KCB - លូកា ២០


លូកា ២០

ការ​ចោទ​សួរ​អំពីសិទ្ធិ​អំណាច​របស់ ព្រះយេស៊ូ

២០ថ្ងៃ​មួយ នៅ​ពេល​ព្រះអង្គ​កំពុង ​បង្រៀន​ប្រជាជន​នៅ​ក្នុង​ព្រះ​វិហារ និង​ប្រកាស​ដំណឹងល្អ នោះ​ពួក​សម្ដេច​សង្ឃ ពួក​​គ្រូវិន័យ និង​ពួក​ចាស់ទុំ​ បាន​ក្រោក​ឈរ​ឡើង​ ទូល​សួរ​ថា៖ «ចូរ​ប្រាប់​យើង​មក តើ​អ្នក​ធ្វើ​ការ​ទាំង​នេះ ​ដោយ​សិទ្ធិ​អំណាច​អ្វី? តើ​នរណា​ឲ្យសិទ្ធិ​អំណាច​នេះ​ដល់​អ្នក​?» ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖ «ខ្ញុំ​នឹង​សួរ​ពួក​លោក​មួយ​សំណួរ​ដែរ ចូរ​ប្រាប់​ខ្ញុំ​មកតើ​ពិធី​ជ្រមុជ​ទឹក​របស់​លោក​យ៉ូហាន​​មក​ពី​ស្ថានសួគ៌ ឬ​​មក​ពី​មនុស្ស?» ពួកគេ​ក៏​ពិគ្រោះ​គ្នា​ថា៖«បើ​យើង​ឆ្លើយ​ថា មក​ពី​ស្ថានសួគ៌ នោះ​គាត់​នឹង​និយាយ​ថា ចុះ​ហេតុ​អ្វី​បាន​ជា​ពួក​លោក​មិន​ជឿ​ លោក​យ៉ូហាន​​?​ ប៉ុន្ដែ​​ បើ​យើង​ឆ្លើយ​ថា មកពី​មនុស្ស នោះ​ប្រជាជន​ទាំង​អស់​ មុខ​ជា​ចោល​យើង​នឹង​ដុំ​ថ្ម​ ព្រោះ​​គេ​រាប់​លោក​យ៉ូហាន​​ថា ​ជា​អ្នក​នាំ​ព្រះបន្ទូល»​ ពួកគេ​ក៏​ទូល​ឆ្លើយ​ថា៖ «មិន​ដឹង​មក​ពី​ណា​ទេ» ព្រះ​យេស៊ូ​ក៏មាន​បន្ទូល​ទៅ​ពួកគេ​វិញ​ថា៖ «ខ្ញុំ​ក៏​មិន​ប្រាប់​ពួក​លោក​ដែរថា​ ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​សិទ្ធិ​អំណាច​អ្វី»

រឿង​អ្នក​ចម្ការ​​ដ៏​អាក្រក់​

ព្រះអង្គ​ចាប់​ផ្ដើម ​មាន​បន្ទូល​ប្រាប់​ប្រជាជន​ពី​រឿង​ប្រៀប​ប្រដូច​នេះ​ ថា៖ «មាន​បុរស​ម្នាក់ ​បាន​ធ្វើ​ចម្ការ​​ទំពាំងបាយជូរ​មួយ រួច​ប្រវាស់​​ឲ្យ​ពួក​អ្នក​ចម្ការ​ ហើយ​ក៏​ចេញ​ដំណើរ​ទៅ​ អស់​រយៈ​ពេល​យ៉ាង​យូរ។ ១០លុះ​ដល់​រដូវ​ប្រមូល​ផល​គាត់ក៏ចាត់​បាវបម្រើ​ម្នាក់​ ឲ្យ​ទៅ​ឯ​ពួក​អ្នក​ចម្ការ​ ដើម្បីឲ្យពួកគេ​ចែក​ផល​នៃ​ចម្ការ​ទំពាំងបាយជូរ​ដល់​គាត់ ប៉ុន្ដែ​ពួក​អ្នក​ចម្ការ​​ បាន​វាយ​បណ្ដេញ​បាវនោះ​ឲ្យមក​វិញ​​ដោយ​ដៃ​ទទេ។ ​១១គាត់​ក៏​បន្ដ​ចាត់​បាវបម្រើ​ម្នាក់​ទៀត​ឲ្យ​ទៅ ប៉ុន្ដែ​ពួកគេ​បាន​វាយ​បាវបម្រើ​នោះ ទាំង​ប្រមាថ​ទៀត​ផង ហើយ​បណ្ដេញ​ឲ្យមក​វិញ ​ដោយ​ដៃ​ទទេ។​ ១២គាត់​ក៏​បន្ដ​ចាត់​អ្នក​ទីបី​ឲ្យទៅ ប៉ុន្ដែ​ពួកគេ​បាន​វាយ​ម្នាក់​នេះ​ឲ្យរបួស​ដែរ ហើយ​បោះ​​ទៅ​ខាង​ក្រៅ។​ ១៣ម្ចាស់​ចម្ការ​​ទំពាំងបាយជូរ ​ក៏​និយាយ​ថា តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​​ដូច​ម្ដេច? ខ្ញុំ​នឹង​ចាត់​កូន​ប្រុស​ ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ ឲ្យទៅ ប្រហែល​ជា​ពួកគេ​គោរព​កូន​នេះ។​ ១៤ប៉ុន្ដែ​​កាល​ពួក​អ្នក​ចម្ការ​​ឃើញ ក៏​និយាយ​​គ្នា​ថា ម្នាក់​នេះ​ជា​អ្នក​ស្នង​មរតក ចូរ​យើង​សម្លាប់​វា​ចោល​ទៅ មរតក​ទាំង​អស់​នឹង​ត្រលប់​ជា​របស់​យើង​ហើយ។​ ១៥ពួកគេ​ក៏​បោះ​កូន​ប្រុស​នោះ​​ទៅ​ក្រៅ​ចម្ការ​​ទំពាំង​បាយជូរ​ ហើយ​​សម្លាប់​ចោល។ បន្ទាប់​មក តើ​ម្ចាស់​ចម្ការ​​ទំពាំង​បាយជូរ​ នឹង​ធ្វើ​​ដូច​ម្ដេច​ចំពោះ​ពួកគេ​?​ ១៦គាត់​នឹង​មក​សម្លាប់​ពួក​អ្នក​ចម្ការ​​ទាំង​នេះ​វិញ ហើយ​ឲ្យ ចម្ការ​ទំពាំងបាយជូរ​នោះ​ ទៅ​អ្នក​ចម្ការ​​ផ្សេង​ទៀត»។​ ពេល​ឮដូច្នេះពួកគេ​និយាយ​ថា៖ «សូម​កុំ​ឲ្យមាន​រឿងបែប​នេះ​​កើត​ឡើង​ឡើយ»​ ១៧ព្រះអង្គ​ក៏​មើល​ទៅ​ពួកគេ​ ទាំង​មាន​បន្ទូល​ថា៖ «ចុះ​តើ​សេចក្តី​ដែល​ចែង​ទុក​មក​ថា ថ្ម​ដែល​ជាង​សំណង់​ បោះ​បង់​ចោល​នោះបាន​ត្រលប់​​ជា​ថ្ម​ ដ៏​សំខាន់​នៅ​តាម​ជ្រុង​វិញ មាន​ន័យ​យ៉ាង​ដូច​ម្ដេច?១៨អ្នក​ណា​​ធ្លាក់​លើ​ថ្ម​នេះ អ្នក​នោះ​នឹង​ត្រូវ​បាក់​បែក ហើយ​ប្រសិនបើ​​ថ្ម​នេះ​ធ្លាក់​លើអ្នក​ណា​​វិញ វា​នឹង​កិន​កម្ទេច​​អ្នក​នោះ»។​ ១៩ពួក​សម្ដេច​សង្ឃ និង​ពួក​គ្រូ​វិន័យ​រក​ចាប់​ព្រះអង្គ​នៅ​ពេល​នោះ ព្រោះ​ពួកគេ​ដឹង​ថា ព្រះអង្គ​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​នោះ គឺ​​សំដៅ​លើ​ពួកគេ ប៉ុន្ដែ​ពួកគេ​ខ្លាច​​ប្រជាជន។

ព្រះជាម្ចាស់ និងព្រះចៅ​អធិរាជ​

២០ដូច្នេះ ​ពួកគេ​ក៏​ចាត់​អ្នក​ស៊ើប​ការណ៍​ក្លែង​ជា​អ្នក​សុចរិត ឃ្លាំ​មើល​ព្រះអង្គ​យ៉ាង​ប្រុង​ប្រយ័ត្ន ដើម្បីឲ្យពួកគេ​អាច​ចាប់​កំហុស​ព្រះ​​បន្ទូល​របស់​ព្រះអង្គ​បាន ហើយ​ប្រគល់​ព្រះអង្គ​ឲ្យទៅ​ពួក​អ្នក​​គ្រប់គ្រង និង​ពួក​អាជ្ញាធរ​របស់​លោក​អភិបាល។​ ២១ពួកគេ​បាន​សួរ​ព្រះអង្គ​​​ថា៖ «លោក​គ្រូ​អើយ! យើង​ដឹង​ថា​ លោក​និយាយ និង​បង្រៀន​យ៉ាង​ត្រឹម​ត្រូវ ហើយ​លោក​មិន​​យោគ​យល់​មុខ​មនុស្ស​ណា​ឡើយ ផ្ទុយទៅ​វិញ​​ លោក​បង្រៀន​អំពី​ផ្លូវ​របស់​ព្រះជាម្ចាស់​ទៅ​តាម​សេចក្ដី​ពិត​ ២២តើ​ការ​បង់​ពន្ធដារ​ឲ្យព្រះចៅ​អធិរាជនោះ ត្រឹម​ត្រូវ​តាម​​វិន័យ​ដែរ​ឬ​ទេ?» ២៣ពេល​ព្រះអង្គ​ឈ្វេង​យល់​ពី​ល្បិច​កល​របស់​ពួកគេ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ ២៤«ចូរ​​បង្ហាញ​កាក់​មួយ​ឌេណារី​​​ដល់​ខ្ញុំ តើ​កាក់​នេះ​មាន​រូប និង​ចំណារ​របស់​នរ​ណា?» ពួកគេ​ទូល​ថា៖ «ព្រះចៅ​អធិរាជ»​ ២៥ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖ «ដូច្នេះ ចូរ​ឲ្យអ្វី​ៗ​ដែល​ជា​របស់​ព្រះចៅ​អធិរាជ​​ ដល់​ព្រះចៅ​អធិរាជ ឯ​​អ្វីៗដែលជា​របស់​ព្រះជាម្ចាស់​ ​ដល់​ព្រះជាម្ចាស់​​ចុះ»​ ២៦ដូច្នេះពួកគេ​មិន​អាច​ចាប់​កំហុស​ព្រះបន្ទូល​របស់​ព្រះអង្គ​ នៅ​ចំពោះ​មុខ​ប្រជាជន​បាន​​ឡើយ ពួក​គេ​នៅ​ស្ងៀម​ស្ងាត់​ ទាំង​នឹក​អស្ចារ្យ​ពី​ចម្លើយ​របស់​ព្រះអង្គ។

អ្នកខាង​គណៈ​សាឌូស៊ី​ និងការរស់​ឡើង​វិញ​

២៧ពួក​អ្នក​ខាង​ គណៈ​សាឌូស៊ី​​ខ្លះ​ដែល​និយាយ​ជំទាស់​ថា គ្មាន​ការ​រស់​ឡើង​វិញ បាន​ចូល​មក​ជិត​សួរ​ព្រះអង្គ​ថា៖​ ២៨«លោក​គ្រូ  លោក​​ម៉ូសេ​បាន​សរសេរ​ទុក​សម្រាប់យើង​​ថា ប្រសិន​បើ​បង​ប្រុស​របស់​អ្នក​ណា​ម្នាក់ ​មាន​ប្រពន្ធ​ហើយ ប៉ុន្ដែ​ស្លាប់​ទៅ​ដោយ​គ្មាន​កូន​សោះ នោះ​ប្អូន​របស់​គាត់​ត្រូវ​យក​ប្រពន្ធ​របស់​គាត់ ដើម្បី​បង្កើត​កូន​ឲ្យគាត់​ ២៩ឥឡូវ​នេះ មាន​បង​ប្អូន​ប្រុស​ប្រាំ​ពីរ​នាក់ បង​ប្រុស​ច្បង​បាន​យក​ប្រពន្ធ ប៉ុន្ដែ​បាន​ស្លាប់​ទៅ​គ្មាន​កូន​សោះ​ ៣០ប្អូន​ប្រុស​ទីពីរ​ ៣១និង​ប្អូន​ប្រុស​ទីបី​បាន​យក​នាង​ទៀត ហើយ​បង​ប្អូន​ប្រុស​ទាំង​ប្រាំពីរ​នាក់​នោះ​ បាន​ស្លាប់​ទៅដោយ​គ្មាន​​កូន​ដូច​គ្នា។​ ៣២នៅ​​ទី​បំផុតស្រ្តី​នោះ​ក៏​ស្លាប់​ដែរ។​ ៣៣ដូច្នេះនៅ​ពេល​រស់​ឡើង​វិញ តើ​នាង​ជា​​ប្រពន្ធ​របស់​អ្នក​ណា​ក្នុង​ចំណោម​ពួកគេ​? ដ្បិត​បងប្អូនប្រុស​​ទាំង​ប្រាំពីរ​នាក់​ បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធគ្រប់គ្នា»​ ៣៤ព្រះ​យេស៊ូ​មាន​បន្ទូល ​ទៅ​ពួកគេ​ថា៖ «ពួក​កូន​ចៅ​​នៃ​ជំនាន់​នេះ ​រៀប​ការជា​ប្ដី​ប្រពន្ធ​ ៣៥ប៉ុន្ដែ​អស់​អ្នក​ដែល​ត្រូវ​​បាន​ចាត់​ទុក​ថា​ ស័ក្តិ​សម​ទទួល​បាន​ចំណែក​នៃ​ជំនាន់​នោះ ព្រមទាំង​​ការ​រស់​ពី​ស្លាប់​​ឡើង​វិញ គេ​មិន​​រៀបការជា​ប្ដី​ប្រពន្ធ​ទៀត​ឡើយ​​ ៣៦ព្រោះ​ពួកគេ​ដូច​ជា​ពួក​ទេវតា មិន​អាច​ស្លាប់​ទៀត​ឡើយ ជា​កូន​របស់​ព្រះជាម្ចាស់ និង​ជា​កូន​នៃ​ការ​រស់​ឡើង​វិញ។​ ៣៧​សូម្បីតែ​លោក​ម៉ូសេ​ក៏​បាន​​បង្ហាញ​នៅ​ត្រង់​គុម្ពបន្លា​ដែរ​ ពី​ការ​ដែលមនុស្ស​ស្លាប់​រស់​ឡើង​វិញ គឺ​ពេល​គាត់​ហៅ​ព្រះអម្ចាស់​ថា ព្រះ​របស់​​អ័ប្រាហាំ ព្រះ​របស់​អ៊ីសាក និង​ព្រះ​របស់​យ៉ាកុប​ ៣៨ដូច្នេះ ​ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ ប៉ុន្ដែ​ជា​ព្រះ​របស់​មនុស្ស​រស់ ព្រោះ​មនុស្ស​ទាំង​អស់​មាន​ជីវិត​ដោយ​សារ​​ព្រះអង្គ»។​ ៣៩ពួក​គ្រូវិន័យ​​ខ្លះ​បាន​ឆ្លើយ​ថា៖ «លោក​គ្រូ លោក​និយាយបាន​​ល្អ​ណាស់»​ ៤០ហើយ​ពួកគេ​មិន​ហ៊ាន​សួរ​ព្រះអង្គ ​អំពី​​អ្វី​ទៀត​ឡើយ។

សំណួរ​អំពីព្រះមែស៊ី​

៤១ព្រះ​យេស៊ូ​មាន​បន្ទូល ​សួរ​ពួកគេ​ថា៖ «តើ​ដូច​ម្តេច​បាន​ជា​ពួកគេ​និយាយ​ថា ព្រះគ្រិស្ដ​ជា​ពូជ​ពង្ស​ដាវីឌ​​ដូច្នេះ?​ ៤២ដ្បិត​ដាវីឌ​និយាយ ​ក្នុង​គម្ពីរ​ទំនុក​តម្កើង​ថា ព្រះអម្ចាស់​មាន​បន្ទូល​មក​កាន់​ព្រះអម្ចាស់​របស់​ខ្ញុំ​ថា ចូរ​​អង្គុយ​នៅ​ខាង​ស្ដាំ​យើង ៤៣រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក ​ជា​កំណល់​​ជើង​របស់​អ្នក​​។​ ៤៤ដូច្នេះបើ​ដាវីឌ​ហៅ​ព្រះអង្គ​ថា​ជា​ព្រះអម្ចាស់ តើ​ព្រះអង្គ​ជា​ពូជ​ពង្ស​ដាវីឌ​​យ៉ាង​ដូច​ម្តេច​ទៅ?»​

ព្រះយេស៊ូ​ព្រមានអំពី​​​ពួក​គ្រូ​វិន័យ​

៤៥​ពេល​ប្រជាជន​ទាំង​អស់​កំពុងស្ដាប់ ​ព្រះអង្គ​​​ក៏​មាន​បន្ទូល​ទៅ​ ពួក​សិស្ស​​ព្រះអង្គ​ថា៖​ ៤៦«ចូរ​ប្រយ័ត្ន​នឹង​ពួក​គ្រូ​វិន័យ​ ​ដែល​ចូល​ចិត្ត​​ពាក់​​អាវ​វែង ដើរ​ចុះដើរ​ឡើង ឲ្យគេ​គោរពនៅតាម​ទី​ប្រជុំជន​ ហើយ​ចូល​ចិត្ដ​អង្គុយ​មុខ​​គេ ​​ក្នុង​សាលា​ប្រជុំ​​ និងនៅ​ក​ន្លែង​កិត្ដិយស​ក្នុង​ពិធី​ជប់លៀង។ ​៤៧ពួកគេ​បំផ្លាញ​ទ្រព្យ​សម្បត្ដិ​របស់ស្ដ្រី​មេម៉ាយ ហើយ​​ធ្វើ​ពុត​ជា​អធិស្ឋាន​យ៉ាង​យូរ អ្នកទាំងនោះ​នឹង​ទទួល​ទោស​ធ្ងន់​ជាង​គេ»

លូកា ២០