KCB - ម៉ាកុស ៩


ម៉ាកុស ៩

​ព្រះ​អង្គ​មាន​បន្ទូល​ ទៅគេទៀត​ថា​៖​«ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ជា​បា្រកដ​​ថា អ្នក​ខ្លះ​កំពុង​ឈរ​នៅ​ទី​នេះ​ នឹង​មិនស្លាប់​​ទេ​ លុះ​ត្រា​បាន​ឃើញ​នគរ​ព្រះ​ជាម្ចាស់​​​​មក​ប្រកប​ដោយ​អំណាច»

សិរីរុងរឿង​របស់​ព្រះយេស៊ូ​

​ប្រាំ​មួយ​ថ្ងៃក្រោយ​មក​ ព្រះ​យេស៊ូ​នាំ​លោក​ពេត្រុស​ លោក​យ៉ាកុប​ និង​លោក​យ៉ូហានទៅ​ដាច់​ដោយ​ឡែក​ពី​គេ ​​ឡើង​លើ​ភ្នំ​មួយ​ខ្ពស់​ ហើយព្រះ​អង្គ​ទៅ​ជា​មាន​​រូប​រាងបែ្លក​​​នៅ​ចំពោះ​មុខពួក​គេ ​​​​ឯ​អាវ​របស់​ព្រះ​អង្គ​​ប្រែ​ជា​ស​ភ្លឺ​ចាំង​ ​គ្មាន​អ្នក​បោក​គក់​​ណា​នៅ​​ផែន​ដី​នេះ អាច​ធ្វើ​ឲ្យ​ស​ដូច្នោះ​​បាន​ឡើយ ​ហើយលោក​អេលី​យ៉ា​ និង​លោក​ម៉ូសេ​បាន​លេច​មក​ឲ្យ​ពួក​គេ​ឃើញ​ ពួក​​គាត់​ទាំង​ពីរ​កំពុង​​និយាយ​នឹង​​ព្រះយេស៊ូ ​លោក​ពេត្រុស​ទូល​ទៅ​ព្រះ​អង្គ​ថា​៖​ «លោក​គ្រូ​ ជា​ការ​ល្អ​ណាស់​ដែល​យើង​បាននៅ​ទី​នេះ​ សូម​ឲ្យ​យើង​ធ្វើ​រោង​បី​ទៅ​ គឺ​មួយ​សម្រាប់​លោក​ មួយ​សម្រាប់​លោក​ម៉ូសេ​ និង​មួយ​ទៀត ​សម្រាប់​លោក​អេលីយ៉ា» ​ដ្បិត​​គាត់​មិន​ដឹង​ថា ​ត្រូវ​និយាយ​​អ្វី​ទេ ព្រោះ​ពួកគេ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ នោះ​មាន​ពពក​​លេចមក​គ្រប​បាំង​ពួកគាត់​​​ និងមាន​សំឡេង​​ចេញ​ពី​ពពក​មក​ថា៖​ «នេះ​ជា​បុត្រ​ជា​ទី​ស្រឡាញ់របស់​យើង​​​​ ចូរ​ស្ដាប់​តាម​ព្រះ​អង្គ​ចុះ» ​​ភ្លាម​នោះ​ ពួកគេ​មើល​ជុំវិញ​ខ្លួន​ ហើយ​មិន​បាន​ឃើញ​អ្នក​ណា​សោះ​​ ក្រៅ​ពី​ព្រះយេស៊ូ​មួយ​អង្គ​គត់ ដែល​នៅជាមួយពួក​គេ​ ហើយ​​​ពេល​​ពួកគេ​កំពុង​​ចុះ​ពី​ភ្នំ​មក​វិញ​ ព្រះអង្គ​​បង្គាប់​ពួកគេ​មិន​ឲ្យ​និយាយ​បា្រប់​អ្នកណា​​​​ម្នាក់​អំពី​អ្វី​ដែល​ពួក​គេ​បាន​ឃើញ​​ឡើយ​​ លើក​លែង​តែ​នៅ​ពេល​កូន​មនុស្ស​​​​​រស់​ពី​ស្លាប់​ឡើង​វិញ។​ ១០​ពួកគេ​បាន​រក្សា​ព្រះ​​បន្ទូល​នោះ​ទុក​ក្នុង​​ចិត្ត​ និង​​​សួរ​ដេញ​ដោល​គ្នា​ថា​ តើ​ការ​រស់​ពី​ស្លាប់​ឡើង​វិញមានន័យ​យ៉ាង​ដូច​ម្តេច? ១១​ហើយ​ពួកគេ​ទូល​សួរ​ព្រះ​អង្គ​ថា​៖​ «តើ​ហេតុអ្វី​បាន​ជា​ពួក​គ្រូ​វិន័យ​​​​និយាយ​ថា​ លោក​អេលីយ៉ា​​​​ ចាំ​បាច់​​ត្រូវ​មក​មុន​ដូច្នេះ​?» ​១២​ព្រះ​អង្គ​មាន​បន្ទូល​តប​ទៅ​គេ​ថា​៖​ «លោក​អេលីយ៉ា​មក​មុន​មែន​ ដើម្បី​ស្តារ​អ្វីៗ​ទាំង​អស់​ឡើង​​វិញ​ មិន​តែ​ប៉ុណ្ណោះ​ ក៏​មាន​សេចក្ដី​ចែង​ទុក​ អំពី​កូន​មនុស្ស​ថា​ លោក​ត្រូវ​តែ​រង​ទុក្ខ​លំបាក​ជា​ច្រើន​ និង​ត្រូវ​គេ​ជំទាស់​ផង​ ​១៣​ប៉ុន្ដែ​ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ថា​ លោក​អេលីយ៉ា​បាន​មក​រួច​ហើយ​​​ តែ​ពួកគេ​បាន​ប្រពឹ្រត្ដ​ចំពោះ​គាត់តាម​អំពើ​ចិត្ដ​ ដូច​ដែល​មាន​ចែង​ទុក​អំពី​គាត់​ស្រាប់»

ព្រះ​យេស៊ូ​​​បណ្ដេញ​វិញ្ញាណ​អាក្រក់​ចេញ​ពី​ក្មេង​ប្រុស​ម្នាក់​

១៤​ពេល​​មក​ដល់​ពួក​សិស្ស​វិញ​ នោះ​​ក៏​​ឃើញ​មនុស្ស​កុះករ និង​ពួក​គ្រូ​វិន័យ​​​​ព័ទ្ធ​ជុំវិញ​ពួក​សិស្ស​កំពុង​សួរ​ដេញ​ដោល​ពួក​គេ​ ​១៥​ពេល​បណ្ដាជន​ឃើញ​ព្រះ​អង្គ​ភ្លាម​ ក៏​​អស្ចារ្យ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​ ទាំង​រត់​​ទៅ​ទទួល​ព្រះ​អង្គ ​១៦ព្រះ​អង្គ​សួរ​ពួកគេ​ថា​៖​ «តើ​​អ្នក​រាល់​គ្នា​កំពុង​សួរ​ដេញ​ដោល​​គ្នា​អំពី​អ្វី​?»១៧​នោះ​មនុស្ស​ម្នាក់​នៅ​ក្នុង​ចំណោម​បណ្ដា​ជន​​បាន​ឆ្លើយ​នឹង​ព្រះ​អង្គ​ថា​៖​ «លោក​គ្រូអើយ!​​ ខ្ញុំ​បាន​នាំ​កូន​ប្រុស​ខ្ញុំ​មក​រក​លោក​ ព្រោះ​វា​មាន​វិញ្ញាណគ​​​​​ចូល​ ​១៨​ហើយ ​នៅ​ពេល​ណា​វា​ចូល​កូន​ខ្ញុំ​​ម្តងៗ វា​ផ្តួល​កូនខ្ញុំ​​​ចុះ​ ធ្វើ​ឲ្យ​បែក​ពពុះ​មាត់​ សង្កៀត​​ធ្មេញ​ និង​រឹង​ខ្លួនក្រញង់​​ ឯ​ខ្ញុំ​បាន​សុំ​ឲ្យ​ពួក​សិស្ស​លោក​បណ្ដេញ​វា​ចេញ​​​​ ប៉ុន្ដែ​​ពួក​គេ​​មិន​អាច​ធ្វើ​​​បាន»​​ ១៩ព្រះ​អង្គ​មាន​បន្ទូល​តប​ទៅ​គេ​ថា​៖​ «ឱ ​តំណ​មនុស្ស​គ្មាន​ជំនឿ​អើយ!​​ តើ​ឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​ដល់​ពេល​ណា​?​ តើឲ្យ​​ខ្ញុំទ្រាំ​នឹង​អ្នករាល់​គ្នាដល់​ពេល​ណា? ចូរ​នាំ​ក្មេង​នោះ​មក​ឯ​​ខ្ញុំ​!» ២០​គេ​ក៏​នាំ​ក្មេង​មក​ឯ​ព្រះ​អង្គ​ ហើយ​ពេល​វិញ្ញាណនោះ​ឃើញ​ព្រះ​អង្គ​ភ្លាម​ ក៏​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​​ដួលននៀល​​លើ​ដី និង​​​បែក​ពពុះ​មាត់ផង​២១​ព្រះ​អង្គ​​សួរ​ទៅ​ឪពុក​ក្មេង​នោះ​ថា​៖​ «តើ​ការ​នេះ​បាន​កើត​ឡើងចំពោះ​ក្មេង​នេះ​ តាំង​ពី​ពេល​ណា​មក?» ​គាត់​ទូល​ថា​៖​ «តាំង​ពី​តូចមក​ម្ល៉េះ​ ​២២​​វិញ្ញាណ​នោះ​​តែង​តែ​ធ្វើ​ឲ្យកូន​ខ្ញុំ​ ដួល​ទៅ​​ក្នុង​ភ្លើង​ និង​ធ្លាក់​ទៅ​ក្នុង​ទឹក​ដើម្បី​សម្លាប់​​វា​​ តែ​​បើ​លោក​​អាច​ជួយ​បាន​ សូម​អាណិត​មេត្ដា​ជួយ​យើង​ផង» ​២៣​ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា​៖​ «ប្រសិន​បើ​អាចឬ​? គ្រប់​ការ​ទាំង​អស់នឹង​បាន​សម្រេច​​ សម្រាប់​អ្នក​ជឿ»២៤​ភ្លាម​នោះ​ ឪពុក​ក្មេង​បាន​និយាយ​​ទាំង​ទ្រហោ​យំ​ថា​៖​ «ខ្ញុំ​ជឿ​ហើយ​ សូម​ជួយ​ភាព​គ្មាន​ជំនឿ​របស់​ខ្ញុំ​ផង» ​២៥​ដោយ​ឃើញ​​បណ្ដាជន​កំពុង​តែ​រត់​មក​ជួប​ជុំ​គ្នា​ ព្រះ​យេស៊ូ​​​មាន​បន្ទូល​បន្ទោស​វិញ្ញាណ​អាក្រក់​ថា​៖​ «វិញ្ញាណ​​ថ្លង់​គ​ ​យើង​បង្គាប់​ឯង​ ចេញ​ពី​ក្មេង​នេះ​ទៅ ​ហើយ​កុំ​ចូល​ក្មេង​នេះ​ទៀត»​ ២៦​វា​ក៏​ស្រែក​ឡើង​ ហើយធ្វើឲ្យក្មេងនោះ​ប្រកាច់​យ៉ាង​ខ្លាំង​ រួច​ក៏​​ចេញ​ទៅ​ ឯ​ក្មេង​នោះ​ដូច​ជា​មនុស្ស​ស្លាប់ ដូច្នេះ​បាន​ជា​មនុស្ស​​ជា​ច្រើន​និយាយ​ថា​ ក្មេង​នោះ​ស្លាប់​ហើយ ​២៧​តែ​ព្រះ​យេស៊ូ​បាន​ចាប់​ដៃ​ក្មេង​នោះ​ឲ្យ​ក្រោក​ឈរ​ឡើង​ ហើយ​វា​​ក៏​​ឈរ​ឡើង។

២៨​​ព្រះ​អង្គ​ក៏​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​ ហើយ​​ពួក​សិស្ស​​ព្រះ​អង្គ​បាន​សួរ​ព្រះ​អង្គដោយ​ឡែក​​ថា​៖​ «ហេតុ​អ្វី​​ពួកយើង​មិន​អាច​បណ្ដេញ​​​វិញ្ញាណ​នោះ​ ឲ្យ​ចេញ​បាន​?» ២៩​ព្រះអង្គ​​មាន​បន្ទូល​ទៅ​ពួក​​គេថា​៖​ «គ្មាន​អ្វី​អាច​បណ្ដេញ​​វិញ្ញាណ​ប្រភេទ​នេះ​បាន​ទេ​ លើក​លែង​តែ​តាម​រយៈ​ការ​អធិស្ឋាន»

ព្រះ​យេស៊ូ​​​ប្រាប់​ឲ្យ​ដឹង​ជាមុន​ម្តងទៀតអំពី​ការ​សោយ​ទិវង្គត និង​ការ​រស់​ឡើង​វិញ​​របស់​​​ព្រះអង្គ​​

៣០​ពួក​គេ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ទី​នោះ​ ឆ្លង​កាត់​ស្រុក​កាលីឡេ​​​​ ប៉ុន្ដែ​​ព្រះ​អង្គ​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ដឹង​ទេ​ ៣១​ដ្បិត​ព្រះ​អង្គ​បាន​ប​ង្រៀន​​សិស្ស​​ព្រះអង្គ​ដោយ​មាន​បន្ទូលទៅ​គេ​​ថា​៖​ «កូន​​​មនុស្ស​​ត្រូវ​បាន​បញ្ជូន​ទៅ​ក្នុង​ដៃ​មនុស្ស​ ហើយ​ពួកគេ​នឹង​សម្លាប់​លោក​ លុះ​គេ​បាន​សម្លាប់​ហើយ​ បី​ថ្ងៃ​ក្រោយ​ លោក​នឹង​រស់​ឡើង​វិញ» ៣២​ប៉ុន្ដែ​​​ពួកគេ​មិន​យល់​ព្រះ​បន្ទូល​នេះ​​ទេ​ ហើយ​ក៏​មិន​ហ៊ាន​សួរ​ព្រះ​អង្គ​ដែរ។

អ្នកធំជាងគេ​នៅក្នុង​នគរ​ព្រះ​ជាម្ចាស់​

៣៣​ពួកគេ​ក៏​​មក​ដល់​ក្រុង​​​កាពើណិ​ម​​​​ ហើយ​នៅ​ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​ ព្រះ​អង្គ​បាន​សួរ​ពួកគេ​ថា​៖ «តើ​អ្នក​​រាល់គ្នាសួរ​ដេញ​ដោល​​គ្នា​ នៅ​តាម​ផ្លូវ​អំពី​អ្វី​?»​៣៤​ប៉ុន្ដែ​ពួកគេ​នៅ​ស្ងៀម​ ព្រោះ​ពួក​គេ​​សួរ​ដេញ​ដោល​​គ្នាទៅ​វិញទៅមក ​នៅ​តាម​ផ្លូវ​ ថាតើអ្នក​ណា​ធំ​ជាងគេ​ ​៣៥​ព្រះ​អង្គ​ក៏​អង្គុយ​ចុះ​ ហើយ​​ហៅ​សាវក​ទាំង​ដប់​ពីរ​​មក​ និង​​មាន​បន្ទូល​ទៅ​គេ​ថា​៖ «ប្រសិន​បើ​​អ្នក​ណា​​ចង់​ធ្វើ​ជា​ទី​មួយ អ្នក​​​នោះ​ត្រូវ​ជា​អ្នក​នៅ​​ចុង​ក្រោយ​គេ​បង្អស់​ ហើយ​ជា​អ្នក​បម្រើគេ​គ្រប់​គ្នា»៣៦​ព្រះ​អង្គ​ក៏​យក​ក្មេង​តូច​ម្នាក់​មក​ដាក់​នៅ​កណ្ដាល​​ពួកគេ​ រួច​លើក​ពក្មេង​នោះ​ និង​មាន​បន្ទូល​ទៅ​គេ​​ថា​៖ ៣៧«អ្នក​ណា​ដែល​ទទួល​ក្មេង​តូច​ម្នាក់​ដូច​ក្មេង​នេះ​​ក្នុង​​ឈ្មោះ​​​ខ្ញុំ​ នោះ​គឺ​ទទួល​ខ្ញុំ​ហើយ​ អ្នក​ណា​​ទទួល​ខ្ញុំ​ នោះ​មិន​មែន​ទទួលតែ​ខ្ញុំ​ទេ​ គឺ​ទទួល​ព្រះអង្គ​​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​​​ដែរ»

ការប្រើព្រះ​នាម​ព្រះ​យេស៊ូ​​

៣៨​លោក​​យ៉ូហាន​ទូល​ឆ្លើយ​ទៅ​ព្រះ​អង្គ​ថា​៖ ​«លោក​គ្រូ​ យើង​បាន​ឃើញ​មនុស្ស​ម្នាក់​​​ ​កំពុង​បណ្ដេញ​​​​​អារក្ស​​​​​ក្នុង​​នាម​​របស់លោក​ ហើយ​​យើង​បាន​ឃាត់​គាត់​ ព្រោះ​គាត់​មិន​មក​​តាម​យើង» ៣៩​តែ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖​ «កុំ​ឃាត់​​គាត់​អី​ ដ្បិត​គ្មាន​អ្នក​ណា​ម្នាក់​ អាច​ធ្វើ​កិច្ចការ​ដ៏​មាន​អំណាច​​ក្នុង​​នាម​​ខ្ញុំ​​ ហើយ​និយាយ​អាក្រក់​​ពីខ្ញុំ​​ភ្លាម​​ៗបាន​ឡើយ​ ​៤០​ដ្បិត​អ្នក​ណា​មិន​ប្រឆាំង​យើង​ អ្នក​នោះ​នៅ​ខាង​យើងហើយ​​ ៤១​បើ​​អ្នក​ណា​យក​ទឹក​មួយ​កែវ​ឲ្យ​អ្នក​ផឹក​ក្នុង​នាម​ខ្ញុំ​ និងព្រោះ​តែ​អ្នក​ជារបស់ព្រះ​គិ្រស្ដ ខ្ញុំ​បា្រប់​អ្នក​ជា​បា្រកដ​ថា​ អ្នក​នោះ​នឹង​មិន​បាត់​រង្វាន់​​ឡើយ​​ ៤២​ប៉ុន្ដែ​​បើ​អ្នក​ណា​ធ្វើ​ឲ្យ​អ្នក​តូច​តាច​ម្នាក់​ ក្នុង​ចំណោម​​អ្នក​ជឿ​ខ្ញុំ​ទាំង​នេះ​ជំពប់​ដួល​ ស៊ូ​ឲ្យ​អ្នក​នោះ​ចង​ក​នឹង​ត្បាល់​ថ្ម​ដែល​កិន​ដោយ​សត្វ​លា ហើយ​ឲ្យ​គេ​ទម្លាក់​​ក្នុង​សមុទ្រ​ នោះប្រ​​សើរ​ជាង ៤៣​ហើយ​បើ​ដៃ​អ្នក​បណ្ដាល​ឲ្យ​អ្នក​ប្រព្រឹត្ដ​បាប​​ ចូរ​កាត់​វា​ចោល​ទៅ​ ស៊ូ​ឲ្យ​អ្នកចូល​ទៅ​ក្នុង​ជីវិត​ទាំង​ពិការ ​​ប្រសើរ​ជាង​មាន​ដៃ​ទាំង​ពីរ​ តែ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ស្ថាន​នរក ដែល​មាន​ភ្លើង​មិន​ចេះ​​រលត់​ [​៤៤​ជា​កន្លែង​ ដែល​មាន​ដង្កូវ​មិន​ចេះ​​ងាប់​ និង​ភ្លើង​ដែល​ឆេះ​មិន​រលត់​​​] ​៤៥ហើយ​បើ​ជើងអ្នក បណ្ដាល​ឲ្យ​អ្នកប្រព្រឹត្ដ​បាប​​ ចូរ​កាត់​វា​ចោល​ទៅ​ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​​ជីវិត​ទាំង​ពិការ ប្រសើរ​ជាង​មាន​ជើង​ទាំង​ពីរ​ តែ​ត្រូវ​បោះ​ចូល​ទៅ​ក្នុង​ស្ថាន​នរក។ ​[៤៦​ជា​កន្លែង​ ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់ និង​ភ្លើង​ដែល​ឆេះ​មិន​រលត់​​​] ៤៧​បើ​​​ភ្នែក​ខាង​ណាមួយ​របស់​អ្នក ​បណ្ដាល​ឲ្យ​អ្នក​ប្រព្រឹត្ដ​បាប​​ ចូរ​ខ្វេះ​វា​ចោល​ទៅ​ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​នគរ​ព្រះជា​ម្ចាស់​​​​ មាន​ភ្នែក​តែ​ម្ខាង ប្រសើរ​ជាង​មាន​ភ្នែក​មួយ​គូ ប៉ុន្ដែ​​ត្រូវ​បោះ​ចូល​ទៅ​ក្នុង​ស្ថាន​នរក​ [៤៨​ជា​កន្លែង​ ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់​ និង​ភ្លើង​​ដែល​ឆេះ​មិន​រលត់​​​​] ៤៩​ព្រោះ​មនុស្ស​គ្រប់​គ្នា​នឹង​ប្រៃ​​ ​ដោយ​សារ​ភ្លើង​​​ ៥០​អំបិល​ល្អ​​ទេ​ ប៉ុន្ដែ​បើ​អំបិល​បាត់​ជាតិ​ប្រៃ​ តើ​នឹង​យក​អ្វី​មក​ធ្វើ​ឲ្យ​​ប្រៃ​វិញ​បាន​? ចូរអ្នក​រាល់​គ្នា​មាន​អំបិល​​​នៅ​ក្នុង​ខ្លួន ​និង​នៅ​ជា​មួយ​គ្នា​ដោយ​សុខសាន្ដ​​ចុះ»​

ម៉ាកុស ៩