ម៉ាថាយ ២២
រឿងពិធីជប់លៀងមង្គលការដ៏ធំមួយ
២២ព្រះយេស៊ូមានបន្ទូល ឆ្លើយទៅពួកគេជារឿងប្រៀបប្រដូចទៀតថា៖ ២«នគរស្ថានសួគ៌ប្រៀបដូចជា ស្តេចមួយអង្គដែលរៀបចំ ពិធីមង្គលការឲ្យកូនរបស់ខ្លួន ៣ស្ដេចបានចាត់ពួកបាវបម្រើឲ្យទៅហៅភ្ញៀវ ដែលបានអញ្ជើញឲ្យមកចូលរួមពិធីមង្គលការ ប៉ុន្តែ ពួកគេមិនចង់មកទេ។ ៤ស្ដេចក៏ចាត់ពួកបាវបម្រើផ្សេងទៀតឲ្យទៅម្ដងទៀត ដោយមានបន្ទូលថា ចូរប្រាប់ភ្ញៀវដែលបានអញ្ជើញថា មើល៍ យើងបានរៀបចំអាហាររបស់យើងរួចហើយ គោ និងសត្វបំប៉នធាត់ៗបានសម្លាប់រួចហើយ អ្វីៗត្រូវបានរៀបចំជាស្រេច សូមអញ្ជើញមកចូលរួមពិធីមង្គលការចុះ។ ៥ប៉ុន្ដែពួកភ្ញៀវមិនខ្វល់ទេ ម្នាក់ចេញទៅចម្ការរបស់ខ្លួន ម្នាក់ទៀតទៅប្រកបរបររកស៊ីរបស់ខ្លួន ៦ហើយអ្នកខ្លះទៀត បានចាប់ពួកបាវបម្រើទាំងនោះធ្វើបាប ហើយសម្លាប់ចោល។ ៧ដូច្នេះ ស្ដេចក៏ខឹង ហើយបានចាត់ទាហានរបស់ខ្លួន ឲ្យទៅកម្ទេចឃាតកទាំងនោះ ទាំងដុតក្រុងរបស់ពួកគេចោលផង ៨បន្ទាប់មក ស្ដេចមានបន្ទូលទៅពួកបាវបម្រើរបស់ខ្លួនថា ពិធីមង្គលការបានរៀបចំរួចជាស្រេចហើយ ប៉ុន្ដែភ្ញៀវដែលបានអញ្ជើញទាំងនោះ មិនស័ក្ដិសមនឹងចូលរួមទេ ៩ដូច្នេះ ចូរទៅផ្លូវបំបែក ហើយអញ្ជើញអស់អ្នកដែលអ្នកជួប ឲ្យមកចូលរួមពិធីមង្គលការចុះ ១០ពួកបាវបម្រើទាំងនោះក៏បានចេញទៅតាមផ្លូវ ប្រមូលមនុស្សគ្រប់គ្នាដែលគេបានជួប ទាំងល្អ ទាំងអាក្រក់ ហើយពិធីមង្គលការក៏មានភ្ញៀវពេញ ១១កាលស្ដេចយាងមកជួបភ្ញៀវកំពុងអង្គុយនៅតុអាហារ នោះស្ដេចបានឃើញបុរសម្នាក់ ដែលមិនបានស្លៀកសម្លៀកបំពាក់សម្រាប់ពិធីមង្គលការ ១២ស្ដេចក៏មានបន្ទូលទៅគាត់ថា សម្លាញ់អើយ! ដូចម្តេចបានជាអ្នកចូលមកទីនេះ ដោយគ្មានសម្លៀកបំពាក់ សម្រាប់ពិធីមង្គលការដូច្នេះ? តែបុរសនោះមិនចេញស្តីសោះ ១៣បន្ទាប់មក ស្ដេចមានបន្ទូលទៅពួកអ្នកបម្រើថា ចូរចងដៃ ចងជើងអ្នកនេះ ហើយបោះវាទៅក្នុងសេចក្ដីងងឹតនៅខាងក្រៅទៅ។ នៅទីនោះមានតែការទ្រហោយំ និងការសង្កៀតធ្មេញ ១៤ដ្បិតហៅបានច្រើននាក់មែន ប៉ុន្ដែជ្រើសរើសបានតិចតួចទេ»។
ពន្ធដារព្រះចៅអធិរាជ និងតង្វាយ ព្រះជាម្ចាស់
១៥បន្ទាប់មក ពួកអ្នកខាងគណៈផារិស៊ីបានចេញទៅពិគ្រោះគ្នា ដើម្បីចាប់កំហុស ពេលព្រះអង្គមានបន្ទូល ១៦ពួកគេក៏ចាត់ សិស្សរបស់ខ្លួនឲ្យទៅជាមួយពួកអ្នកខាងគណៈហេរ៉ូឌ ទូលព្រះអង្គថា៖ «លោកគ្រូអើយ! យើងដឹងថា លោកពិតត្រង់ ហើយបង្រៀនអំពីផ្លូវរបស់ព្រះជាម្ចាស់ទៅតាមសេចក្ដីពិត និងមិនខ្វល់ពីអ្នកណាទេ ព្រោះលោកមិនយល់មុខមនុស្សណាឡើយ ១៧ដូច្នេះសូមប្រាប់ យើងផងថា លោកគិតយ៉ាងដូចម្ដេច តើការបង់ពន្ធដារឲ្យព្រះចៅអធិរាជនោះ តឹ្រមត្រូវតាមវិន័យដែរឬទេ?» ១៨ប៉ុន្ដែព្រះយេស៊ូជ្រាបពីបំណងអាក្រក់របស់ពួកគេ ក៏មានបន្ទូលថា៖ «មនុស្សមានពុតអើយ! ហេតុអ្វីក៏អ្នករាល់គ្នាល្បងលខ្ញុំដូច្នេះ? ១៩ចូរបង្ហាញកាក់សម្រាប់បង់ពន្ធឲ្យខ្ញុំមើល៍» នោះគេក៏យកកាក់មួយឌេណារី មកឲ្យព្រះអង្គ ២០រួចព្រះអង្គមានបន្ទូល ទៅពួកគេថា៖ «តើរូប និងចំណារលើកាក់នេះ ជារបស់នរណា?» ២១ពួកគេទូលព្រះអង្គថា៖ «ជារបស់ព្រះចៅអធិរាជ» នោះព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ដូច្នេះ ចូរឲ្យអ្វីៗដែលជារបស់ព្រះចៅអធិរាជដល់ព្រះចៅអធិរាជ រួចថ្វាយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ដល់ព្រះជាម្ចាស់ចុះ» ២២កាលឮដូច្នេះ ពួកគេក៏នឹកអស្ចារ្យ ហើយក៏ចាកចេញពីព្រះអង្គទៅ។
ពួកអ្នកខាងគណ:សាឌូស៊ីល្បងល ព្រះយេស៊ូ
២៣នៅថ្ងៃនោះ ពួកអ្នកខាងគណៈសាឌូស៊ីដែលនិយាយថា គ្មានការរស់ឡើងវិញ បានចូលមកជិតព្រះអង្គសួរ ២៤ថា៖ «លោកគ្រូ លោកម៉ូសេនិយាយថា ប្រសិនបើអ្នកណាម្នាក់ស្លាប់ទៅ ដោយគ្មានកូនសោះ នោះប្អូនប្រុសរបស់គាត់ ត្រូវយកប្រពន្ធរបស់គាត់ ដើម្បីបង្កើតកូនឲ្យគាត់ ២៥ឥឡូវនេះ ក្នុងចំណោមយើងខ្ញុំ មានបងប្អូនប្រុសប្រាំពីរនាក់ បងប្រុសច្បងបានយកប្រពន្ធ រួចក៏ស្លាប់ទៅ ហើយបន្សល់ប្រពន្ធទុកឲ្យប្អូនប្រុសរបស់គាត់ ដោយគ្មានកូនសោះ ២៦ប្អូនប្រុសទីពីរ ប្អូនប្រុសទីបី រហូតដល់ប្អូនប្រុសទីប្រាំពីរក៏ដូចគ្នាដែរ។ ២៧នៅទីបំផុតស្ត្រីនោះក៏ស្លាប់ទៅ។ ២៨ដូច្នេះ នៅពេលរស់ឡើងវិញ តើនាងជាប្រពន្ធរបស់អ្នកណាក្នុងចំណោមបងប្អូនប្រុស ទាំងប្រាំពីរនាក់នេះ? ដ្បិតពួកគេទាំងអស់គ្នាបានយកនាងធ្វើជាប្រពន្ធ» ២៩ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ពួកលោកយល់ច្រឡំហើយ ព្រោះពួកលោកមិនយល់បទគម្ពីរ និងអំណាចរបស់ព្រះជាម្ចាស់ ៣០ដ្បិតនៅពេលរស់ឡើងវិញ គេមិនរៀបការជាប្ដីប្រពន្ធទៀតឡើយ ប៉ុន្តែពួកគេដូចជាពួកទេវតានៅស្ថានសួគ៌វិញ ៣១ទាក់ទងនឹងការដែលមនុស្សស្លាប់រស់ឡើងវិញ តើពួកលោកមិនបានអានទេឬ អំពីសេចក្តីដែលព្រះជាម្ចាស់បានមានបន្ទូលមកពួកលោកថា ៣២យើងជាព្រះរបស់អ័បា្រហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប? ដូច្នេះ ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ តែជាព្រះរបស់មនុស្សរស់»។ ៣៣កាលបណ្តាជនស្តាប់ឮដូច្នេះ ក៏នឹកអស្ចារ្យពីសេចក្ដីបង្រៀនរបស់ព្រះអង្គ។
ព្រះយេស៊ូបង្រៀនអំពីបញ្ញត្ដិសំខាន់ជាងគេ
៣៤ពេលពួកអ្នកខាងគណៈផារិស៊ីឮថា ព្រះអង្គបានធ្វើឲ្យពួកអ្នកខាងគណៈសាឌូស៊ីស្ងាត់មាត់ នោះក៏មកជួបជុំគ្នា ៣៥ហើយមានម្នាក់ នៅក្នុងចំណោមពួកគេ ជាអ្នកជំនាញច្បាប់បានសួរល្បងព្រះអង្គថា៖ ៣៦«លោកគ្រូ តើនៅក្នុងគម្ពីរវិន័យ បញ្ញត្ដិមួយណាសំខាន់ជាងគេ?» ៣៧ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នកឲ្យអស់ពីចិត្ដ អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក ៣៨នេះហើយជាបញ្ញត្ដិទីមួយ និងសំខាន់ជាងគេ ៣៩ឯ បញ្ញត្តិទីពីរក៏សំខាន់ដូចគ្នា គឺអ្នកត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ឲ្យដូចជាខ្លួនឯង ៤០គម្ពីរវិន័យ និងពាក្យរបស់អ្នកនាំព្រះបន្ទូលទាំងអស់ ផ្អែកលើបញ្ញត្ដិទាំងពីរនេះ»។
ព្រះយេស៊ូមានបន្ទូលអំពីព្រះមែស៊ី
៤១ហើយកាលពួកអ្នក ខាងគណៈ ផារិស៊ីកំពុងជួបជុំគ្នា ព្រះយេស៊ូក៏មានបន្ទូលសួរពួកគេ ៤២ថា៖ «តើពួកលោកគិតយ៉ាងដូចម្ដេចអំពីព្រះគិ្រស្ដ? តើព្រះអង្គជាពូជពង្សនរណា?» គេទូលព្រះអង្គថា៖ «ជាពូជពង្សដាវីឌ» ៤៣ព្រះអង្គមានបន្ទូលទៅពួកគេថា៖«ចុះហេតុដូចម្ដេច បានជាដាវីឌហៅព្រះអង្គ ដោយព្រះវិញ្ញាណថា ព្រះអម្ចាស់ ដូច្នេះ ដ្បិតដាវីឌផ្ទាល់និយាយថា ៤៤ព្រះអម្ចាស់មានបន្ទូលមកកាន់ ព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយនៅខាងស្ដាំយើងរហូតដល់យើងដាក់ខ្មាំងសត្រូវរបស់អ្នកនៅក្រោមជើងរបស់អ្នក ៤៥ដូច្នេះ បើដាវីឌហៅព្រះអង្គថា ព្រះអម្ចាស់ តើព្រះអង្គជាពូជពង្សដាវីឌ យ៉ាងដូចម្ដេចទៅ?» ៤៦គ្មាននរណា អាចឆ្លើយនឹងព្រះយេស៊ូបានឡើយ សូម្បីតែមួយម៉ាត់ ហើយក៏គ្មាននរណាហ៊ាន សួរព្រះអង្គទៀតដែរ ចាប់តាំងពីថ្ងៃនោះមក។