KCB - ម៉ាថាយ ២៤


ម៉ាថាយ ២៤

ព្រះយេស៊ូប្រាប់​​មុន​អំពីការ​បំផ្លាញ ​ព្រះវិហារ​

២៤កាល ​​ព្រះយេស៊ូ​កំពុង​​យាងចេញ​ពី​ ព្រះ​វិហារ​ទៅ ពួក​សិស្ស​របស់​ព្រះអង្គ​ ក៏​​ចូលមកជិត​​ព្រះ​អង្គ​​ ហើយ​​បង្ហាញ​ព្រះអង្គពី​អគារ​ព្រះ​វិហារ។ ​​​ព្រះអង្គ​មានបន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា​៖ «តើ​អ្នករាល់គ្នា​មិន​ឃើញ​របស់​ទាំង​អស់​នោះ​ទេ​ឬ​? ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជាបា្រកដ​ថា ថ្ម​ដែល​​ត្រួត​លើ​គ្នា​នៅទីនេះ​ នឹង​​ត្រូវ​រើចោល​គ្មានសល់​ឡើយ»។​

ព្រះយេស៊ូបង្រៀន​ពីទីសំគាល់​​ថ្ងៃចុង​ក្រោយ​

​កាល​​ព្រះ​អង្គ​​អង្គុយ ​នៅលើ​ភ្នំ​ដើម​អូលីវ​ នោះ​ពួក​សិស្ស​បាន​ចូលមកជិត​ព្រះ​អង្គ​ដាច់ឡែក​ពី​គេ​ ទូលសួរ​ថា​៖ «សូម​ប្រាប់​យើងផង​​​ តើ​ការទាំងនេះ​នឹង​កើតឡើង​នៅពេលណា​? តើ​ទី​សំគាល់​នៃ​ការមកដល់​​របស់​លោក និងគ្រា​​ចុង​បញ្ចប់​មាន​អ្វីខ្លះ?» ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​​​​ទៅ​ពួកគេថា​៖ «ចូរ​ប្រយ័ត្ន កុំឲ្យអ្នក​ណា​ បោក​​បញ្ឆោត​អ្នក​រាល់​គ្នា​បាន​ឡើយ​ ដ្បិត​មនុស្ស​ជា​ច្រើន​នឹង​មក​ក្នុង​​ឈ្មោះ​ខ្ញុំ​ ហើយ​ថា ខ្ញុំ​នេះ​ហើយ​​ជា​ព្រះគិ្រស្ដ ពួកគេ​នឹង​បោក​បញ្ឆោត​មនុស្ស​ជា​ច្រើន។​ អ្នករាល់គ្នា​នឹង​ឮ​ពី​សង្គ្រាម និងដំណឹង​អំពី​សង្គ្រាម ប៉ុន្ដែ​ ចូរ​ប្រយ័ត្ន កុំ​ជ្រួលច្របល់​​អី​ ព្រោះ​ការទាំងអស់នេះ​ត្រូវតែ​កើតឡើង​ ប៉ុន្ដែ​ មិនទាន់​ដល់​​ទីបញ្ចប់​ទេ​ ដ្បិត​ជន​ជាតិ​មួយ​នឹង​ក្រោកឡើង​ ទាស់នឹង​ជន​ជាតិមួយ​ ប្រទេស​មួយ​ទាស់នឹង​ប្រទេស​មួយ​ ព្រម​ទាំង​មាន​គ្រោះ​អត់​ឃ្លាន ​និង​ការរញ្ជួយដី​​ច្រើន​កន្លែង​​ ទាំង​អស់​នេះ​​ជា​ការចាប់ផ្តើម ​នៃ​​ទុក្ខ​វេទនា​​ដ៏​សម្បើម​​ ដូច​ស្ដ្រី​​ហៀប​​នឹង​​សម្រាល​កូន​​ បន្ទាប់​មក​ ពួកគេ​នឹង​ប្រគល់អ្នក​រាល់​គ្នា​ទៅ​ឲ្យ​មាន​សេចក្ដី​វេទនា​​ ​រួច​ពួកគេ​នឹង​សម្លាប់​​អ្នក​រាល់​គ្នា ហើយ​ជនជាតិ​​ទាំងអស់​នឹង​ស្អប់​អ្នក​រាល់គ្នា​ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​ ១០នៅពេលនោះ​ មនុស្ស​ជា​ច្រើន​នឹង​ជំពប់​ដួល ពួក​គេ​​ក្បត់​​គ្នា​​ទៅវិញទៅមក ហើយ​ស្អប់​គ្នា​​ទៅវិញទៅមក។ ១១អ្នកនាំព្រះបន្ទូល​ក្លែងក្លាយ​ជាច្រើន​ នឹង​ក្រោក​​ឡើង​​ ហើយ​ពួកគេ​នឹង​បោក​​បញ្ឆោត​មនុស្ស​ជាច្រើន។​ ១២ព្រោះតែ​សេចក្តី​ទុច្ចរិត​​​កើន​ឡើង ​នោះ​សេចក្ដី​ស្រឡាញ់​​​របស់​មនុស្ស​ជា​ច្រើន​​ នឹង​​រសាយ​ទៅ​ ​១៣តែ​អ្នក​ដែល​ស៊ូ​ទ្រាំ​ដល់​ទី​បំផុត​ អ្នកនោះ​នឹង​ទទួល​បាន ​សេចក្ដី​​សង្គ្រោះ។​ ១៤​ដំណឹង​ល្អ​អំពី​នគរ​ព្រះជាម្ចាស់​​នេះ​នឹង​ត្រូវ​ប្រកាស​ទូទាំង​​ពិភពលោក​​ ទុកជា​ទី​បន្ទាល់​​​មួយ​​ដល់​ជន​ជាតិ​​​ទាំង​អស់​ បន្ទាប់​មក​ទៀត​​ ​​​​ទី​បញ្ចប់ក៏​មកដល់។​

១៥ដូច្នេះ នៅ​ពេល​អ្នករាល់គ្នា​ឃើញ​អំពើ​​បំផ្លិច​បំផ្លាញ​ដ៏​លាមក​ កើត​ឡើង​នៅ​ទី​បរិសុទ្ធ ដូច​ដែល​បាន​ថ្លែង​ទុក​​តាមរយៈ​លោក​ដានីយ៉ែល​ ជា​អ្នកនាំព្រះបន្ទូល។ ​នោះ​ចូរ​​​ឲ្យ​អ្នក​​អាន​​យល់​ចុះ។​ ១៦​​នៅពេលនោះ​ ចូរ​​​ឲ្យពួក​អ្នក​នៅ​ស្រុក​យូដាភៀសខ្លួន​ទៅ​ភ្នំ​ចុះ​ ១៧ហើយ​​កុំ​ឲ្យអ្នក​នៅលើ​ដំបូល​ផ្ទះ ចុះ​មក​ក្រោម​​យក​របស់​របរ​ ពីក្នុង​ផ្ទះ​របស់​គាត់​ឲ្យ​សោះ។​ ១៨​កុំ​ឲ្យអ្នក​នៅ​ស្រែចម្ការ​បក​ក្រោយ​ទៅ​​យក​អាវ​​គាត់​ឲ្យសោះ។​ ១៩នៅ​គ្រា​នោះ​ ពួក​​ស្ដ្រី​​មាន​ផ្ទៃពោះ​ និងពួក​ស្ដ្រី​​កំពុង​បំបៅ​កូន​ នឹង​វេទនា​ណាស់។​ ២០ដូច្នេះ ចូរ​អធិស្ឋាន​ ដើម្បី​កុំ​ឲ្យការរត់គេច​របស់​អ្នករាល់គ្នា​ កើត​ឡើង​នៅ​រដូវ រងា ​ ឬថ្ងៃសប្ប័ទ​​ឡើយ​ ២១ពីព្រោះ​​​នៅពេលនោះ​ នឹង​មាន​ទុក្ខវេទនា​ដ៏​សម្បើម ​​គឺ​​មិន​ដែល​មាន​ទុក្ខវេទនា​បែប​នេះ​​ឡើយ ​​ចាប់​តាំង​​ពី​​ដើមកំណើត​​ពិភពលោក​រហូត​មក​ដល់​​ពេលនេះ​ ហើយក៏​​នឹង​មិន​កើត​ឡើង​​ទៀត​ដែរ​ ២២ហើយ​ដរាប​ណា ​ព្រះអម្ចាស់​​មិន​បង្រួញថ្ងៃ​ទាំងនោះ​ទេ នោះ​​គ្មាន​មនុស្ស​​ណា​ម្នាក់​​​បាន​ទទួល​សេចក្ដី​សង្គ្រោះ​​ឡើយ ប៉ុន្ដែ​ព្រះអង្គ​បង្រួញ​ថ្ងៃ​ទាំង​នោះ​សម្រាប់​​អស់ អ្នក​ដែល​​​​​​ព្រះអង្គ​បាន​​ជ្រើសរើស​ ២៣នៅ​ពេល​នោះ​ ប្រសិនបើ​មាន​នរណា​ម្នាក់​​ប្រាប់​អ្នក​រាល់គ្នា​ថា មើល៍ នែ​ ​ព្រះ​គិ្រស្ដ​​នៅទីនេះ​ ឬ​នៅ​ទី​នោះ​ ​ចូរ​​កុំ​ជឿ​​​ឲ្យ​សោះ​ ២៤ព្រោះ​ពួក​មនុស្ស​ ដែល​ក្លែង​ជា​ព្រះគិ្រស្ដ​ និងពួក​អ្នកនាំ​ព្រះបន្ទូល​ក្លែងក្លាយ​ជា​​ច្រើន​​នឹង​ក្រោកឡើង ​ហើយ​​គេ​នឹង​សំដែង​​ទីសំគាល់​ដ៏អស្ចារ្យ​ និងការ​អស្ចារ្យ​ដើម្បី​បោក​បញ្ឆោត​ សូម្បី​​អស់​​អ្នក​ដែល​​ត្រូវ​​បាន​ជ្រើស​រើស​​ ប្រសិនបើ​អាចធ្វើបាន​នោះ។​ ២៥មើល៍ ខ្ញុំ​បាន​បា្រប់​អ្នករាល់គ្នា​ជាមុន​រួចហើយ ​២៦ដូច្នេះ បើ​គេ​ប្រាប់​អ្នករាល់គ្នា​ថា ព្រះអង្គ​នៅ​ទីរហោឋាន​​ នោះ​កុំ​ចេញទៅ​ឲ្យ​សោះ​​ ឬ​​ថា​ មើល៍ ព្រះអង្គ​នៅក្នុង​បន្ទប់​នោះ​ កុំ​ជឿ​​​ឲ្យ​សោះ​​ ២៧ដ្បិត​កូន​មនុស្ស​​នឹង​មក​ ដូចជា​ ផ្លេកបន្ទោរ​ជះ​ពន្លឺ​ពី​ទិស​ខាងកើត​ដល់​ទិស​ខាងលិច ២៨ទីណា​មាន​​សាក សព​សត្វ​ត្មាត​ប្រមូលផ្ដុំគ្នា​នៅទីនោះ។​

ការ​យាង​មក​​លើក​ទី​ពីរ​របស់ព្រះយេស៊ូគ្រិស្ដ

២៩ប៉ុន្ដែ​នៅ​ក្រោយ​​គ្រា​ទុក្ខវេទនា​ទាំងនោះភ្លាម​ ដួងអាទិត្យនឹង​អាប់​រស្មី​ ហើយ​លោក​ខែ​នឹង​​មិន​បញ្ចេញ​​ពន្លឺ​ទៀតទេ​ ឯ​ផ្កាយ​ទាំងឡាយ​​​នឹង​​ធ្លាក់ចុះ​ពីលើ​មេឃ ហើយ​អំណាច​នៅ​ស្ថានសួគ៌​នឹង​រង្គោះ​រង្គើ។​ ៣០នៅពេលនោះ ទីសំគាល់​​របស់​​កូន​មនុស្ស​ ​នឹង​លេចមក​​នៅលើ​មេឃ ឯកុលសម្ព័ន្ធ​ទាំង​អស់​​នៅលើ​ផែនដី​នឹង​កាន់ទុក្ខ​​ ហើយពួក​គេ​​នឹង​ឃើញ​កូន​មនុស្ស​​មក​ នៅលើ​ពពក​នា​អាកាស​ប្រកប​ដោយ​អំណាច​ និងសិរីរុងរឿង​​ដ៏​អស្ចារ្យ។ ​៣១លោក​​នឹង​ចាត់​ពួក​ទេវតា​របស់​លោក ​​ដោយ​សំឡេង​​ត្រែ​លាន់រំពង​​ ហើយពួក​ទេវ​តា​​​នឹង​​ប្រមូល​​អស់​​​អ្នកដែល ​លោក​បាន​ជ្រើស​រើស​ទាំង​បួន​ទិស​ គឺ​ពី​ជើងមេឃម្ខាង​​ រហូត​ដល់​ជើង​មេឃ​ម្ខាងទៀត។​ ៣២​ចូរ​រៀន​​ពី​​រឿង​ប្រៀប​ប្រដូច​​អំពី​ដើម​ល្វា​ចុះ កាល​​​ណា​មែក​វា​ទន់ ហើយស្លឹក​វា​លាស់​ឡើង នោះ​អ្នក​រាល់​គ្នា​ដឹង​ថា​ រដូវ​​ក្ដៅ​ជិត​មក​ដល់​ហើយ​ ៣៣ដូច្នេះកាល​​ណា​អ្នក​រាល់​គ្នា ​ឃើញ​ហេតុ​ការណ៍​​ទាំង​អស់​នេះ ​កើត​ឡើង​​ នោះ​​អ្នក​រាល់​គ្នា​ដឹង​ថា ពេល​វេលា​​កាន់​តែ​​កៀក​បំផុត​ហើយ។ ៣៤ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​បា្រកដ​ថា មនុស្ស​​ជំនាន់​នេះ​នឹង​មិន​ស្លាប់​​អស់​​ឡើយ​ លុះ​ត្រាតែ​ ហេតុ​ការណ៍​​ ទាំង​អស់​​នេះ​កើតឡើង​សិន។​ ៣៥ផ្ទៃ​មេឃ និងផែនដី​នឹង​រលាយ​បាត់​ទៅ​ ប៉ុន្ដែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​រលាយ​បាត់​​សោះ​ឡើយ។​

គ្មាន​អ្នកណា​ដឹង​​ពី​ពេលវេលា​ដែល ​ព្រះយេស៊ូ​ត្រលប់​មក​វិញ​

៣៦ឯ​​ពេល​វេលា​ និងថ្ងៃកំណត់​ ក្រៅ​ពី​ព្រះវរបិតា​តែ​មួយអង្គ​​គត់​ គ្មាន​អ្នក​​ណា​ម្នាក់​ដឹង​ឡើយ​ សូម្បីតែ​ពួក​ទេវតា​នៅ​ស្ថានសួគ៌​ ឬ​ព្រះរាជបុត្រា​ ៣៧ដ្បិត​នៅ​សម័យ​​លោក​​ណូអេ​ មាន​​កើតឡើង​​ជា​​យ៉ាងណា​ កូន​មនុស្ស​​នឹង​មក​ជា​​យ៉ាងនោះដែរ។​ ៣៨​​សម័យ​នោះ មុន​មាន​​ទឹកជំនន់ ពួក​គេ​​ស៊ី​ផឹក និងរៀបការ​​ជា​ប្ដី​ប្រពន្ធ​ រហូត​ដល់​ថ្ងៃ​លោក​​​ណូអេ​ចូល​ក្នុង​ទូកធំ​ ៣៩គឺ​ពួក​គេ​​មិន​បាន​ដឹង​ទាល់​តែ​សោះ​ រហូត​ដល់​ទឹក​ជំនន់​មក​ដល់​ ក៏​ហូរនាំ​​អ្វីៗ​ទាំងអស់​ទៅ​​ ឯ​ការ​មក​ដល់​​របស់​កូន​មនុស្ស​​ក៏​​នឹង​​កើត​ឡើង​​ជា​​យ៉ាង​​នោះ​​ដែរ។​ ៤០នៅ​ពេល​នោះ​ បុរស​​ពីរ​នាក់​​នៅ​ស្រែចម្ការ​ ម្នាក់​នឹង​​ត្រូវ​ដក​យក​ទៅ​ ហើយ​ម្នាក់​ទៀត​នឹង​​ត្រូវ​ទុកនៅ​ទីនោះ​ ៤១ឯ​ស្រ្តី​ពីរ​នាក់​កំពុង​កិន​ស្រូវ​​ ម្នាក់​នឹង​​ត្រូវ​ដក​យក​ទៅ​ ហើយ​ម្នាក់​ទៀត​នឹង​​ត្រូវ​ទុកនៅ​ទីនោះ។​​​ ៤២ដូច្នេះ ចូរ​ប្រុង​ស្មារតី​ ព្រោះ​អ្នករាល់គ្នា​មិន​ដឹង​ថា​ ព្រះអម្ចាស់​របស់​អ្នក​រាល់​គ្នា​នឹង​​មក​នៅ​ថ្ងៃ​ណា​​ទេ​ ៤៣ចូរ​អ្នករាល់គ្នា​ដឹង​ការ​​នេះ​​ចុះ​​ថា ​បើ​ម្ចាស់ផ្ទះ​ដឹង​ថា ចោរ​នឹង​​មក​នៅ​ពេល​ណាមួយ​ នោះ​គាត់​មុខជា​​មិនដេក​​ទេ​ ហើយ​មិន​​បណ្តោយ​ឲ្យវា​​គាស់​​ផ្ទះ​របស់​គាត់​បាន​​ឡើយ​ ៤៤ហេតុនេះ​ហើយ ចូរ​អ្នករាល់គ្នា​​ប្រុង​ប្រៀប​​ដូច្នេះ​ដែរ ព្រោះ​អ្នក​រាល់​គ្នា​ស្មាន​​មិន​ត្រូវ​​ទេថា​​ កូន​មនុស្ស​​មក​នៅ​ពេល​ណា។​

ព្រះយេស៊ូប្រទាន​រង្វាន់​ដល់​អស់​អ្នកស្មោះត្រង់​

៤៥ដូច្នេះ​ ​តើ​​អ្នកណា​ជា​​បាវបម្រើ​ដ៏​ស្មោះត្រង់​ ហើយ​ឆ្លាត ដែល​ចៅហ្វាយ​បាន​តែងតាំង​ ឲ្យ​មើល​​ខុសត្រូវ​​លើ​បាវបម្រើ​​នៅក្នុងផ្ទះ​ ដើម្បី​​​ចែក​អាហារ​ឲ្យ ពួក​គេ​​តាម​ពេល​វេលា​?​ ៤៦មាន​ពរ​ហើយ​ បាវបម្រើ​ណា​​ ដែល​ចៅហ្វាយ​មក​ដល់​ ហើយ​​​ឃើញ​កំពុង​ធ្វើ​យ៉ាង​ដូច្នោះ​ ៤៧ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជាបា្រកដ​ថា គាត់​​នឹង​តែងតាំង​អ្នក​នោះ​ ​ឲ្យមើលខុសត្រូវ​​លើ​ទ្រព្យ​សម្បត្ដិ​របស់​គាត់​ទាំងអស់​ ៤៨ប៉ុន្ដែ​ប្រសិនបើ​បាវបម្រើ​នោះ​អាក្រក់​វិញ នោះ​​វា​គិត​​ក្នុង​ចិត្ដ​ថា​ ចៅហ្វាយ​​របស់​អញ​ក្រ​​មក​ណាស់​ ៤៩នោះ​វា​​​​ក៏​​ចាប់ផ្តើម​វាយ​​​បាវបម្រើ​​ឯទៀត​​ៗ​​ជា​គូ​កន​​របស់​​វា​​ ព្រម​ទាំង​​​ស៊ី​ផឹក​ជាមួយ​ពួក​​អ្នក​ប្រមឹក ៥០ហើយ​ចៅហ្វាយ​របស់​វា​នឹង​មក​វិញ​នៅ​ថ្ងៃ​ដែល​​វា​ស្មាន​​មិន​ដល់ និងនៅ​ម៉ោង​ដែល​វា​​​មិន​ដឹង​ទាល់​​តែ​​សោះ​​ ៥១​​​ចៅហ្វាយ​នឹង​កាត់​វា​​​​ជាពីរកំណាត់ ​រួច​ដាក់​វា​​ឲ្យ​នៅ​​រួម​ជាមួយ​នឹង​ពួក​មនុស្ស​មាន​ពុត​ ហើយ​​នៅទីនោះ​មាន​តែ​ការ​ទ្រហោយំ និង​ការ​សង្កៀត​ធ្មេញ។​

ម៉ាថាយ ២៤