KCB - ម៉ាកុស ២


ម៉ាកុស ២

ព្រះ​យេស៊ូ​​​លើក​លែង​ទោស​ និងប្រោស​មនុស្ស​​ស្លាប់​ដៃ​ជើង​ម្នាក់​​ឲ្យ​ជា​

ប៉ុន្មានថ្ងៃក្រោយមក​ ព្រះ​អង្គ​ បាន​​យាង​ ចូលក្នុងក្រុង​កាពើណិម​ម្ដង​ទៀត​ ហើយ​​គេ​ឮថា​ព្រះ​អង្គ​​គង់​នៅ​ផ្ទះមួយ មនុស្ស​​ជា​ច្រើន​បាន​មក​ផ្ដុំ​គ្នា ​​ធ្វើ​ឲ្យ​គ្មាន​កន្លែង​នៅ​សល់​សោះ​ សូម្បី​តែ​នៅ​មាត់​ទ្វារ ​រីឯ​ព្រះអង្គ​ក៏​ប្រកាស​​ព្រះ​​បន្ទូល​ទៅ​កាន់​គេ ហើយ​មាន​មនុស្ស​បួន​នាក់ ​បាន​សែង​អ្នក​ស្លាប់​ដៃ​ជើង​ម្នាក់​មក​ឯ​ព្រះអង្គ​ តែ​​ដោយ​សារ​មាន​មនុស្ស​ច្រើន​កក​កុញ​ពេក​ គេ​មិន​អាច​នាំ​មនុស្ស​ស្លាប់​ដៃ​ជើង​នោះ​ចូល​ទៅ​ខាង​​ក្នុង​បានទេ​ គេ​ក៏​រើ​ដំបូល​​ ​ចំ​កន្លែង​ដែល​ព្រះ​អង្គ​នៅ​ លុះ​បាន​រើ​​ហើយ​ ក៏​សម្រូត​មនុស្ស​ស្លាប់​ដៃ​​ជើង ​ដែល​កំពុង​ដេក​លើ​កន្ទេល​​​​នោះ​ចុះ​ ព្រះ​អង្គ​បាន​ឃើញ​ជំនឿ​អ្នក​ទាំង​នោះ​ ក៏​មាន​បន្ទូល​ទៅអ្នក​ស្លាប់​ដៃជើងនោះថា​៖ «កូនអើយ​​!​ បាប​របស់​អ្នក​បាន​ទទួល​ការ​លើក​លែង​ទោស​ហើយ» មាន​​គ្រូ​វិន័យ​​ខ្លះ​កំពុង​អង្គុយ​នៅ​ទី​នោះ​ រិះ​គិត​ក្នុង​ចិត្ដ​​​ថា​៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​មនុស្ស​នេះ​និយាយ​​ប្រ​មាថ​ព្រះជាម្ចាស់​ដូច្នេះ​? តើ​អ្នក​ណា​លើក​លែង​ទោស​​បាប​បា​ន​​ ក្រៅ​ពី​ព្រះជាម្ចាស់​តែ​​មួយ​គត់​?» ​ព្រះ​អង្គ​ឈ្វេង​យល់​ក្នុង​​វិញ្ញាណ​​ភ្លាម​ ពី​គំនិត​គេ​ ព្រះ​អង្គក៏​មាន​បន្ទូល​ទៅកាន់គេ​ថា​៖ «ហេតុ​អ្វីបាន​ជា​អ្នក​រាល់​គ្នា​គិត ​ក្នុង​ចិត្ដ​​ដូច្នេះ? តើ​ការ​ដែល​និយាយទៅ​កាន់​អ្នក​ស្លាប់​ដៃ​ជើង​ថា ​បាប​របស់​អ្នក​បាន​ទទួល​ការលើក​លែង​ទោស​ហើយ​ និង​ការ​ដែល​និយាយ​ថា ចូរ​​ក្រោក​ឡើង​ យក​កន្ទេល​​​របស់អ្នក​ដើរទៅ​ មួយ​ណា​ស្រួល​ជាង​? ១០ប៉ុន្ដែ​​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹងថា​ ​កូន​មនុស្ស​​មាន​សិទ្ធិ​អំណាច​​ លើក​លែង​ទោស​បាប​នៅ​លើ​ផែន​ដី​នេះ» ព្រះ​អង្គ​មាន​បន្ទូល​​ ទៅ​កាន់អ្ន​ក​ស្លាប់​​ដៃ​ជើង​ថា៖ ១១«ខ្ញុំ​និយាយ​​ទៅ​កាន់​​អ្នក ចូរក្រោក​ឡើង​ យក​កន្ទេល​​​របស់អ្នក​ហើយ​​ទៅ​ផ្ទះ​ចុះ» ១២គាត់​ក៏ក្រោក​ឡើង​ភ្លាម​ ហើយ​​​​យក​កន្ទេល​​​​ចេញ​ទៅ​ នៅ​មុខ​មនុស្ស​​ទាំង​អស់​ ដូច្នេះ​គ្រប់​គ្នា​ក៏នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ ហើយ​សរសើរ​តម្កើង​ព្រះ​ជាម្ចាស់​ ដោយ​​​​និយាយ​ថា​៖​ «យើង​មិន​ដែល​ឃើញ​អ្វី​ដូច​នេះទាល់​តែសោះ​ពី​​មុន​មក»។​

ព្រះយេស៊ូ​ត្រាស់​ហៅ​លោក​ម៉ាថាយ

១៣ព្រះ​អង្គ​ចេញទៅតាមមាត់​បឹង​​​ម្ដង​ទៀត មនុស្ស​​​ច្រើន​កុះករ​មក​តាម​ព្រះ​អង្គ​ ហើយព្រះ​អង្គបាន​បង្រៀន​ពួកគេ។ ១៤ពេល​កំពុង​យាងកាត់​តាម​ទីនោះ​ ព្រះអង្គ​បាន​ឃើញ​លោក​លេ​វី​​​ជា​កូន​លោកអាល់​ផា​យ កំពុងអង្គុយនៅ​​កន្លែង​ប្រមូល​ពន្ធដារ​​ ហើយ​​​​មាន​បន្ទូល​ទៅគាត់​ថា​៖​ «ចូរ​មក​តាម​ខ្ញុំ»​ គាត់​បាន​ក្រោ​ក​ឈរ​ឡើង​រួច​ដើរ​​តាម​ព្រះ​អង្គ​ទៅ។​១៥បន្ទាប់​មក​ព្រះ​អង្គ​​បាន​ចូល​រួម​បរិភោគ​​អាហារ​​​នៅ​ផ្ទះ​លោក​លេវី​ហើយ​មានពួក​​អ្នក​ទារ​ពន្ធ​ដារ ​និងពួក​​មនុស្ស​បាប​​​ជា​ច្រើន​ បាន​ចូល​រួម​បរិភោគ​ជា​មួយ​ព្រះ​យេ​ស៊ូ​ និង​ពួក​សិស្ស​ដែរ​ ព្រោះមាន​មនុស្ស​ជា​ច្រើ​ន​ កំ​ពុង​ដើរ​តាម​ព្រះអង្គ ១៦គ្រូ​វិន័យ​​​ខាង​គណៈ​ផា​រិ​ស៊ី​​ ពេល​​ឃើញ​ព្រះ​អង្គ​ បរិ​ភោគ​អាហារ​ជាមួយ​​​ពួក​​អ្នក​ទារ​ពន្ធដារ​​​ និង​ពួក​មនុ​ស្ស​បាប​​ដូច្នេះ​ ក៏​សួរពួក​​សិស្ស​ព្រះ​អង្គ​ថា​៖​«ហេតុ​អ្វី​​បាន​ជា​គាត់​បរិភោគ​​ជា​មួយ​អ្នក​ទារ​ពន្ធដា​រ​​​ និង​មនុស្ស​បាប​​ដូច្នេះ?»​​ ១៧នៅ​ពេ​ល​ព្រះយេ​ស៊ូ​ឮដូច្នេះ​ ក៏មាន​បន្ទូល​ទៅ​គេថា​៖​ «មនុស្ស​​មាន​សុខភាពល្អ​​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ​ មាន​តែ​អ្នក​ជំងឺ​​ប៉ុណ្ណោះ​ដែល​ត្រូវ​​ការ។ ខ្ញុំមិន​បា​ន​មក​ដើម្បី​ហៅ​មនុស្ស​សុច​រិត​​​ទេ​ ប៉ុន្ដែហៅ​មនុស្ស​បាប​​​​​វិញ»

ព្រះ​​យេស៊ូ​​​​មាន​បន្ទូល​អំពី​ការ​តម​ អា​ហារ​

១៨ពួក​សិស្ស​របស់លោក​យ៉ូហាន ​និងពួក​អ្នក​ខាង​​​គណៈផា​រិស៊ី​ កំពុង​តម​អាហារ។​ ពួកគេ​បាន​មក​​សួរ​ព្រះ​អង្គ​ថា​៖ «ហេតុ​អ្វី​បាន​ជាពួក​សិស្ស​របស់លោកយ៉ូហាន​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​​​តម​អាហារ​​​ តែពួក​សិស្សរបស់លោក​មិន​តម​ដូច្នេះ?»​ ១៩ព្រះ​យេ​ស៊ូមាន​បន្ទូល​ទៅ​គេថា៖ «តើ​ភ្ញៀវអាច​តម​អាហារ​បាន​ឬទេ​ នៅ​ពេល​​កូន​កំ​លោះ​​​នៅ​ជាមួយគេ​នៅ​ឡើយ​? ដរាប​​ណា​ កូន​កំ​លោះ​នៅ​ជា​មួយ​គេ​នៅ​ឡើយ​ គេ​មិន​អាច​តម​អាហារ​​បាន​ទេ ២០ប៉ុន្ដែ​នឹង​មាន​ថ្ងៃមក​ដល់ ​ពេល​កូន​កំ​​លោះ​ត្រូវ​ឃ្លាត​ទៅ​ គេ​នឹង​តម​អាហារ​នៅ​ថ្ងនោះ។ ២១គ្មាន​នរ​ណា​​យក​ក្រណាត់​ថ្មី​មក​ប៉ះ​នឹង​ក្រណាត់​​ចាស់​ទេ ​បើ​ធ្វើដូ​ច្នោះ​ បំណះ​ក្រណាត់​ថ្មី​នឹង​ទាញ​ក្រណាត់​ចាស់ ​ឲ្យ​រហែក​លើស​​មុន​ទៅ​ទៀត ២២ក៏​គ្មាន​នរណា​ច្រក​ស្រា​ទំពាំង​បាយជូរ​ថ្មី​ ទៅ​ក្នុង​ថង់​ស្បែក​​ចាស់​ដែរ​ បើធ្វើដូច្នេះ​ ស្រា​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​ចាស់ធ្លាយ​ ហើយស្រា​ក៏​ហូរ​ចេញ​មក​ ឯ​ថង់ស្បែក​ក៏​ខូច​ខាត​ដែរ​ ផ្ទុយ​ទៅវិញ​ ត្រូវ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី»

ព្រះ​យេស៊ូ​​​​ជា​ម្ចាស់​​​លើ​​ថ្ងៃ​សប្ប័ទ​

២៣នៅ​ថ្ងៃសប្ប័ទ​​​មួយ​ កាល​ព្រះ​អង្គ​យាង​កាត់​វាល​ស្រែ​ ហើយ​នៅ​តាម​ផ្លូវ​ ពួក​សិស្ស​បាន​ចាប់ផ្ដើម​បូត​កួរ​ស្រូវ​ ២៤ហើយ​អ្នក​ខាង​គណៈ​ផារិស៊ី​​​បាន​ទូល​ព្រះ​អង្គ​ថា​៖​ «មើល៍​ ហេតុ​ដូចម្តេចបាន​ជា​គេ​ធ្វើអ្វី​ ដែល​វិន័យ​​​ហាម​នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ?» ​ ២៥ព្រះ​អង្គ​ក៏​មាន​បន្ទូល​ទៅ​ពួក​គេថា​៖​ «តើ​អ្នករាល់គ្នា​​មិន​ដែល​បាន​អាន​អំពី​អ្វី​ដែល​ស្តេច​ដាវីឌ​​ និង​គូ​កន​របស់​ស្ដេច​​បាន​ធ្វើ​ នៅ​ពេល​​ពួក​គេ​មាន​សេចក្ដី​ត្រូវ​ការ​ ហើយ​​​ឃ្លាន​ទេឬ? ២៦​នៅ​សម័យ​សម្តេច​សង្ឃអ័បៀថើរ ស្តេច​​ដាវីឌ​​បាន​ចូល​ទៅ​ក្នុង​ដំណាក់​​​ព្រះ​ជាម្ចាស់​​​ និង​បាន​បរិភោគ​នំបុ័ង​តាំង​ថ្វាយ​ព្រះ​ជាម្ចាស់​​​ ដែល​វិន័យ​បាន​ហាម​មិន​ឲ្យ​បរិភោគ​ លើក​លែង​តែ​សង្ឃ​ ហើយ​គាត់​បាន​ឲ្យ​នំបុ័ង​នោះ​ដល់​គូ​កន​ថែម​ទៀត​ផង»​ ២៧រួច​ព្រះអង្គ​​មាន​បន្ទូល​ទៅ​គេ​ថា​៖ ​«ថ្ងៃសប្ប័ទ​​​តាំង​ឡើង​​​សម្រាប់​មនុស្ស​ ប៉ុន្ដែ​មិន​មែន​មនុស្ស​សម្រាប់​ថ្ងៃសប្ប័ទ​​ទេ ២៨ដូច្នេះ​ កូន​មនុស្ស​​​ជា​ម្ចាស់​លើ​ថ្ងៃសប្ប័ទ»

ម៉ាកុស ២