KCB - ម៉ាថាយ ១៣


ម៉ាថាយ ១៣

រឿង​កសិករ​ព្រោះ​គ្រាប់​ពូជ​

១៣នៅ​ថ្ងៃ​នោះ ​​ព្រះយេស៊ូ​ បាន​​យាង ចេញ​ពី​ផ្ទះទៅ​​អង្គុយ​នៅ​ក្បែរ​មាត់​បឹង។​ មាន​បណ្តាជន​ច្រើនកុះករ​ បាន​ប្រមូល​គ្នា​​​មក​ចោម​រោម​ព្រះអង្គ​ ដូច្នេះ​ព្រះអង្គ​ក៏​យាង​ចុះ​ទៅ​​អង្គុយ​​នៅ​លើ​​​ទូក ​ឯ​បណ្តាជន​ទាំងអស់ ​បាន​ឈរ​​នៅតាម​មាត់បឹង។​ ​ព្រះអង្គ​​មាន​បន្ទូល​ប្រាប់​ពួកគេ អំពី​​សេចក្តី​ជា​ច្រើន ​ជា​រឿង​​ប្រៀប​ប្រដូច​​ថា៖ «មើល៍ មាន​កសិករ​​ម្នាក់​ចេញ​​ទៅ​ព្រោះ​គ្រាប់​ពូជ​ ពេល​គាត់​ព្រោះ គ្រាប់ពូជ​ខ្លះ​បាន​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​សត្វ​ស្លាប​បាន​​មក​ចឹក​ស៊ី​អស់​ ឯ​គ្រាប់​ពូជ​​ខ្លះ​ទៀត ​បាន​​ធ្លាក់​ទៅ​លើ​កន្លែង​មានថ្ម​ ពុំ​សូវ​មាន​ដី គ្រាប់​ពូជ​នោះ​ដុះឡើង​យ៉ាងឆាប់​ ពីព្រោះ​ដី​មិន​ជ្រៅ​ ប៉ុន្ដែ​ពេល​ថ្ងៃ​រះឡើង​ ពន្លក​ក៏​​ក្រៀម​ស្វិត​ ដោយព្រោះ​គ្មាន​ឫស។​ គ្រាប់​ពូជ​​ខ្លះទៀត​ក៏​​ធ្លាក់​លើ​ដី​មាន​បន្លា​ បន្លា​ក៏​ដុះឡើង ​រួបរឹត​​គ្រាប់​ពូជ​នោះ។​ ប៉ុន្ដែ​គ្រាប់​ពូជ​​ខ្លះ​ទៀត​ធ្លាក់​លើ​ដី​ល្អ ហើយ​ឲ្យ​ផល​មួយ​ជា​មួយរយ មួយ​​ជា​ហុកសិប និងមួយ​​ជា​សាមសិប។​ អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ!»

ហេតុ​ដែល​ព្រះយេស៊ូប្រើ​រឿង​​ប្រៀប​ប្រដូច​

១០ពួក​សិស្ស​បាន​ចូល​មក​ជិត​​ព្រះអង្គ​ទូលសួរ​ថា​៖ «ហេតុអ្វី​បាន​ជា​​លោក​និយាយ​​នឹង​គេ ​ជា​រឿង​​ប្រៀប​ប្រដូច​​ដូច្នេះ?»​ ១១ព្រះអង្គ​មាន​បន្ទូល​​​ឆ្លើយ​ទៅ​​គេ​ថា​៖ «ពីព្រោះ​អាថ៌កំបាំង​នៃ​​នគរ​​ស្ថានសួគ៌ បាន​ប្រទានមក​​​​ឲ្យ​អ្នករាល់គ្នា​យល់ ប៉ុន្ដែ​មិន​បាន​ប្រទាន​​ឲ្យអ្នកទាំងនោះ​ទេ​ ១២ដ្បិត​អ្នក​ណា​ដែល​មាន​នឹង​បន្ថែម​​ឲ្យ​ ហើយ​អ្នកនោះ​នឹងមាន​​ជា​​បរិបូរ​ ប៉ុន្ដែ​អ្នក​ណា​ដែល​គ្មាន​នឹង​ត្រូវ​ដកយកវិញ​​ សូម្បី​តែ​​អ្វីដែល​អ្នក​នោះ​​​មាន​ផង​ ១៣ហេតុ​នេះ​ហើយ​​បាន​ជា​ខ្ញុំ​និយាយ​នឹង​គេ​ជា​រឿង​ប្រៀប​ប្រដូច​​ ដ្បិត​​គេ​មើល ប៉ុន្ដែ​​មិន​​ឃើញ ស្ដាប់​​ ប៉ុន្ដែ​​មិន​​ឮ និង​​មិន​យល់​ផង។​ ១៤សេចក្តី​ដែល​លោក​​អេសាយ​បាន​ថ្លែង​​ទុក​មក​ បាន​សម្រេច​តាម​រយៈ​ពួកគេហើយ គឺ​អ្នករាល់គ្នា​ស្ដាប់​ឮ ប៉ុន្ដែ​មិន​​យល់​​ ហើយ​មើល​ឃើញ ប៉ុន្ដែ​ មិន​ដឹង​សោះ១៥ដ្បិត​ចិត្ដ​របស់​ប្រជាជន​នេះ​ បាន​ត្រលប់​​ជា​ស្ពឹក​​ ត្រចៀក​គេ​ធ្ងន់​ពិបាក​​ស្តាប់​ ហើយ​គេ​​ក៏​​បិទ​​ភ្នែក​ បើ​ពុំ​នោះ​សោត​​ គេ​មុខ​ជា​​មើលឃើញ​នឹង​​ភ្នែក ស្តាប់ឮ​នឹង​​ត្រចៀក យល់​នៅក្នុង​ចិត្ដ​ រួច​​ប្រែចិត្ត​ ហើយ​​យើង​​នឹង​​ប្រោស​ពួកគេ​ឲ្យ​ជា​​។​ ១៦ភ្នែក​របស់​អ្នករាល់គ្នា​មាន​ពរ​ណាស់​ ដ្បិត​បាន​មើល​ឃើញ​ ហើយត្រចៀក​ក៏​​ដូច្នេះ​​ដែរ ដ្បិត​បាន​​ស្តាប់ឮ។​ ១៧ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ជា​បា្រកដ​ថា ពួក​អ្នក​នាំ​ព្រះបន្ទូល​ និងពួក​មនុស្ស​សុចរិត​ជា​ច្រើន​ ចង់​ឃើញ​អ្វី ​ដែល​អ្នក​រាល់​គ្នា​ឃើញ ប៉ុន្ដែ​មិន​បាន​ឃើញ​ទេ​ ក៏​ចង់​ឮ​អ្វី​ដែល​អ្នករាល់គ្នាឮ​ដែរ​ ប៉ុន្ដែ​មិន​​បាន​ឮ​ឡើយ។​

ព្រះយេស៊ូពន្យល់​រឿង​កសិករ​ព្រោះ​គ្រាប់​ពូជ​

១៨ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ស្តាប់​រឿង​ប្រៀប​ប្រដូច​​ អំពី​កសិករ​​ព្រោះ​គ្រាប់​ពូជ​ចុះ។​ ១៩អស់​អ្នក​ដែល​​ឮ​ព្រះបន្ទូល​អំពី​នគរ​ព្រះជាម្ចាស់​ប៉ុន្ដែ​មិន​យល់ អារក្ស​​ក៏​​មក​ឆក់យក​សេចក្ដី​​ដែល​បាន​​​ព្រោះ​ក្នុង​ចិត្ដ​អ្នកនោះ​ទៅ នេះ​​ជា​អ្នក​ដែល​​ទទួល​​គ្រាប់ពូជ​នៅ​​តាម​​ផ្លូវ ២០អ្នក​ដែល​ទទួល​គ្រាប់ពូជ​នៅ​​កន្លែង​មានថ្ម​ គឺ​​ជា​អ្នក​ដែល​ឮ​ព្រះបន្ទូល​ ហើយ​ទទួលយក​ភ្លាម​ទាំង​អំណរ ២១ប៉ុន្ដែ​ គេ​មិន​បាន​​ចាក់​​ឫស​​ទេ គឺ​ធន់​បាន​តែ​មួយ​​រយ:ពេល​ខ្លី​ប៉ុណ្ណោះ។​ កាល​ណាមាន​​​ទុក្ខ​លំបាក ​ឬការបៀត បៀន​កើត​ឡើង​​ ដោយព្រោះ​ព្រះ​បន្ទូល​ គេ​ក៏​រវាត​ចិត្ត​ភ្លាម ២២ឯ​អ្នក​ដែល​ទទួល​គ្រាប់ពូជ​នៅលើដី​មាន​​បន្លា​ ​​គឺជា​អ្នក​ដែល​ឮ​ព្រះបន្ទូល​ ប៉ុន្តែ​សេចក្ដី​ខ្វល់ខ្វាយ​នៅ​ក្នុង​​ជីវិត និង​​ការបោកបញ្ឆោត​នៃ​ទ្រព្យសម្បត្តិ​ បានរួបរឹត​​ព្រះបន្ទូល​មិន​​ឲ្យ​បង្កើត​ផលផ្លែ ​២៣ឯ​អ្នក​ដែល​ទទួល​គ្រាប់ពូជ​នៅ​លើ​ដី​ល្អ ​​គឺ​ជា​​អ្នក​ដែល​ឮ​ព្រះបន្ទូល​ហើយ​ក៏​យល់ អ្នកនោះ​បង្កើតផល​ គឺ​ឲ្យ​​​ផល​មួយ​ជា​មួយរយ ​ខ្លះ​ហុកសិប ខ្លះទៀត​សាមសិប»។​

រឿង​ស្រូវ​ និងស្រងែ​

២៤ព្រះអង្គ​លើក​​យក ​រឿង​ប្រៀប​ប្រដូច​​មួយ​ទៀត ​ដោយ​មាន​បន្ទូល​ទៅ​គេ​ថា​៖ «នគរ​ស្ថានសួគ៌ ​ប្រៀប​ដូច​​ជា​​បុរស​ម្នាក់​ ដែល​ព្រោះ​ពូជ​ល្អ​​ទៅ​ក្នុង​ស្រែ​​គាត់​ ២៥ក្រោយមក ពេល​មនុស្ស​ដេកលក់​អស់ សត្រូវ​គាត់​បាន​មក​​ព្រោះ​ស្រងែ​ក្នុង​ចំណោម​ស្រូវ​នោះ​ ហើយ​ក៏​ចេញទៅ​ ២៦កាល​ស្រូវ​ពន្លក ​ហើយ​ចេញ​ផ្លែ នោះ​ស្រងែ​ក៏​លេចចេញ​មក​ដែរ ២៧ពួក​​បាវបម្រើក៏​ចូលមកប្រាប់​ម្ចាស់​​ស្រែថា លោក ម្ចាស់ តើ​លោក​មិន​បាន​ព្រោះ​ពូជ​ល្អ​ក្នុង​ស្រែ​របស់​លោក​ទេឬ​? ចុះ​​ស្រងែ​​ទាំងនេះ​មាន​មក​​ពីណា​?​ ២៨គាត់​ប្រាប់​គេ​ថា មនុស្ស​ដែល​ធ្វើ​ការ​នេះ​ គឺ​ជា​សត្រូវ។ ពួក​​បាវ​បម្រើ​​ក៏​សួរ​គាត់​ទៀត​ថា ដូច្នេះតើ​លោក​ចង់​ឲ្យ​យើង ​ទៅ​ដក​ស្រងែ​ទាំង​នោះ​ដែរ​​ឬ​ទេ​? ២៩គាត់​និយាយ​ថា កុំអី​! ក្រែងលោ​ពេល​អ្នករាល់គ្នាដក​ស្រងែ ស្រូវក៏ដោយ​មក​​ជាមួយ​ដែរ។​ ៣០ចូរ​ទុក​ឲ្យ​វា​​ដុះឡើង​ជាមួយគ្នា ​រហូតដល់​ខែ​ចម្រូត​​ចុះ នៅ​ពេល​ច្រូត​ខ្ញុំ​នឹង​បា្រប់​អ្នកច្រូត​ឲ្យ​ប្រមូល​ស្រងែ​​ជាមុន ចង​ជា​បាច់ ដើម្បី​ដុតចោល ឯ​ស្រូវ​វិញ ត្រូវ​​ប្រមូល​ដាក់ក្នុង​ជង្រុក​របស់​ខ្ញុំ»។​

៣១ព្រះអង្គ​លើក​យក​ រឿង​ប្រៀប​ប្រដូច​​មួយ​ទៀត​ ដោយ​មាន​បន្ទូល​ទៅ​គេ​ថា៖ «នគរ​ស្ថានសួគ៌​ប្រៀប​ដូច​​ជា​​គ្រាប់​មូតា​ ដែល​មនុស្ស​យក​ទៅ​ដាំក្នុង​ចម្ការ​របស់​​គាត់​​ ៣២គ្រាប់ពូជ​​នោះ​តូច​ល្អិត​ជាង​គ្រាប់ពូជ​ណា​ៗ​ទាំងអស់ ប៉ុន្ដែ​ពេល​ដុះឡើង វា​ធំ​ជាង​រុក្ខជាតិ​ផ្សេងៗ ហើយ​វា​ប្រែ​ជា​ដើមឈើ​មួយ​​ដើម​ ដូច្នេះ​សត្វស្លាប​ហើរ​​លើ​អាកាស ​​​មក​អាស្រ័យ​នៅតាម​មែក​របស់​វា»។​

៣៣ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ ជា​​រឿង​ប្រៀប​​​ប្រដូច​មួយ​ទៀត​​ថា​៖ «នគរ​ស្ថានសួគ៌​​ប្រៀប​ដូច​ជា​​មេនំប៉័ង​ ដែល​ស្រ្តី​ម្នាក់​​ យកទៅ​លាយ​​នឹង​ម្សៅ​បី​រង្វាល់​ រហូតដល់​មេនំប៉័ង​នោះ ​ធ្វើឲ្យម្សៅ​ទាំងអស់​ដោរ​ឡើង»

ព្រះយេស៊ូប្រើ​រឿង​ដើម្បីសម្រេច​តាម​បទ​គម្ពីរ​

៣៤ព្រះ​យេស៊ូ​មាន​បន្ទូល​បា្រប់​បណ្តាជន​ពី​សេចក្តី​ទាំងអស់​នេះ​ ជា​រឿង​ប្រៀប​ប្រដូច ​ ក្រៅ​ពី​រឿង​ប្រៀប​ប្រដូចព្រះអង្គ​​មិន​បាន​មាន​បន្ទូល​នឹង​បណ្តាជន​​​ឡើយ​​​​ ៣៥ដើម្បី​ឲ្យសម្រេច​សេចក្ដី​ ដែល​បាន​ថ្លែងទុក​​តាម​រយៈ​អ្នក​នាំ​ព្រះបន្ទូល​ថា៖​ «យើង​នឹង​បើក​មាត់​យើង​និយាយ ​ជា​រឿង​ប្រៀប​ប្រដូច ហើយ​យើង​នឹង​និយាយ​​អំពី សេចក្ដី​​ដែល​​បាន​លាក់​​កំបាំង​ តាំង​​ពី​ដើម​កំណើត​ពិភព​លោក​មក»។​

ព្រះយេស៊ូពន្យល់​​អំពីរឿង​ស្រូវ​ និងស្រងែ​

៣៦បន្ទាប់​មក ព្រះអង្គក៏​​​ចាក​​ចេញ​​ពី​បណ្តាជន ហើយយាង​ចូល​ទៅ​ក្នុង​ផ្ទះ នោះ​ពួក​សិស្ស​របស់​ព្រះអង្គ​បាន​ចូល​មក​ជិត​​ព្រះអង្គ​ទូល​​ថា​៖ «សូម​បក​ស្រាយ​​ប្រាប់​​យើង​ខ្ញុំ​ពី​រឿង​ប្រៀប​ប្រដូច​ អំពី​ស្រែ​មាន​ស្រងែផង»។​ ៣៧ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​​ថា​៖ «អ្នក​ព្រោះ​ពូជ​ល្អ​ គឺ​ជា​កូន​មនុស្ស​ ៣៨ឯ​​ស្រែ​គឺជា​ពិភពលោក ហើយ​ពូជ​ល្អ​ទាំងនេះ​ ជា​កូន​​នៃ​នគរ​ព្រះជាម្ចាស់ ឯ​ស្រងែ​វិញ ​ជា​កូន​​នៃ​​អារក្ស​សាតាំង។​ ៣៩សត្រូវ​ដែល​ព្រោះ​ស្រងែ​គឺជា​អារក្សសាតាំង​ ហើយ​ខែ​ចម្រូត​​គឺជា​គ្រា​​ចុង​ក្រោយ ឯ​អ្នកច្រូត​គឺជា​ទេវតា។​ ៤០ដូច្នេះ ដែល​គេ​ប្រមូល​ស្រងែ​ដុតបន្សុស​​នឹង​ភ្លើង​យ៉ាងណា នៅ​ចុងបញ្ចប់​នៃ​ពិភព​លោក ​ក៏​នឹង​កើត​មាន​យ៉ាងនោះដែរ​ ៤១គឺ​​កូន​មនុស្ស​នឹង​ចាត់​ពួក​ទេវតា​​របស់​​លោក​ ឲ្យ​ទៅ​ប្រមូល​អស់​ទាំង​​អ្វីៗ ​​ដែល​​បណ្ដាល​ឲ្យ​ប្រព្រឹត្ដ​បាប​ និងពួក​​អ្នក​បំពាន​​វិន័យ ​​ចេញ​ពី​នគរ​របស់​​លោក ៤២ទេវតា​នឹង​បោះ​អ្នកទាំងនោះ ទៅ​​ក្នុង​ឡ​ភ្លើង ហើយ​នៅទីនោះ​មាន​ការ​ទ្រហោយំ និង​ការ​សង្កៀត​ធ្មេញ។​ ៤៣ពេលនោះ មនុស្ស​សុចរិត​នឹង​ភ្លឺ​ត្រចះត្រចង់ ​ដូច​ដួងអាទិត្យនៅក្នុង​នគរ​ព្រះវរបិតា​របស់​គេ។ អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ។

រឿង​កំណប់​ដ៏​មាន​តម្លៃ​ និងគជ់​ដ៏​មាន​តម្លៃ

៤៤នគរ​ស្ថានសួគ៌​ ប្រៀបដូច​ជា​​កំណប់​ទ្រព្យ​​កប់​ទុក​នៅ​ក្នុង​ស្រែ​ ដែល​បុរស​ម្នាក់​បាន​រកឃើញ ហើយ​កប់​ទុក​វិញ រួច​គាត់​បាន​​ទៅ​លក់​អ្វី​ៗ​​​ទាំងអស់​​ដែល​គាត់​មាន​ដោយ​​អំណរ ហើយ​​​ទិញ​យក​ស្រែ​នោះ។

៤៥ម្យ៉ាង​ទៀតនគរ​ស្ថានសួគ៌​ ប្រៀបដូច​ជា​​ឈ្មួញ​ម្នាក់ ​កំពុង​ស្វែង​រក​គជ់​​ដ៏ល្អ​ប្រណិត​ ៤៦ហើយ​ពេល​រកឃើញ​គជ់​​មួយ​គ្រាប់ដ៏​​មាន​តម្លៃ​​ គាត់​ក៏​ទៅ​លក់​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន ហើយ​​ទិញ​យក​គជ់​នោះ។​

រឿង​សំណាញ់​ចាប់​ត្រី​

៤៧ម្យ៉ាង​ទៀត នគរ​ស្ថានសួគ៌​ប្រៀបដូច​ជា​សំណាញ់​ ដែល​បាន​​បង់ទៅ​ក្នុង​បឹង ហើយ​ប្រមូលបាន​ត្រី​គ្រប់​ប្រភេទ​៤៨ពេល​​សំណាញ់​ពេញ គេ​ក៏​​ទាញឡើង​លើ​ច្រាំង ហើយ​អង្គុយ​រើស​ត្រី​ល្អៗ​ដាក់​ក្នុង​កញ្ឆេ​ ឯ​ត្រី​អន់​​ៗគេ​បោះ​ចោល។​ ៤៩នៅ​ចុងបញ្ចប់​នៃ​ពិភពលោក​ នឹង​កើតមាន​ដូច្នោះ​ដែរ ពួក​ទេវតា​នឹង​ចេញមក​ ហើយ​ញែក​មនុស្ស​អាក្រក់ ​ចេញ​ពី​ក្នុងចំណោមមនុស្ស​សុចរិត​ ៥០រួច​​ទេវតា​នឹង​បោះ​មនុស្ស​អាក្រក់​ទាំងនោះ​ ទៅ​ក្នុង​ឡ​ភ្លើង ហើយ​នៅ​ទី​នោះ​មាន​ការ​ទ្រហោយំ និង​ការ​សង្កៀត​ធ្មេញ។​

៥១តើ​អ្នក​រាល់​គ្នា​ យល់​សេចក្តី​ទាំង​អស់​នេះ​ហើយ​​​ឬ​នៅ?» ពួកគេ​បាន​ទូល​ព្រះអង្គ​ថា​៖ «បាទ យល់​ហើយ»​៥២ព្រះអង្គ​មានបន្ទូល​ទៅ​គេ​ទៀត​ ថា​៖ «ដូច្នេះគ្រូវិន័យ​គ្រប់គ្នា ​ដែលត្រលប់ជា​សិស្ស​នៃ​នគរ​ស្ថានសួគ៌ ប្រៀបដូច​ជា​​មនុស្ស​​ម្នាក់​ ជា​​ម្ចាស់ផ្ទះ​ ដែល​បាន​​បញ្ចេញ​​​របស់​​ទាំង​ថ្មី ​ទាំង​ចាស់ ​​ពី​​ឃ្លាំង​ទ្រព្យ​របស់​​ខ្លួន»។​

៥៣កាល​​ព្រះ​យេស៊ូ​ មាន​បន្ទូល​​អំពី​រឿង​ប្រៀប​ប្រដូច​ ទាំងនេះចប់​ហើយ​ ព្រះអង្គ​ក៏​យាង​ចេញ​ពី​ទីនោះ។​

អ្នក​ក្រុងណាសារ៉ែតបដិសេធ​ ព្រះយេស៊ូ​

៥៤កាល​​យាង​ដល់​ស្រុក​របស់​​ព្រះអង្គ ព្រះអង្គ​ក៏​​បាន​បង្រៀន​អ្នកស្រុក​ ក្នុង​សាលា​ប្រជុំ​របស់​​ពួកគេ ធ្វើឲ្យអ្នក​ស្រុក​​នឹកអស្ចារ្យ​ក្នុងចិត្ដ​ ទាំង​និយាយ​ថា​៖ «អ្នក​នេះ​​មាន​បា្រជ្ញា និង​ការអស្ចារ្យ​បែបនេះ​មកពីណា​? ៥៥តើ​អ្នក​នេះ​មិន​មែន​ជា​កូន​របស់​​ជាង​ឈើ​ទេ​ឬ? តើ​ម្តាយ​​គាត់​​មិន​មែន​ឈ្មោះ​ម៉ារា ហើយ​ប្អូន​ៗ​គាត់​​ឈ្មោះយ៉ាកុប យ៉ូសេ ស៊ីម៉ូន និង​យូដាស​ទេ​ឬ?​ ៥៦តើ​ប្អូនស្រី​របស់​គាត់​មិន​បាន​នៅ​ជាមួយ​យើង ​ទាំង​អស់​គ្នា​ទេឬ​? ដូច្នេះ តើ​អ្នក​នេះ​បាន​សេចក្តី​ទាំងអស់​នេះ​មកពីណា​?»​ ៥៧គេ​ក៏​ទាស់​ចិត្ត​នឹង​ព្រះអង្គ​ ប៉ុន្តែ​ ព្រះយេស៊ូ​មានបន្ទូល​ទៅ​គេ​ថា​៖ «អ្នក​នាំព្រះបន្ទូល​បាន​​ទទួល​សេចក្ដី​គោរព​ ​នៅ​គ្រប់​​ទីកន្លែង​​លើកលែងតែ​នៅក្នុង​ស្រុកកំណើត និងក្នុង​គ្រួសារ​​របស់​គាត់​​ប៉ុណ្ណោះ»៥៨ដោយ​​ព្រោះតែ​ ភាពគ្មាន​ជំនឿ​របស់ពួក​​គេ ព្រះអង្គ​មិន​បាន​ធ្វើ​ការអស្ចារ្យ​ច្រើន​នៅ​ទី​នោះ​​ទេ។

ម៉ាថាយ ១៣