លូកា ២
កំណើតព្រះយេស៊ូ
២នៅគ្រានោះ ព្រះចៅអធិរាជអូគូស្ទ បានចេញព្រះរាជក្រឹត្យមួយច្បាប់ គឺឲ្យធ្វើជំរឿនប្រជាជនទូទាំងអាណាចក្រ។ ២ការធ្វើជំរឿនប្រជាជនលើកទីមួយនេះ បានធ្វើទ្បើងនៅអំឡុងពេលដែលលោកគីរេនាសគ្រប់គ្រងស្រុកស៊ីរី។ ៣មនុស្សគ្រប់គ្នាបានធ្វើដំណើរទៅស្រុកកំណើតរបស់គេ រៀងៗខ្លួនដើម្បីចុះឈ្មោះ ៤ឯលោកយ៉ូសែបវិញ ក៏ចេញពីក្រុងណាសារ៉ែត ក្នុងស្រុកកាលីឡេឆ្ពោះទៅភូមិមួយ ជាក្រុងរបស់ស្ដេចដាវីឌក្នុងស្រុកយូដា ឈ្មោះបេថ្លេហិម ព្រោះគាត់ជាសាច់ឈាម និងជាពូជពង្សរបស់ស្ដេចដាវីឌ ៥ដើម្បីចុះឈ្មោះជាមួយនាងម៉ារា ជាគូដណ្ដឹងរបស់គាត់ ដែលកំពុងមានផ្ទៃពោះ។ ៦ខណៈពេលដែលពួកគេនៅទីនោះ ក៏ដល់ពេលនាងគ្រប់ខែ សម្រាលកូន ៧ហើយនាងសម្រាលបាន កូនប្រុសម្នាក់ជាកូនច្បង រួចបានរុំនឹងសំពត់ដាក់ផ្ដេកក្នុងស្នូក ព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងសម្រាប់ពួកគេទេ។
ទេវតាប្រាប់អ្នកគង្វាលអំពីកំណើតព្រះយេស៊ូ
៨នៅក្នុងតំបន់ជាមួយគ្នានោះ មានពួកអ្នកគង្វាលចៀម កំពុងយាមចៀមរបស់ពួកគេនៅកណ្ដាលវាលទាំងយប់។ ៩មានទេវតាមួយរូប របស់ព្រះអម្ចាស់បានមកឈរចំពោះមុខពួកគេ ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ បានចាំងចែងជុំវិញពួកគេ ដូច្នេះពួកគេក៏ភ័យខ្លាចជាខ្លាំង ១០ប៉ុន្ដែទេវតានោះបាននិយាយទៅពួកគេថា៖ «កុំខ្លាចអី! ដ្បិតមើល៍ ខ្ញុំប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នា ជាសេចក្ដីអំណរដ៏អស្ចារ្យ ដែលនឹងមានដល់ប្រជាជនទាំងអស់ ១១ដ្បិតថ្ងៃនេះព្រះអង្គសង្គ្រោះមួយអង្គ ដែលជាព្រះគិ្រស្ដដ៏ជាព្រះអម្ចាស់បានប្រសូតមកឯអ្នករាល់គ្នានៅក្នុងក្រុងរបស់ស្ដេចដាវីឌ ១២ហើយនេះជា ទីសំគាល់សម្រាប់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងឃើញបុត្រតូចដែលគេរុំនឹងសំពត់ ដាក់ផ្ដេកនៅក្នុងស្នូក»។ ១៣រំពេចនោះ មានពលទេវតានៃស្ថានសួគ៌ច្រើនកុះករសរសើរតម្កើងព្រះជាម្ចាស់ ជាមួយទេវតានោះថា៖ ១៤«សូមឲ្យព្រះជាម្ចាស់ នៅស្ថានដ៏ខ្ពស់បំផុត ប្រកបដោយសិរីរុងរឿង ហើយក្ដីសុខសាន្ដ មានដល់អស់អ្នកនៅលើផែនដី ដែលព្រះអង្គគាប់ព្រះហឫទ័យ»។ ១៥កាលពួកទេវតាបានចាកចេញពីពួកគេទៅឯស្ថានសួគ៌វិញ ពួកអ្នកគង្វាលចៀម ក៏និយាយគ្នាថា៖ «តោះយើងទៅភូមិបេថ្លេហិម ហើយមើលហេតុការណ៍ ដែលបានកើតឡើងនេះដែលព្រះអម្ចាស់បានប្រាប់យើងឲ្យដឹង»។ ១៦ពួកគេក៏ធ្វើដំណើរទៅជាប្រញាប់ ហើយឃើញនាងម៉ារា លោកយ៉ូសែប ព្រមទាំងបុត្រតូច ដែលគេកំពុងដាក់ផ្ដេកក្នុងស្នូក។ ១៧កាលបានឃើញហើយ ពួកគេក៏រៀបរាប់ពីពាក្យ ដែលទេវតាបានប្រាប់ពួកគេឲ្យដឹងអំពីបុត្រតូចនេះ ១៨ឯមនុស្សទាំងអស់ដែលបានស្ដាប់ឮ ក៏នឹកអស្ចារ្យពីសេចក្ដី ដែលពួកអ្នកគង្វាលចៀមបានប្រាប់ពួកគេ ១៩ប៉ុន្ដែនាងម៉ារាបានរក្សាសេចក្ដីទាំងអស់នេះទុក ហើយពិចារណានៅក្នុងចិត្ដ។ ២០ពួកអ្នកគង្វាលចៀមបានវិលទៅវិញ ទាំងថ្វាយសិរីរុងរឿង និងសរសើរតម្កើងព្រះជាម្ចាស់ចំពោះការទាំងអស់ ដែលពួកគេបានឮ និងបានឃើញដូចដែលទេវតាបានប្រាប់ពួកគេ។
ពិធីកាត់ស្បែក និងការថ្វាយ ទារកយេស៊ូ
២១លុះគ្រប់បាំ្របីថ្ងៃ សម្រាប់ធ្វើពិធីកាត់ស្បែកបុត្រតូច គេបានដាក់ឈ្មោះបុត្រតូចនោះថា យេស៊ូ ជាឈ្មោះដែលទេវតាបានដាក់ឲ្យ មុនពេលមានកំណើតក្នុងផ្ទៃ។ ២២ដល់ពេលត្រូវធ្វើពិធីជម្រះកាយទៅតាមក្រឹត្យវិន័យ របស់លោកម៉ូសេ ពួកគេក៏នាំយកបុត្រតូចទៅក្រុងយេរូសាឡិម ដើម្បីថ្វាយដល់ព្រះជាម្ចាស់ ២៣គឺដូចដែលមានសេចក្ដីចែងទុកក្នុងគម្ពីរវិន័យ របស់ព្រះអម្ចាស់ថា គ្រប់កូនប្រុស ដែលកើតពីផ្ទៃមុនដំបូង នឹងត្រូវរាប់ជាបរិសុទ្ធសម្រាប់ព្រះអម្ចាស់ ២៤ហើយតាមសេចក្ដីដែលបានចែងទុកក្នុងគម្ពីរវិន័យរបស់ព្រះអម្ចាស់ គឺត្រូវថ្វាយលលកមួយគូ ឬព្រាបជំទើរពីរជាយញ្ញបូជា។
លោកស៊ីម្មានថ្លែងព្រះបន្ទូល
២៥មើល៍ នៅក្រុងយេរូសាឡិមមានបុរសម្នាក់ ឈ្មោះស៊ីម្មាន ជាមនុស្សសុចរិត ហើយជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ គាត់កំពុងរង់ចាំការសម្រាលទុក្ខសម្រាប់អ៊ីស្រាអែល ហើយព្រះវិញ្ញាណបរិសុទ្ធ បានសណ្ឋិតលើគាត់។ ២៦ព្រះវិញ្ញាណបរិសុទ្ធ បានបើកសំដែងឲ្យគាត់ដឹងថា គាត់នឹងមិនជួបសេចក្តីស្លាប់ឡើយ មុនពេលបានឃើញព្រះគិ្រស្ដរបស់ព្រះអម្ចាស់។ ២៧ព្រះវិញ្ញាណ បាននាំគាត់ចូលមកក្នុងព្រះវិហារ ពេលដែលឪពុកម្ដាយ បាននាំបុត្រតូចយេស៊ូចូលមកក្នុង ដើម្បីធ្វើតាមទំនៀមទម្លាប់ក្នុងគម្ពីរវិន័យ សម្រាប់បុត្រតូច។ ២៨លោកស៊ីម្មាន បានទទួលយកបុត្រតូចនោះមកបីនៅក្នុងដៃ ហើយគាត់បានថ្វាយព្រះពរព្រះជាម្ចាស់ ដោយនិយាយថា៖ ២៩«ឱ ព្រះអម្ចាស់អើយ! សូមដកយកបាវបម្រើរបស់ព្រះអង្គ ទៅក្នុងសេចក្ដីសុខសាន្ដ នៅពេលឥឡូវនេះតាមព្រះបន្ទូលរបស់ព្រះអង្គចុះ។ ៣០ដ្បិតភ្នែករបស់ខ្ញុំ បានឃើញសេចក្ដីសង្គ្រោះរបស់ព្រះអង្គ ៣១ដែលព្រះអង្គបានផ្ដល់ឲ្យនៅចំពោះមុខប្រជាជនទាំងអស់ ៣២គឺជាពន្លឺសម្រាប់បំភ្លឺសាសន៍ដទៃ និងសិរីរុងរឿងដល់អ៊ីស្រាអែល ដែលជាប្រជារាស្ដ្ររបស់ព្រះអង្គ»។ ៣៣ឪពុកម្ដាយរបស់បុត្រតូចនឹកអស្ចារ្យ ពីសេចក្ដីទាំងឡាយដែលបានពោលអំពីព្រះអង្គ។ ៣៤លោកស៊ីម្មានបានឲ្យពរពួកគេ និងបាននិយាយទៅនាងម៉ារា ជាម្ដាយថា៖ «មើល៍ កូននេះត្រូវបានកំណត់សម្រាប់ការជំពប់ដួល និងការងើបឡើងរបស់មនុស្សជាច្រើននៅអ៊ីស្រាអែល ហើយជាទីសំគាល់ដែលត្រូវគេប្រឆាំង ៣៥ឯអ្នកវិញ នឹងមានដាវមួយចាក់ទម្លុះព្រលឹងរបស់អ្នក ដើម្បីឲ្យចិត្ដគំនិតរបស់មនុស្សជាច្រើន បានសំដែងចេញពីខាងក្នុងមក»។
នាងអាណថ្លែងព្រះបន្ទូល
៣៦មានអ្នកនាំព្រះបន្ទូល ស្រីម្នាក់ ឈ្មោះអាណ ជាកូនស្រីរបស់លោក ផាញូអែលមកពីកុលសម្ព័ន្ធអេស៊ើរ។ ស្ដ្រីម្នាក់នេះ មានវ័យចាស់ជរាទៅហើយ ក្រោយពីវ័យក្រមុំរបស់គាត់ គាត់បានរស់នៅជាមួយប្ដីបានប្រាំពីរឆ្នាំ ៣៧រួចគាត់ក៏នៅមេម៉ាយ រហូតដល់អាយុប៉ែតសិបបួនឆ្នាំ គាត់មិនដែលចាកចេញពីព្រះវិហារឡើយ ហើយគាត់បម្រើព្រះជាម្ចាស់ទាំងយប់ទាំងថ្ងៃ ទាំងតមអាហារ និងអធិស្ឋានផង។ ៣៨នៅវេលានោះ គាត់បានមកក្បែរ ហើយអរព្រះគុណព្រះជាម្ចាស់ និងបានប្រកាសប្រាប់អំពីព្រះអង្គដល់អស់អ្នកដែលកំពុងទន្ទឹងរង់ចាំ សេចក្តីប្រោសលោះរបស់ក្រុងយេរូសាឡិម។
គ្រួសារព្រះយេស៊ូត្រលប់មក ក្រុងណាសារ៉ែត
៣៩កាលធ្វើតាមគម្ពីរវិន័យរបស់ព្រះអម្ចាស់សព្វគ្រប់ហើយ ពួកគេក៏វិលត្រលប់ទៅស្រុកកាលីឡេវិញ គឺឆ្ពោះទៅក្រុងណាសារ៉ែត ជាក្រុងរបស់ពួកគេ។ ៤០កុមារយេស៊ូបានចម្រើនវ័យឡើង ទាំងមានកម្លាំងមាំមួន ពោរពេញដោយប្រាជ្ញាឈ្លាសវៃ ហើយព្រះគុណរបស់ព្រះជាម្ចាស់បានសណ្ឋិតលើកុមារនោះ។
កុមារយេស៊ូនិយាយជាមួយពួកគ្រូ
៤១ជារៀងរាល់ឆ្នាំ ឪពុកម្ដាយរបស់កុមារយេស៊ូ បានធ្វើដំណើរទៅក្រុងយេរូសាឡិមដើម្បីធ្វើពិធីបុណ្យរំលង។ ៤២លុះព្រះយេស៊ូ មានអាយុដប់ពីរឆ្នាំ ពួកគេក៏ឡើងទៅ តាមទំនៀមទម្លាប់នៃពិធីបុណ្យ។ ៤៣កាលថ្ងៃបុណ្យបានចប់សព្វគ្រប់ហើយ ពួកគេក៏វិលត្រលប់ទៅវិញ ឯកុមារយេស៊ូនៅក្នុងក្រុងយេរូសាឡិមនៅឡើយ ប៉ុន្ដែឪពុកម្ដាយមិនបានដឹងទេ ៤៤ព្រោះស្មានថា ព្រះអង្គកំពុងនៅក្នុងក្បួនធ្វើដំណើរ។ កាលពួកគេធ្វើដំណើរបានមួយថ្ងៃ ពួកគេក៏តាមរកព្រះអង្គ ក្នុងចំណោមសាច់ញាតិ និងពួកអ្នកស្គាល់គ្នា ៤៥ប៉ុន្ដែពេលរកមិនឃើញ ពួកគេក៏ត្រលប់ទៅក្រុងយេរូសាឡិមវិញដើម្បីតាមរកព្រះអង្គ។ ៤៦បីថ្ងៃក្រោយមក ពួកគេបានរកឃើញព្រះអង្គនៅក្នុងព្រះវិហារ កំពុងអង្គុយស្ដាប់ និងសួរសំណួរនៅកណ្ដាលចំណោមពួកគ្រូ។ ៤៧អស់អ្នកដែលបានស្តាប់ព្រះអង្គ បាននឹកអស្ចារ្យពីតម្រិះប្រាជ្ញានិងចម្លើយរបស់ព្រះអង្គ។ ៤៨កាលឪពុកម្ដាយបានជួបព្រះអង្គហើយ ក៏ភាំងស្មារតី រួចម្ដាយសួរថា៖ «កូនអើយ! ហេតុអ្វី បានជាកូនធ្វើយ៉ាងដូច្នេះចំពោះឪពុកម្ដាយ មើល៍ ម្ដាយ និងឪពុករបស់កូនបានតាមរកកូន ទាំងព្រួយចិត្ដ»។ ៤៩ប៉ុន្ដែ ព្រះយេស៊ូក៏មានបន្ទូលទៅឪពុកម្ដាយថា៖ «ហេតុអ្វីបានជាពុកម៉ែតាមរកខ្ញុំដូច្នេះ តើពុកម៉ែមិនដឹងទេឬថា ខ្ញុំត្រូវនៅជាប់ក្នុងកិច្ចការ នៃព្រះវរបិតារបស់ខ្ញុំ?» ៥០ពួកគេមិនយល់ពាក្យសំដីដែលព្រះអង្គបានមានបន្ទូល ទៅពួកគេទេ។ ៥១បន្ទាប់មក ព្រះអង្គក៏ចុះទៅឯក្រុងណាសារ៉ែត ជាមួយឪពុកម្ដាយវិញ ហើយព្រះអង្គបានស្ដាប់បង្គាប់ពួកគេ ឯម៉ារា បានរក្សាហេតុការណ៍ទាំងអស់ទុកក្នុងចិត្ដ។ ៥២ព្រះយេស៊ូកាន់តែចម្រើនវ័យឡើងទាំងរូបកាយ និងបា្រជ្ញា ហើយបានជាទីគាប់ ព្រះហឫទ័យព្រះជាម្ចាស់ និងចិត្ដមនុស្សផង។