លូកា ៥
ព្រះយេស៊ូត្រាស់ហៅពួកសិស្សដំបូង
៥កាលបណ្តាជនបានប្រជ្រៀត គ្នាមកឯព្រះអង្គ ដើម្បីស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះអង្គកំពុងឈរនៅក្បែរមាត់បឹងគេនេសារ៉ែត ២ហើយព្រះអង្គ បានឃើញទូកពីរនៅក្បែរមាត់បឹង ប៉ុន្ដែពួកអ្នកនេសាទបានចុះពីទូកទាំងនោះ ទៅលាងអួនអស់ហើយ។ ៣ព្រះអង្គបានចុះទៅក្នុងទូកមួយ ជារបស់លោកស៊ីម៉ូន ក្នុងចំណោមទូកទាំងពីរនោះ និងបានសុំឲ្យគាត់អុំទូក ចេញពីច្រាំងបន្តិច។ កាលព្រះអង្គអង្គុយចុះ ក៏បង្រៀនបណ្តាជនពីក្នុងទូកនោះ។ ៤ពេលព្រះអង្គឈប់បង្រៀនហើយ ក៏មានបន្ទូលទៅលោកស៊ីម៉ូនថា៖ «ចូរអុំទូកចេញទៅទឹកជ្រៅ ហើយទម្លាក់អួនរបស់អ្នកនេសាទចុះ»។ ៥ប៉ុន្ដែលោកស៊ីម៉ូនបានទូលតបថា៖ «លោកគ្រូអើយ! យើងបានធ្វើការយ៉ាងនឿយហត់ ពេញមួយយប់កន្លងមកហើយ យើងចាប់មិនបានអ្វីសោះ ប៉ុន្ដែខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោក»។ ៦កាលបានធ្វើដូចនោះ ពួកគេក៏ចាប់បានត្រីច្រើនសន្ធឹក ហើយអួនរបស់គេស្ទើរធ្លាយ ៧ពួកគេក៏ធ្វើសញ្ញាហៅគូកននៅក្នុងទូកមួយទៀតឲ្យមកជួយ។ ពួកគូកនក៏បានមក និងបានចាប់ត្រីដាក់ពេញទូកទាំងពីរ បណ្តាលឲ្យទូកទាំងពីរស្ទើរលិច។ ៨កាលបានឃើញដូច្នោះ លោកស៊ីម៉ូន ក៏ក្រាបចុះទាបជង្គង់ព្រះយេស៊ូទូលថា៖ «ព្រះអម្ចាស់អើយ! សូមយាងចេញពីខ្ញុំទៅ ដ្បិតខ្ញុំជាមនុស្សបាប» ៩ដ្បិតគាត់ និងពួកអ្នកនៅជាមួយគាត់ទាំងអស់ មានសេចក្ដីកោតស្ញែងចំពោះត្រីដែលពួកគេចាប់បាន។ ១០ឯលោកយ៉ាកុប និងលោកយ៉ូហាន ជាកូនលោកសេបេដេ និងជាគូកនលោកស៊ីម៉ូន ក៏ធ្វើដូច្នេះដែរ ប៉ុន្ដែព្រះយេស៊ូមានបន្ទូលទៅលោកស៊ីម៉ូនថា៖ «កុំខ្លាចអី! ពីពេលនេះទៅ អ្នកនឹងនេសាទមនុស្សវិញ»។ ១១កាលបានទុកទូកចោលនៅច្រាំង និងបានលះបង់អ្វីទាំងអស់ហើយ ពួកគេក៏ដើរតាមព្រះអង្គទៅ។
ព្រះយេស៊ូប្រោសមនុស្សឃ្លង់ម្នាក់
១២នៅពេលព្រះអង្គគង់នៅក្នុងក្រុងមួយ នោះមានបុរសម្នាក់កើតឃ្លង់ពេញខ្លួន ហើយកាលបានឃើញព្រះយេស៊ូ គាត់ក៏ក្រាបផ្កាប់មុខ ទូលអង្វរព្រះអង្គថា៖ «លោកម្ចាស់អើយ! លោកអាចធ្វើឲ្យខ្ញុំជាស្អាតបាន ប្រសិនបើលោកចង់ធ្វើ»។ ១៣ព្រះអង្គក៏លូកព្រះហស្ដទៅពាល់គាត់ ដោយមានបន្ទូលថា៖ «ខ្ញុំចង់! ចូរឲ្យជាស្អាតចុះ» ភ្លាមនោះ គាត់ក៏បានជាពីជំងឺឃ្លង់តែម្ដង។ ១៤ព្រះអង្គក៏បង្គាប់គាត់ថា៖ «កុំប្រាប់អ្នកណាម្នាក់ឲ្យសោះ ប៉ុន្ដែត្រូវទៅបង្ហាញខ្លួនដល់សង្ឃ ហើយថ្វាយតង្វាយសម្រាប់ការដែលអ្នកបានជាស្អាត ដូចលោកម៉ូសេបានបង្គាប់ ដើម្បីជាបន្ទាល់ដល់មនុស្សទាំងឡាយ»។ ១៥តែដំណឹងអំពីព្រះអង្គកាន់តែឮសុសសាយឡើងៗ ហើយបណ្តាជនច្រើនកុះករ បានមកជុំគ្នាដើម្បីស្តាប់ និងដើម្បីឲ្យជាពីជំងឺផ្សេងៗរបស់ពួកគេ។ ១៦ប៉ុន្ដែព្រះអង្គបានយាងទៅកន្លែងស្ងាត់ ហើយអធិស្ឋាន។
ព្រះយេស៊ូប្រោសមនុស្សស្លាប់ដៃជើង
១៧នៅថ្ងៃមួយ កាលព្រះអង្គកំពុងបង្រៀនបណ្តាជន មានពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យដែលបានមកពីគ្រប់ក្រុង នៃស្រុកកាលីឡេ និងស្រុកយូដា ព្រមទាំងពីក្រុងយេរូសាឡិម បានអង្គុយនៅទីនោះ ហើយអំណាចព្រះអម្ចាស់ បាននៅក្នុងព្រះអង្គ ដើម្បីប្រោសឲ្យជា ១៨ហើយមើល៍ មានមនុស្សសែងបុរសម្នាក់ស្លាប់ដៃជើងនៅលើគ្រែស្នែង ពួកគេរិះរកសែងគាត់ចូលទៅ ដើម្បីដាក់នៅពីមុខព្រះអង្គ។ ១៩ប៉ុន្ដែដោយសារមានមនុស្សច្រើនកកកុញពេក ពួកគេរកមិនឃើញផ្លូវ ដែលអាចឲ្យពួកគេនាំគាត់ទៅបានសោះ ក៏ឡើងទៅលើរើដំបូលឥដ្ឋ ហើយសម្រូតគាត់ចុះ ជាមួយគ្រែស្នែងតាមប្រហោងនោះ ចំកណ្តាលចំណោមមនុស្ស នៅពីមុខព្រះយេស៊ូ។ ២០កាលព្រះអង្គទតឃើញជំនឿរបស់ពួកគេ ក៏មានបន្ទូលថា៖ «សម្លាញ់អើយ! បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ»។ ២១ឯពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីបានចាប់ផ្តើមគិតថា៖ «តើមនុស្សនេះជានរណាបានជានិយាយប្រមាថព្រះជាម្ចាស់ដូច្នេះ? តើអ្នកណា អាចលើកលែងទោសបាបបាន ក្រៅពីព្រះជាម្ចាស់ប៉ុណ្ណោះ?» ២២តែព្រះយេស៊ូឈ្វេងយល់ពីគំនិតរបស់ពួកគេ ក៏មានបន្ទូលឆ្លើយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាគិតក្នុងចិត្ដដូច្នេះ? ២៣ដ្បិតការដែលនិយាយថា បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ និងការដែលនិយាយថា ចូរក្រោកឡើង ហើយដើរទៅ តើមួយណាស្រួលជាង?២៤តែដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្ស មានសិទ្ធិអំណាចលើកលែងទោសបាបនៅផែនដីនេះ»។ បន្ទាប់មកព្រះអង្គមានបន្ទូលទៅកាន់ អ្នកស្លាប់ដៃជើងថា៖ «ខ្ញុំនិយាយទៅកាន់អ្នកថា ចូរក្រោកឡើង លើកគ្រែស្នែងរបស់អ្នក ហើយទៅផ្ទះចុះ»។ ២៥គាត់ក៏ក្រោកឡើងភ្លាមនៅចំពោះមុខពួកគេ លើកគ្រែស្នែងដែលគាត់បានដេក ហើយទៅផ្ទះរបស់គាត់វិញ ទាំងសរសើរតម្កើងព្រះជាម្ចាស់។ ២៦ពួកគេគ្រប់គ្នាមានសេចក្តីស្ញប់ស្ញែង ក៏សរសើរតម្កើងព្រះជាម្ចាស់ ហើយបានពេញដោយសេចក្ដីកោតខ្លាច ទាំងនិយាយថា៖ «នៅថ្ងៃនេះ យើងបានឃើញសេចក្ដីអស្ចារ្យ!»
ព្រះយេស៊ូត្រាស់ហៅលោកម៉ាថាយ
២៧ក្រោយពី ហេតុការណ៍ទាំងនេះ ព្រះអង្គក៏ចេញទៅ ហើយបានឃើញអ្នកទារពន្ធដារម្នាក់ឈ្មោះលេវី កំពុងអង្គុយនៅកន្លែងប្រមូលពន្ធដារ ក៏មានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ» ២៨គាត់បានទុកអ្វីៗទាំងអស់ចោល ហើយក៏ក្រោកឡើងដើរតាមព្រះអង្គទៅ។ ២៩រួចលោកលេវី បានរៀបចំពិធីជប់លៀងដ៏ធំមួយ នៅផ្ទះរបស់គាត់សម្រាប់ព្រះអង្គ ហើយមានពួកអ្នកទារពន្ធដារច្រើនកុះករ និងអ្នកដទៃទៀត បានចូលរួមបរិភោគជាមួយពួកគេ។ ៣០ដូច្នេះពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យរបស់គេក៏រអ៊ូដាក់ពួកសិស្សរបស់ព្រះអង្គ ថា៖ «ហេតុដូចម្ដេច បានជាអ្នករាល់គ្នាស៊ីផឹកជាមួយពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបដូច្នេះ?» ៣១តែព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ពួកអ្នកមានសុខភាពល្អ មិនត្រូវការគ្រូពេទ្យទេ គឺមានតែពួកអ្នក ដែលមានជំងឺប៉ុណ្ណោះ ៣២ខ្ញុំមិនបានមក ដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សបាបវិញ ដើម្បីឲ្យគេប្រែចិត្ដ»។
ព្រះយេស៊ូមានបន្ទូលអំពីការតមអាហារ
៣៣ប៉ុន្ដែពួកគេទូលព្រះអង្គថា៖ «ពួក សិស្សរបស់លោកយ៉ូហានបានអធិស្ឋានសូម ទាំងតមអាហារជាញឹកញាប់ ឯ ពួកសិស្សរបស់អ្នកខាងគណៈផារិស៊ី ក៏ដូច្នោះដែរ រីឯពួកសិស្សរបស់លោកវិញបែរជាស៊ីផឹកទៅវិញ» ៣៤ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាអាចឲ្យភ្ញៀវរបស់កូនកំលោះ តមអាហារបានដែរឬ នៅពេលកូនកំលោះកំពុងនៅជាមួយពួកគេនោះ? ៣៥ប៉ុន្ដែនឹងមានថ្ងៃមកដល់ ពេលកូនកំលោះត្រូវឃ្លាតពីពួកគេទៅ នៅថ្ងៃនោះឯង ពួកគេនឹងតមអាហារ»។ ៣៦ព្រះអង្គក៏ប្រាប់រឿងប្រៀបប្រដូចមួយដល់ពួកគេដែរថា៖ «គ្មានអ្នកណាម្នាក់ ដែលយកបំណះហែកពីសម្លៀកបំពាក់ថ្មី មកប៉ះលើសម្លៀកបំពាក់ ចាស់ទេ បើធ្វើដូច្នេះទាំងសម្លៀកបំពាក់ថ្មីក៏រហែក ហើយបំណះពីសម្លៀកបំពាក់ថ្មីក៏មិនត្រូវនឹងចាស់ដែរ។ ៣៧ក៏គ្មានអ្នកណា ច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះស្រាថ្មីនឹងធ្វើឲ្យថង់ស្បែក ចាស់ធ្លាយហើយស្រាក៏ហូរចេញមក ឯថង់ស្បែកក៏ខូចខាត។ ៣៨ផ្ទុយទៅវិញ ត្រូវច្រកស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកថ្មី ៣៩ក្រោយពី បានផឹកស្រាទំពាំងបាយជូរចាស់ហើយ គ្មានអ្នកណាចង់ផឹកស្រាទំពាំងបាយជូរថ្មីទេ ព្រោះគេថា ស្រាទំពាំងបាយជូរចាស់ល្អ»។