KCB - លូកា ៣


លូកា ៣

លោកយ៉ូហាន​អ្នកធ្វើ​ពិធី​ជ្រមុជទឹក​រៀប​ចំ​ដំណើរ​​របស់ព្រះយេស៊ូ

នៅ​ឆ្នាំ​ទីដប់ប្រាំ នៃ​រាជ្យ​ព្រះ ចៅអធិរាជ​​ទីប៊ើរ កាល​លោក​​ប៉ុនទាស​ពីឡាត់ ​គ្រប់គ្រង​ស្រុកយូដា ហេរ៉ូឌ​​ជា​ស្ដេចត្រាញ់​​នៃ​ស្រុក​កាលីឡេ ឯ​ភីលីព​ត្រូវជា​ប្អូន ជា​ស្ដេចត្រាញ់​​នៃ​ស្រុកអ៊ីទូរេ និង​ស្រុក​ត្រាខូនីត រីឯ​​លីសានាស ជា​ស្ដេចត្រាញ់​​នៃ​ស្រុក​អាប៊ីលេន។ ​នៅ​គ្រា​ដែល​​លោក​អាណាស និង​លោក​កៃផា​ជា​សម្ដេចសង្ឃ​ ព្រះ​​បន្ទូល​របស់​ព្រះជាម្ចាស់​បាន​សំដែង​មក​ដល់​លោក​យ៉ូហាន​ ជា​កូន​លោក​សាការី​ នៅ​ទីរហោឋាន​​ គាត់​ក៏​ទៅ​ឯ​ស្រុក​ទាំងអស់ ​ដែល​​​នៅជុំវិញ​អូរយ័រដាន់ ទាំង​ប្រកាស​​ប្រាប់​អំពីពិធីជ្រមុជ​ដែល​ជា​ភស្តុតាង​បង្ហាញ​ពី​ការ​ប្រែចិត្ដ ដើម្បី​ទទួលបាន​ការលើកលែង​ទោស​បាប​ ដូច​ដែល​បាន​ចែង​​ទុក​ក្នុង​បទ​គម្ពីរ​​របស់​លោក​អេសាយ​ ជា​អ្នកនាំព្រះបន្ទូល​​ថា មាន​សំឡេង​​មនុស្ស​ម្នាក់​កំពុង​ស្រែក​នៅ​ទី​រហោ​ឋាន​​​ថា ចូរ​រៀបចំ​ដំណើរ​របស់ព្រះអម្ចាស់ ចូរ​តម្រង់ ​ផ្លូវ​របស់​ព្រះអង្គ​ គ្រប់ទាំង​ជ្រលងភ្នំ​នឹង​​ត្រូវ​​លុប​បំពេញ ហើយគ្រប់ទាំង​ភ្នំ និង​ទីទួល​​​​ត្រូវ​​ពង្រាប​ឲ្យស្មើ​ ឯ​កន្លែង​​​ក្ងិចក្ងក់​​​​ត្រូវ​​តម្រង់ ហើយ​ផ្លូវ​រដិប​រដុប​​​ត្រូវ​ធ្វើ​ឲ្យរាបស្មើ នោះ​​មនុស្ស​ទាំងអស់​នឹង​ឃើញ​សេចក្ដី​សង្គ្រោះ​ របស់ព្រះជា​ម្ចាស់​។ ​ដូច្នោះហើយ​លោកយ៉ូហាន​​ ក៏​និយាយ​​ទៅ​​បណ្តាជន​ ដែល​កំពុង​ចេញមក​ទទួល​ពិធី​ជ្រមុជ​ទឹក​​​ពី​គាត់​​ថា៖ «នែ ​​ពូជ​ពស់វែក​អើយ! តើ​នរណា​ព្រមានឲ្យអ្នករាល់គ្នា​រត់​គេចពី​សេចក្ដី​ក្រោធ​​ដែល​នឹង​មក​ដល់​​ ដូច្នេះ?​

ហេតុ​នេះ​ ចូរ​បង្កើត​ផលផ្លែឲ្យស័ក្តិសម នឹង​ការប្រែ​ចិត្ដ​ចុះ ហើយ​​​កុំគិត​ក្នុង​ចិត្ដ​​ឲ្យ​សោះថា យើង​មាន​​លោក​អ័ប្រាហាំ​ជា​ឪពុក​របស់​យើង ដ្បិត​ខ្ញុំ​បា្រប់​​អ្នក​រាល់គ្នា​ថា ព្រះជាម្ចាស់​​ក៏​អាច​បង្កើត​កូន​លោក​អ័ប្រាហាំ​ពី​ថ្មទាំងអស់នេះ​បាន​ដែរ។ ឯ​ពូថៅ​នៅ​នឹង​គល់​ឈើ​រួចជា​ស្រេច ដូច្នេះ​ រាល់​ដើមឈើ​ណា​មិន​បង្កើត​ផ្លែ​ល្អ​ នឹង​ត្រូវ​កាប់​បោះ​ទៅក្នុង​ភ្លើង»។ ​ ១០នោះ​បណ្តាជន​ក៏​សួរ​ទៅ​គាត់​ថា៖ «ដូច្នេះតើ​យើង​គួរ​ធ្វើ​យ៉ាង​ដូច​ម្ដេច?» ១១គាត់​ឆ្លើយ​ទៅ​ពួកគេ​ថា៖ «អ្នក​ណា​​មាន​អាវ​ពីរ ​ចូរ​ឲ្យអ្នកនោះ​ចែក​ដល់​អ្នក​ដែល​​គ្មាន​ចុះ ឯ​អ្នក​ណា​មាន​អាហារ ​ចូរ​ឲ្យ​​អ្នក​នោះ​ធ្វើ​ដូច្នេះដែរ​ចុះ»។​​ ១២ពេលនោះពួក​អ្នកទារ​ពន្ធដារ​​​ បាន​មក​ទទួល​ពិធី​ជ្រមុជទឹក​​​ដែរ ហើយ​ពួក​គេ​​បាន​​សួរ​ទៅ​គាត់​ថា៖ «លោក​គ្រូ! តើ​យើង​គួរ​ធ្វើ​យ៉ាងដូចម្ដេច?»​ ១៣គាត់​ប្រាប់​ពួកគេ​ថា៖ «មិន​ត្រូវ​ទារ​​ពន្ធ​លើស​ចំនួន​ ដែល​បាន​កំណត់​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ»។ ១៤ឯ​ពួក​ទាហាន​សួរ​ទៅ​គាត់​ដែរ​ថា៖ «ចុះ​យើង​វិញ​ តើ​គួរ​ធ្វើ​យ៉ាង​ដូចម្ដេច?» គាត់​ប្រាប់​ពួកគេ​ថា៖ ​«កុំ​យក​អ្វី​ពី​អ្នកណា​ដោយកំហែង ឬ​និយាយ​បង្កាច់​ឡើយ ប៉ុន្ដែ​ចូរ​ពេញចិត្ដ​នឹង​ប្រាក់ឈ្នួល​របស់​អ្នក​រាល់គ្នា​ចុះ»។ ១៥កាល​ប្រជាជន​កំពុង​ទន្ទឹង​រង់ចាំ ពួក​គេ​​គ្រប់គ្នា​ក៏​នឹកឆ្ងល់​ក្នុង​ចិត្ដ​អំពី​លោក​យ៉ូហាន​ថា ប្រហែល​គាត់​ជា​ព្រះគ្រិស្ដ​​ទេដឹង។​ ១៦លោក​យ៉ូហាន​ក៏​ឆ្លើយ​ទៅ​ពួកគេ​ថា៖ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យអ្នក​រាល់​គ្នា​ដោយ​ទឹក ប៉ុន្ដែ​ នឹង​មាន​ព្រះមួយ​​អង្គយាង​​មក​ ដែល​មាន​អំណាច​ខ្លាំង​ជាង​ខ្ញុំ ហើយ​​ខ្ញុំ​​មិន​ស័កិ្ត​សម​នឹង​ស្រាយ​​ខ្សែ​ស្បែក​ជើង​ ឲ្យព្រះអង្គផង ព្រះអង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ ឲ្យអ្នក​រាល់​គ្នា ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​នឹង​ភ្លើងវិញ។​ ១៧ព្រះអង្គ​​កាន់​ចង្អេរ​ក្នុង​ព្រះហស្ដ​ សំអាត​ទីលាន​បោកស្រូវ​របស់​ព្រះអង្គ ដើម្បី​ប្រមូល​ស្រូវ​ដាក់​ក្នុង​ជង្រុក​របស់​ព្រះអង្គ​ តែ​​ព្រះអង្គ​នឹង​ដុត​អង្កាម​ចោល​ ​ដោយ​ភ្លើងដែល​មិន​ចេះរលត់»។​ ១៨គាត់​បាន​ប្រកាស​ដំណឹង​ល្អ និង​ បាន​ទូន្មាន​ជាច្រើន​ទៀត ​ដល់​ប្រជាជន​យ៉ាង​ដូច្នេះ។ ១៩កាល​​ស្តេច​ត្រាញ់​​​​ហេរ៉ូឌ​ ត្រូវ​លោក​យ៉ូហាន​ស្ដីបន្ទោស​ ពី​រឿង​នាង​ហេរ៉ូឌាស​ ដែល​ត្រូវជា​ប្រពន្ធ​ប្អូន​របស់​ខ្លួន​ ព្រម​ទាំង​ការ​អាក្រក់​​ទាំង​ឡាយ​ដែល​ស្ដេច​បាន​​ធ្វើ​ ២០នោះ​ធ្វើ​ឲ្យស្ដេច​ប្រព្រឹត្ដ​កាន់​តែ​អាក្រក់​ថែម​​ទៀត​ គឺ​ចាប់​លោកយ៉ូហាន​ដាក់​គុក។

ព្រះយេស៊ូទទួល​ពិធី​ជ្រមុជ​ទឹក​

២១កាល​ប្រជាជន​ទាំងអស់គ្នា​ បាន​ទទួល​ពិធី​ជ្រមុជទឹក​ ព្រះយេស៊ូ​ក៏​បាន​ទទួលពិធីជ្រមុជ​ទឹកដែរ ហើយ​ពេល​កំពុង​អធិស្ឋាន មេឃ​ក៏​បើក​​ចំហ​ ២២ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ក៏​យាង​ចុះ​មកមាន​រូប​រាង​ដូចជា​សត្វព្រាប សណ្ឋិត​លើ​ព្រះអង្គ ហើយ​មាន​សំឡេង​បន្លឺ​ចេញ​ពី​ស្ថាន​សួគ៌​មក​ថា​៖ «អ្នក​ជា​បុត្រ​​​​ជាទីស្រឡាញ់​​របស់យើង យើង​ពេញ​ចិត្ដ​នឹង​អ្នក​ណាស់»។​

កំណត់​ត្រា​វង្ស​ត្រកូល​របស់ព្រះយេស៊ូ

២៣កាល​ព្រះយេស៊ូ​ ចាប់ផ្ដើម​ការងារ​ព្រះអង្គ ព្រះអង្គ​មាន​អាយុ​ប្រហែល​សាមសិប​ឆ្នាំ ហើយ​តាម​សេចក្ដីសន្និដ្ឋាន​ពីប្រជាជន ព្រះ​អង្គ​ជា​កូន​លោក​​យ៉ូសែប លោកយ៉ូសែប ​ ជាកូន​​លោក​ហេលី​២៤លោកហេលី​ ជាកូន​​លោក​ម៉ាថាត់ លោក​ម៉ាថាត់​ជាកូន​​លោក​លេវី លោក​លេវី​ជាកូន​លោក​​ម៉ិលគី លោក​ម៉ិលគី​​​ជាកូន​​លោក​យ៉ាណាយ លោក​យ៉ាណាយ​​ជាកូន​លោក​យ៉ូសែប​ ២៥លោក​យ៉ូសែប​ជាកូន​​លោក​ម៉ាត់ធាស លោក​ម៉ាត់ធាស​ជាកូន​​លោក​អេម៉ុស ​លោក​អេម៉ុស​​ជាកូន​លោក​​ណាអ៊ូម លោក​ណាអ៊ូម​ជាកូន​​លោក​អែសលី លោក​អែសលី​ជាកូន​​លោក​ណាកៃ​ ២៦លោក​ណាកៃ​ជាកូន​​លោក​ម៉ាអាត លោក​ម៉ាអាត​ជាកូន​​លោក​ម៉ាតាធាស លោក​ម៉ាតាធាស​​ជាកូន​លោក​សេម៉ី លោកសេម៉ី​ជាកូន​​លោក​យ៉ូសិក​ លោក​​យ៉ូសិក​​ជាកូន​លោក​យ៉ូដា​ ២៧លោក​យ៉ូដា​​ ជាកូន​លោក​យ៉ូអាណាន់ លោក​យ៉ូអាណាន់ ​​ជាកូន​​លោក​រេសា លោករេសា​ ជាកូន​​លោក​សូរ៉ូបាបិល លោកសូរ៉ូបាបិល ​ជាកូន​​លោក​សាលធាល ​លោកសាលធាល​ជាកូន​លោក​នេរី​ ២៨លោកនេរី​ជាកូន​លោក​ម៉ិលគី លោកម៉ិលគី​ជាកូន​​លោក​អ័តឌី លោក​អ័តឌី​ជាកូន​លោក​កូសាម លោក​កូសាម​ជា​កូន​លោក​អែលម៉ូដាម​ លោកអែលម៉ូដាម​ជាកូន​​លោក​អ៊ើ​ ២៩លោកអ៊ើ​ជាកូន​​លោក​យ៉ូសេ លោកយ៉ូសេ​ជាកូន​លោក​អេលាស៊ើរ លោក​អេលាស៊ើរ​ជាកូន​លោក​យ៉ូរិម លោកយ៉ូរិម​ជាកូន​លោក​ម៉ាត់ថាត់ លោក​ម៉ាត់ថាត់​ជាកូន​លោក​លេវី​ ៣០លោក​លេវី​ជាកូន​លោក​ស៊ីម្មាន លោកស៊ីម្មាន​ជាកូន​​លោក​យូដា លោកយូដា​ជាកូន​​លោក​យ៉ូសែប លោកយ៉ូសែប​ជាកូន​​លោក​យ៉ូណាម លោកយ៉ូណាម​ ជាកូន​​លោក​អេលាគីម​ ៣១លោកអេលាគីម​ជាកូន​លោក​ម៉េលាស លោក​ម៉េលាស ​ជាកូនលោក​ម៉ៃណាន លោកម៉ៃណាន​ ជាកូន​​លោក​ម៉ាតាថា លោក​ម៉ាតា​ថា​​ ជាកូន​​លោកណាថាន់ លោក​ណាថាន់​ជាកូន​​ស្ដេច​ដាវីឌ ៣២ស្ដេច​ដាវីឌ​ជាកូន​លោក​អ៊ីសាយ លោក​អ៊ីសាយ​ជាកូន​​លោក​អូបិឌ លោកអូបិឌ​ជាកូន​លោក​បូអូស លោកបូអូស​ជាកូន​​លោក​សាលម៉ូន លោកសាលម៉ូន​ជាកូន​​លោក​ណាសូន ​៣៣លោកណាសូន​ជាកូនលោក​អមីណាដាប់ លោកអមីណាដាប់​ ជាកូន​លោក​អាដមីន លោកអាដមីន​ជាកូន​​លោក​អ័រនី លោកអ័រនី​ជាកូន​លោក​អើរ៉ាម លោកអើរ៉ាម​ជាកូន​​លោក​ពេរេស លោកពេរេស​ជាកូន​លោក​យូដា​ ៣៤លោក​យូដា​​ជាកូន​លោក​យ៉ាកុប លោក​យ៉ាកុប​​ជាកូន​​លោក​អ៊ីសាក លោកអ៊ីសាក​ជាកូន​​លោក​អ័បា្រហាំ លោកអ័បា្រហាំ​ជាកូន​លោក​ថេរ៉ា លោកថេរ៉ា​ជាកូន​​លោក​ណាឃរ​ ៣៥លោក​ណាឃរ ​ជាកូន​លោក​សេរូក លោកសេរូក​ជាកូន​លោក​​រេហ៊ូ លោករេហ៊ូ​ជាកូន​​លោក​ផាលេក លោក​ផាលេក​ជាកូន​​លោក​ហេប៊ើរ លោក​ហេប៊ើរ​​ជាកូន​​លោក​សេឡា​ ៣៦លោកសេទ្បា​ជាកូន​​លោក​កៃណាន លោកកៃណាន​ជា​កូន​​លោក​អើប៉ាក់សាឌ លោក​អើប៉ាក់សាឌ​ជាកូនលោក​សិម លោកសិម​ជាកូន​លោក​ណូអេ លោកណូអេ​ជាកូន​លោក​ឡាមេក​ ៣៧លោកទ្បាមេក​ជាកូន​​លោក​មធូសាទ្បា លោកមធូសាទ្បា​ជាកូន​លោក​ហេណុក លោកហេណុក​ជាកូន​​លោក​យ៉ារេឌ លោកយ៉ារេឌ​ជាកូន​​លោក​ម៉ាលេលាល លោក​ម៉ាលេលាល​ជាកូន​​លោក​កៃណាន​ ៣៨លោក​កៃណាន​ជាកូន​លោក​អេណុស លោកអេណុស​ជាកូន​លោក​សេត លោកសេត​ជា​កូនលោក​អ័ដាម ហើយ​លោកអ័ដាម​ជាកូន​ព្រះជា​ម្ចាស់។

លូកា ៣