ប្រាប់​បងប្អូន​ខ្ញុំ​ថា ឲ្យពួកគេទៅ​ស្រុក​កាលី​ឡេ​​ចុះ​ ហើយពួក​គេ​​នឹង​ជួប​​ខ្ញុំ​នៅ​ទីនោះ»​។​

ពួក​មេដឹកនាំ​សាសនា​សូក​ពួក​ទាហាន​

១១កាល​ពួកនាង​កំពុង​ធ្វើដំណើរទៅ​ នោះ​​ពួក​អ្នក​យាម​ខ្លះ បាន​ចូលទៅ​ក្នុង​ក្រុង ​បា្រប់​ពួក​សម្ដេចសង្ឃអំពី​​ហេតុ​ការណ៍​​ទាំង​ឡាយ​​​ដែល​បាន​កើត​ឡើង។​ ១២បន្ទាប់ពី​ពួកសម្ដេចសង្ឃ​​បាន​ពិ​គ្រោះ​គ្នា​នឹង​ពួក​ចាស់ទុំ​​រួចហើយ ពួក​គេ​ក៏​ឲ្យ ប្រាក់​ជាច្រើន​ដល់​​ពួក​ទាហាន​ ១៣ដោយ​​ប្រាប់​ថា៖ «ចូរ​និយាយ​ថា ពេល​យើង​កំពុង​ដេកលក់ ពួក​សិស្ស​របស់​វា​​បាន​មក​លួច​យក​សព​​របស់វា​​ទាំងយប់​ ១៤ហើយ​​បើ​រឿង​នេះ​ឮ​ដល់​លោក​អភិបាល យើង​នឹង​បញ្ចុះ​បញ្ចូល​គាត់ មិន​​ឲ្យអ្នក​រាល់​គ្នា​មាន​បញ្ហាទេ»។ ​១៥ពួក​ទាហាន​ក៏​ទទួល​យក​ប្រាក់ ហើយធ្វើតាម​ដូច​ដែល​ពួកគេ​បង្គាប់។​ ដូច្នេះ​ រឿង​នេះ​ក៏​បាន​ឮសុសសាយ​ ក្នុង​ចំណោម​​ជនជាតិ​​យូដា​រហូត​ដល់​សព្វថ្ងៃ។

ព្រះយេស៊ូប្រទាន​មហា​បេសកកម្ម​

១៦ពួក​សិស្ស​ទាំងដប់មួយ​នាក់​ បាន​ទៅ​ស្រុក​កាលីឡេ​​ឆ្ពោះទៅ​ភ្នំ​ ដែល​ព្រះយេស៊ូ​បាន​បង្គាប់​ឲ្យពួកគេ​ទៅ។​ ១៧កាល​​ឃើញ​ព្រះ​អង្គ​​ហើយ​ ពួកគេ​ក៏​ថ្វាយបង្គំ​ព្រះអង្គ​ ប៉ុន្ដែ ​អ្នក​ខ្លះ​នៅ​តែ​សង្ស័យ​ ១៨នោះ​ព្រះយេស៊ូ​ ក៏​យាងមកជិត​ពួកគេ មានបន្ទូល​​ថា​៖ «ខ្ញុំ​បាន​ទទួល​សិទ្ធិ​អំណាច​​ទាំងអស់​ ទាំង​នៅ​ស្ថានសួគ៌​ និងនៅ​ផែនដី​ ១៩ដូច្នេះ ចូរ​ទៅ​បង្កើតសិស្ស​ពី​គ្រប់​ជន​ជាតិ​ ហើយ​​ធ្វើពិធីជ្រមុជទឹក​ឲ្យពួកគេ​នៅ​ក្នុង​ព្រះ​នាម​​ព្រះវរបិតា​ ព្រះ​រាជបុត្រា​ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ ២០ហើយ​បង្រៀន​ពួកគេឲ្យកាន់តាម​សេចក្តី​ទាំងឡាយ ​ដែល​ខ្ញុំ​បាន​បង្គាប់​​ដល់​អ្នករាល់គ្នា​ ហើយ​មើល៍​ ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់​គ្នា​ គ្រប់​ពេល​វេលា​ រហូតដល់​អស់​កល្ប»

ម៉ាថាយ ២៨