KCB - ម៉ាកុស ១៦


ម៉ាកុស ១៦

ព្រះ​យេស៊ូ​​រស់​ឡើង​វិញ​

១៦​កាល​ថ្ងៃសប្ប័ទ​​​កន្លង​ផុត​ទៅ​ នាង​​ម៉ារា​ ជាអ្នកក្រុង​ម៉ាក់ដាឡា​​​ និង​នាង​ម៉ារា​ជាម្ដាយ​របស់​លោក​យ៉ាកុប​​ និង​​នាង​​សាឡូមេ​បាន​ទិញ​គ្រឿង​ក្រអូប​​ ដើម្បី​យក​ទៅ​លាប​លើ​សព​ព្រះ​អង្គ ​​នៅ​ពឹ្រក​ព្រលឹម​ក្នុង​ថ្ងៃទី​មួយ​នៃ​សប្តាហ៍​ ពេល​ថ្ងៃ​រះ​ ពួកនាង​បាន​ទៅ​ផ្នូរ ​ហើយ​ពួក​នាង​បាន​និយាយ​គ្នា​​ថា​៖​ «តើ​អ្នក​ណា​នឹង​ប្រមៀល​ថ្ម​ពី​មាត់​ច្រក​ចូល​​ក្នុង​ផ្នូរ​​ឲ្យ​យើង​?» ​​ប៉ុន្ដែ​ពេល​សម្លឹង​​មើល​ទៅ​ ពួក​នាង​ឃើញ​ថា​ ថ្ម​​ដ៏​ធំនោះ​ត្រូវ​គេ​ប្រមៀល​ចេញ​ទៅ​ហើយ​ ​ពេល​ចូល​​ទៅ​​ក្នុង​ផ្នូរ​ ពួកនាង​ឃើញ​អ្នក​កំលោះ​ម្នាក់ ​អង្គុយ​នៅ​ខាង​ស្តាំ​ ពាក់​អាវ​វែង​ពណ៌​​ស​​ ពួកនាង​ក៏​ភ័យ​ស្រឡាំង​កាំង​ ​ប៉ុន្ដែ​អ្នក​នោះ​ប្រាប់​ពួកនាង​ថា​៖ «កុំ​ភ័យ​អី!​ អ្នក​រាល់​គ្នា​កំពុង​រក​ព្រះ​យេស៊ូ​ ជា​អ្នក​ក្រុង​​ណាសា​រ៉ែត​​​ ដែល​ត្រូវ​គេ​ឆ្កាង​នោះ​ តែ​ព្រះ​អង្គ​បាន​រស់​ឡើង​វិញ​ហើយ​ មិន​នៅ​ទី​នេះ​ទៀត​ទេ​ ចូរ​មើល​កន្លែង ​ដែល​គេដាក់​សព​ព្រះអង្គ​ចុះ ​​​រួច​ចូរ​ទៅ​បា្រប់​ពួក​សិស្ស​ និង​លោក​ពេត្រុស​ថា​ ព្រះអង្គ​កំពុង​​​ទៅ​ស្រុក​កាលីឡេ​​​ មុន​អ្នក​រាល់គ្នា​ហើយ​ អ្នក​រាល់គ្នា​នឹង​ជួប​ព្រះ​អង្គ​នៅ​ទី​នោះ​ ដូច​ដែល​ព្រះអង្គ​បាន​បា្រប់» ​​ពួកនាង​បាន​រត់​ចេញ​ពី​ផ្នូរ​ ទាំង​ភ័យ​ញាប់​ញ័រ​​ ហើយ​មិន​បាន​បា្រប់​អ្វី​ ដល់​អ្នក​ណាម្នាក់​ទេ​ ព្រោះ​ពួកនាង​ខ្លាច។

ផ្នែកបញ្ចប់នៃដំណឹងល្អម៉ាកុស

​[កាល​ព្រះអង្គមាន​ព្រះ​ជន្ម​រស់​ឡើង​​វិញ​ គឺ​នៅ​​ពឹ្រក​ព្រលឹម​ក្នុង​ថ្ងៃទីមួយនៃ​សប្តាហ៍​ ​​ ព្រះអង្គ​បាន​លេច​មកឲ្យ​នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​​​​ឃើញ​មុន​គេ​ គឺ​ស្ត្រី​ម្នាក់​នេះ​ហើយ​ ដែល​ព្រះអង្គ​បាន​បណ្ដេញ​អារក្ស​ចំនួន​ប្រាំ​ពីរ​ចេញ​​​ពី​នាង​ ១០​នាង​បាន​ចេញ​ទៅ ​បា្រប់​ពួក​អ្នក​នៅ​ជាមួយ​ព្រះអង្គ​​ដែល​កំពុង​កាន់​ទុក្ខ​ និង​យំ​សោក ១១តែ​​កាល​ពួកគេ​ឮ​ថា​ ព្រះអង្គមាន​ព្រះ​ជន្ម​​រស់​​ ហើយ​នាង​បាន​ជួប​ព្រះអង្គនោះ​ ពួក​គេ​មិន​ជឿ​ទេ ១២​ក្រោយ​ហេតុ​ការណ៍​ទាំង​នេះ​ ព្រះ​អង្គ​បាន​លេច​មក​ ជា​រូបរាង​​ផ្សេង​ទៀតឲ្យ​មនុស្ស​ពីរ​នាក់​​​ នៅ​ក្នុង​ចំណោម​ពួកគេ​ឃើញ​ ពេល​កំពុង​ដើរ​ទៅ​ស្រុក​ចម្ការ​ ​១៣​អ្នក​ទាំង​ពីរ​នោះ​បាន​ទៅ​ ប្រកាស​បា្រប់​អ្នកឯ​ទៀត​ ប៉ុន្ដែ​ពួក​គេ​ក៏​មិន​​ជឿដែរ​ ​១៤​ក្រោយ​មក​ ពេល​ពួក​គេ​កំពុង​អង្គុយ​នៅ​តុអាហារ​ ព្រះ​អង្គ​ក៏​លេច​មក​ឲ្យ​សាវក​ទាំង​ដប់​មួយ​ឃើញ​ ហើយ​ក៏​​បន្ទោស​ដល់​ភាព​គ្មាន​ជំនឿ​ និង​ចិត្ដ​រឹង​រូស​របស់​ពួក​គេ ព្រោះ​ពួកគេ​មិន​បាន​ជឿ​តាម​អ្នក​ដែល​បាន​ជួប​ព្រះ​អង្គ​ កាល​ព្រះ​អង្គ​រស់​ឡើង​វិញ​ ១៥​ព្រះ​អង្គ​មាន​បន្ទូល​ទៅ​ពួក​គេ​ថា៖​ «ចូរ​ចេញ​ទៅក្នុង​ពិភព​លោកទាំងមូល​ ហើយប្រកាសដំណឹង​ល្អ​ប្រាប់​មនុស្ស​លោក​ទាំង​​អស់ ​១៦​អ្នក​ណា​ជឿ​ ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក​​​ នោះ​នឹង​បាន​សង្គ្រោះ​ ប៉ុន្ដែ​អ្នក​ណា​មិន​ជឿ​ នោះ​នឹង​ជាប់​ទោស​មិន​ខាន​ ​១៧​អ្នក​ជឿ​នឹងមាន​ទី​សំគាល់​ដូច​នេះ ពួក​គេនឹង​បណ្ដេញ​អារក្ស​​​នៅ​ក្នុង​ឈ្មោះខ្ញុំ​ ហើយ​ពួក​គេ​នឹង​និយាយ​ភាសា​ថ្មី​ ​១៨​ពួក​គេ​នឹង​ចាប់​ពស់​ដោយ​ដៃ​ ហើយ​បើ​ពួកគេ​ផឹក​អ្វី​ពុលនោះ ក៏​គ្មាន​គ្រោះ​ថ្នាក់​ដែរ​ ពួកគេ​​ដាក់​ដៃ​លើ​​មនុស្ស​ឈឺ​ មនុស្ស​ឈឺ​នឹង​បាន​​ជា​សះ​ស្បើយ» ១៩​ក្រោយ​ពី​ព្រះអម្ចាស់​យេស៊ូ​​មាន​បន្ទូល​ទៅ​គេ​រួច​ហើយ​ ព្រះជាម្ចាស់​ក៏​យក​ព្រះ​អង្គ ​ឡើង​ទៅ​ស្ថាន​សួគ៌ ហើយ​អង្គុយ​នៅ​ខាង​ស្ដាំ​​ព្រះជាម្ចាស់ ​២០​រីឯ​​ពួកគេ​ក៏​ចេញ​ទៅ​ប្រកាស​ដំណឹង​ល្អ​គ្រប់​ទី​កន្លែង ហើយ​ព្រះអម្ចាស់​ក៏ជួយ​ពួក​គេ​ និង​បញ្ជាក់​ពី​ព្រះបន្ទូល​​​តាមរយៈ​ទី​សំគាល់​នានាដែល​បាន​កើត​ឡើង]៕

ម៉ាកុស ១៦