ម៉ាថាយ ២៦
មេដឹកនាំសាសនារៀបផែនការសម្លាប់ព្រះយេស៊ូ
២៦កាលព្រះយេស៊ូ បាន បញ្ចប់ព្រះបន្ទូលទាំងអស់នេះហើយ ព្រះអង្គក៏មានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ ២«អ្នករាល់គ្នាដឹងថា ពីរថ្ងៃទៀត ដល់ថ្ងៃបុណ្យរំលងហើយ ឯកូនមនុស្សវិញ ក៏ត្រូវគេបញ្ជូនឲ្យទៅជាប់ឆ្កាងដែរ»។ ៣នៅពេលនោះ ពួកសម្ដេចសង្ឃ និងពួកចាស់ទុំរបស់ប្រជាជន បានប្រមូលផ្ដុំគ្នានៅក្នុងផ្ទះរបស់សម្ដេចសង្ឃម្នាក់ ឈ្មោះកៃផា ៤ពួកគេបានពិភាក្សាគ្នា ដើម្បីចាប់ព្រះយេស៊ូដោយឧបាយកល រួចសម្លាប់ព្រះអង្គ ៥ប៉ុន្ដែពួកគេនិយាយថា៖ «កុំធ្វើនៅក្នុងពេលបុណ្យអី ក្រែងលោកើតមានចលាចលក្នុងចំណោមប្រជាជន»។
ព្រះយេស៊ូទទួលប្រេងក្រអូបនៅ ក្រុងបេថានី
៦ពេលព្រះយេស៊ូកំពុងគង់នៅក្នុងផ្ទះរបស់លោកស៊ីម៉ូន ជាមនុស្សឃ្លង់នៅក្រុងបេថានី ៧នោះស្ដ្រីម្នាក់បានចូលមកជិតព្រះអង្គ ដោយមានកាន់ប្រេងក្រអូបមួយដប ដ៏មានតម្លៃបំផុតផង។ នាងក៏ចាក់ប្រេងក្រអូបនោះ លើព្រះសិរ របស់ព្រះអង្គ ពេលព្រះអង្គកំពុងអង្គុយនៅតុអាហារ។ ៨ពេលពួកសិស្សឃើញដូច្នេះ ក៏និយាយ ទាំងខឹងថា៖ «ម្ដេចបង្ហិនដូច្នេះ? ៩ដ្បិតប្រេងនេះអាចលក់បានថ្លៃ ហើយអាចចែកទានដល់អ្នកក្របាន»។ ១០កាលព្រះយេស៊ូជ្រាបហើយ ក៏មានបន្ទូលទៅពួកគេថា៖ «ហេតុអ្វីអ្នករាល់គ្នាបង្ករឿង នឹងស្ដ្រីនេះដូច្នេះ? គឺនាងបានធ្វើកិច្ចការដ៏ប្រសើរដល់ខ្ញុំ។ ១១ដ្បិតអ្នកក្រតែងនៅជាមួយអ្នករាល់គ្នាជានិច្ច ឯខ្ញុំវិញមិននៅជាមួយអ្នករាល់គ្នារហូតទេ ១២ប៉ុន្ដែស្រ្តីនេះបានចាក់ប្រេងក្រអូបនេះ លើខ្លួនខ្ញុំ ដើម្បីរៀបចំបញ្ចុះសពរបស់ខ្ញុំ ១៣ខ្ញុំប្រាប់អ្នករាល់គ្នាជាបា្រកដថា នៅក្នុងពិភពលោកទាំងមូល នៅទីណាក៏ដោយដែលគេប្រកាសដំណឹងល្អ គេក៏និយាយអំពីអ្វីដែលស្រ្តីម្នាក់នេះបានធ្វើដែរ ដើម្បីជាការរំឭកដល់នាង»។ ១៤នៅពេលនោះសាវកម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរ ឈ្មោះយូដាសអ៊ីស្ការីយ៉ុត បានទៅជួបពួកសម្ដេចសង្ឃ ១៥ប្រាប់ថា៖ «ខ្ញុំនឹងប្រគល់គាត់ឲ្យពួកលោក តើពួកលោកនឹងឲ្យអ្វីខ្ញុំ?» ពួកគេក៏ឲ្យគាត់សាមសិបកាក់ប្រាក់។ ១៦តាំងពីពេលនោះមក គាត់ក៏រកឱកាស ដើម្បីប្រគល់ព្រះអង្គឲ្យពួកគេ។
យូដាសអ៊ីស្ការីយ៉ុតយល់ព្រមក្បត់ ព្រះយេស៊ូ
១៧នៅថ្ងៃទីមួយ នៃថ្ងៃបុណ្យនំបុ័ងឥតមេ ពួកសិស្សបានចូលមកជិតព្រះយេស៊ូទូលសួរថា៖ «តើលោកចង់ឲ្យ យើង រៀបចំឲ្យលោកបរិភោគក្នុងពិធីបុណ្យរំលងនៅទីណា?» ១៨ព្រះអង្គមានបន្ទូលថា៖ «ចូរទៅឯបុរសម្នាក់នៅក្នុងក្រុង ហើយប្រាប់គាត់ថា លោកគ្រូនិយាយថា ពេលកំណត់របស់ខ្ញុំជិតដល់ហើយ ខ្ញុំនឹងធ្វើបុណ្យរំលងជាមួយពួកសិស្សរបស់ខ្ញុំនៅកន្លែងអ្នក»។ ១៩ពួកសិស្សក៏ធ្វើ ដូចដែលព្រះយេស៊ូបានបង្គាប់ ហើយពួកគេក៏រៀបចំពិធីបុណ្យរំលង។ ២០លុះដល់ពេលល្ងាច ព្រះអង្គក៏បានអង្គុយនៅតុអាហារជាមួយសាវកទាំងដប់ពីរ ២១ហើយពេលពួកគេកំពុងបរិភោគ ព្រះអង្គមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាបា្រកដថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងក្បត់ខ្ញុំ»។ ២២ពួកសិស្សកើតទុក្ខយ៉ាងខ្លាំង ហើយចាប់ផ្ដើមទូលសួរព្រះអង្គម្នាក់ម្ដងៗថា៖ «ព្រះអម្ចាស់អើយ! មិនមែនខ្ញុំទេ មែនទេ?» ២៣ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «គឺអ្នកដែលយកដៃ ជ្រលក់ក្នុងចានជាមួយខ្ញុំ អ្នកនោះហើយនឹងក្បត់ខ្ញុំ ២៤ដ្បិតកូនមនុស្សត្រូវទៅ ដូចដែលមានចែងអំពីលោកមែន ប៉ុន្ដែវេទនាដល់អ្នកដែលក្បត់កូនមនុស្ស ហើយជាការប្រសើរជាង បើអ្នកនោះមិនបានកើតមកទេ» ២៥នោះយូដាស ជាអ្នកក្បត់ព្រះអង្គ បានទូលតបថា៖ «លោកគ្រូ តើជាខ្ញុំឬ?» ព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «អ្នកនិយាយត្រូវហើយ»។
អាហារចុងក្រោយរបស់ព្រះអម្ចាស់
២៦កាលពួកគេកំពុងបរិភោគ នោះព្រះយេស៊ូបានយកនំបុ័ងមក ឲ្យពរ ហើយកាច់ចែកឲ្យពួកសិស្ស ទាំងមានបន្ទូលថា៖ «ចូរទទួល ហើយបរិភោគចុះ នេះជារូបកាយរបស់ខ្ញុំ» ២៧បន្ទាប់មក ព្រះអង្គយកពែងមកអរព្រះគុណ ហើយឲ្យពែងនោះដល់ពួកគេ ទាំងមានបន្ទូលថា៖ «ចូរអ្នកទាំងអស់គ្នាផឹកពីពែងនេះចុះ ២៨ដ្បិតនេះជាឈាមរបស់ខ្ញុំ គឺជាឈាមនៃកិច្ចព្រមព្រៀង ដែលបានបង្ហូរ ដើម្បីលើកលែងទោសបាបដល់មនុស្សជាច្រើន។ ២៩ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមិនផឹកពីផលទំពាំងបាយជូរទៀតទេ រហូតដល់ថ្ងៃ ដែលខ្ញុំនឹងផឹកវាជាថ្មីជាមួយអ្នករាល់គ្នានៅក្នុងនគរព្រះវរបិតារបស់ខ្ញុំ»។ ៣០ក្រោយពី ច្រៀងចម្រៀងសរសើរតម្កើងរួច ពួកគេក៏ចេញទៅភ្នំដើម
អូលីវ។
ព្រះយេស៊ូប្រាប់ឲ្យដឹងមុនថា លោកពេត្រុសនឹងបដិសេធព្រះអង្គ
៣១ក្រោយមក ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «យប់នេះ ដោយព្រោះខ្ញុំ អ្នកទាំងអស់គ្នានឹងជំពប់ដួល ដ្បិតមានសេចក្ដីចែងទុកមកថា យើងនឹងវាយអ្នកគង្វាល ហើយហ្វូងចៀមនឹងខ្ចាត់ខ្ចាយទៅ ៣២ប៉ុន្ដែបន្ទាប់ពីខ្ញុំរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»។ ៣៣លោកពេត្រុស ទូលទៅព្រះអង្គថា៖ «ទោះជាមនុស្សគ្រប់គ្នាជំពប់ដួល ក៏ដោយ ក៏ខ្ញុំមិនជំពប់ដួលឡើយ» ៣៤ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាបា្រកដថា នៅយប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ» ៣៥នោះលោកពេត្រុសទូលទៅព្រះអង្គវិញថា៖ «ទោះបីខ្ញុំត្រូវស្លាប់ជាមួយលោកក៏ដោយ ក៏ខ្ញុំមិនបដិសេធលោកជាដាច់ខាត»។ ពួកសិស្សទាំងអស់គ្នាក៏និយាយដូច្នោះដែរ។
ព្រះយេស៊ូអធិស្ឋានក្នុងសួន គែតសេម៉ានី
៣៦ក្រោយមក ព្រះយេស៊ូជាមួយពួកសិស្សបានមកដល់កន្លែងមួយដែលមានឈ្មោះថា សួនគែតសេម៉ានី ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ចូរអង្គុយនៅទីនេះចុះ នៅពេលខ្ញុំទៅអធិស្ឋាននៅទីនោះ»។ ៣៧ព្រះអង្គយកលោកពេត្រុស និង កូនប្រុសទាំងពីរនាក់របស់លោកសេបេដេទៅជាមួយ ហើយព្រះអង្គចាប់ផ្ដើមមានទុក្ខព្រួយ និងពិបាកចិត្តយ៉ាងខ្លាំង។ ៣៨ព្រះអង្គមានបន្ទូលទៅអ្នកទាំងបីនោះថា៖ «ខ្ញុំព្រួយចិត្តខ្លាំងណាស់ ស្ទើរស្លាប់ទៅហើយ ចូរនៅទីនេះជាមួយខ្ញុំ ហើយប្រុងស្មារតីឡើង»។ ៣៩កាលយាងទៅមុខបានបន្ដិច ព្រះអង្គក៏ក្រាបផ្កាប់មុខចុះ ហើយអធិស្ឋានថា៖ «ឱ ព្រះវរបិតារបស់ខ្ញុំអើយ! ប្រសិនបើអាច សូមឲ្យពែងនេះរំលងផុតពីខ្ញុំទៅ ប៉ុន្ដែកុំតាមបំណងរបស់ខ្ញុំឡើយ គឺតាមបំណងរបស់ព្រះអង្គវិញ» ៤០រួចព្រះអង្គយាងមកឯពួកសិស្សវិញ ក៏ឃើញពួកគេដេកលក់អស់ នោះព្រះអង្គមានបន្ទូលទៅលោកពេត្រុសថា៖ «តើពួកអ្នកទ្រាំនៅជាមួយខ្ញុំ ដោយមិនដេកតែមួយម៉ោងមិនបានទេឬ? ៤១ចូរប្រុងស្មារតីឡើង ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យធ្លាក់ក្នុងសេចក្ដីល្បួង ដ្បិតវិញ្ញាណប្រុងប្រៀបជាស្រេចមែន ប៉ុន្ដែរូបកាយខ្សោយទេ»។ ៤២ព្រះអង្គក៏យាងទៅម្ដងទៀត ហើយអធិស្ឋានជាលើកទីពីរថា៖ «ឱ ព្រះវរបិតារបស់ខ្ញុំអើយ! ប្រសិនបើខ្ញុំត្រូវតែផឹកពីពែងនេះ ដោយចៀសពុំរួចមែន សូមឲ្យសម្រេចតាមបំណងព្រះអង្គចុះ» ៤៣ពេលព្រះអង្គយាងមកវិញ ក៏ឃើញពួកគេដេកលក់ទៀត ព្រោះពួកគេបើកភ្នែកមិនរួច ៤៤ព្រះអង្គក៏យាងចេញពីពួកគេម្ដងទៀត ហើយមានបន្ទូលអធិស្ឋានជាលើកទីបីតាមពាក្យដដែល។ ៤៥ក្រោយមក ព្រះអង្គក៏យាងមកឯពួកសិស្សវិញ ហើយមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នានៅដេក និងសម្រាកដល់ពេលណាទៀត មើល៍ ជិតដល់ពេលកំណត់ហើយ កូនមនុស្សនឹងត្រូវគេប្រគល់ទៅក្នុងដៃរបស់ពួកមនុស្សបាប ៤៦ចូរក្រោកឡើង យើងនាំគ្នាទៅ មើល៍ អ្នកក្បត់ខ្ញុំមកជិតដល់ហើយ»។
ការចាប់ខ្លួនព្រះយេស៊ូ
៤៧កាលព្រះអង្គកំពុងមានបន្ទូលនៅឡើយ នោះយូដាសជាម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរក៏មកដល់ ហើយមានបណ្តាជនជាច្រើនប្រដាប់ដោយដាវ និងដំបងមកជាមួយគាត់ដែរ អ្នកទាំងនោះមកពីខាងពួកសម្ដេចសង្ឃ និងពួកចាស់ទុំរបស់ប្រជាជន។ ៤៨អ្នកក្បត់ព្រះអង្គម្នាក់នោះ បានឲ្យសញ្ញាដល់ពួកគេ ដោយនិយាយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ ចូរចាប់គាត់ចុះ» ៤៩គាត់ចូលមកជិតព្រះយេស៊ូភ្លាម ហើយទូលថា៖ «ជម្រាបសួរលោកគ្រូ» រួចក៏ថើបព្រះអង្គ។ ៥០ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «សម្លាញ់អើយ! អ្នកមកដើម្បីអ្វី ចូរធ្វើចុះ» បន្ទាប់មក ពួកគេក៏ចូលមកជិត ហើយលូកដៃចាប់ព្រះយេស៊ូ ៥១នោះមានម្នាក់ក្នុងចំណោមពួកអ្នកនៅជាមួយព្រះយេស៊ូបានលូកដៃហូតដាវរបស់ខ្លួន កាប់ដាច់ត្រចៀកបាវបម្រើម្នាក់របស់សម្ដេចសង្ឃ ៥២ពេលនោះ ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរទុកដាវរបស់អ្នក ទៅក្នុងកន្លែងរបស់វាវិញទៅ ដ្បិតអស់អ្នកដែលរើសយកដាវ នឹងស្លាប់ដោយដាវ ៥៣ឬមួយអ្នកគិតថា នៅពេលនេះ ខ្ញុំមិនអាចសុំព្រះវរបិតារបស់ខ្ញុំ ឲ្យព្រះអង្គប្រទានពួកទេវតាលើសពី ដប់ពីរកងដល់ខ្ញុំបានទេឬ? ៥៤បើធ្វើដូច្នេះ តើបទគម្ពីរដែលចែងថា ត្រូវតែកើតឡើងដូច្នេះ នឹងអាចសម្រេចបានយ៉ាងដូចម្តេច?»
៥៥នៅពេលនោះ ព្រះយេស៊ូក៏មានបន្ទូលទៅបណ្តាជនថា៖ «តើអ្នករាល់គ្នាមកតទល់នឹងចោរឬអី បានជាមកចាប់ខ្ញុំទាំងមានដាវ និងដំបងដូច្នេះ? ខ្ញុំអង្គុយបង្រៀននៅក្នុងព្រះវិហាររាល់ថ្ងៃ នោះអ្នករាល់គ្នាមិនចាប់ខ្ញុំទេ ៥៦ប៉ុន្ដែការទាំងអស់នេះកើតឡើង ដើម្បីសម្រេចតាមបទគម្ពីររបស់អ្នកនាំព្រះបន្ទូល»។ ពេលនោះ ពួកសិស្សក៏រត់គេចខ្លួនចោលព្រះអង្គទាំងអស់គ្នា។
ព្រះយេស៊ូនៅចំពោះមុខក្រុមប្រឹក្សាកំពូល
៥៧ពួកអ្នកដែលចាប់ព្រះយេស៊ូ ក៏នាំព្រះអង្គទៅឯសម្ដេចសង្ឃកៃផា ជាកន្លែងដែលពួកគ្រូវិន័យ និងពួកចាស់ទុំបានជួបជុំគ្នា។ ៥៨លោកពេត្រុសបានដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ក្នុងផ្ទះរបស់សម្ដេចសង្ឃ ហើយបានចូលទៅអង្គុយជាមួយពួកអ្នកបម្រើការ នៅខាងក្នុងដើម្បីមើលលទ្ធផល។ ៥៩ពួកសម្ដេចសង្ឃ និងក្រុមបឹ្រក្សាកំពូលទាំងមូល បានរកភស្តុតាងក្លែងក្លាយប្រឆាំងព្រះយេស៊ូ ដើម្បីអាចសម្លាប់ព្រះអង្គបាន ៦០ប៉ុន្ដែពួកគេរកមិនបានសោះ ទោះបីមានសាក្សីក្លែងក្លាយជាច្រើនបានចូលមកក៏ដោយ។ នៅទីបំផុត ក៏មានពីរនាក់បានចូលមក ៦១និយាយថា៖ «ម្នាក់នេះបាននិយាយថា ខ្ញុំអាចបំផ្លាញ ព្រះវិហាររបស់ព្រះជាម្ចាស់បាន ហើយសង់ឡើងវិញក្នុងរយៈពេលបីថ្ងៃ»។ ៦២សម្ដេចសង្ឃក៏ក្រោកឈរឡើង និយាយទៅព្រះអង្គថា៖ «តើអ្នកគ្មានចម្លើយអ្វីសម្រាប់ការ ដែលអ្នកទាំងនេះបានចោទ ប្រកាន់អ្នកទេឬ?» ៦៣ព្រះយេស៊ូនៅស្ងៀម សម្ដេចសង្ឃក៏និយាយទៅព្រះអង្គទៀតថា៖ «ខ្ញុំសូមឲ្យអ្នកស្បថនឹងព្រះជាម្ចាស់ ដ៏មានព្រះជន្មរស់ ចូរអ្នកប្រាប់យើងមក តើអ្នកជាព្រះគិ្រស្ដ ដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែនឬ?» ៦៤នោះព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «លោកនិយាយត្រូវហើយ តែខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយនៅខាងស្ដាំព្រះជាម្ចាស់ដ៏មានអំណាច ហើយមកជាមួយពពកលើមេឃ»។ ៦៥ពេលនោះ សម្ដេចសង្ឃក៏ហែកអាវរបស់ខ្លួន រួចនិយាយថា៖ «វាប្រមាថព្រះជាម្ចាស់ហើយ តើយើងនៅត្រូវការសាក្សីធ្វើអ្វីទៀត? ពេលនេះ អ្នករាល់គ្នាបានស្ដាប់ឮពាក្យប្រមាថ ដល់ព្រះជាម្ចាស់ហើយ ៦៦តើអ្នករាល់គ្នាគិតយ៉ាងដូចម្ដេចដែរ?» ពួកគេតបវិញថា៖ «វាសមតែស្លាប់» ៦៧បន្ទាប់មក ពួកគេស្តោះទឹកមាត់ដាក់ព្រះភក្រ្ដព្រះអង្គ ដាល់ព្រះអង្គ ហើយទះកំផ្លៀងព្រះអង្គ ៦៨ទាំងនិយាយថា៖ «ព្រះគ្រិស្ដអើយ! ទាយប្រាប់យើងមើល៍ តើអ្នកណាវាយឯង?»
លោកពេត្រុសបដិសេធព្រះយេស៊ូ
៦៩ពេលលោកពេត្រុស កំពុងអង្គុយនៅខាងក្រៅផ្ទះ មានសី្របម្រើម្នាក់ចូលមកជិតគាត់ និយាយថា៖ «អ្នកក៏នៅជាមួយយេស៊ូ អ្នកស្រុកកាលីឡេដែរ» ៧០ប៉ុន្ដែ លោកពេត្រុសបដិសេធនៅចំពោះមុខមនុស្សគ្រប់គ្នាថា៖ «ខ្ញុំមិនដឹងថា អ្នកកំពុងនិយាយអំពីអ្វីទេ»។ ៧១ពេលចេញទៅក្រៅដល់មាត់ទ្វារ មានស្រីម្នាក់ទៀតបានឃើញគាត់ ក៏ប្រាប់ពួកអ្នកនៅទីនោះថា៖ «ម្នាក់នេះក៏នៅជាមួយយេស៊ូអ្នកក្រុងណាសារ៉ែតដែរ» ៧២នោះលោកពេត្រុស បានបដិសេធ ដោយស្បថម្ដងទៀតថា៖ «ខ្ញុំមិនស្គាល់មនុស្សនោះទេ» ៧៣បន្តិចក្រោយមក ពួកអ្នកកំពុងឈរ ក៏ចូលមកជិតលោកពេត្រុសនិយាយថា៖ «ប្រាកដណាស់ អ្នកជាម្នាក់ នៅក្នុងចំណោមពួកគេដែរ ព្រោះសូម្បីតែសំឡេងរបស់អ្នកក៏បញ្ជាក់ច្បាស់ដែរ» ៧៤ពេលនោះ លោកពេត្រុសក៏ចាប់ផ្តើមប្រមាថ ទាំងស្បថថា៖ «ខ្ញុំមិនស្គាល់មនុស្សនោះទេ» ស្រាប់តែមាន់រងាវឡើង។ ៧៥លោកពេត្រុសក៏នឹកចាំពីព្រះបន្ទូលរបស់ព្រះយេស៊ូ ដែលមានបន្ទូលថា៖ «មុនមាន់រងាវ អ្នកនឹងបដិសេធខ្ញុំបីដង»។ គាត់ក៏ចេញទៅក្រៅ ទាំងទ្រហោយំយ៉ាងក្ដុកក្ដួល។