ម៉ាថាយ ១១
ព្រះយេស៊ូ និងលោកយ៉ូហាន
១១កាល ព្រះយេស៊ូបង្គាប់ សិស្ស ទាំងដប់ពីរចប់ហើយ ព្រះអង្គក៏យាងចេញពីទីនោះទៅបង្រៀន និងប្រកាសនៅក្នុងក្រុងនានារបស់ពួកគេ។ ២ឯលោកយ៉ូហានដែលនៅក្នុងគុក កាលបានឮពីកិច្ចការទាំងឡាយដែលព្រះគិ្រស្ដបានធ្វើ ក៏ចាត់សិស្សរបស់គាត់ឲ្យមក ទូលសួរព្រះអង្គថា៖ ៣«តើលោកជាព្រះអង្គដែលត្រូវយាងមក ឬយើងត្រូវទន្ទឹងចាំព្រះមួយអង្គទៀត?» ៤ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ចូរទៅប្រាប់លោកយ៉ូហានពីអ្វីដែលអ្នកស្ដាប់ឮ និងមើលឃើញចុះ ៥គឺមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនបានដើររួច មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់បានស្ដាប់ឮ ឯមនុស្សស្លាប់បានរស់វិញ ហើយអ្នកក្របានឮដំណឹងល្អ។ ៦អ្នកដែលមិនរវាតចិត្តពីខ្ញុំមានពរហើយ»។
៧ពេលអ្នកទាំងនេះចាកចេញ ព្រះយេស៊ូ ចាប់ផ្ដើមមានបន្ទូលទៅបណ្ដាជនអំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាចេញទៅមើលអ្វី នៅទីរហោឋាន? មើលដើមត្រែង ដែលត្រូវខ្យល់បក់ឬ? ៨តើអ្នករាល់គ្នា បានចេញទៅមើលអ្វី? មើលបុរសម្នាក់ ដែលស្លៀកសម្លៀក បំពាក់ស្អាតប្រណិតឬ? នែ៎! អ្នកស្លៀកពាក់ស្អាតប្រណិត គឺនៅក្នុងដំណាក់ស្ដេចឯណោះ។ ៩ដូច្នេះ តើអ្នករាល់គ្នាចេញទៅមើលអ្វី? អ្នកនាំព្រះបន្ទូលឬ? មែនហើយ ខ្ញុំបា្រប់អ្នករាល់គ្នាថា អ្នកនោះ វិសេសជាងអ្នកនាំព្រះបន្ទូលទៅទៀត ១០ដ្បិតអ្នកនេះហើយ ដែលមានសេចក្តីចែងទុកអំពីគាត់ថា មើល៍! យើងចាត់ទូតយើងឲ្យទៅមុនអ្នក ដែលជាអ្នករៀបចំដំណើរ របស់អ្នកជាមុន ១១ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា ក្នុងចំណោមមនុស្សដែលកើតពីស្ដ្រីមក គ្មានអ្នកណាវិសេសជាងលោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹកទេ ប៉ុន្ដែអ្នកតូចជាងគេនៅក្នុងនគរស្ថានសួគ៌ វិសេសជាងគាត់ទៅទៀត។ ១២ប៉ុន្ដែចាប់តាំងពីគ្រាលោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹក មកទល់ពេលនេះ មានគេខំប្រឹងចាប់យកនគរស្ថានសួគ៌ ហើយអ្នកខំប្រឹងខ្នះខ្នែងចាប់យកនគរនោះបាន ១៣ដ្បិតអ្នកនាំព្រះបន្ទូល និងគម្ពីរវិន័យទាំងអស់បានថ្លែងទុកអំពីការនេះ រហូតដល់ជំនាន់លោកយ៉ូហាន ១៤ហើយបើអ្នករាល់គ្នាព្រមទទួលសេចក្តីនេះ គឺលោកហើយជាលោកអេលីយ៉ាដែលត្រូវមក។ ១៥អ្នកដែលមានត្រចៀក ចូរស្ដាប់ចុះ។
ការជំនុំជម្រះធ្លាក់លើពួកអ្នកមិនជឿ
១៦តើឲ្យខ្ញុំប្រៀបប្រដូចមនុស្សជំនាន់នេះទៅនឹងអ្វី? មនុស្សជំនាន់នេះប្រៀបដូចជាក្មេងៗដែលអង្គុយនៅផ្សារ ស្រែកទៅក្មេងឯទៀត ១៧ថា យើងផ្លុំខ្លុយឲ្យពួកឯង ប៉ុន្ដែពួកឯងមិនរាំ ហើយយើងស្មូត្រ ប៉ុន្ដែពួកឯងមិនទួញសោកសោះ ១៨ដ្បិត លោកយ៉ូហានបានមក ទាំងមិនបរិភោគមិនផឹក ប៉ុន្ដែគេនិយាយថា លោកមានអារក្សចូល ១៩ឯកូនមនុស្សបានមកទាំងបរិភោគ និងផឹក ប៉ុន្ដែគេនិយាយថា មើល៍ បុរសម្នាក់នេះជាមនុស្សល្មោភស៊ី ល្មោភផឹក ជាមិត្ដរបស់អ្នកទារពន្ធដារ និងមនុស្សបាប។ ប៉ុន្ដែគេដឹងថាបា្រជ្ញាត្រឹមត្រូវ គឺដោយសារផលផ្លែរបស់វា»។
២០បន្ទាប់មក ព្រះអង្គក៏ចាប់ផ្ដើមបន្ទោសដល់ក្រុងនានាដែលព្រះអង្គបានសំដែងការអស្ចារ្យជាច្រើន ដោយព្រោះពួកគេមិនបានប្រែចិត្ដ។ ២១«វេទនាដល់អ្នកហើយក្រុងខូរ៉ាស៊ីន វេទនាដល់អ្នកហើយក្រុងបេតសៃដា ព្រោះបើការអស្ចារ្យ ដែលបានសំដែងក្នុងចំណោមអ្នករាល់គ្នា បានសំដែងនៅក្រុងទីរ៉ុស និងក្រុងស៊ីដូនវិញ នោះគេមុខជាប្រែចិត្ដតាំងពីយូរ ដោយស្លៀកសំពត់ធ្មៃ ទាំងអង្គុយក្នុងផេះមិនខាន។ ២២ប៉ុន្ដែខ្ញុំបា្រប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះក្រុងទីរ៉ុស និងក្រុងស៊ីដូនមុខជាងាយទ្រាំជាងអ្នករាល់គ្នា ២៣ក្រុងកាពើណិមអើយ! តើអ្នកថ្កើងឡើងដល់ស្ថានសួគ៌ឬ? អ្នកនឹងត្រូវធ្លាក់ចុះដល់ស្ថាននរក ព្រោះបើការអស្ចារ្យដែលបានសំដែងក្នុងចំណោមអ្នក កើតឡើងនៅក្រុងសូដុមវិញ ក្រុងនោះនឹងគង់វង្សរហូតដល់ថ្ងៃនេះ ជាមិនខាន ២៤ប៉ុន្ដែខ្ញុំបា្រប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ ក្រុងសូដុមងាយទ្រាំជាងអ្នកផង»។
ព្រះយេស៊ូសរសើរតម្កើង និងកម្សាន្ដចិត្ត
២៥បន្ទាប់ពីមានបន្ទូលឆ្លើយនៅពេលនោះហើយ ព្រះយេស៊ូមានបន្ទូលថា៖ «ឱ ព្រះវរបិតាជាម្ចាស់ស្ថានសួគ៌ និងផែនដីអើយ! ខ្ញុំសរសើរតម្កើងព្រះអង្គ ព្រោះព្រះអង្គ បានលាក់សេចក្ដីទាំងនេះពីមនុស្សមានបា្រជ្ញា និងមនុស្សឈ្លាសវៃ ប៉ុន្ដែបើកសំដែងដល់ទារកវិញ ២៦មែនហើយព្រះវរបិតាអើយ! ដ្បិតព្រះអង្គសព្វព្រះហឫទ័យ នឹងការបែបនេះណាស់។ ២៧ព្រះវរបិតារបស់ខ្ញុំ បានប្រគល់អ្វីៗទាំងអស់ឲ្យខ្ញុំ ហើយគ្មានអ្នកណាស្គាល់ព្រះរាជបុត្រាទេក្រៅពីព្រះវរបិតា ហើយក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ ក្រៅពីព្រះរាជបុត្រា និងអស់អ្នកដែលព្រះរាជបុត្រា សព្វព្រះហឫទ័យបើកសំដែងឲ្យស្គាល់តែប៉ុណ្ណោះ។
២៨អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមកឯខ្ញុំចុះ ខ្ញុំនឹងឲ្យ អ្នករាល់គ្នាសម្រាក ២៩ចូរទទួលនឹមខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្ដសុភាព នោះអ្នករាល់គ្នា នឹងរកបានសេចក្ដីសម្រាកដល់ព្រលឹង ៣០ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាលដែរ»។