លូកា ៩
ព្រះយេស៊ូចាត់សាវកទាំងដប់ពីរ
៩កាលបានហៅសាវក ទាំងដប់ពីរជុំគ្នាហើយ ព្រះអង្គបានប្រទានឲ្យពួកគេមានឫទ្ធានុភាព និងសិទ្ធិអំណាច លើពួកអារក្សទាំងអស់ ព្រមទាំងប្រោសជំងឺផ្សេងៗ ឲ្យបានជា ២ហើយព្រះអង្គក៏ចាត់ពួកគេឲ្យចេញទៅប្រកាសអំពីនគរព្រះជាម្ចាស់ និងប្រោស ពួកអ្នកជំងឺឲ្យបានជា។ ៣ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ពេលធ្វើដំណើរ កុំយកអ្វីទៅជាមួយឲ្យសោះ ទោះជាឈើច្រត់ ថង់យាម នំប៉័ង ឬប្រាក់ក្ដី ហើយម្នាក់ៗ មិនត្រូវមានអាវពីរបន្លាស់ទេ។ ៤ផ្ទះណាក៏ដោយដែលអ្នករាល់គ្នាបានចូល ចូរស្នាក់នៅផ្ទះនោះរហូតដល់អ្នករាល់គ្នាចេញពីទីនោះ ៥ចំពោះអស់អ្នកដែលមិនទទួលអ្នករាល់គ្នា ពេលចេញពីក្រុងនោះ ចូររលាស់ធូលីដីពីជើង របស់អ្នករាល់គ្នាចុះ ដើម្បីទុកជាទីបន្ទាល់ដល់ពួកគេ» ៦ពួកគេក៏ចេញទៅ និងបានធ្វើដំណើរពីភូមិមួយទៅភូមិមួយ ប្រកាសដំណឹងល្អ និងប្រោសជំងឺនៅគ្រប់ទីកន្លែងឲ្យបានជា។
ស្ដេចហេរ៉ូឌចង់ជួបព្រះយេស៊ូ
៧កាលហេរ៉ូឌជាស្តេចត្រាញ់ បានឮអំពីហេតុការណ៍ទាំងឡាយ ដែលបានកើតឡើង ស្ដេចក៏គិតមិនយល់ ព្រោះមានអ្នកខ្លះនិយាយថា លោកយ៉ូហានត្រូវបានប្រោស ឲ្យរស់ពីស្លាប់ឡើងវិញ ៨អ្នកខ្លះទៀតថា លោកអេលីយ៉ាបានលេចមក ប៉ុន្ដែពួកអ្នកឯទៀតថា មានអ្នកនាំព្រះបន្ទូលម្នាក់នៅជំនាន់មុនបាន រស់ឡើងវិញ។ ៩រីឯស្ដេចហេរ៉ូឌវិញបានមានបន្ទូលថា៖ «ខ្ញុំបានកាត់កលោកយ៉ូហានហើយ ចុះតើម្នាក់នេះជាអ្នកណា បានជាខ្ញុំឮហេតុការណ៍អំពីគាត់យ៉ាងដូច្នេះ?» ស្ដេចក៏ចង់ជួបព្រះអង្គ។
ព្រះយេស៊ូប្រទានអាហារដល់មនុស្ស ប្រាំពាន់នាក់
១០ពេលពួកសាវក បានត្រលប់មកវិញហើយ ក៏រៀបរាប់ប្រាប់ព្រះអង្គអំពីអ្វីៗដែលពួកគេបានធ្វើ ហើយព្រះអង្គក៏នាំពួកគេចេញទៅដោយឡែក ទៅក្រុងមួយឈ្មោះបេតសៃដា។ ១១ប៉ុន្ដែពេលបណ្តាជនបានដឹង ក៏ទៅតាមព្រះអង្គ ហើយព្រះអង្គបានស្វាគមន៍ពួកគេ និងមានបន្ទូលទៅពួកគេអំពីនគរព្រះជាម្ចាស់ ព្រមទាំងបានប្រោសអស់អ្នកដែលត្រូវការប្រោសឲ្យជា ឲ្យបានជាដែរ។ ១២នៅពេលថ្ងៃចាប់ផ្ដើមជ្រេ សាវកទាំងដប់ពីរ បានចូលមកជិតទូលព្រះអង្គថា៖ «សូមរំសាយបណ្តាជនឲ្យទៅស្រុកភូមិ និងស្រែចម្ការនៅជុំវិញ ដើម្បីឲ្យពួកគេរកម្ហូបអាហារ និងកន្លែងស្នាក់នៅ ដ្បិតកន្លែងនេះនៅដាច់ពីគេ»។ ១៣ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរអ្នករាល់គ្នាឲ្យអាហារពួកគេបរិភោគផង» ប៉ុន្ដែ ពួកគេបានទូលវិញថា៖ «យើងមានតែនំបុ័ងប្រាំដុំ និងត្រីពីរកន្ទុយប៉ុណ្ណោះ លុះត្រាតែយើងទៅទិញអាហារ សម្រាប់ប្រជាជនទាំងនេះ» ១៤ព្រោះមានមនុស្សប្រុស ប្រហែលប្រាំពាន់នាក់។ ព្រះអង្គមានបន្ទូលទៅពួកសិស្សព្រះអង្គថា៖ «ចូរឲ្យពួកគេអង្គុយជាក្រុមៗ ក្នុងមួយក្រុមហាសិបនាក់ចុះ»។ ១៥ពួកគេក៏បានធ្វើដូច្នោះ ហើយមនុស្សទាំងអស់ក៏អង្គុយចុះ។ ១៦កាលព្រះអង្គបានយកនំបុ័ងប្រាំដុំ និងត្រីពីរកន្ទុយនោះមក ក៏ងើយមើលទៅស្ថានសួគ៌ ទាំងអរព្រះគុណសម្រាប់អាហារទាំងនោះ រួចកាច់ឲ្យទៅពួកសិស្ស ដើម្បីរៀបចំនៅមុខបណ្តាជន។ ១៧ពួកគេក៏បានបរិភោគ ឆ្អែតស្កប់ស្កល់គ្រប់ៗគ្នា ហើយគេប្រមូលចំណិតនំប៉័ង នៅសល់បានដប់ពីរកន្រ្តក។
លោកពេត្រុសប្រកាសថា ព្រះយេស៊ូ ជាព្រះមែស៊ី
១៨នៅពេលមួយ កាលព្រះអង្គកំពុងអធិស្ឋាននៅដាច់ដោយឡែក ហើយពួកសិស្សរបស់ព្រះអង្គ បាននៅជាមួយព្រះអង្គ ព្រះអង្គបានមានបន្ទូលសួរពួកគេថា៖ «តើបណ្តាជននិយាយថា ខ្ញុំជាអ្នកណា?» ១៩ពួកគេក៏ទូលឆ្លើយថា៖ «ជាលោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹក ប៉ុន្ដែអ្នកឯទៀតថា ជាលោកអេលីយ៉ា ហើយអ្នកផ្សេងទៀតថា ជាអ្នកនាំព្រះបន្ទូលម្នាក់ នៅជំនាន់មុនដែលបានរស់ឡើងវិញ»។ ២០ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ចុះអ្នករាល់គ្នាវិញថា ខ្ញុំជាអ្នកណាដែរ?» លោកពេត្រុសទូលឆ្លើយថា៖ «លោកជាព្រះគិ្រស្ដរបស់ព្រះជាម្ចាស់»។
ព្រះយេស៊ូប្រាប់ឲ្យដឹងជាមុនអំពីការសោយទិវង្គត និងការរស់ឡើងវិញ របស់ព្រះអង្គ
២១ប៉ុន្ដែ ព្រះអង្គបានព្រមានពួកគេដោយបង្គាប់ មិនឲ្យបា្រប់អ្នកណាម្នាក់ពីការនេះទេ ២២ព្រះអង្គមានបន្ទូលថា៖ «កូនមនុស្សត្រូវតែទទួលរងទុក្ខជាច្រើន ត្រូវពួកចាស់ទុំ ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យជំទាស់ និងសម្លាប់ ហើយលោកនឹងរស់ឡើងវិញនៅថ្ងៃទីបី»។
អ្នកដែលអាចធ្វើជាសិស្សរបស់ ព្រះយេស៊ូ
២៣ព្រះអង្គ បានមានបន្ទូលទៅគេទាំងអស់គ្នាថា៖ «បើអ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវលះបង់ខ្លួនឯង លីឈើឆ្កាងរបស់ខ្លួនរាល់ថ្ងៃ មកតាមខ្ញុំចុះ ២៤ដ្បិតអ្នកណា ដែលចង់រក្សាជីវិតខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ ប៉ុន្ដែអ្នកណាដែលបាត់ជីវិតខ្លួនដោយព្រោះខ្ញុំ អ្នកនោះនឹងបានជីវិតវិញ។ ២៥បើមនុស្សម្នាក់ទទួលបានពិភពលោកទាំងមូល តែត្រូវវិនាស ឬបាត់បង់ជីវិតខ្លួន តើមានប្រយោជន៍អ្វី? ២៦ដ្បិតអ្នកណាខ្មាសគេដោយ សារខ្ញុំ និងពាក្យរបស់ខ្ញុំ កូនមនុស្សនឹងខ្មាសដោយសារអ្នកនោះវិញ នៅពេលដែលលោកមក នៅក្នុងសិរីរុងរឿងរបស់លោក និងរបស់ព្រះវរបិតា ព្រមទាំងពួកទេវតាបរិសុទ្ធ។ ២៧ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា មានអ្នកខ្លះក្នុងចំណោមពួកអ្នកកំពុងឈរនៅទីនេះ នឹងមិនស្គាល់សេចក្តីស្លាប់ឡើយ លុះត្រាតែឃើញនគរព្រះជាម្ចាស់»។
សិរីរុងរឿងរបស់ព្រះយេស៊ូ
២៨ប្រហែលជាបាំ្របីថ្ងៃក្រោយពីបានមានបន្ទូលអំពីសេចក្ដីទាំងនេះ ព្រះអង្គបាននាំលោកពេត្រុស លោកយ៉ូហាន និង លោកយ៉ាកុបឡើងទៅលើភ្នំជាមួយដើម្បីអធិស្ឋាន។ ២៩ពេលព្រះអង្គកំពុងអធិស្ឋាន ព្រះភក្ដ្ររបស់ព្រះអង្គក៏ផ្លាស់ប្រែ អាវរបស់ព្រះអង្គប្រែជាសភ្លឺចាំង ៣០ហើយមើល៍ មានបុរសពីរនាក់កំពុងសន្ទនាជាមួយព្រះអង្គ គឺជាលោកម៉ូសេ និងលោកអេលីយ៉ា ៣១ដែលបានលេចមកក្នុងសិរីរុងរឿង ទាំងនិយាយពីការសោយទិវង្គតរបស់ព្រះអង្គ ដែលនឹងត្រូវសម្រេចនៅក្រុងយេរូសាឡិម។៣២លោកពេត្រុស និងពួកអ្នកនៅជាមួយគាត់បានងងុយដេកយ៉ាងខ្លាំង ប៉ុន្ដែកាលពួកគេភ្ញាក់ឡើង ក៏ឃើញសិរីរុងរឿងរបស់ព្រះអង្គ និងបុរសពីរនាក់ដែលកំពុងឈរជាមួយព្រះអង្គ។ ៣៣កាលអ្នកទាំងពីរនោះ ចាកចេញពីព្រះអង្គទៅ លោកពេត្រុស បានទូលទៅព្រះយេស៊ូថា៖ «លោកគ្រូ ជាការល្អណាស់ដែលយើងបាននៅទីនេះ សូមឲ្យយើងធ្វើរោងបីទៅ គឺមួយសម្រាប់លោក មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់លោកអេលីយ៉ា» ប៉ុន្ដែគាត់មិនដឹងអំពីអ្វីដែលគាត់កំពុងនិយាយឡើយ។ ៣៤ពេលគាត់កំពុងទូលពីសេចក្ដីទាំងនេះ មានពពកលេចមកគ្របបាំងពួកគេ ហើយពួកគេភ័យខ្លាច នៅពេលចូលទៅក្នុងពពកនោះ។ ៣៥រួចមានសំឡេងចេញពីពពកមកថា៖ «នេះជាបុត្ររបស់យើងដែលយើងបានជ្រើសរើស ចូរស្តាប់តាមព្រះអង្គចុះ!» ៣៦ក្រោយមានសំឡេងនោះ ឃើញតែព្រះយេស៊ូមួយអង្គប៉ុណ្ណោះ ហើយពួកគេក៏ស្ងាត់មាត់ រួចនៅគ្រានោះ ពួកគេមិនបានប្រាប់អ្វីដល់អ្នកណាម្នាក់ឡើយអំពីហេតុការណ៍ដែល ពួកគេបានឃើញ។
ព្រះយេស៊ូបណ្ដេញអារក្សចេញពី ក្មេងប្រុស
៣៧ថ្ងៃបន្ទាប់ ពេលពួកគេចុះពីភ្នំមក បណ្តាជនច្រើនកុះករ បានមកជួបព្រះអង្គ ៣៨ហើយមើល៍ មានបុរសម្នាក់ស្រែកពីក្នុងចំណោមបណ្តាជន មកថា៖ «លោកគ្រូអើយ! ខ្ញុំសូមអង្វរ សូមមើលកូនប្រុសរបស់ខ្ញុំផង ព្រោះវាជាកូនតែមួយរបស់ខ្ញុំ ៣៩ដ្បិតមានវិញ្ញាណមួយចូលក្នុងវា ហើយស្រែកឡើងភ្លាម រួចផ្ដួលកូនខ្ញុំឲ្យដួលប្រកាច់ប្រកិន បែកពពុះមាត់ ហើយវាញាំញីកូនរបស់ខ្ញុំមិនងាយចេញឡើយ។ ៤០ខ្ញុំបានអង្វរពួកសិស្សរបស់លោក ឲ្យពួកគេបណ្ដេញវិញ្ញាណនោះចេញដែរ ប៉ុន្ដែពួកគេមិនអាចធ្វើបានសោះ»។ ៤១ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «ឱ ជំនាន់មនុស្សគ្មានជំនឿ និងមានចិត្ដវៀចអើយ! តើឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើឲ្យខ្ញុំទ្រាំ នឹងអ្នករាល់គ្នាដល់ពេលណា? ចូរនាំកូនប្រុសរបស់អ្នកមកទីនេះ!» ៤២ពេលកូននោះកំពុងចូលមកជិតនៅឡើយ អារក្សបានធ្វើឲ្យដួលប្រកាច់ប្រកិន ហើយព្រះយេស៊ូក៏បន្ទោសដល់វិញ្ញាណអាក្រក់នោះ ទាំងប្រោសក្មេងនោះឲ្យបានជា រួចប្រគល់ឲ្យទៅឪពុករបស់វាវិញ។
ព្រះយេស៊ូប្រាប់ឲ្យដឹងជាមុនម្ដងទៀតអំពីការសោយទិវង្គតរបស់ព្រះអង្គ
៤៣មនុស្សទាំងអស់បាននឹកអស្ចារ្យចំពោះអំណាចរបស់ព្រះជាម្ចាស់ ហើយកាលមនុស្សទាំងអស់កំពុងស្ងើចសរសើរចំពោះការទាំងឡាយ ដែលព្រះយេស៊ូបានធ្វើ នោះព្រះអង្គបានមានបន្ទូលទៅពួកសិស្សព្រះអង្គថា៖ ៤៤«ចូរអ្នករាល់គ្នាផ្ទៀងត្រចៀកស្តាប់ ពាក្យទាំងនេះចុះ! ដ្បិតកូនមនុស្ស នឹងត្រូវគេប្រគល់ទៅក្នុងដៃរបស់មនុស្ស»។ ៤៥តែពួកគេមិនយល់ព្រះបន្ទូលនេះទេ ដ្បិតត្រូវបានលាក់បាំងពីពួកគេ ដើម្បីមិនឲ្យយល់ពីសេចក្ដីនេះ ហើយពួកគេក៏មិនហ៊ានទូលសួរព្រះអង្គអំពីព្រះបន្ទូលនេះដែរ។
អ្នកធំជាងគេនៅក្នុងនគរព្រះជាម្ចាស់
៤៦មានការប្រកែកគ្នា កើតឡើងក្នុងចំណោមពួកសិស្ស គឺថា តើអ្នកណាជាអ្នកធំជាងគេ ក្នុងចំណោមពួកគេ។ ៤៧កាលព្រះយេស៊ូជ្រាប គំនិតក្នុងចិត្ដរបស់ពួកគេ ព្រះអង្គក៏យកក្មេងតូចម្នាក់ឲ្យមកឈរក្បែរព្រះអង្គ ៤៨រួចព្រះអង្គបានមានបន្ទូលទៅពួកគេថា៖ «អ្នកណាដែលទទួលក្មេងតូចនេះ ក្នុងឈ្មោះខ្ញុំ នោះគឺទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ នោះគឺទទួលព្រះអង្គ ដែលបានចាត់ខ្ញុំឲ្យមកដែរ ដ្បិតអ្នកដែលតូចជាងគេក្នុងចំណោមអ្នកទាំងអស់គ្នា គឺអ្នកនោះហើយជាអ្នកធំ»។
ការប្រើព្រះនាមព្រះយេស៊ូ
៤៩លោកយ៉ូហានទូលឆ្លើយថា៖ «លោកគ្រូ យើងបានឃើញមនុស្សម្នាក់បណ្ដេញអារក្សដោយឈ្មោះរបស់លោក ហើយយើងបានឃាត់គាត់ ព្រោះគាត់មិនបានដើរតាមជាមួយយើងទេ»។ ៥០ប៉ុន្ដែព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «កុំឃាត់គាត់អី ដ្បិតអ្នកណាមិនប្រឆាំងអ្នករាល់គ្នា នោះនៅខាងអ្នករាល់គ្នាហើយ»។
ពួកសាម៉ារីមិនស្វាគមន៍ព្រះយេស៊ូ
៥១កាលជិតដល់ថ្ងៃ ដែលព្រះអង្គត្រូវលើកឡើងទៅស្ថានសួគ៌ ព្រះអង្គក៏យាងតម្រង់ទៅ ក្រុងយេរូសាឡិម។ ៥២ព្រះអង្គបានចាត់អ្នកនាំសារឲ្យទៅមុនព្រះអង្គ ពួកគេក៏ចេញទៅ និងបានចូលក្នុងភូមិមួយរបស់ពួកសាម៉ារី ដើម្បីរៀបចំសម្រាប់ព្រះអង្គ។ ៥៣ប៉ុន្ដែពួកសាម៉ារីមិនបានទទួលព្រះអង្គទេ ព្រោះគោលដៅរបស់ព្រះអង្គ គឺកំពុងយាងទៅក្រុងយេរូសាឡិម។ ៥៤កាលលោកយ៉ាកុប និងលោកយ៉ូហាន ជាសិស្សបានឃើញហើយ ក៏ទូលថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គចង់ឲ្យយើងហៅភ្លើងធ្លាក់ពីលើមេឃ មកបញ្ឆេះពួកគេដែរឬទេ?» ៥៥ប៉ុន្ដែព្រះអង្គបានបែរមក បន្ទោសពួកសិស្ស [ថា៖ «អ្នករាល់គ្នាមិនដឹងថា ខ្លួនឯងមានវិញ្ញាណបែបណាទេ ៥៦ដ្បិតកូនមនុស្សមិនបានមក ដើម្បីបំផ្លាញជីវិតមនុស្សទេ គឺដើម្បីសង្គ្រោះពួកគេវិញ»] រួចពួកគេក៏ចេញទៅភូមិផ្សេងទៀត។
តម្លៃនៃការដើរតាមព្រះយេស៊ូ
៥៧ពេលពួកគេ កំពុងធ្វើដំណើរតាមផ្លូវ មានបុរសម្នាក់ទូលទៅព្រះអង្គថា៖ «ខ្ញុំនឹងដើរតាមលោក ទោះបីលោកទៅទីណាក៏ដោយ» ៥៨ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «សត្វកញ្ជ្រោងមានរូង ឯសត្វស្លាបលើមេឃមានសំបុក ប៉ុន្ដែកូនមនុស្ស គ្មានកន្លែងសម្រាប់ដាក់ក្បាលកើយឡើយ»។ ៥៩ព្រះអង្គមានបន្ទូលទៅម្នាក់ទៀតថា៖ «ចូរមកតាមខ្ញុំចុះ» ប៉ុន្ដែអ្នកនោះទូលថា៖ «ព្រះអម្ចាស់អើយ! សូមអនុញ្ញាតឲ្យខ្ញុំ ទៅបញ្ចុះសពឪពុករបស់ខ្ញុំជាមុនសិន» ៦០ប៉ុន្ដែព្រះអង្គមានបន្ទូលទៅគាត់ថា៖ «ចូរទុកឲ្យមនុស្សស្លាប់បញ្ចុះគ្នាគេចុះ រីឯអ្នកវិញ ចូរទៅផ្សាយពីនគរព្រះជាម្ចាស់ចុះ»។ ៦១មានម្នាក់ទៀតទូលដែរថា៖ «ព្រះអម្ចាស់អើយ! ខ្ញុំនឹងដើរតាមព្រះអង្គ ប៉ុន្ដែសូមអនុញ្ញាតឲ្យខ្ញុំ លាពួកអ្នកផ្ទះរបស់ខ្ញុំសិន»។ ៦២ព្រះយេស៊ូមានបន្ទូលទៅគាត់វិញថា៖ «អ្នកដែលដាក់ដៃលើនង្គ័ល ហើយមើលទៅអ្វីៗនៅខាងក្រោយ មិនសមនឹងនគរព្រះជាម្ចាស់ឡើយ»។