លូកា ១៩
ព្រះយេស៊ូជួបលោកសាខេ
១៩ពេលចូលដល់ ក្នុងក្រុង យេរីខូរ ព្រះអង្គក៏យាងកាត់ក្រុង ២មើល៍ មានបុរសម្នាក់ឈ្មោះសាខេ គាត់ជាមេអ្នកទារពន្ធដារម្នាក់ ហើយជាអ្នកមាន ៣គាត់កំពុងរកមើលថា នរណាជាព្រះយេស៊ូ ប៉ុន្ដែគាត់មិនអាចមើលឃើញសោះពីក្នុងចំណោមបណ្តាជន ព្រោះគាត់មានមាឌតូចល្អិត។ ៤គាត់រត់ទៅមុខមុន ហើយឡើងលើដើមល្វាដើម្បីមើលឃើញព្រះអង្គ ព្រោះព្រះអង្គឆ្លងកាត់ ជិតដល់ផ្លូវនោះហើយ ៥ពេលព្រះអង្គយាងមកដល់ កន្លែងនោះហើយ ព្រះយេស៊ូក៏មើលទៅលើទាំងមានបន្ទូលទៅគាត់ថា៖ «សាខេអើយ! ចូរប្រញាប់ចុះមក ព្រោះខ្ញុំត្រូវនៅផ្ទះរបស់អ្នកថ្ងៃនេះ»។ ៦គាត់ក៏ប្រញាប់ចុះមកស្វាគមន៍ព្រះអង្គ ទាំងអំណរ។ ៧ពេលមនុស្សទាំងអស់ឃើញ ក៏រអ៊ូរទាំថា៖ «គាត់ចូលទៅស្នាក់នៅជាមួយមនុស្សបាប!» ៨លោកសាខេក៏ក្រោកឈរទូលទៅព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់អើយ! ខ្ញុំចែកទ្រព្យសម្បត្ដិពាក់កណ្ដាលរបស់ខ្ញុំដល់អ្នកក្រីក្រ ហើយបើខ្ញុំកេងបន្លំអ្វីមួយពីអ្នកណាម្នាក់ ខ្ញុំនឹងសងវិញមួយជាបួនដង»។ ៩ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ថ្ងៃនេះសេចក្ដីសង្គ្រោះ បានមកដល់ផ្ទះនេះហើយ ព្រោះគាត់ក៏ជា ពូជពង្សរបស់លោក អ័ប្រាហាំដែរ ១០ដ្បិតកូនមនុស្សបានមករក និងសង្គ្រោះអ្នកដែលវង្វេង»។
រឿងប្រាក់ដប់មីណា
១១កាលពួកគេកំពុង ស្ដាប់សេចក្ដីទាំងនេះ ព្រះអង្គមានបន្ទូលបន្ថែមជារឿងប្រៀបប្រដូចមួយទៀត ព្រោះតែព្រះអង្គកំពុងនៅជិត ក្រុងយេរូសាឡិម រួចពួកគេស្មានថា នគរព្រះជាម្ចាស់នឹងលេចមកភ្លាមៗ ១២គឺព្រះអង្គមានបន្ទូលថា៖ «មានបុរសត្រកូលខ្ពង់ខ្ពស់ម្នាក់ត្រូវធ្វើដំណើរទៅស្រុកឆ្ងាយ ដើម្បីទទួលយកនគរមួយសម្រាប់គាត់ រួចត្រូវត្រលប់មកវិញ ១៣កាលបានហៅបាវបម្រើ ទាំងដប់នាក់របស់គាត់មកហើយ គាត់ក៏ឲ្យបា្រក់ដល់ពួកគេដប់មីណានិងបានប្រាប់ថា ចូរប្រកបរបររកស៊ីរហូតដល់ខ្ញុំមកវិញ។ ១៤ប៉ុន្ដែជនជាតិរបស់គាត់ស្អប់គាត់ ក៏ចាត់តំណាងឲ្យទៅតាមក្រោយគាត់ ដើម្បីប្រាប់ថា យើងមិនចង់ឲ្យម្នាក់នេះ គ្រប់គ្រងលើយើងទេ។ ១៥កាលទទួលនគរនោះហើយ គាត់ក៏ត្រលប់មកវិញ ហើយប្រាប់ឲ្យគេហៅបាវបម្រើទាំងនោះមក ជាពួកអ្នកដែលគាត់បានឲ្យប្រាក់ ដើម្បីឲ្យគាត់ដឹងថា ពួកគេរកស៊ីចំណេញបានអ្វីខ្លះ។ ១៦អ្នកទីមួយចូលមកប្រាប់ថា លោកម្ចាស់អើយ! មួយមីណារបស់លោកចំណេញបានដប់មីណា។ ១៧គាត់ក៏ប្រាប់បាវបម្រើនោះថា ប្រសើរណាស់បាវបម្រើដ៏ល្អអើយ! ដោយព្រោះអ្នកស្មោះត្រង់ក្នុងកិច្ចការតូចតាច ចូរអ្នកមានសិទ្ធិអំណាចគ្រប់គ្រងដប់ក្រុងចុះ។ ១៨អ្នកទីពីរចូលមកប្រាប់ថា លោកម្ចាស់អើយ! មួយមីណារបស់លោក ចំណេញបានប្រាំមីណា។ ១៩គាត់ប្រាប់បាវបម្រើនោះដែរថា ចូរអ្នកគ្រប់គ្រងប្រាំក្រុងចុះ។ ២០បាវបម្រើម្នាក់ទៀតបានមក ប្រាប់ថា លោកម្ចាស់អើយ! មើល៍ មួយមីណារបស់លោក ខ្ញុំបានខ្ចប់ទុកក្នុងកន្សែង ២១ដ្បិតខ្ញុំខ្លាចលោកណាស់ ព្រោះលោកជាមនុស្សតឹងរឹង លោកដកយកអ្វីដែលលោកមិនបានទុក ហើយច្រូតអ្វីដែលលោកមិនបានសាបព្រោះ។ ២២គាត់ក៏ប្រាប់បាវបម្រើនោះថា បាវបម្រើដ៏អាក្រក់អើយ! ខ្ញុំនឹងជំនុំជម្រះអ្នកដោយសារសំដីរបស់អ្នក បើអ្នកដឹងថា ខ្ញុំជាមនុស្សម្នាក់តឹងរឹង ដកយកអ្វីដែលមិនបានទុក ហើយច្រូតអ្វីដែលមិនបានសាបព្រោះដែរ ២៣ហេតុអ្វីបានជាមិនដាក់ប្រាក់របស់ខ្ញុំនៅកន្លែងចងការដើម្បីពេលខ្ញុំមកវិញ នោះប្រមូលបានទាំងដើមទាំងការដូច្នេះ? ២៤រួចគាត់ប្រាប់ពួកអ្នកឈរនៅក្បែរនោះថា ចូរដកយកប្រាក់មួយមីណាពីវា ឲ្យទៅម្នាក់ទៀត ដែលមានដប់មីណាទៅ។ ២៥ប៉ុន្ដែអ្នកទាំងនោះប្រាប់គាត់ថា លោកម្ចាស់អើយ! អ្នកនោះមានដប់មីណាហើយ។ ២៦ខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលមាននឹងបន្ថែមឲ្យ ប៉ុន្ដែអ្នកណាដែលគ្មាននឹងត្រូវដកយកវិញ សូម្បីតែអ្វីដែលអ្នកនោះមានផង ២៧រីឯពួកសត្រូវរបស់ខ្ញុំដែលមិនចង់ឲ្យខ្ញុំគ្រប់គ្រងលើពួកគេ ចូរនាំពួកគេមកទីនេះ ហើយសម្លាប់នៅមុខខ្ញុំទៅ»។
ព្រះយេស៊ូយាងចូលក្រុងយេរូសាឡិម
២៨កាលព្រះអង្គមានបន្ទូលអំពីសេចក្ដីទាំងនេះហើយ ក៏ធ្វើដំណើរបន្ដទៀតឡើងទៅក្រុងយេរូសាឡិម ២៩ហើយពេលមកជិតដល់ក្រុងបេតផាសេ និងក្រុងបេថានី ក្បែរភ្នំមួយឈ្មោះភ្នំដើមអូលីវ ព្រះអង្គក៏ចាត់សិស្សពីរនាក់ឲ្យ ទៅ ៣០ដោយមានបន្ទូលថា៖ «ចូរទៅក្នុងភូមិនៅទល់មុខនោះ ពេលអ្នកចូលទៅដល់ អ្នកនឹងឃើញកូនលាមួយដែលគេចងទុក មិនទាន់មានមនុស្សណាជិះនៅឡើយ ចូរស្រាយ ហើយនាំវាមក។៣១ប្រសិនបើមានអ្នកណាសួរពួកអ្នកថា ហេតុអ្វីពួកអ្នកស្រាយវា? ចូរប្រាប់ថាព្រះអម្ចាស់ត្រូវការវា»។ ៣២ពួកអ្នកដែលព្រះអង្គបានចាត់ ក៏ចេញដំណើរទៅ ហើយបានឃើញ ដូចដែលព្រះអង្គបានប្រាប់ពួកគេមែន ៣៣ពេលកំពុងស្រាយកូនលា ម្ចាស់របស់វាសួរពួកគេថា៖ «ហេតុអ្វីពួកអ្នកស្រាយវាដូច្នេះ?» ៣៤ពួកគេក៏ឆ្លើយថា៖ «ព្រះអម្ចាស់ត្រូវការវា»។ ៣៥ពួកគេក៏បានដឹកកូនលានោះមកឯព្រះយេស៊ូ រួចក៏ក្រាលអាវរបស់ពួកគេលើខ្នងវា និងបានបញ្ជិះព្រះយេស៊ូលើនោះ។ ៣៦ពេលព្រះអង្គកំពុងយាងទៅ ពួកគេក៏ក្រាលអាវរបស់ខ្លួននៅលើផ្លូវ។ ៣៧កាលព្រះអង្គមកដល់ត្រង់ផ្លូវចុះពីភ្នំដើមអូលីវ ពួកសិស្សច្រើនកុះករ ចាប់ផ្ដើមអរសប្បាយទាំងអស់គ្នា ព្រមទាំងសរសើរតម្កើងព្រះជាម្ចាស់ ដោយសំឡេងឮៗអំពីការអស្ចារ្យទាំងអស់ ដែលពួកគេបានឃើញ ៣៨ថា៖ «សូមថ្វាយព្រះពរដល់ស្ដេចមួយអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ចូរមានសេចក្ដីសុខសាន្ដនៅស្ថានសួគ៌ និងសិរីរុងរឿងនៅស្ថានដ៏ខ្ពស់បំផុត»។ ៣៩ពួកអ្នកខាងគណៈផារិស៊ីខ្លះបានទូលពីក្នុងចំណោមបណ្ដាជនទៅព្រះអង្គថា៖ «លោកគ្រូអើយ! សូមស្ដីឲ្យពួកសិស្សរបស់លោកផង» ៤០ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «ខ្ញុំបា្រប់អ្នករាល់គ្នាថា ប្រសិនបើអ្នកទាំងនេះ នៅស្ងៀមស្ងាត់ នោះថ្មនឹងស្រែកឡើង»។
ព្រះយេស៊ូស្រណោះក្រុងយេរូសាឡិម
៤១នៅពេលព្រះអង្គយាងមកជិតដល់ក្រុងយេរូសាឡិម ពេលព្រះអង្គមើលឃើញក្រុង ក៏យំស្រណោះក្រុងនោះ ៤២ថា៖ «បើអ្នក គឺអ្នកហ្នឹងហើយ គួរតែស្គាល់សេចក្ដី ដែលធ្វើឲ្យមានសេចក្ដីសុខសាន្ដនៅថ្ងៃនេះ! ប៉ុន្ដែ ពេលនេះសេចក្ដីនោះបានលាក់កំបាំងពីភ្នែករបស់អ្នកទៅហើយ ៤៣ដ្បិតនឹងមានថ្ងៃធ្លាក់មកលើអ្នក គឺនៅពេលនោះ ពួកសត្រូវរបស់អ្នក សង់របងចម្រឹងព័ទ្ធជុំវិញអ្នក ហើយស្ទាក់អ្នកគ្រប់ទិសទាំងអស់ ៤៤ពួកគេនឹងកម្ទេចអ្នករាបដល់ដី ព្រមជាមួយនឹងកូនចៅរបស់អ្នកដែលនៅក្នុងអ្នកផង ពួកគេក៏មិនទុកឲ្យថ្មមួយដុំ ត្រួតលើគ្នានៅក្នុងអ្នកដែរ ព្រោះអ្នកពុំបានដឹងពីពេលវេលានៃការយាងមក ប្រោសអ្នកសោះ»។
ព្រះយេស៊ូសំអាតព្រះវិហារ
៤៥ពេលព្រះអង្គយាងចូលទៅក្នុងព្រះវិហារ ក៏ចាប់ផ្ដើមបណ្ដេញពួកអ្នកកំពុងលក់ដូរ ៤៦ដោយមានបន្ទូលទៅពួកគេថា៖ «មានសេចក្ដីបានចែងទុកមកថាដំណាក់របស់យើង ជាដំណាក់នៃការអធិស្ឋាន ប៉ុន្ដែអ្នករាល់គ្នាបានធ្វើឲ្យ ដំណាក់នេះត្រលប់ជាសំបុកចោរ ទៅវិញ» ៤៧រួចព្រះអង្គក៏បង្រៀននៅក្នុងព្រះវិហាររាល់ថ្ងៃ រីឯពួកសម្ដេចសង្ឃ ពួកគ្រូវិន័យ និងពួកមេដឹកនាំប្រជាជនវិញ កំពុងរកមធ្យោបាយសម្លាប់ព្រះអង្គ៤៨ប៉ុន្ដែ ពួកគេរកមិនឃើញមធ្យោបាយណាមួយ ដែលអាចឲ្យពួកគេធ្វើបានសោះ ព្រោះប្រជាជនទាំងអស់កំពុងជក់ចិត្ដស្ដាប់ព្រះអង្គ។