KCB - ម៉ាថាយ ១៤


ម៉ាថាយ ១៤

ស្ដេច​ហេរ៉ូឌ​ចំអក​ឲ្យព្រះយេស៊ូ​

១៤គ្រា​​នោះហេរ៉ូឌ​ ជា​ស្ដេច​ត្រាញ់​​​ បាន​ឮដំណឹង​អំពី​ព្រះយេស៊ូ ស្ដេច​​មានបន្ទូល​ទៅ​ពួក​បាវ​បម្រើ​​ថា​៖ «ម្នាក់​នេះ​ជា​​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​​​ បាន​រស់​ពី​ស្លាប់​ឡើងវិញ​ ហេតុ​នេះ​ហើយ ​​បានជា​មាន​​ការ​អស្ចារ្យ​កើត​ឡើង​តាមរយ:​គាត់»។

ការ​សម្លាប់​​លោកយ៉ូហាន​អ្នកធ្វើ​ពិធី​ជ្រមុជ​ទឹក​

ដ្បិត​ស្តេច​ហេរ៉ូឌ​​ បាន​ចាប់​​ចង​លោក​យ៉ូហាន​ ហើយ​ឃុំ​គាត់​​ក្នុង​គុក​ដោយ​សារតែ​ព្រះនាង​ហេរ៉ូឌាស ជា​ប្រពន្ធ​​របស់​​ភីលីព​ ត្រូវ​ជា​ប្អូន​​របស់​​ស្ដេច​​ ព្រោះ​​លោក​យ៉ូហាន​ បាន​ទូល​ប្រាប់​​ស្ដេច​ថា​៖ «វា​​មិន​ត្រឹម​ត្រូវ​ទេ ​ ដែល​​ព្រះអង្គ​យក​ព្រះ​នាង​ ធ្វើ​ជា​ប្រពន្ធ​នោះ»​ ស្ដេច​​ចង់​សម្លាប់​គាត់​​​ណាស់ ប៉ុន្ដែ​ខ្លាច​បណ្តាជន ព្រោះ​ពួកគេ​បាន​ចាត់​ទុក​គាត់​ជាអ្នក​នាំ​ព្រះ​បន្ទូល​ ​ប៉ុន្ដែ​ដល់​ថ្ងៃបុណ្យចម្រើន​ព្រះជន្ម​ របស់​​ស្តេច​ហេរ៉ូឌ កូន​ស្រី​​របស់​​ព្រះនាង​ហេរ៉ូឌាស​ បាន​រាំ​នៅ​កណ្តាល​ចំណោម​ពួក​គេ​ ហើយ​ស្តេច​ហេរ៉ូឌ​​ក៏​ពេញ​​ចិត្ដ​​នឹង​នាង​ ដូច្នេះស្ដេច​​ក៏​​សន្យា​នឹង​នាង ​ដោយ​ស្បថ​ថា នឹង​ប្រទាន​អ្វី​ក៏​ដោយ​​ ដែល​នាង​សុំ​​ ដោយ​សារ​​ម្ដាយ​​នាង​បញ្ចេះ នាង​ក៏​​ទូល​សុំ​ថា​៖ «សូម​ប្រទាន​ក្បាល​​​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក ដាក់​​លើ​ថាស​ឲ្យ​ខ្ញុំ​ម្ចាស់​នៅ​ទី​នេះ»​ ស្ដេច​ព្រួយចិត្ដ​​ណាស់​ ប៉ុន្ដែ​ដោយសារតែ​ពាក្យសម្បថ​ និង​ពួក​​ភ្ញៀវ ស្ដេច​​ក៏​បញ្ជាឲ្យ​ធ្វើ​តាម​សំណូម​​នាង។​ ១០ស្ដេច​​ក៏​​ចាត់​​គេឲ្យ​ទៅ​កាត់​ក​​លោក​យ៉ូហាន​នៅក្នុង​គុក ​១១រួច​គេ​​យក​ក្បាល​របស់​គាត់​ ដាក់​លើ​ថាស​ឲ្យទៅ​នាង ហើយ​នាង​ក៏​យក​ទៅ​ឲ្យម្ដាយ​​របស់​នាង។​ ១២ពួកសិស្ស​របស់​គាត់​បាន​ចូល​មក​​យក​​សព​​គាត់​ទៅ​បញ្ចុះ​ ហើយ​ក៏​​​មក​​រៀបរាប់​​ប្រាប់​​ព្រះ​យេស៊ូ។​

ព្រះយេស៊ូ​ប្រទាន​អាហារ​​​មនុស្សប្រាំ​ពាន់​នាក់​

១៣ពេល​ព្រះយេស៊ូ​ឮ​ពី​​ការ​នេះ​ ព្រះអង្គក៏​យាង​តាម​ទូក​​ចេញ​ពីទីនោះ​ ទៅ​កន្លែង​ដាច់​ដោយ​​ឡែក​​តែម្នាក់​ឯង​ តែ​​ពេល​បណ្តាជន​​បាន​ដឹង ក៏​​ចេញ​ពី​ក្រុង​នានា​ដើរ​ទៅតាម​ព្រះអង្គ។​ ១៤ពេល​ចេញ​ពី​ទូក​ ព្រះអង្គ​បាន​ឃើញ​​មនុស្ស​​ច្រើនកុះករ​ ក៏​មានចិត្ដ​​អាណិត​អាសូរ​ពួកគេយ៉ាង​ខ្លាំង និងបាន​ប្រោស​អ្នក​​ជំងឺ​​ទាំង​ឡាយ​​​ក្នុង​​ចំណោម​ពួកគេ​​ ឲ្យ​បាន​ជា។​ ១៥លុះ​ដល់​​ល្ងាច ពួក​សិស្ស​បាន​ចូល​មក​ជិត​​ព្រះអង្គ​ ទូល​ថា​៖ «កន្លែង​នេះ​នៅ​​ដាច់​ពីគេ​ ឯ​ម៉ោង​​ក៏​​ជ្រុល​​ហើយ សូម​រំសាយ​បណ្តាជន ​ឲ្យទៅ​តាម​​ភូមិ​ ដើម្បី​ឲ្យ​គេ​ទិញ​អាហារ ​​សម្រាប់​​ខ្លួន​គេ»​ ១៦តែ​​ព្រះយេស៊ូ​ បាន​​មានបន្ទូល​ទៅ​ពួកគេ​ថា​៖ «មិន​ចាំបាច់​ឲ្យ​ពួក​គេ​​ទៅ​ទេ ចូរ​អ្នក​រាល់​គ្នា​ ឲ្យ​អាហារ​​គេ​បរិភោគ​ផង»១៧ប៉ុន្ដែ​ ពួកគេ​ទូល​ព្រះអង្គ​ថា៖ «នៅ​ទីនេះ​ យើង​​គ្មាន​អ្វី​ទេ ក្រៅ​ពី​នំប៉័ង​ប្រាំ​ដុំ និងត្រី​ពីរ​កន្ទុយ»១៨ព្រះ​អង្គ​ក៏​​មានបន្ទូល​ថា​៖ «ចូរ​យក​ត្រី និង​នំប៉័ង​នោះ​មក​ឲ្យខ្ញុំ​នៅទីនេះ»​ ១៩ព្រះអង្គ​បាន​​បង្គាប់​បណ្តាជន​ឲ្យ​អង្គុយ​​លើ​ស្មៅ ហើយ​យក​នំប៉័ង​ប្រាំ​ដុំ និងត្រី​ពីរ​កន្ទុយ​នោះ​មក ​ក៏​​ងើយ​មើល​​ទៅ​ស្ថាន​សួគ៌​​ អរ​ព្រះគុណ​ រួច​កាច់​ឲ្យទៅ​ពួក​​សិស្ស ហើយ​ពួក​សិស្ស​ក៏​​ចែក​​ឲ្យ​បណ្តាជន​ ២០ពួក​គេ​​បាន​បរិភោគ​ និង​ឆ្អែត​ស្កប់ស្កល់​គ្រប់​ៗ​​គ្នា រួច​គេ​ប្រមូល​ចំណិត​នំប៉័ង​នៅសល់​ បាន​ដប់ពីរ​កន្រ្តក​ពេញ​ៗ​ ២១ហើយ​អ្នក​ដែល​បាន​បរិភោគ​ មាន​​បុរស​ប្រហែល​ប្រាំពាន់​នាក់ មិនរាប់​ស្ដ្រី និងកូនក្មេង​ទេ។​

ព្រះយេស៊ូយាង​ដើរ​លើ​ទឹក​

២២ភ្លាមនោះ​ ព្រះអង្គ​តឿន​​ពួកសិស្ស​​​ព្រះ​អង្គ ​​ឲ្យ​ចុះ​​ទូក​ឆ្លង​ទៅ​ត្រើយម្ខាង​មុន​ព្រះអង្គ​ ខណៈ​នោះ​​ព្រះអង្គ​ក៏​​រំសាយ​​បណ្តាជន។​ ២៣ពេល​​​រំសាយ​​បណ្តាជន​រួច​​ហើយ ព្រះអង្គ​ក៏​​យាងទៅ​អធិស្ឋាននៅ​លើ​​ភ្នំ​តែម្នាក់​​ឯង។​ លុះ​ដល់​ពេល​ព្រលប់​​ ព្រះអង្គ​ក៏​នៅ​ទីនោះ​តែ​ម្នាក់​ឯង​​ ២៤ឯ​ទូក​ឃ្លាត​​ឆ្ងាយ​ពី​គោក ​រាប់​​រយ​ម៉ែត្រ​​ ហើយ​​ត្រូវ​រលក​បោកបក់​​ ព្រោះ​បញ្ច្រាស់​ខ្យល់។​ ២៥នៅ​យាម​ទី​បួន​យប់​នោះ​ ព្រះអង្គ​បាន​យាង​ដើរ​​លើ​បឹង​​​ មក​ឯ​ពួក​សិស្ស ២៦ប៉ុន្ដែ​ ​​ពេល​ពួកសិស្ស​ឃើញ​ព្រះអង្គ​យាង​ដើរ​​លើ​បឹង​ ក៏​និយាយ​ទាំង​តក់​ស្លុត​​ថា៖«ខ្មោច​លង!» ហើយពួក​គេ​​ក៏​​ស្រែក​ឡើង​​ទាំង​ភ័យ​ខ្លាច ២៧ប៉ុន្ដែ​​ភ្លាម​នោះ ​​ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​ពួក​គេ​វិញ​​ថា​៖ «កុំ​ខ្លាចអី​ ក្លាហាន​ឡើង​ គឺ​ខ្ញុំ​ទេ!»​ ២៨លោក​ពេត្រុស​ទូល​តប​ទៅ​ព្រះអង្គ​ថា​៖ «ព្រះអម្ចាស់​អើយ! បើ​ជា​ព្រះអង្គ​មែន សូម​បង្គាប់​ខ្ញុំ​​ឲ្យទៅ​ឯព្រះអង្គ​នៅលើ​ទឹក​ផង»​ ២៩ព្រះអង្គ​មាន​បន្ទូល​ថា​៖ «មក​ចុះ» លោក​​​ពេត្រុស​ក៏​ចុះ​​ពី​ទូក ហើយ​​ដើរ​​លើ​ទឹក​សំដៅ​​​ទៅឯ​​ព្រះយេស៊ូ ៣០ប៉ុន្ដែ​ពេល​ឃើញ​ខ្យល់​ខ្លាំងពេក​ នោះ​គាត់​ក៏​ភ័យ ហើយ​ចាប់​ផ្តើម​លិច​ចុះ​ គាត់​ក៏​ស្រែក​ឡើង​ថា​៖ «ព្រះអម្ចាស់​អើយ! សូម​សង្គ្រោះ​ខ្ញុំ​​ផង» ​៣១ព្រះ​យេស៊ូ​​លូក​ព្រះហស្ដ ​ចាប់​គាត់​ភ្លាម រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ថា​៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​សង្ស័យ​ដូច្នេះ?»​៣២កាល​​ព្រះអង្គ​ និងលោក​ពេត្រុស​ឡើង​ទូក​ហើយ ​នោះ​ខ្យល់​ក៏​​ស្ងប់​ទៅ​ ៣៣អ្នក​នៅ​លើ​ទូក​បាន​ថ្វាយ​បង្គំ​ព្រះអង្គ​ ទាំង​ទូល​ថា​៖​ «ព្រះ​អង្គ​ពិត​​ជា​ព្រះរាជបុត្រា​របស់​​ព្រះជាម្ចាស់​មែន​!»

ព្រះយេស៊ូ​ប្រោស​មនុស្សជា​ច្រើន​

៣៤ពេល​ឆ្លង​ដល់​ត្រើយម្ខាង​ពួកគេ​បាន​មក​ដល់​តំបន់​​​គេនេសារ៉ែត។​ ៣៥​ពេលមនុស្ស​នៅ​កន្លែង​​នោះ​ ស្គាល់​ព្រះអង្គ​ ពួកគេក៏​ជូន​​ដំណឹង​ ​ទៅដល់​​ស្រុក​​ទាំង​អស់​​នៅ​ជុំវិញ​នោះ រួច​ពួកគេ​នាំ​មនុស្ស​ទាំងអស់ ​ដែល​មាន​ជំងឺ​មក​ឯ​ព្រះអង្គ​ ៣៦និង​​អង្វរ​ព្រះអង្គ​ឲ្យអ្នកទាំង​នោះ​ពាល់​ត្រឹមតែ​រំយោល​​អាវ​​​​របស់​ព្រះ​អង្គ​ប៉ុណ្ណោះ ហើយ​​មនុស្ស​​ជា​ច្រើន​ដែល​បាន​ពាល់ ​ក៏​​បាន​ជាសះស្បើយ។​

ម៉ាថាយ ១៤