KCB - ម៉ាកុស ៥


ម៉ាកុស ៥

ព្រះ​យេស៊ូ​​​បណ្តេញវិញ្ញាណ​អាក្រក់​ចេញ​ពី​បុរស​​ម្នាក់​

​ពួក​គេ​​បាន​មក​ដល់​ត្រើយ​ម្ខាង​ ទៀត​​​នៃ​បឹង​ គឺ​ដល់​តំបន់​របស់​ពួក​គេរ៉ាស៊ីន​​ ហើយ​​នៅ​ពេល​ដែល​ព្រះ​អង្គ​បាន​យាង​ចេញ​ពី​ទូក​ មាន​​បុរស​​ម្នាក់​ ដែល​មាន​វិញ្ញាណអា​ក្រក់​ចូល បានចេញ​ពី​ផ្នូរ​ខ្មោច​មក​ជួប​ព្រះ​អង្គ​ភ្លាម ​អ្នក​នោះ​រស់​នៅ​ក្នុង​ផ្នូរ​ខ្មោច​ ហើយ​ពុំ​មានអ្នក​ណា​អាច​ចង​គាត់​បាន​​​ទេ​ ទោះ​ជា​ដាក់​ច្រវាក់​​គាត់ក៏ដោយ​​ ព្រោះ​​​​គេ​តែង​ដាក់​ខ្នោះ​ជើង​​ និង​​ចង​គាត់​ដោយ​ច្រវាក់​ តែ​​គាត់បាន​កាច់​ខ្នោះ​ជើង​​ និង​ផ្ដាច់​ច្រវាក់​នោះ​ខ្ទេច​ខ្ទី​អស់ ​ រួច​​​គ្មាន​អ្នក​ណា​ម្នាក់​ខ្លាំង​អាចបង្កា្រប​គាត់​បាន​ទេ។ ​គាត់តែងតែ​​ស្រែក​រាល់ថ្ងៃរាល់​យប់​នៅ​តាម​ផ្នូរ​ខ្មោច​ និង​​ភ្នំ ហើយ​បាន​យក​ថ្ម​មក​​ឆូត​ខ្លួន​ឯង កាល​ឃើញ​ព្រះ​យេស៊ូ​​ពី​ចម្ងាយ​ គាត់​ក៏​រត់​ទៅ​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ និងទូល​ដោយ​សំឡេង​​​ស្រែក​ខ្លាំងៗ​ថា​៖​ «ឱ​ ព្រះយេស៊ូ​ ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​ខ្ពស់​បំផុត​អើយ​! តើ​ព្រះ​អង្គ​ និង​ខ្ញុំ​​មានហេតុ​អ្វី​នឹង​គ្នា​? ខ្ញុំ​​សុំ​ឲ្យ​ព្រះ​អង្គ​ស្បថ​នឹង​ព្រះ​ជា​ម្ចាស់​ថា​ មិន​ធ្វើ​ទារុណ​កម្ម​ខ្ញុំ​​ទេ» ដ្បិត​​ព្រះអង្គ​បាន​មាន​ប​ន្ទូល​ប្រាប់​ទៅ​​វា​ ថា៖​ «វិញ្ញាណ​​អាក្រក់​​ ចេញ​ពី​មនុស្ស​នេះ​ ទៅ​!»​ ព្រះអង្គ​ក៏​សួរ​វា​ថា​៖ ​«តើ​ឯង​ឈ្មោះ​អ្វី​?» ហើយ​​វា​​ឆ្លើយ​ទៅ​ព្រះអង្គ​ថា​៖​ «ឈ្មោះ​​ខ្ញុំ​គឺ​កងទ័ព​​​ ព្រោះ​យើង​​​មាន​គ្នា​ច្រើន» ១០ហើយ​វា​បាន​អង្វរ​ព្រះ​អង្គ​យ៉ាង​ទទូច​ កុំ​ឲ្យ​បណ្ដេញ​​​​​ពួក​វាចេញ​ពី​ស្រុក​នោះ។

១១​មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​ស៊ី​ចំណីនៅ​ក្បែរ​​ភ្នំ​នោះ ១២​ពួក​វា​បាន​​​អង្វរ​ព្រះ​អង្គ ​ដោយ​ទូល​ថា៖​ «សូម​​​​បញ្ជូន​​យើង​ទៅ​ក្នុង​សត្វ​ជ្រូក​ទាំងនោះ​ ដើម្បី​ឲ្យ​​យើង​អាច​ចូល​ក្នុង​ពួក​វា​បាន»​ ១៣ព្រះអង្គ​ក៏​អនុញ្ញាត​ឲ្យ​ពួក​វា​ នោះ​វិញ្ញាណ​អាក្រក់​បាន​ចេញ​​មក​ និង​​ចូល​ទៅ​ក្នុង​សត្វ​ជ្រូក​ទាំង​នោះ​ ហើយ​​​​ហ្វូង​ជ្រូក​ដែល​មាន​ចំនួន​ប្រហែល​ជា​ពីរ​ពាន់​ក្បាល​នោះ ​ក៏បោល​តាម​​ច្រាំង​ចំណោត​ចុះទៅ​ក្នុង​បឹង​ ហើយលង់​ទឹក​​អស់​ទៅ ១៤​ឯ​ពួក​អ្នក​​ចិញ្ចឹម​ជ្រូក​ទាំង​នោះ​បាន​​រត់​គេច​ខ្លួន​អស់​ ហើយ​រៀប​រាប់​ពី​ការ​នេះ​ នៅ​តាម​ក្រុង​​និង​​ទី​ជនបទ​នានា​​ នោះ​ប្រជាជន​​ក៏​នាំគ្នា​មក​មើល​អ្វី​ដែល​បាន​កើត​ឡើង​ ១៥​ពួក​គេ​​មក​ឯ​ព្រះ​យេស៊ូ​ ហើយ​ឃើញ​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ ឈ្មោះ​កង​ទ័ពចូល​ពី​មុន​នោះ​បាន​ស្លៀក​ពាក់​ និង​អង្គុយទាំង​មាន​ស្មារតី​ឡើង​វិញ​ នោះ​ពួក​គេ​ក៏​មាន​សេចក្ដី​កោត​ខ្លាច​ ១៦​ហើយ​​​អ្នក​ដែល​បាន​ឃើញ​ហេតុ​ការណ៍​នោះ​ បាន​​រៀប​រាប់​​បា្រប់​ពួក​គេ​​ពី​អ្វី​ ដែល​បាន​កើត​​ឡើង​​ចំពោះ​មនុស្ស​ ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ពី​មុន និង​ហ្វូង​ជ្រូក​ទាំងនោះ​ ១៧ពួកគេ​ក៏​ចាប់​ផ្ដើម​អង្វរ​ព្រះ​អង្គ​ឲ្យ​​ចាក​ចេញ​ពី​ស្រុក​របស់​ពួកគេ។

១៨​នៅ​ពេលព្រះ​អង្គ​យាង​ចុះ​ក្នុង​ទូក​ មនុស្ស​​​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូលពី​មុន​នោះ​ បាន​អង្វរ​ព្រះ​អង្គ​សុំ​នៅ​ជាមួយ​ ១៩​ព្រះ​អង្គ​មិន​បាន​អនុញ្ញាត ​ឲ្យគាត់​ទេ​ ប៉ុន្ដែ​​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ទៅ​ផ្ទះ​របស់​អ្នក​ និង​សាច់​ញាតិ​របស់អ្នក​ ហើយ​​​​រៀបរាប់បា្រប់ពួកគេ ពី​ការ​ទាំង​អស់​ដែល​ព្រះ​អម្ចាស់​បាន​​ធ្វើ​សម្រាប់​អ្នក​ និងបាន​មេត្ដា​ដល់​អ្នក»។​ ២០​គាត់​ក៏​ចាក​ចេញ​ទៅ​ និង​​ចាប់​ផ្ដើម​ប្រកាស​​​នៅ​ស្រុក​​ដេកាប៉ូល​​​ពី​ការ​ទាំង​អស់​ ដែល​​ព្រះ​​យេស៊ូ​បាន​ធ្វើ​សម្រាប់​គាត់​ ហើយ​មនុស្ស​គ្រប់​គ្នា​ក៏​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ។

ស្ត្រី​មាន​ជំងឺ​ម្នាក់​បាន​ជា​ និង​ក្មេង​ស្រីម្នាក់បាន​​​រស់​ពីស្លាប់​ឡើង​វិញ​

២១​​ព្រះ​យេស៊ូ​បានចុះ​​ទូក​ ឆ្លង​ទៅ​ត្រើយ​ម្ខាង​​ទៀត​​​ មាន​មនុស្ស​ច្រើន​កុះករ​​ប្រមូល​ផ្ដុំ​គ្នា​មក​រក​​ព្រះ​អង្គ ដែលកំពុង​គង់​នៅ​មាត់​បឹង​ ២២​ហើយ​មាន​ប្រធាន​សាលា​ប្រជុំ​​​​ម្នាក់​ ឈ្មោះ​យៃរ៉ូស​មករក​ព្រះ​អង្គ​ កាល​បាន​ឃើញ​ព្រះ​អង្គ​​​​ហើយ ​គាត់​​​ក៏​​ក្រាបចុះ​នៅ​ទៀបព្រះ​អង្គ ២៣​គាត់​អង្វរ​ព្រះអង្គ​​យ៉ាង​ទទូច​ថា​៖​ «កូន​​សី្រ​ខ្ញុំ​​ជិត​ស្លាប់​ហើយ​ សូម​លោក​ទៅ​ដាក់​ដៃ​លើ​​នាង​ ដើម្បី​ឲ្យ​នាង​​បាន​​ជា​ និងមាន​ជីវិត​​វិញផង» ២៤​ព្រះអង្គ​ក៏​យាង​ទៅ​ជាមួយ​គាត់​ ហើយ​មាន​មនុស្ស​ច្រើន​កុះករ​ដើរ​តាម​ព្រះ​អង្គ​ ទាំងប្រជ្រៀត​ព្រះ​អង្គ​ផង។ ២៥​មាន​ស្ដ្រី​ម្នាក់​មាន​ជំងឺ​ធ្លាក់​ឈាម​ អស់​រយៈ​ពេល​ដប់ពីរ​​ឆ្នាំ​មក​ហើយ ២៦​នាង​បាន​រង​ទុក្ខ​​យ៉ាងខ្លាំង​ក្រោម​​ការ​​ព្យាបាល​ ពី​គ្រូ​ពេទ្យ​ជា​ច្រើន ហើយ​បាន​ចំណាយ​អ្វីៗ​ទាំងអស់ ដែល​នាង​មាន​ ប៉ុន្ដែ​​ មិន​បាន​ផល​អ្វី​ឡើយ​​ ផ្ទុយ​ទៅ​វិញ កាន់​តែ​ឈឺ​ធ្ងន់​ថែម​ទៀត។

២៧​នៅពេល​​​បាន​ឮ​ពី​ព្រះយេស៊ូ​ នាង​​ក៏​​មក​ក្នុង​ចំណោម​​បណ្ដាជន ហើយ ​ពាល់​​​​អាវ​របស់​ព្រះអង្គ​​ពី​ខាង​ក្រោយ ២៨​ដ្បិត​នាង​​បាន​និយាយ​​​ថា​៖​ «ប្រសិន​បើ​ខ្ញុំ​បាន​ពាល់​​តឹ្រម​តែ​អាវ​របស់​លោក​ នោះ​​ខ្ញុំ​​នឹងជា​សះ​ស្បើយ​​​មិនខាន» ២៩​ភ្លាម​នោះ​ ឈាម​ឈប់​ធ្លាក់​ ហើយ​​​នាង​​​បាន​ដឹង​នៅ​ក្នុង​ខ្លួន​ថា​ នាង​បាន​ជា​សះស្បើយពីជំងឺ​គ្រាំគ្រា​នោះ​ហើយ។

៣០​ព្រះ​យេស៊ូ​​ជ្រាប​​ក្នុង​អង្គ​ទ្រង់​ភ្លាម​ថា​ អំណាច​​បាន​​ចេញ​ពី​ព្រះ​អង្គទៅ​ ព្រះ​អង្គ​ក៏​បែរទៅបណ្ដាជន​ និង​មាន​ប​ន្ទូល​ថា​៖​ «តើអ្នកណាបានពាល់អាវខ្ញុំ​?» ៣១​ពួក​​សិស្ស​​​ទូល​​ព្រះ​អង្គ​ថា៖ «លោក​គ្រូ​ក៏​ឃើញ​មនុស្សជា​ច្រើន​ ប្រជ្រៀត​​​លោក​គ្រូដែរ​ ម្ដេច​ក៏​សួរ​ថា​ ​តើ​អ្នក​ណា​​ពាល់​ខ្ញុំ​យ៉ាង​ដូច្នេះ?» ៣២​ប៉ុន្ដែ​ព្រះ​អង្គ​នៅ​តែ​មើល​​ជុំវិញ​ រកមើលអ្នក​ដែល​បាន​ពាល់​ព្រះ​អង្គ​ ​៣៣​ស្ដ្រី​នោះ​បាន​ដឹង​ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​នាង​ ក៏​​មក​ទាំង​ភ័យ​ញ័រ​ និង​ក្រាប​នៅ​​ចំពោះព្រះ​អង្គ​ ហើយ​ទូល​បា្រប់​ការ​ពិត​ទាំង​ស្រុង​ ៣៤​ព្រះ​អង្គ​ក៏​មាន​បន្ទូល​ទៅ​នាង​ថា​៖​ «កូន​​​សី្រ​​អើយ! ជំនឿ​របស់​នាង​​ធ្វើ​ឲ្យ​នាង​​​​ជា​សះ​ស្បើយ​​​ហើយ​ ចូរ​ទៅ​ដោយ​សេចក្ដី​​សុខសាន្ដ​ និង​​​ជា​ពី​ជំងឺ​របស់​​នាង​​ចុះ»

៣៥​ពេល​ព្រះ​អង្គ​កំពុង​តែ​មាន​បន្ទូល​ ​មាន​គេ​​ មក​ពី​ផ្ទះ​ប្រធាន​សាលា​ប្រជុំ​​ បា្រប់​ថា​៖​ «កូន​សី្រ​លោក​បាន​ស្លាប់​ហើយ​ តើ​លោក​នៅ​តែ​រំខាន​លោក​គ្រូ​ធ្វើ​អ្វី​​ទៀត​?» ៣៦​ប៉ុន្ដែ​​ ព្រះ​​​យេស៊ូ​មិន​ខ្វល់​​ពី​ពាក្យ​ដែល​គេ​និយាយ​នោះ​ទេ ក៏មាន​បន្ទូល​ទៅ​ប្រធាន​សាលា​ប្រជុំ​ ថា​ ៖​ «កុំ​ខ្លាច​អី​ គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ​បាន​ហើយ»

៣៧​ព្រះ​អង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ម្នាក់​ដើរ​តាម​ព្រះ​អង្គ​ទេ ​លើក​លែង​តែ​លោក​ពេត្រុស​ លោក​​​យ៉ាកុប​ និង​លោក​យ៉ូហាន​​ ជាប្អូនលោក​​យ៉ាកុប។ ៣៨​ពេល​ពួក​គេ​មក​ដល់​ផ្ទះប្រធាន​សាលា​ប្រជុំ​ ព្រះ​អង្គ​​ឃើញ​ភាព​ជ្រួល​ច្របល់​ និង​ការ​ទ្រហោ​យំយ៉ាង​ខ្លាំង ៣៩​ព្រះ​អង្គ​​ក៏យាង​ចូល​ ទាំង​មាន​បន្ទូល​ទៅគេថា​៖​ «ហេតុ​អ្វី​ក៏​អ្នក​រាល់​គ្នាកើត​ទុក្ខ​ និង​ទ្រហោយំ​ដូច្នេះ​?​ ក្មេង​នេះ​មិន​ទាន់​ស្លាប់​ទេ​ នាង​កំពុង​តែដេកលក់ទេតើ»

៤០​ពួក​គេក៏​​​សើច​ចំអក​ឲ្យ​​ព្រះ​អង្គ ប៉ុន្ដែ​ព្រះអង្គ​ បាន​បណ្ដេញ​មនុស្សទាំង​អស់​ទៅ​ខាង​ក្រៅ​ ហើយ​​យក​ឪពុក​ម្ដាយ​របស់​ក្មេង​នោះ​ និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ​អង្គ​ ចូល​ទៅ​កន្លែង​​ក្មេង​​នោះនៅ ៤១​ព្រះ​អង្គ​ក៏​ចាប់​ដៃ​ក្មេង​នោះ​ ទាំង​មាន​បន្ទូល​ថា​៖​ «តាលីថាគូមី» ​មាន​ន័យ​ថា​ «នាង​តូច​អើយ​ ខ្ញុំ​និយាយ​ទៅ​កាន់​នាង​ ចូរ​ក្រោក​ឡើង» ៤២​ស្រាប់​តែ​ក្មេង​សី្រ​នោះ​​ក្រោក​ឡើង​ ហើយ​​​ដើរភ្លាម​ព្រោះ​នាង​មាន​អាយុ​ដប់​ពីរ​​​ឆ្នាំហើយ​ ពួក​គេ​ក៏​មាន​ការ​អស្ចារ្យ​ ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង​ភ្លាម​ៗនោះដែរ ៤៣​ហើយ​​ព្រះ​អង្គ​បាន​បង្គាប់​​ពួកគេ​យ៉ាង​ម៉ឺង​ម៉ាត់​ថា ​កុំ​ឲ្យ​​​​អ្នក​ណា​ដឹង​រឿង​នេះ​ជា​ដាច់​ខាត​ និង​បា្រប់​ពួក​គេ​​ឲ្យ​​យក​អាហារ ​មក​ឲ្យ​នាង​បរិភោគ។

ម៉ាកុស ៥