លូកា ១៧
សេចក្ដីបង្រៀនអំពីការលើកលែងទោស និងជំនឿ
១៧ព្រះយេស៊ូ មានបន្ទូល ទៅពួកសិស្ស ថា៖ «សេចក្តីដែលនាំឲ្យជំពប់ដួល ត្រូវតែកើតមាន ប៉ុន្ដែវេទនាដល់អ្នកណាដែលនាំឲ្យមានសេចក្ដីជំពប់ដួល ២ហើយស៊ូឲ្យអ្នកនោះចងកនឹងត្បាល់ថ្ម ហើយទម្លាក់ទៅក្នុងសមុទ្រ ប្រសើរជាងឲ្យអ្នកនោះធ្វើឲ្យអ្នកតូចណាម្នាក់ ក្នុងចំណោមអ្នកទាំងនេះជំពប់ដួល។ ៣ចូរប្រយ័ត្នខ្លួន បើបងប្អូនរបស់អ្នកប្រព្រឹត្តបាប ចូរទូន្មានគាត់ ហើយបើគាត់ប្រែចិត្ដ ចូរលើកលែងទោសឲ្យគាត់ចុះ ៤បើគាត់ប្រព្រឹត្តបាបទាស់នឹងអ្នក ក្នុងមួយថ្ងៃប្រាំពីរដងក៏ដោយ ពេលណាគាត់ត្រលប់មកឯអ្នកប្រាំពីរដង ទាំងនិយាយថា ខ្ញុំប្រែចិត្ដហើយ នោះចូរលើកលែងទោសឲ្យគាត់ចុះ»។ ៥ពួកសាវកទូលព្រះអម្ចាស់ថា៖ «សូមបន្ថែមជំនឿដល់យើងផង!» ៦ព្រះអម្ចាស់ក៏មានបន្ទូលថា៖ «បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់មូតាមួយគ្រាប់ ហើយអ្នករាល់គ្នានិយាយទៅដើមមននេះថា ចូររលើងឫសទៅដុះក្នុងសមុទ្រទៅ នោះវាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន។ ៧ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលមានបាវបម្រើកំពុងភ្ជួរ ឬឃ្វាលចៀម ពេលបាវបម្រើនោះត្រលប់មកពីវាលវិញ តើនឹងប្រាប់គាត់ដែរឬថា ចូរមកអង្គុយបរិភោគអាហារភ្លាមមក? ៨ផ្ទុយទៅវិញ តើមិនប្រាប់ទេឬថា ចូររៀបចំអាហារឲ្យខ្ញុំបរិភោគ ហើយចាំបម្រើខ្ញុំ រហូតដល់ខ្ញុំបរិភោគរួចសិន សឹមឯងបរិភោគតាមក្រោយចុះ? ៩តើចៅហ្វាយ ត្រូវអរគុណបាវបម្រើ ដោយព្រោះតែបាវបម្រើ បានធ្វើកិច្ចការតាមបង្គាប់ឬ? ១០អ្នករាល់គ្នាក៏ដូច្នោះដែរ ពេលណាអ្នករាល់គ្នាធ្វើកិច្ចការទាំងអស់តាមបង្គាប់ ចូរអ្នករាល់គ្នានិយាយថា យើងជាបាវបម្រើដែលគ្មានតម្លៃ គឺយើងធ្វើអ្វីៗតាមតួនាទីរបស់យើងប៉ុណ្ណោះ»។
ព្រះយេស៊ូប្រោសមនុស្សឃ្លង់ដប់នាក់
១១នៅពេលព្រះអង្គធ្វើដំណើរទៅឯក្រុងយេរូសាឡិម កាត់តាមព្រំប្រទល់ស្រុកសាម៉ារី និងស្រុកកាលីឡេ ១២ព្រះអង្គក៏យាងចូលទៅក្នុង ភូមិមួយ ហើយបានជួបមនុស្សឃ្លង់ ដប់នាក់ដែលឈរពីចម្ងាយ ១៣ទាំងបន្លឺសំឡេងថា៖ «លោកគ្រូយេស៊ូអើយ! សូមមេត្ដាដល់យើងផង»។ ១៤ពេលព្រះអង្គឃើញក៏មានបន្ទូលទៅពួកគេថា៖ «ចូរទៅបង្ហាញខ្លួនដល់ពួកសង្ឃចុះ»ពេលពួកគេកំពុងទៅ ពួកគេក៏បានជាស្អាត។ ១៥កាលម្នាក់ក្នុងចំណោមពួកគេ ឃើញថាខ្លួនបានជាស្អាត ក៏ត្រលប់មកវិញ ទាំងសរសើរតម្កើងព្រះជាម្ចាស់ ដោយសំឡេងឮៗ ១៦ហើយគាត់ផ្កាប់មុខចុះនៅទៀបបាទាព្រះអង្គ ទាំងអរព្រះគុណព្រះអង្គ ឯអ្នកនោះជាជនជាតិសាម៉ារី។ ១៧ព្រះយេស៊ូមានបន្ទូលសួរថា៖ «តើមិនបានជាស្អាតទាំងដប់នាក់ទេឬ? ចុះប្រាំបួននាក់ទៀតនៅឯណា? ១៨ម្ដេចក៏មិនឃើញ អ្នកទាំងនោះត្រលប់មកថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់ លើកលែងតែសាសន៍ដទៃម្នាក់នេះ ដូច្នេះ?» ១៩រួចព្រះអង្គ ក៏មានបន្ទូលទៅគាត់ថា៖ «ចូរក្រោកឡើង ហើយទៅចុះ ជំនឿរបស់អ្នក បានធ្វើឲ្យអ្នកជាសះស្បើយហើយ»។
ការមកដល់នៃនគរព្រះជាម្ចាស់
២០កាលពួកអ្នកខាង គណៈផារិស៊ីបានសួរថា នគរព្រះជាម្ចាស់មកដល់នៅពេលណា នោះព្រះអង្គក៏មានបន្ទូលឆ្លើយទៅពួកគេថា៖ «នគរព្រះជាម្ចាស់មិនមែនមក ដោយសង្កេតមើលឃើញឡើយ ២១គ្មានអ្នកណានឹងនិយាយបានថា មើល៍ នៅទីនេះ ឬនៅទីនោះបានឡើយ ដ្បិតមើល៍ នគរព្រះជាម្ចាស់នៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ»។ ២២រួចព្រះអង្គក៏មានបន្ទូល ទៅពួកសិស្សថា៖ «នឹងមានថ្ងៃមួយមកដល់ នៅពេលដែលអ្នករាល់គ្នា ចង់ឃើញថ្ងៃមួយរបស់កូនមនុស្ស ប៉ុន្ដែអ្នករាល់គ្នាមើលមិនឃើញឡើយ។ ២៣ហើយពួកគេនឹងបា្រប់អ្នករាល់គ្នាថា មើល៍ នៅទីនេះ ឬមើល៍ នៅទីនោះ ចូរកុំចេញទៅក្រៅតាមពួកគេឲ្យសោះ ២៤ដ្បិតផ្លេកបន្ទោរ ជះពន្លឺពីជើងមេឃម្ខាង ទៅជើងមេឃម្ខាងជាយ៉ាងណា នៅថ្ងៃរបស់កូនមនុស្ស នឹងបានដូចជាយ៉ាងនោះដែរ។ ២៥ប៉ុន្ដែមុនដំបូង លោកត្រូវរងទុក្ខវេទនាជាច្រើន ហើយត្រូវជំនាន់នេះបដិសេធទៀតផង។ ២៦នៅសម័យលោកណូអេមានកើតឡើងជាយ៉ាងណា នៅថ្ងៃរបស់កូនមនុស្ស នឹងមានកើតឡើងជាយ៉ាងនោះដែរ ២៧ពួកគេស៊ីផឹក រៀបការជាប្ដីប្រពន្ធរហូតដល់ថ្ងៃលោកណូអេចូលទៅក្នុងទូកធំ ហើយទឹកជំនន់ក៏មកបំផ្លាញអ្វីៗទាំងអស់ទៅ ២៨និងដូចជានៅសម័យលោកឡុតដែរ គឺពួកគេស៊ីផឹក លក់ដូរ ដាំដុះ និងសាងសង់ ២៩ប៉ុន្ដែនៅថ្ងៃដែលលោកឡុតចេញពីក្រុងសូដុម នោះមានភ្លើង និងស្ពាន់ធ័រធ្លាក់មកពីលើមេឃបំផ្លាញអ្វីៗទាំងអស់ទៅ។ ៣០វានឹងមានហេតុការណ៍ដូច្នោះដែរ នៅថ្ងៃកូនមនុស្សលេចមក។ ៣១នៅថ្ងៃនោះ អ្នកនៅលើដំបូលផ្ទះ ដែលមានរបស់របរនៅក្នុងផ្ទះ មិនត្រូវចុះមកយករបស់ទាំងនោះទេ អ្នកនៅស្រែចម្ការក៏ដូចគ្នាដែរ មិនត្រូវបកមកក្រោយ ទៅយករបស់របរទេ។ ៣២ចូរនឹកចាំពីប្រពន្ធរបស់លោកឡុតចុះ។ ៣៣ដ្បិតអ្នកណាដែលខិតខំរក្សាជីវិតខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ ប៉ុន្ដែអ្នកណាដែលបាត់បង់ជីវិត អ្នកនោះនឹងរក្សាជីវិតបានវិញ។ ៣៤ខ្ញុំបា្រប់អ្នករាល់គ្នាថា នៅយប់នោះ មនុស្សពីរនាក់នៅលើគ្រែតែមួយ ម្នាក់នឹងត្រូវដកយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅ។ ៣៥ឯស្រ្តីពីរនាក់កំពុងកិនម្សៅជាមួយគ្នា ម្នាក់នឹងត្រូវដកយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅ ៣៦[បុរសពីរនាក់ដែលនៅស្រែចម្ការ ម្នាក់នឹងត្រូវដកយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅ]»។ ៣៧កាលពួកគេទូលសួរព្រះអង្គទៀតថា៖ «តើនៅឯណាទៅព្រះអម្ចាស់អើយ?» នោះព្រះអង្គមានបន្ទូលទៅពួកគេថា៖ «សពនៅទីណា សត្វត្មាតក៏ផ្ដុំគ្នានៅទីនោះដែរ»។