KCB - ម៉ាថាយ ២១


ម៉ាថាយ ២១

ការ​យាង​ចូល​ក្រុង​យេរូសាឡិម

២១កាល​ពួក​គេ​​ មកជិត​ដល់​ក្រុង​យេរូសាឡិម គឺត្រង់​ក្រុង​បេតផាសេ​​ជិត​​ភ្នំ​ដើម​អូលីវ ព្រះយេស៊ូ​ក៏​​ចាត់​សិស្ស​ពីរ​នាក់​ឲ្យ​ទៅ​​ ដោយ​មានបន្ទូល​ទៅ​​ពួកគេ​​ថា៖ «ចូរ​ទៅ​​ភូមិ​នៅទល់មុខ​អ្នក ​ហើយ​ភ្លាមនោះ​ អ្នក​នឹង​ឃើញ​មេ​​លា​មួយ ​ដែល​គេ​​ចង​ទុក​ជា​មួយ​​កូន​របស់​​​វា ​ ចូរ​ស្រាយ​នាំមក​ឲ្យ​ខ្ញុំប្រសិន​បើ​មាន​ អ្នកណា​សួរ​អ្វី​ដល់​អ្នក​ នោះ​ចូរ​ប្រាប់​ថា ព្រះអម្ចាស់​ត្រូវការ​ពួក​វា​ ហើយ​គេ​​នឹង​ប្រគល់​​ពួក​វា​ឲ្យ​អ្នក​​​ភ្លាម»។​ ការនេះ​កើតឡើង​ ដើម្បី​សម្រេច​សេចក្ដី​ ដែល​បាន​ថ្លែង​ទុក​​តាម​រយៈ​អ្នកនាំព្រះបន្ទូល​​ថា​៖​ «​ចូរ​ប្រាប់​កូនស្រី​ក្រុង​​​ស៊ីយ៉ូន​ថា មើល៍ ស្ដេច​របស់​អ្នក​យាងមក​ឯ​អ្នក​ហើយ​ ព្រះអង្គ​ស្លូត​ត្រង់​​ ព្រះអង្គ​គង់​​លើ​​កូន​លា»។ សិស្ស​ទាំងពីរនាក់​ក៏​​ចេញ​ទៅ ហើយធ្វើតាម​ដូច​ព្រះយេស៊ូ​បាន​បង្គាប់​ពួកគេ​​ ពួក​គេ​​បាន​ដឹក​មេ​​លា និងកូន​របស់​​វា​មក ហើយ​​​បាន​ក្រាល​អាវ ​របស់​​គេ​លើខ្នង​វា​ រួច​​​​ព្រះអង្គ​គង់​លើ​វា​​ ហើយ​បណ្តាជន​ច្រើន​កុះករ​ នាំគ្នា​​ក្រាល​អាវ​របស់​គេ​នៅលើ​ផ្លូវ ឯ​អ្នក​​ផ្សេង​ទៀត​នាំគ្នា​​កាត់​មែក​ឈើ​មក​ក្រាល​លើ​ផ្លូវ​ដែរ​ បណ្តាជន​ដែល​​ដើរ​នាំមុខ​ និង​ដើរ​តាម​ក្រោយ​ព្រះអង្គ​ នាំ​គ្នា​​ស្រែកឡើង​ថា​៖ «ហូសាណាដល់​​​​ពូជពង្ស​​ដាវីឌ សូមថ្វាយព្រះ​ពរ​​ព្រះអង្គ ​ដែល​​​យាង​មក​​ក្នុង​ព្រះនាម​ព្រះ​អម្ចាស់! ហូសាណា នៅ​ស្ថាន​ដ៏ខ្ពស់បំផុត» ១០កាល​​ព្រះអង្គ​យាង​ចូល​​​ក្នុង​​ក្រុង​យេរូសាឡិម អ្នកក្រុង​​ទាំងមូល​​ក៏​​រំជើប​រំជួល​​ឡើង​​ និយាយ​គ្នា​​ថា​៖«តើ​​អ្នក​នេះ​ជា​​អ្នក​ណា​?»​ ១១បណ្តាជន​នាំ​គ្នា​​និយាយ​​ថា​៖ «នេះ​​គឺលោក​​យេស៊ូ​ ជា​អ្នកនាំព្រះបន្ទូល​មកពី​ក្រុង​ណាសារ៉ែត​​ស្រុក​កាលីឡេ»។​

ព្រះយេស៊ូសំអាត​ព្រះវិហារ​​

១២ព្រះយេស៊ូ ​បាន​យាងចូលទៅ​​ក្នុង​ព្រះ​វិហារ​ ហើយ​បណ្តេញមនុស្សទាំងអស់ ​​ដែលលក់​ដូរ​​នៅ​ក្នុង​ព្រះ​វិហារ​​​ ព្រះអង្គ​​ផ្តួល​តុពួក​​អ្នកដូរលុយ​ និង​កៅ​អី​ពួក​អ្នក​លក់​សត្វ​ព្រាប​ ១៣ហើយ​ព្រះអង្គ​មាន​​បន្ទូល​ទៅ​គេ​ថា​៖ «មាន​សេចក្តីចែង​ទុក​​​ថា ​ដំណាក់​របស់​យើង​ត្រូវ​ហៅ​ថា​ដំណាក់​នៃ​ការ​អធិស្ឋាន​ ​ប៉ុន្តែ​អ្នករាល់គ្នា​ធ្វើ​ឲ្យដំណាក់នេះ​ត្រលប់​ជា​ សំបុក​ចោរ​ទៅវិញ»។​

ក្មេងៗ​សរសើរ​ព្រះយេស៊ូ

១៤ពួក​​មនុស្ស​ខ្វាក់ និង​មនុស្ស​​ខ្វិន​បាន​ចូល​មក​ជិត​​ព្រះអង្គ​ នៅក្នុង​ព្រះ​វិហារ​ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួក​គេ​​ឲ្យ​បានជា​ ១៥ប៉ុន្ដែ​កាល​​ពួកសម្ដេច​សង្ឃ​ និងគ្រូវិន័យ​បាន​​ឃើញ​ការ​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ ទាំង​ក្មេង​ៗ​នាំគ្នា​​ស្រែក​នៅក្នុង​ព្រះ​វិហារ​ថា ​ហូសាណា​ដល់​​ពូជពង្ស​​ដាវីឌ​ផង​នោះ​ ពួក​គេ​​ក៏​ទាស់​ចិត្ដ​​ជាខ្លាំង​​ ១៦ហើយ​ពួកគេ​​ទូល​ព្រះអង្គ​ថា​៖ «តើ​អ្នក​​ឮ​អ្វី ​ដែល​ក្មេង​ៗ​ទាំងនេះ​កំពុង​និយាយ​ដែរ​ទេ?» ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា​៖ «បាទ​ ខ្ញុំឮហើយ​​ តើ​ពួក​​លោក​​មិនដែល​អាន​ទេ​ឬថា ព្រះអង្គ​បាន​​ធ្វើ​ឲ្យ​ពាក្យ​សរសើរ​ ចេញពី​មាត់​ក្មេងៗ និង​ទារក​ដែល​នៅបៅ​?»​ ១៧ព្រះអង្គ​បាន​ចាកចេញ​ពី​ពួក​គេ​ ហើយ​​​​យាងចេញ​ពី​ក្រុង​នោះ ​ឆ្ពោះ​ទៅក្រុង​​បេថានី និង​បាន​ស្នាក់​នៅទីនោះ​នៅ​យប់​នោះ។​

ព្រះយេស៊ូដាក់​បណ្ដាសា​ដើម​ល្វា​

១៨លុះ​ព្រលឹមឡើង​ ពេល​កំពុង​​យាង​ត្រលប់​​ទៅក្រុង​វិញ ​​ ព្រះអង្គ​ឃ្លាន​១៩កាល​​បាន​​ឃើញ​ដើម​ល្វា​មួយ​ដើម​នៅតាម​ផ្លូវ​ ព្រះអង្គ​ក៏​​យាង​ទៅ​ជិត​ដើម​ល្វា​នោះ​ ប៉ុន្តែមិន​​​ឃើញ​មាន​ផ្លែ​សោះ​នៅ​លើ​​ដើម មាន​តែ​ស្លឹក​ប៉ុណ្ណោះ ព្រះអង្គ​មាន​បន្ទូល​ទៅ​ដើម​ល្វា​នោះ​​ថា​៖ «ដរាប​​តទៅ​​ កុំ​​ឲ្យ​​​ឯង​មាន​ផ្លែ​ទៀត​ឡើយ» ស្រាប់តែ​ដើម​ល្វា​​នោះ ​ក្រៀមស្វិត​មួយរំពេច។​ ២០ពេល​ពួក​សិស្ស​ឃើញ​ដូច្នេះ​​ ក៏​​នឹកឆ្ងល់​​ទាំង​​និយាយ​​ថា៖​ «តើ​ហេតុ​ដូចម្តេច​បានជា​ដើម​ល្វា​​នេះ ​​ក្រៀម​ស្វិត​មួយ​រំពេច​​ដូច្នេះ?»​ ២១ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​​ទៅ​​ពួកគេ​ថា​៖ «ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​បា្រកដ​​ថា បើ​អ្នករាល់គ្នា​មាន​ជំនឿ​ ហើយ​ឥត​សង្ស័យ​សោះ​ នោះ​​អ្នករាល់គ្នា​អាច​​ធ្វើបាន មិន​ត្រឹម​ហេតុ​ការណ៍​ដែល​កើត​ឡើង​​ ចំពោះ​​ដើម​ល្វា​ប៉ុណ្ណោះ​ទេ សូម្បី​តែ​អ្នករាល់គ្នា​និយាយ​ទៅ​ភ្នំ​នេះ​​ថា ​ចូរ​រើ​ ហើយ​ធ្លាក់​ទៅ​ក្នុង​​សមុទ្រ​ទៅ​ នោះ​នឹង​កើតឡើង​ដូច្នោះ​មែន​ ២២ហើយ​គ្រប់​សេចក្តី​ទាំងអស់​ ដែល​អ្នករាល់គ្នា​សុំ​ក្នុង​សេចក្ដី​អធិស្ឋាន​ ដោយ​ជំនឿ​នោះ​នឹង​បាន​ទទួល»។​

ការ​ចោទសួរ​អំពីសិទ្ធិ​អំណាច​របស់ ព្រះយេស៊ូ

២៣កាល​​ព្រះអង្គ​បាន​​ចូលទៅ​ក្នុង​ព្រះ​វិហារហើយ​ ​ពួក​សម្ដេចសង្ឃ និងពួក​ចាស់ទុំ​របស់​​ប្រជាជន​ ក៏​​ចូលមកជិត​​ព្រះអង្គ​ ពេល​ព្រះ​អង្គ​​កំពុង​បង្រៀន ពួកគេទូល​សួរ​ថា​៖ «តើ​អ្នក​​ធ្វើ​ការ​ទាំងនេះ​ដោយ​​សិទ្ធិអំណាច​អ្វី? តើ​នរណា​ឲ្យ​សិទ្ធិ​​​អំណាច​នេះ​ដល់​អ្នក?»​​ ២៤ព្រះ​​យេស៊ូ​​មាន​បន្ទូល​ឆ្លើយ​ ទៅ​ពួកគេ​ថា​៖ «ខ្ញុំ​នឹង​សួរ​ពួក​​លោក​​ មួយ​សំណួរ​​ដែរ ប្រសិន​បើ​ពួក​​លោក​​ប្រាប់​ខ្ញុំ​បាន នោះ​ខ្ញុំ​នឹង​ប្រាប់​វិញ​ដែរ​​ថា ​ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​​​សិទ្ធិ​អំណាច​អ្វី ២៥តើ​​ពិធី​ជ្រមុជទឹក​​របស់​លោក​យ៉ូហាន​ មក​​ពី​ណា​? មកពី​ស្ថានសួគ៌​ ឬក៏​មកពី​មនុស្ស?» ពួក​គេ​​ក៏​ពិគ្រោះ​​គ្នា​ថា​៖ «ប្រសិនបើ​យើង​ឆ្លើយ​​ថា​ មកពី​ស្ថានសួគ៌​ នោះ​គាត់​នឹង​និយាយ​​​ថា ​ចុះ​​ហេតុអ្វី​បាន​ជា​ពួក​​លោក​​មិន​ជឿ​លោកយ៉ូហាន​?​ ២៦ប៉ុន្ដែ បើ​យើង​ឆ្លើយ​​ថា មកពី​មនុស្ស នោះ​ខ្លាច​បណ្តាជន​ ព្រោះ​​មនុស្ស​​គ្រប់​គ្នា​រាប់​លោក​យ៉ូហាន​ថា​ ជា​អ្នក​នាំ​ព្រះបន្ទូល» ២៧ពួក​គេ​​ ក៏​ទូល​ឆ្លើយ​ទៅ​ព្រះយេស៊ូ​ថា​៖ «យើង​មិន​ដឹង​ទេ»។ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​វិញ​ថា​៖ «ខ្ញុំ​ក៏មិន​ប្រាប់​ពួក​លោក​ដែរ​ថា​ ខ្ញុំ​ធ្វើ​ការ​ទាំងនេះ​ដោយ​​​សិទ្ធិអំណាច​អ្វី​នោះ។​​​​​

រឿង​កូន​ប្រុស​ពីរ​នាក់​

២៨តើ​ពួក​លោក​គិត​​ យ៉ាងដូចម្ដេច​? មាន​​បុរស​ម្នាក់​មាន​កូន​ពីរ​នាក់ គាត់​បាន​ចូលមកជិត​កូន​ទីមួយ ​ប្រាប់​ថា​ ​កូន​អើយ! ​ថ្ងៃនេះ​កូន​​ទៅ​ធ្វើ​ការ​​​​នៅ​ក្នុង​ចម្ការ​ទំពាំងបាយជូរ​ចុះ​​ ២៩​វា​​តប​វិញ​​ថា ​ខ្ញុំ​មិន​ចង់​ទៅ​ទេ​ ប៉ុន្ដែក្រោយមក​ វា​ដូរ​គំនិត​វិញ​​ ហើយ​ក៏​​ទៅ។​ ៣០បុរស​នោះ​​បាន​ទៅ​ប្រាប់​កូន​ម្នាក់​​​ទៀត​ដូចមុន​​ នោះ​វា​​តប​​វិញថា ​លោក​​ឪពុក​​អើយ!​​​ ខ្ញុំ​ទៅ​ ប៉ុន្តែ​វា​មិន​បាន​ទៅ​ទេ​ ៣១ក្នុង​ចំណោម​​កូន​ទាំង​ពីរនាក់​នេះ​​ តើ​កូន​មួយ​ណា​ធ្វើតាម​បំណង​​របស់​​ឪពុក?» ពួក​គេ​​ឆ្លើយ​​​ថា​៖ «កូន​ទីមួយ»។ ព្រះយេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា​៖ «ខ្ញុំ​ប្រាប់​ពួក​​លោក​​ជា​បា្រកដ​ថា ពួក​​អ្នក​ទារ​​ពន្ធដារ​​ និងពួក​​ស្រ្តី​ពេស្យា​ នឹង​ចូល​ទៅ​​ក្នុង​នគរ​ព្រះជាម្ចាស់​មុន​ពួក​​លោក។​ ៣២ដ្បិត​លោក​យ៉ូហាន​បាន​មក​ឯ​ពួក​​លោក​ ​ដោយ​​ផ្លូវ​នៃ​សេចក្ដី​សុចរិត​ ប៉ុន្តែ​ពួក​​លោក​​មិន​ជឿ​គាត់​ទេ ផ្ទុយ​​ទៅ​​វិញ​​ ពួក​អ្នកទារ​ពន្ធដារ​ និងពួក​​ស្រ្តី​ពេស្យា​​បាន​ជឿ​គាត់​ ហើយ​ទោះបី​​ពួក​​លោក​​ឃើញ​ក្ដី​ ក៏​មិន​បាន​ប្រែចិត្ត​ជឿ​គាត់​តាម​​ក្រោយ​ដែរ។​

រឿង​អ្នក​ជួល​​ចម្ការ​

៣៣ចូរ​​ស្តាប់ ​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត​ មាន​​បុរស​ម្នាក់​​ជា​​ម្ចាស់​ចម្ការ​បាន​ធ្វើ​​ចម្ការ​ទំពាំង​បាយ​ជូរ​មួយ​​ ហើយ​ក៏​ព័ទ្ធ​របង​ជុំវិញ ជីក​កន្លែង​​បញ្ជាន់​​ផ្លែ​​នៅ​ក្នុង​ចម្ការ​​នោះ​​ សង់​ប៉ម​មួយ រួច​ប្រវាស់​ឲ្យ ពួក​​អ្នក​​ចម្ការ​ ​ ហើយ​ក៏​ចេញ​​​​​ដំណើរ​ទៅ។​ ៣៤លុះ​ជិតដល់​រដូវ​ប្រមូល​​ផល​ គាត់​ក៏​​ចាត់​​ពួក​​បាវបម្រើ ​​ឲ្យ​ទៅ​ឯពួក​អ្នក​ចម្ការ​ ដើម្បី​ទទួល​យក​​ផល​នៃ​​ចម្ការ​ទំពាំង​បាយជូរនោះ ៣៥ប៉ុន្តែ​ពួក​អ្នក​ចម្ការ ​​បាន​វាយបាវបម្រើ​របស់​គាត់​ម្នាក់​ សម្លាប់​ម្នាក់ ហើយ​បាន​​គប់​​ម្នាក់​ទៀត​នឹងដុំ​​ថ្ម។ ​៣៦គាត់​ក៏​​ចាត់ ​ពួក​​បាវបម្រើ​​ផ្សេង​ទៀត​ច្រើនជាង​លើក​ទីមួយ ​ឲ្យ​ទៅ​ ប៉ុន្តែ​ ពួក​គេ​​បាន​ធ្វើ​ចំពោះ​អ្នក​ទាំង​នោះ​​ដូច​លើក​មុន។​ ៣៧នៅ​ទីបំផុត​ គាត់​ក៏​​ចាត់​កូនប្រុស​របស់​គាត់ ​ឲ្យ​ទៅ​ឯពួក​អ្នកចម្ការ​ដោយ​​​និយាយ​ថា​​ ពួក​គេ​​នឹង​​​គោរព​កូនប្រុស​របស់​​ខ្ញុំ​ ៣៨ប៉ុន្ដែ​កាល​​ពួក​អ្នក​ចម្ការ​ឃើញ​កូន​ប្រុស​​នោះ ក៏​និយាយ​គ្នា​ថា ​​ម្នាក់​នេះ​ជា​​អ្នក​ស្នង​មរតក​ ចូរ​​យើង​​សម្លាប់​វា​ចោលទៅ​ ដើម្បីយក​​មរតក​​របស់​វា។​ ៣៩ពួក​គេ​​ក៏​ចាប់​កូនប្រុស​នោះ​បោះទៅ​ក្រៅ​ចម្ការ​ទំពាំងបាយជូរ​ ហើយ​សម្លាប់​ចោល។​​ ៤០ដូច្នេះ ពេល​ម្ចាស់​ចម្ការ​មកវិញ​ តើ​គាត់​នឹង​ធ្វើ​យ៉ាង​ដូចម្ដេច​ ចំពោះ​ពួក​​​អ្នក​ចម្ការ​ទាំង​នោះ​?»​។​

៤១ពួកគេទូល​ព្រះអង្គ​ថា​៖ «គាត់​នឹង​សម្លាប់ ​​ពួក​​មនុស្ស​អាក្រក់​ទាំងនោះ​ដោយឥត​ប្រណី​​ឡើយ​​ ហើយ​​គាត់​​នឹង​​ប្រវាស់​​ចម្ការ​ទំពាំង​បាយ​ជូរ​​នោះ ​​​ឲ្យ​ទៅពួក​​អ្នកចម្ការ​ផ្សេងទៀត​ ដែល​ផ្ដល់​​ផល​ឲ្យ​គាត់​​តាម​រដូវ»។ ៤២ព្រះយេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ «តើ​ពួក​​លោក​​មិនដែល​អាន​​នៅ​ក្នុង​​បទ​គម្ពីរ​ទេ​ឬថា ​ថ្ម​ដែល​ជាង​សំណង់​បោះ​បង់ចោល​ នោះ​ត្រលប់​ជា​​​ថ្មដ៏សំខាន់​នៅ​តាម​ជ្រុង​ ការនេះ​កើតឡើង​ពី​​ព្រះអម្ចាស់​ ហើយ​អស្ចារ្យ​ណាស់​នៅចំពោះ​ភ្នែក​យើង៤៣ហេតុ​នេះ​ខ្ញុំ​ប្រាប់​ពួក​​លោក​​ថា នគរ​ព្រះជា​ម្ចាស់​​នឹង​ត្រូវ​ដកហូត​ពី​ពួក​​លោក​​ ហើយ​​​ប្រគល់ទៅ​​ឲ្យ​ជន​ជាតិ​​​​​មួយ​ ដែល​បង្កើត​​ផល​ឲ្យ​​នគរនោះ។ ​៤៤អ្នកណា​ធ្លាក់​លើ​ថ្ម​នេះ អ្នក​នោះ​​នឹង​​ត្រូវ​​បាក់​បែក​ ហើយ​ប្រសិន​បើ​ថ្ម​នេះ​​ធ្លាក់​លើ​អ្នកណា​វិញ​​ វា​​នឹង​កិនកម្ទេច​អ្នក​នោះ»។​ ៤៥កាល​​ពួក​សម្ដេច​សង្ឃ​ និង​ពួក​​អ្នក​ខាង​គណៈ​ផារិស៊ី​ បាន​ស្តាប់​រឿង​ប្រៀប​ប្រដូច​ របស់​ព្រះអង្គ​នេះ​រួច​​ហើយ ក៏​ដឹង​​ថា​ ព្រះ​អង្គ​មាន​បន្ទូល​អំពី​ពួក​គេ ​​៤៦​​ក៏​រក​ចាប់​​ព្រះអង្គ​ ប៉ុន្ដែ​​ពួក​គេ​ខ្លាច​បណ្តាជន ព្រោះ​បណ្តាជន​​​រាប់​ព្រះអង្គ​ថា​​ ជា​អ្នកនាំ​ព្រះ​បន្ទូល​​ម្នាក់។

ម៉ាថាយ ២១