KCB - ម៉ាថាយ ១៥


ម៉ាថាយ ១៥

ព្រះយេស៊ូបង្រៀន​អំពីភាព​បរិសុទ្ធ

១៥ពេល​នោះ​ ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​​ និងពួក​គ្រូវិន័យ​​មកពី​ក្រុង​យេរូសាឡិម​ បាន​ចូល​មក​ជិត​​ព្រះ​យេស៊ូ ទូល​ថា​៖ ​«ហេតុអ្វី​បាន​ជា ​​ពួក​សិស្ស​​របស់​​លោក​​បំពាន​ទំនៀមទម្លាប់​​​​ចាស់បុរាណ​ដូច្នេះ? ដ្បិត​នៅ​ពេល​បរិភោគ​អាហារ​ ពួកគេ​មិន​លាង​ដៃ​ទេ» ​​ប៉ុន្ដែ ​​ព្រះអង្គ​មានបន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា​៖ «តើ​ហេតុអ្វី​បាន​ជា​​អ្នករាល់គ្នា​ បំពាន​បញ្ញត្ដិ​​​​របស់​​ព្រះជាម្ចាស់​ដោយសារ​តែ ទំនៀមទម្លាប់​​របស់​អ្នករាល់គ្នា​?ដ្បិត​ព្រះជាម្ចាស់​មានបន្ទូល​ថា​​ ចូរ​គោរព​ឪពុក​ម្តាយ​​ ហើយ​អ្នក​ដែល​ជេរ​ប្រមាថ​​ឪពុក ឬម្តាយ អ្នកនោះ​ត្រូវ​​ស្លាប់។​ ប៉ុន្ដែ ​អ្នក​រាល់​គ្នា​និយាយ​ថា​ អ្នក​ណា​ក៏ដោយ ដែល​និយាយ​នឹង​ឪពុក ឬម្តាយ​​ថា​ ​អ្វី​ៗ​​ដែល​​​ខ្ញុំ​ត្រូវ​ជូន​លោក​​ឪពុក ឬ​អ្នក​​ម្ដាយ​​​នោះ​​ ជា​​តង្វាយ​​ថ្វាយ​ព្រះជាម្ចាស់​​​ អ្នក​នោះ​មិន​បាច់​​​គោរព​ឪពុក​​ឡើយ​​ ដូច្នេះ​អ្នករាល់គ្នា​បំបាត់​​តម្លៃ ​​នៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ដោយ​​​សារតែ ​ទំនៀមទម្លាប់​​របស់​អ្នករាល់គ្នា មនុស្ស​មានពុត​អើយ! លោក​​អេសាយ​បាន​​ថ្លែង​ព្រះ​បន្ទូល​ ​​អំពី​​អ្នក​រាល់​គ្នានោះ​ ​ត្រឹម​ត្រូវ​ណាស់ ដែល​ថា​ ​ប្រជាជន​នេះ​គោរព​យើង​តែ​បបូរមាត់​ទេ ប៉ុន្ដែ​​ចិត្ដ​របស់​ពួកគេ នៅ​ឆ្ងាយ​ពី​យើង​ណាស់។​ ពួកគេ​ថ្វាយបងំ្គ​យើង​ជា​ឥត​​ប្រយោជន៍​ ទាំង​បង្រៀនសេចក្ដី ដែល​ជា​ច្បាប់​របស់​មនុស្ស​​ទៀត​ផង​​»

១០ព្រះអង្គ​ក៏ហៅ​បណ្តាជន ហើយ​មាន​បន្ទូល​ទៅ​ពួកគេថា​៖ «ចូរ​ស្តាប់ ហើយ​យល់​ចុះ​ ១១អ្វី​ដែល​ចូល​តាម​មាត់​ មិន​​ធ្វើឲ្យមនុស្ស​ ទៅ​ជា​មិន​បរិសុទ្ធ​​ទេ​ ផ្ទុយ​ទៅ​វិញ​ អ្វី​ដែល​ចេញ​ពី​មាត់​ទេតើ​ ដែល​ធ្វើឲ្យ មនុស្ស​​ទៅ​ជាមិន​បរិសុទ្ធ»។​

១២​ពួក​សិស្ស​ចូល​មក​ជិត​​ព្រះអង្គ ​ទូល​ថា​៖ «តើ​លោក​គ្រូ​ជ្រាប​ដែរ​ឬទេ​ថា ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ទាស់​ចិត្ត​​ណាស់​ ពេល​​ឮ​ពាក្យ​នេះ?» ១៣តែ​​ព្រះអង្គ​មានបន្ទូល​ឆ្លើយ​ថា​៖ «រុក្ខជាតិ​ទាំងឡាយ​ណា​ ដែល​ព្រះវរបិតា​របស់​ខ្ញុំ​​គង់​នៅ​ស្ថានសួគ៌​មិន​បាន​ដាំ នោះ​​នឹង​ត្រូវ​​ដក​ចោល ១៤ដូច្នេះប​ណ្ដោយ​តាម​ពួក​គេ​ចុះ ពួក​គេ​​ជា​មនុស្ស​​ខ្វាក់​​នាំផ្លូវ​មនុស្ស​​ខ្វាក់​ ហើយ​បើ​មនុស្ស​ខ្វាក់​នាំ​ផ្លូវ​មនុស្ស​ខ្វាក់នោះ​ទាំងពីរ​នាក់​ មុខ​ជា​​ធ្លាក់​​រណ្តៅ​​មិន​ខាន» ​១៥លោក​ពេត្រុស​ទូល​តប​​ទៅ​ព្រះអង្គ​ថា​៖ «សូម​ពន្យល់​រឿង​ប្រៀប​ប្រដូច​​នេះ ​ដល់​យើង​ខ្ញុំ​ផង»​ ១៦ព្រះអង្គ​មានបន្ទូល​ថា​៖ «តើ​អ្នករាល់គ្នា​នៅតែ​មិន​យល់​ដែរ​​ឬ?​ ១៧តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​​ឬ​​ថា អ្វី​​ៗ​​ទាំងអស់​ដែល​​ចូល​​តាម​​មាត់​ទៅ​ក្នុង​ពោះ ហើយ​បញ្ចេញ​​ទៅ​ក្នុង​បង្គន់​ទេឬ​?​ ១៨ប៉ុន្ដែ​អ្វី​​ៗ​​ដែល​​ចេញ​ពី​ មាត់​ គឺ​​ចេញ​មក​​ពី​ចិត្ដ​ សេចក្ដី​​នោះ​ឯង​​ដែល​​ធ្វើ​​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​​ ១៩ដ្បិត​គំនិត​អាក្រក់ ការ​សម្លាប់​មនុស្ស​ អំពើ​ផិត​ក្បត់​​ អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​​ ការ​លួចប្លន់​ ការ​ជេរ​ប្រមាថ​ និងការ​ធ្វើ​បន្ទាល់​ក្លែងក្លាយ ​សុទ្ធតែ​​ចេញមក​​ពី​ចិត្ដ​ ២០គឺ​សេចក្តី​ទាំងនោះ​ហើយ ​ដែល​ធ្វើឲ្យ មនុស្ស​មិន​បរិសុទ្ធ​​​ ប៉ុន្ដែ ​ការ​​បរិភោគ​ដោយ​មិន​បាន​លាង​​ដៃ មិន​​ធ្វើឲ្យមនុស្ស​មិនបរិសុទ្ធ​​ឡើយ»

ជំនឿ​របស់ស្ដ្រី​​សាសន៍ដទៃ

២១​ព្រះយេស៊ូ​បាន​យាងចេញ​ពីទីនោះ​ឆ្ពោះ​ទៅ​​កាន់​តំបន់​​ក្រុង​ទីរ៉ុស និងក្រុង​ស៊ីដូន។​ ២២នោះ​មាន​ស្រ្តី​ជនជាតិ​​កាណាន​ម្នាក់​ ដែល​រស់​នៅ​តំបន់​​នោះ​បាន​ចេញ​មក​ ស្រែក​​ថា​៖ «លោក​ម្ចាស់​​ជា​​ពូជ​ពង្ស​​ដាវីឌ​អើយ! សូម​មេត្តា​ខ្ញុំ​ផង! កូនស្រីរបស់ខ្ញុំ​ត្រូវ​​អារក្ស​ចូល​​ ធ្វើ​ទុក្ខ​ខ្លាំង​​ណាស់»​ ២៣ប៉ុន្ដែ​ព្រះអង្គ​មិន​បាន​ឆ្លើយ​​នឹង​​នាង​​មួយ​ម៉ាត់​ឡើយ ហើយ​ពួក​សិស្ស​របស់​ព្រះអង្គ​ បាន​ចូល​មក​ជិត​​ ទូល​សុំ​​ព្រះអង្គ​ថា៖ «សូម​ឲ្យ​នាង​ចេញ​ទៅ​ ព្រោះ​​នាង​ចេះតែ​ស្រែក​ពី​ក្រោយ​យើង»​ ២៤ប៉ុន្ដែ​​​ព្រះអង្គ​មានបន្ទូល​ឆ្លើយ​ថា​៖ «ព្រះជាម្ចាស់បាន​ឲ្យខ្ញុំ​មក​​ឯប្រជាជន​​អ៊ីស្រាអែល​ ដែល​ជា​​​ចៀម​​វង្វេង​របស់​ព្រះអង្គ​​​​ប៉ុណ្ណោះ»២៥ប៉ុន្ដែ​នាង​​​​ចូល​មក​ថ្វាយ​បង្គំ​ព្រះអង្គ ​ហើយទូល​ថា​៖ «លោក​​​ ម្ចាស់​អើយ! សូម​​ជួយ​ខ្ញុំ​ផង»​ ២៦ព្រះអង្គ​មានបន្ទូល​ឆ្លើយ​ថា​៖ «មិន​គួរ​​យក​អាហារ​​របស់​កូន ​បោះ​ឲ្យឆ្កែ​ទេ» ២៧ប៉ុន្ដែ​នាង​​ទូល​ថា​៖«ចាស​ លោក​ម្ចាស់ សូម្បីតែ​​ឆ្កែ​ក៏​​ស៊ី​កម្ទេច​​អាហារ​ ដែល​ជ្រុះ​ពី​តុ​ម្ចាស់​វា​ដែរ» ២៨ព្រះ​យេស៊ូ​មានបន្ទូល​ឆ្លើយ​នឹង​នាង​​ថា​៖ «ឱ នាង​​អើយ! អ្នក​​មាន​​ជំនឿ​ខ្លាំង​មែន ​​ចូរ​ឲ្យ​បាន​សម្រេច​​ដូច​អ្នក​ប្រាថ្នា​ចុះ» កូនស្រី​របស់​​នាង​​ក៏​​បាន​ជា​សះស្បើយ​​​ពី​ពេល​នោះ​មក។​

ព្រះយេស៊ូប្រោស​មនុស្សជា​ច្រើន

២៩ព្រះយេស៊ូបាន​យាងចេញ​​ពីទីនោះ​ ហើយ​ធ្វើ​ដំណើរ ​តាម​​មាត់​បឹង​កាលីឡេ​ បន្ទាប់​មក​​​ ព្រះអង្គ​​ក៏​​យាងឡើង​លើ​ភ្នំ​​​ ហើយ​អង្គុយ​នៅ​ទីនោះ។​ ៣០បណ្តាជន​ច្រើនកុះករ ​បាន​ចូល​មក​ជិត​​ព្រះអង្គ​ មាន​ទាំង​មនុស្ស​ខ្វិន ខ្វាក់ ពិការ គ និង​អ្នកជំងឺ​ផ្សេង​ទៀត​ជាច្រើន​ មកជាមួយនឹង​​ពួកគេ​ដែរ។ ពួក​គេបាន​ផ្ដេក​អ្នកទាំងនោះ​នៅ​ទៀប​បាទា​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​​ប្រោស​​អ្នក​ជំងឺ​ទាំង​នោះ ​ឲ្យ​ជាសះស្បើយ។​ ៣១កាល​​ឃើញ​មនុស្ស​​​​គ​និយាយ​​ មនុស្ស​ពិការ​ជា​សះស្បើយ​​ មនុស្ស​ខ្វិន​ដើរ​ មនុស្ស​ខ្វាក់​មើលឃើញ​ដូច្នេះ បណ្តាជន​ក៏​​នឹក​អស្ចារ្យ​ ហើយ សរសើរ​តម្កើង​​ដល់​ព្រះ​របស់​​ អ៊ីស្រាអែល។​

ព្រះយេស៊ូ​ប្រទាន​អាហារ​​មនុស្ស បួន​ពាន់​នាក់​

៣២ព្រះយេស៊ូ​ បាន​ហៅ​ពួក​សិស្ស​របស់ព្រះអង្គ​មក​​ ហើយ​​មានបន្ទូល​ថា​៖ «ខ្ញុំ​អាណិត​បណ្តាជន​ទាំង​អស់​នេះ​ណាស់ ព្រោះ​​ពួកគេ​បាន​​នៅ​ជា​មួយ​​ខ្ញុំ​បី​ថ្ងៃ​ហើយ ​ប៉ុន្ដែ​​ពួក​គេ​គ្មាន​អ្វី​សម្រាប់​​បរិភោគ​​ទាល់​​តែ​សោះ ខ្ញុំ​មិន​ចង់​បញ្ជូន​​ពួកគេ​ទៅ​វិញ​​ទាំង​ឃ្លាន​ទេ ក្រែង​​​លោ​ពួកគេអស់កម្លាំង​តាម​ផ្លូវ»៣៣នោះ​ពួក​សិស្ស​ទូល​ព្រះអង្គ​ថា​៖«នៅ​ទីរហោ​ឋាន​ដូច្នេះ​​ តើ​យើងរក​​នំប៉័ង​មក​ពីណា​ឲ្យ​បាន​​ច្រើន​​ដើម្បី​​ចម្អែត​​បណ្តាជន​ដ៏​សន្ធឹក​​បែប​​នេះ​?»​ ៣៤ព្រះ​​យេស៊ូ​សួរ​​ពួក​​សិស្ស​​ថា​៖ «តើ​អ្នក​រាល់​គ្នា​មាន​នំប៉័ង​ប៉ុន្មាន​ដុំ?» ពួក​​សិស្ស​​​​ទូល​ថា​៖ «មាន​​ប្រាំ​ពីរ​​ដុំ និង​ត្រី​ខ្លះ​​ដែរ»​ ៣៥កាល​បង្គាប់​បណ្តាជនឲ្យ​​អង្គុយ​​លើ​ដី​ហើយ ៣៦ព្រះអង្គ​​​យក​នំប៉័ង​ប្រាំ​ពីរ​​ដុំ និងត្រី​ទាំង​នោះ​មក​ អរព្រះគុណ​ រួច​កាច់​ឲ្យ​​ទៅ​ពួក​​សិស្ស ហើយ​ពួក​សិស្ស​ ក៏​ចែក​ឲ្យបណ្ដាជន។​ ៣៧គ្រប់​គ្នា​​បាន​បរិភោគ​​ឆ្អែត ស្កប់ស្កល់​ រួច​​គេ​​ប្រមូល​ចំណិត​នំប៉័ង ​នៅសល់​បាន​ប្រាំពីរ​កន្រ្តក​ពេញ។​ ៣៨​​​អ្នក​ដែល​បាន​បរិភោគ​មាន​​បុរស​បួនពាន់​នាក់​ មិន​រាប់​​ស្ដ្រី និង កូនក្មេង​ទេ។​ ៣៩ពេល​​រំសាយ​​បណ្តាជន​រួច​​ហើយ​ ព្រះអង្គ​ក៏​ចុះ​​ទូក​ឆ្ពោះ​ ទៅ​​តំបន់​​ក្រុង​ម៉ាកាដាន់។​

ម៉ាថាយ ១៥