KCB - ម៉ាថាយ ២៧


ម៉ាថាយ ២៧

ព្រះយេស៊ូនៅ​ចំពោះ​មុខ​​លោកពីឡាត់​

២៧លុះ​​ព្រលឹម​ឡើង ពួក​សម្ដេច​​សង្ឃ​ និង​ពួក​ចាស់ទុំ​​ទាំង​អស់​របស់​​​​ប្រជាជន ​បាន​​ពិគ្រោះ​គ្នា​ប្រឆាំង​ព្រះ​យេស៊ូ ដើម្បី​សម្លាប់​​ព្រះ​អង្គ ​ហើយ​បាន​ចង​ព្រះអង្គ​នាំ​ទៅ​ប្រគល់​ឲ្យលោក​ពីឡាត់ ជា​អភិបាល​​ក្រុង។​

យូដាស​អ៊ីស្ការីយ៉ុត​ចង​កសម្លាប់​ខ្លួន​

កាល​​យូដាស​ ជា​អ្នក​ក្បត់​ព្រះយេស៊ូ​​ឃើញ​ថា ពួក​គេ​ផ្ដន្ទា​ទោស​ព្រះអង្គ​ដូច្នេះ​ ក៏​សោក​ស្ដាយ​ គាត់​​បាន​​ប្រគល់​​កាក់​ប្រាក់​សាមសិប​កាក់​​ ទៅ​ឲ្យ​ពួក​​​សម្តេច​សង្ឃ​ និង​ពួក​ចាស់ទុំ​​វិញ​ ដោយ​និយាយ​ថា​៖«ខ្ញុំ​ប្រព្រឹត្ត​បាប​ហើយ ដែល​​បាន​​ប្រគល់​​ឈាម​គ្មាន​ទោស» ប៉ុន្ដែ​ពួកគេ​និយាយ​ថា​៖ «តើ​ទាក់​ទង​អ្វី​នឹង​យើង? ស្រេច​លើ​ឯង​ទេតើ»​ ពេល​​​គាត់​ គ្រវែង​កាក់​​ប្រាក់​​ទៅ​ក្នុង​ព្រះវិហារ​​ហើយ គាត់​​ក៏​​ចេញ​ទៅ ហើយ​បាន​ចង​​ក​សម្លាប់​ខ្លួន។​ ពួក​សម្ដេច​សង្ឃ​ ​យក​កាក់​ប្រាក់​ទាំង​នោះ​មក​ ហើយនិយាយ​ថា៖ «វា​​មិន​ត្រូវ​​តាម​​វិន័យ​ទេ​ដែល​ដាក់​​កាក់​ទាំង​នេះ​ ទៅ​ក្នុង​ហិប​តង្វាយ ព្រោះ​វា​ជា​​ថ្លៃ​ឈាម»។​ ​កាល​​បាន​ពិគ្រោះ​គ្នា​រួច​ហើយ ពួក​គេ​ក៏​យក​កាក់​ទាំង​នោះ ​ទៅ​ទិញ​ស្រែ​របស់​ជាង​ស្មូន​ម្នាក់​ សម្រាប់​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព​​ពួក​សាសន៍​ដទៃ​ ​​ដូច្នោះ​ហើយ​​ គេ​ហៅ​ស្រែ​នោះ​ថា ស្រែ​​​ឈាម ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។​ ការ​​នោះ​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​តាម​រយៈ​លោក​យេរេមា ​ជា​អ្នក​នាំ​ព្រះបន្ទូល​​ថា​៖​ «ពួក​គេ​បាន​យក​កាក់​​ប្រាក់​​សាម​សិប​​កាក់​​ ជា​​​តម្លៃ​របស់​ព្រះ​អង្គ​ដែល​​ពួក​កូន​​ចៅ​អ៊ីស្រាអែល​បាន​កាត់​ថ្លៃ​ ១០រួច​​ប្រគល់​កាក់​ទាំង​នោះ​ ដើម្បី​យក​​ស្រែ​របស់​ជាង​ស្មូន ដូច​ដែល​ព្រះ​អម្ចាស់​​បាន​​បង្គាប់​មក​ខ្ញុំ​​»។​

លោកពីឡាត់​កាត់​​ក្ដី​ព្រះយេស៊ូ

១១កាលព្រះ​យេស៊ូ​ កំពុង​ឈរ​នៅ​ចំពោះ​មុខលោក​​អភិបាល នោះ​លោក​អភិបាល​សួរ​ព្រះអង្គ​ថា​៖ «តើ​អ្នក​ជា​ស្ដេច​របស់​ជនជាតិ​​យូដា​ឬ?» ព្រះ​យេស៊ូ​​​មាន​បន្ទូល​ថា​៖ «លោក​និយាយ​ត្រូវ​ហើយ»។​ ១២​ពេល​ពួក​សម្ដេច​សង្ឃ​​ និងពួក​ចាស់ទុំ​​ ចោទ​ប្រកាន់​ព្រះអង្គ​​ ព្រះអង្គ​មិន​បាន​ឆ្លើយ​​អ្វី​ឡើយ។​ ១៣ពេល​នោះ​ លោក​ពីឡាត់​ក៏​សួរ​ព្រះអង្គ​ថា​៖ «តើ​អ្នក​មិន​ឮ ​ពួក​គេ​កំពុង​ចោទ​ប្រកាន់​អ្នក​ពី​​​ករណី​ជា​​ច្រើនទេឬ​?»​ ១៤ប៉ុន្ដែ​ព្រះអង្គ​មិន​បាន​ឆ្លើយ​ទៅ​​គាត់​ទេ​ សូម្បីតែ​មួយ​​ម៉ាត់ ធ្វើ​ឲ្យលោក​អភិបាល​ងឿង​​​​ឆ្ងល់​យ៉ាង​ខ្លាំង។​

១៥រៀង​រាល់​ថ្ងៃ​បុណ្យ​ លោក​អភិបាល ​ធ្លាប់​​ដោះ​លែង​អ្នក​ទោស​ម្នាក់​ ឲ្យ​បណ្តាជន​ តាម​ដែល​ពួក​គេ​ចង់​​បាន។ ​១៦គ្រា​នោះ​ មាន​អ្នក​ទោស​ម្នាក់​ល្បី​​អសោច​​ឈ្មោះ​យេស៊ូបារ៉ាបាស​ ១៧ដូច្នេះ​កាល​​ពួកគេ​បាន​មក​ជួបជុំ​គ្នា​ លោក​ពីឡាត់​ក៏​សួរ​ពួកគេ​ថា​៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យខ្ញុំ​ដោះ​លែង​អ្នក​ណា​ឲ្យអ្នក​រាល់​គ្នា យេស៊ូបារ៉ាបាស ឬ​យេស៊ូ​​ដែល​ហៅ​ថា ព្រះគិ្រស្ដ​?»​ ១៨ដ្បិត​គាត់​ដឹង​ថា ពួក​គេ​​​បញ្ជូន​ព្រះអង្គមក​នេះ​ ព្រោះ​តែ​​​សេចក្តី​ឈ្នានីស។​ ១៩ពេល​​គាត់កំពុង​​អង្គុយ​លើ​ទី​កាត់​ក្តី ប្រពន្ធ​របស់​គាត់​បាន​​ចាត់​គេ​ឲ្យមក​​ប្រាប់​គាត់​ថា​៖ «លោក​កុំ​ធ្វើ​អ្វី​ដល់​មនុស្ស​សុចរិត​នេះ​​ឲ្យ​សោះ​ ព្រោះ​ថ្ងៃ​នេះ​ ដោយ​សារ​គាត់​ ​ខ្ញុំ​បាន​​ទទួល​​រងទុក្ខ​​ខ្លាំងណាស់​ នៅ​ក្នុង​​​​យល់សប្ដិ»។ ២០ពួក​សម្ដេច​សង្ឃ​ និងពួក​ចាស់ទុំ​បាន​ញុះញង់បណ្តាជន ​​ ឲ្យ​សុំ​យក​បារ៉ាបាស​ ហើយ​ឲ្យសម្លាប់​ព្រះ​យេស៊ូ​វិញ។​ ២១លោក​អភិបាល​ឆ្លើយ​ទៅ​ពួកគេ​ថា​៖ «ក្នុង​ចំណោម​​អ្នក​ទាំង​ពីរ​នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យខ្ញុំ​ដោះ​​លែង​អ្នក​ណា​?» ពួកគេ​និយាយ​​ថា​៖ «បារ៉ាបាស»​ ២២នោះ​លោក​ពីឡាត់​ក៏​និយាយ​ទៅ​ពួកគេ​វិញ​ថា៖ «តើ​ឲ្យខ្ញុំ​ធ្វើ​ដូច​ម្ដេច​ចំពោះ​យេស៊ូដែល​ហៅ​ថា​ ព្រះ​គិ្រស្ដ​នេះ​?» គេ​ក៏​​និយាយ​ទាំងអស់​គ្នា​ថា​៖ «ឆ្កាង​វា​ទៅ​!»។​ ២៣​លោក​ពីឡាត់​បាន​សួរ​ទៀត​ថា​៖ «ហេតុ​អ្វី​? តើ​គាត់​បាន​ធ្វើ​អំពើ​អ្វី​អាក្រក់​ឬ​?» នោះ​ពួកគេ​ស្រែក​កាន់តែ​ខ្លាំង​ឡើង​ថា៖ «ឆ្កាង​វា​ទៅ!»​​ ២៤កាល​លោក​ពីឡាត់​ឃើញ​ថា គាត់​​ធ្វើ​​អ្វី​ក៏​​មិន​​បាន​ការ​​ដូច្នេះ ហើយបែរ​ជា​មាន​​ចលាចល​ខ្លាំង​ឡើង​ គាត់​ក៏​​យក​ទឹក​មក​ លាង​ដៃ​​នៅ​ចំពោះ​​មុខ​បណ្តាជន​ ហើយ​និយាយ​​ថា​៖ «ខ្ញុំ​មិន​ជំពាក់​អ្វី​នឹង​ឈាម​របស់​មនុស្ស​នេះ​ទេ គឺ​អ្នក​រាល់​គ្នា​ជា​អ្នក​​ទទួល​ខុស​ត្រូវ»​ ២៥ប្រជាជន​ទាំង​អស់​ឆ្លើយ​ឡើង​ថា​៖ «ចូរ​ឲ្យ​ឈាម​​របស់​អ្នក​នេះធ្លាក់​មក​លើ​យើង និង​កូន​ចៅ​របស់យើង​ចុះ» ​២៦បន្ទាប់​​មក ​លោក​ពីឡាត់ ​ក៏​ដោះ​លែង​បារ៉ាបាស​ឲ្យពួកគេ ឯ​ព្រះយេស៊ូវិញ​ គាត់ឲ្យគេ​វាយនឹង​​ខ្សែតី​ ហើយ​​ប្រគល់​ព្រះអង្គ​ទៅ​ឲ្យគេ​ឆ្កាង។

ពួក​ទាហាន​ចំអក​ឲ្យ​ព្រះយេស៊ូ

២៧បន្ទាប់​មក​​​ ​ទាហាន​របស់​លោក​​អភិបាល​​ បាន​​យក​ព្រះ​យេស៊ូ​ទៅ​ក្នុង​បន្ទាយ​ទ័ព ហើយ​ប្រមូល​​ទាហាន​ទាំង​អស់​មក​ចោម​រោម​ព្រះអង្គ។​ ២៨ពេល​​​ដោះ ​សម្លៀក​​បំពាក់​របស់​ព្រះអង្គ​ហើយ​ ពួកគេ​ក៏​ពាក់​អាវវែង ពណ៌​ក្រហមទុំ​ឲ្យព្រះអង្គ​វិញ​ ២៩រួច​ពួកគេ​បាន​ក្រង​មកុដ​​បន្លា​មក​បំពាក់​លើ​ព្រះសិរ​​​របស់​ព្រះអង្គ​ ហើយ​ដាក់​ដើម​​ត្រែង​​ ក្នុង​ព្រះហស្ដ​ស្តាំ​របស់​ព្រះអង្គ​ និង​នាំ​​គ្នា​​លុត​ជង្គង់​នៅ​ពី​​មុខ​ព្រះអង្គ​ ដោយ​​ចំអក​ថា​៖ «ថ្វាយ​​បង្គំ​ស្ដេច​​​របស់​ជន​ជាតិ​​​​យូដា​!»​ ៣០ពួកគេ​នាំ​គ្នា​ស្តោះ​ទឹក​មាត់​ដាក់​ព្រះអង្គ​ ហើយ​យក​ដើម​ត្រែង​នោះ ​វាយ​​​ព្រះ​សិរ​​របស់​ព្រះអង្គ។​ ៣១នៅ​ពេល​​ ចំអក​ឲ្យព្រះអង្គ​រួចហើយ ពួកគេ​ក៏​ដោះ​អាវ​វែង​​នោះ​​ចេញ បំពាក់​អាវ​របស់​ព្រះអង្គ​ឲ្យ​ព្រះអង្គ​​វិញ រួច​នាំ​ព្រះអង្គ​ទៅ​​ឆ្កាង។​

ការ​ឆ្កាង​ព្រះយេស៊ូ

៣២ពេល​​កំពុង​ចេញ​ទៅ​​នោះ ពួកគេ​ឃើញ​បុរស​​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​អ្នក​ក្រុង​គីរេន​ ពួកគេ​បង្ខំ​គាត់​ឲ្យលី​ឈើ​​ឆ្កាង​របស់​​ព្រះអង្គ។​ ៣៣ពេល​មក​ដល់​កន្លែង​មួយ​ឈ្មោះ​ គាល់​កូថា​ ដែល​ហៅ​ថា​​ តំបន់​លលា​ដ៍​ក្បាល​ ៣៤នោះ​ពួកគេ​ក៏​ឲ្យ​ព្រះអង្គផឹក​ស្រា​ទំពាំង​បាយ​ជូរ​ ដែល​លាយ​នឹង​សារធាតុ​​ម្យ៉ាង​មាន​ជាតិ​ល្វីង។​ ពេល​ព្រះអង្គ​ភ្លក់​​​ហើយ​ នោះព្រះអង្គមិន​ព្រម​ផឹក​ទេ។​ ៣៥កាល​​​​ឆ្កាង​ព្រះអង្គ​រួច​ហើយ ពួកគេនាំគ្នា​​ចាប់​ឆ្នោត​ចែក​អាវ​របស់​ព្រះអង្គ​ ៣៦ហើយ​​អង្គុយ​យាម​ព្រះអង្គ​នៅ​ទីនោះ។ ៣៧ពួកគេ​​ដាក់​ស្លាកនៅ​ខាង​លើ​ព្រះ​សិរ​​​របស់​ព្រះអង្គ​​ ដែល​សរសេរ​​ពី​ទោស​របស់​ព្រះអង្គ​​ថា​៖ «នេះ​ជា​យេស៊ូ ជា​ស្ដេច​​របស់​ជនជាតិ​​យូដា»។​ ៣៨នៅ​ពេល​នោះ​ មាន​ចោរ​ពីរ​នាក់​ត្រូវ​​​​គេ​​ឆ្កាង​ជាមួយ​ព្រះអង្គ​ដែរ​ គឺ​ម្នាក់​​នៅ​ខាង​ស្ដាំ​ និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង។​ ៣៩ពួក​អ្នក​ដែល​ដើរ​កាត់​ទីនោះ​ បាន​​ប្រមាថ​​ព្រះអង្គ​​ ហើយ​គ្រវី​ក្បាល ​៤០ទាំង​​​​និយាយ​​ថា​៖ «ឱ អ្នក​បំផ្លាញ​ព្រះ​វិហារ​ ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ! ចូរ​សង្គ្រោះ​ខ្លួន​ឯង​ទៅ! បើ​អ្នក​ជា​ព្រះរាជបុត្រា​របស់​ព្រះជាម្ចាស់​មែន ចូរ​ចុះ​ពី​ឈើ​​ឆ្កាង​មក!»​​ ៤១ពួក​សម្ដេច​សង្ឃ​ ​ជាមួយ​ពួក​គ្រូ​វិន័យ​ និង​ពួក​ចាស់ទុំ​​ ក៏​ចំអក​ឲ្យព្រះអង្គ​​បែប​ដូច្នោះ​ដែរ​ ថា​៖​ ៤២«វា​សង្គ្រោះគេ​បាន ប៉ុន្ដែ​​ សង្គ្រោះ​ខ្លួន​ឯង​មិន​បាន​ទេ ហើយ​វាជា​​ស្ដេច​អ៊ីស្រាអែល! ឲ្យ​វា​ចុះ​ពី​ឈើ​​ឆ្កាង​ឥឡូវ​នេះ​មក នោះ​យើង​នឹង​ជឿ​វា​ ៤៣វា​ទុកចិត្ត​លើ​ព្រះជាម្ចាស់​ ឥឡូវ​នេះ​ បើ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​​​នឹង​វា​មែន ទុក​ឲ្យព្រះអង្គ​សង្គ្រោះ​វា​ទៅ ដ្បិត​​វា​បាន​និយាយ​ថា​ ខ្ញុំ​ជា​ព្រះរាជបុត្រា​ព្រះជាម្ចាស់»។​ ៤៤ឯពួក​ចោរ​ដែល​ជាប់​ឆ្កាង​ជាមួយ​ព្រះអង្គ ​ក៏​ប្រមាថ​ព្រះអង្គ​ដូចគ្នា​​ដែរ។​

ការ​សោយទិវង្គត​​របស់ព្រះយេស៊ូ

៤៥ចាប់​ពី​ម៉ោង​ ដប់​ពីរ​ថ្ងៃ​ត្រង់ភាព​ងងឹត​បាន​គ្រប​ដណ្តប់​លើ​តំបន់​នោះ​​ទាំង ​មូល​រហូត​ដល់​ម៉ោង​​បីរសៀល​ ៤៦ហើយ​នៅ​​ប្រហែល​ម៉ោង​បី​រសៀល​ ព្រះ​យេស៊ូ​ស្រែក​ដោយ​សំឡេង​​ខ្លាំងៗ​ថា​៖ «អេលី អេលី ឡាម៉ា​សាបាច់​ថានី​?» ដែល​​មាន​ន័យ​​ថា«ឱព្រះជាម្ចាស់​នៃ​ខ្ញុំ​​!ព្រះជាម្ចាស់​នៃ​ខ្ញុំអើយ! ហេតុ​អ្វី​ព្រះ​អង្គ​បោះ​​បង់​ខ្ញុំចោល​ដូច្នេះ​?» ​៤៧ហើយ​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទីនោះ​បាន​ស្ដាប់​ឮ ក៏​និយាយ​ថា​៖ «អ្នក​នេះ​ស្រែក​រក​លោក​អេលីយ៉ា​ហើយ»​ ៤៨ភ្លាម​នោះ​ បុរស​​ម្នាក់​នៅ​ក្នុង​ចំណោម​ពួកគេ​ បាន​រត់ទៅ​យក​សារាយ​ស្ងួត​ជ្រលក់​ទឹក​ខ្មេះ​ ដាក់​​នឹង​​ដើម​ត្រែង​ ហុច​ឲ្យព្រះអង្គ​ផឹក​ ​៤៩តែ​​អ្នក​ផ្សេង​​ទៀត​និយាយ​ថា​៖ «ចូរ​យើង​កុំ​ធ្វើ​អី​គាត់​ ចាំ​​​មើល​ ​​តើ​លោក​អេលីយ៉ា​មក​​សង្គ្រោះ​គាត់​ដែរ​​ឬអត់»។​ ៥០ព្រះ​យេស៊ូ​ក៏​ស្រែក​ដោយ​សំឡេង​​ខ្លាំងៗ​ម្ដង​ទៀត​ រួច​បាន​​ប្រគល់​វិញ្ញាណ​ទៅ ៥១​ពេល​នោះ​ ​វាំងនន​នៅ​ក្នុង​ព្រះ​វិហារ​ ស្រាប់​តែ​រហែក​ជា​ពីរ​ចាប់​ពី​លើ​រហូត​ដល់​ក្រោម ហើយ​ផែនដី​បាន​រញ្ជួយ ឯ​ផ្ទាំង​ថ្ម​ក៏​ប្រេះ​ ៥២ផ្នូរ​បាន​របើក​ឡើង ហើយ​រូបកាយ​អ្នក​បរិសុទ្ធ​ជា​ច្រើន​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ​ បាន​រស់​​ឡើង​​វិញ​ ៥៣និង​បាន​ចេញ​ពី​ផ្នូរ​មក ក្រោយ​​ពេល​ព្រះអង្គ​រស់​ឡើង​វិញ​ ហើយ​ក៏​បាន​ចូល​ទៅ​ក្នុង​ទីក្រុង​បរិសុទ្ធ​ ទាំង​បង្ហាញ​ខ្លួន​ដល់​មនុស្ស​ជា​ច្រើន​ផង។​ ៥៤កាល​នាយ​ទាហាន និងពួក​អ្នក​​នៅ​យាម​ព្រះ​យេស៊ូ​​ ជាមួយ​គាត់​ បាន​ឃើញ​ផែនដី​រញ្ជួយ​ និងហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​ ក៏​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ​ទាំង​និយាយ​ថា​៖ «អ្នក​នេះ​​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ពិត​មែន»។​ ៥៥នៅ​ទីនោះ​មាន​ស្រ្តី​ជា​ច្រើន​ ដែល​បាន​តាម​បម្រើ​ព្រះ​យេស៊ូ ​ពី​ស្រុក​កាលីឡេ​​ផង​ដែរ​ ពួក​នាង​បាន​សម្លឹង​មើល​ពី​ចម្ងាយ​ ៥៦នៅ​ក្នុង​ចំណោម​នោះ​មាន នាង​ម៉ារា​ ជា​​អ្នក​ក្រុង​ម៉ាក់ដាឡា​ និង​នាង​ម៉ារា​ ជា​​ម្តាយ​របស់​លោក​យ៉ាកុប និងលោក​យ៉ូសេស ព្រម​ទាំង​ប្រពន្ធ​​របស់​លោក​សេបេដេផង។

ការ​បញ្ចុះ​សព​ព្រះយេស៊ូ

៥៧លុះ​ដល់​ពេល​ល្ងាច បុរស​អ្នក​មាន​ម្នាក់​មក​ពី​ក្រុង​អើរីម៉ាថេ ​ឈ្មោះ​យ៉ូសែប ជា​សិស្ស​របស់​ព្រះ​យេស៊ូ​ដែរ​នោះ​ បាន​​មក​ដល់ ៥៨គាត់​បាន​ទៅ​ជួប​​លោក​ពីឡាត់​សុំ​យក​សព​ព្រះ​យេស៊ូ ពេល​នោះ​លោក​ពីឡាត់​ ក៏​បង្គាប់​ឲ្យ​​គេ​ប្រគល់​សព​​ឲ្យ។​ ៥៩លោក​យ៉ូសែប​បាន​យក​​សព​រុំ​នឹង​សំពត់​ទេស​ឯក​ស្អាត​មួយ​ ៦០ហើយក៏​បញ្ចុះ​សព​ក្នុង​ផ្នូរ​ថ្មី​របស់​​គាត់​ ដែល​គាត់​បាន​ដាប់​នៅ​ក្នុង​ថ្ម។​ កាល​បាន​​ប្រមៀល​​ថ្ម​​​ធំ​មួយ​បិទ​ច្រក​ចូល​ផ្នូររួច​ គាត់​ក៏​ចាក​ចេញ​ទៅ​ ៦១ឯ​​នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​ និង​នាង​ម៉ារា​ម្នាក់​ទៀត​​​​បាន​អង្គុយ​នៅមុខ​ផ្នូរ​ទីនោះ​ដែរ។​

ពួក​ទាហាន​យាម​ផ្នូរ​ព្រះយេស៊ូ

៦២នៅ​ថ្ងៃ​បន្ទាប់​ ក្រោយ​ថ្ងៃ​រៀប​ចំ​ ពួក​សម្ដេច​សង្ឃ​​ និងពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ បាន​​ជួបជុំ​គ្នា​ជាមួយ​​លោក​ពីឡាត់​ ៦៣ប្រាប់​ថា​៖ «លោក​ម្ចាស់! យើងនៅចាំ​ថា ជន​បោក​ប្រាស់​ម្នាក់​នោះ​បាន​និយាយ​ កាល​នៅ​រស់​នៅ​ឡើយ​ថា​​ បី​ថ្ងៃ​ក្រោយ ខ្ញុំ​នឹង​រស់​ឡើង​វិញ​ ៦៤ដូច្នេះ សូម​លោក​បង្គាប់​​គេឲ្យយាម​ផ្នូរ​​ដល់​ថ្ងៃ​ទីបី​ ក្រែង​លោ​ពួក​សិស្ស​របស់វា ​មក​លួច​យក​សព រួច​ប្រាប់​ប្រជាជន​​ថា វា​​រស់​ពី​ស្លាប់​ឡើង​វិញ។​ ការ​បោក​ប្រាស់​លើក​ចុង​ក្រោយ ​នេះ​ មុខ​ជា​​អាក្រក់​ជាង​លើក​មុន​ទៅ​ទៀត»។ ៦៥លោក​ពីឡាត់​និយាយ​ទៅ​ពួកគេ​ថា​៖ «អ្នក​រាល់​គ្នា​មាន​អ្នកយាម​​ហើយ ចូរ​ទៅ​យាម​តាម ​ដែល​អ្នក​រាល់​គ្នា​យល់​ឃើញ​ចុះ» ៦៦ពួកគេ​ក៏​​ចេញ​ទៅ​ ហើយដាក់​អ្នកយាម​ឲ្យយាម​ផ្នូរ​ និងបាន​​​បោះត្រា​​នៅលើ​​ថ្ម​បិទ​ផ្នូរ​នោះ​ទៀត​​ផង។​

ម៉ាថាយ ២៧