លូកា ១៥
រឿងចៀមវង្វេង
១៥ពេលនោះ ពួកអ្នកទារ ពន្ធដារ និងពួកមនុស្សបាបទាំងអស់បានចូលមកជិត ដើម្បីស្ដាប់ព្រះអង្គ ២ប៉ុន្ដែទាំងពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យបានរអ៊ូរទាំថា៖ «អ្នកនេះស្វាគមន៍ពួកមនុស្សបាប ហើយបរិភោគជាមួយពួកគេទៀតផង» ៣ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេជារឿងប្រៀបប្រដូចនេះថា៖ ៤«សន្មតថា មានមនុស្សម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានចៀមមួយរយ ហើយចៀមមួយបានវង្វេងចេញពីហ្វូង តើគាត់មិនទុកចៀមកៅសិបប្រាំបួន នៅវាលស្មៅ រួចទៅតាមរកចៀមមួយ ដែលបានវង្វេងនោះទាល់តែឃើញទេឬ? ៥ពេលរកឃើញហើយ គាត់ក៏លីវាលើស្មា ទាំងអរសប្បាយ។ ៦កាលបានមកដល់ផ្ទះ គាត់ក៏ហៅមិត្តភក្តិ និងអ្នកជិតខាងមកជុំគ្នាដោយប្រាប់ពួកគេថា សូមអរសប្បាយជាមួយខ្ញុំផង ដ្បិតខ្ញុំបានរកឃើញចៀមរបស់ខ្ញុំ ដែលវង្វេងនោះវិញហើយ។ ៧ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌ នឹងមានសេចក្ដីអរសប្បាយយ៉ាងនោះដែរ ចំពោះមនុស្សបាបម្នាក់បានប្រែចិត្ដ ជាជាងមនុស្សសុចរិតកៅសិបប្រាំបួននាក់ ដែលមិនត្រូវការការប្រែចិត្ដ។
រឿងប្រាក់ដែលបាត់
៨ឬសន្មតថា ស្រ្ដីម្នាក់មានកាក់ប្រាក់ដប់កាក់ ប៉ុន្ដែបើនាងធ្វើឲ្យបាត់កាក់មួយ តើនាងមិនអុជចង្កៀង បោសផ្ទះ ហើយរកយ៉ាងល្អិតល្អន់ រហូតទាល់តែឃើញវិញទេឬ? ៩ពេលរកឃើញហើយ នាងក៏ហៅមិត្តភក្តិ និងអ្នកជិតខាងមកជុំគ្នាប្រាប់ពួកគេថា សូមអរសប្បាយជាមួយខ្ញុំផង ដ្បិត ខ្ញុំរកឃើញកាក់ប្រាក់ដែលខ្ញុំបានបាត់នោះវិញហើយ។ ១០ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅចំពោះមុខពួកទេវតារបស់ព្រះជាម្ចាស់ ក៏មានសេចក្ដីអរ សប្បាយយ៉ាងដូច្នេះដែរ ចំពោះមនុស្សបាបម្នាក់ដែលបានប្រែចិត្ដ»។
រឿងកូនប្រុសវង្វេង
១១ព្រះអង្គមានបន្ទូលទៀតថា៖«មានបុរសម្នាក់មានកូនប្រុសពីរនាក់ ១២កូនប្អូនបាននិយាយទៅឪពុកថា លោកឪពុកអើយ! សូមប្រគល់ទ្រព្យសម្បត្ដិជាចំណែករបស់ខ្ញុំឲ្យមកខ្ញុំ រួចឪពុកក៏ចែកទ្រព្យសម្បត្តិឲ្យពួកគេ។ ១៣ប៉ុន្មានថ្ងៃក្រោយមក កូនប្រុសប្អូនបានប្រមូលទ្រព្យសម្បត្ដិទាំងអស់របស់ខ្លួន រួចធ្វើដំណើរទៅស្រុកឆ្ងាយ។ នៅទីនោះ គាត់បានចាយបង្ហិន ទ្រព្យសម្បត្ដិរបស់ខ្លួនដោយរស់នៅយ៉ាងលេលា។ ១៤ពេលគាត់ចាយទ្រព្យសម្បត្ដិ របស់គាត់អស់ហើយ ក៏កើតមានគ្រោះអត់ឃ្លានយ៉ាងធ្ងន់ធ្ងរនៅទូទាំងស្រុកនោះ ហើយគាត់ក៏ចាប់ផ្ដើមខ្វះខាត ១៥ដូច្នេះ គាត់ក៏ទៅស៊ីឈ្នួលអ្នកស្រុកម្នាក់ នៅស្រុកនោះ ហើយអ្នកនោះបានចាត់គាត់ឲ្យ ទៅឃ្វាលជ្រូកនៅឯកសិដ្ឋានរបស់ខ្លួន។ ១៦គាត់ចង់ចំអែតពោះ ដោយចំណីជ្រូកដែលជ្រូកកំពុងស៊ីខ្លាំងណាស់ ប៉ុន្ដែគ្មានអ្នកណាឲ្យអ្វីដល់គាត់ឡើយ។ ១៧ពេលគាត់ភ្ញាក់ខ្លួន ក៏និយាយថា អ្នកស៊ីឈ្នួលទាំងឡាយរបស់ឪពុកខ្ញុំ មានអាហារបរិបូរ ប៉ុន្ដែខ្ញុំវិញនៅទីនេះឃ្លានជិតស្លាប់ហើយ ១៨ខ្ញុំនឹងក្រោកឡើងទៅឯឪពុកខ្ញុំវិញ ហើយប្រាប់គាត់ថា លោកឪពុកអើយ! កូនបានធ្វើបាបទាស់នឹងស្ថានសួគ៌ ហើយនឹងលោកឪពុក ១៩កូនមិនស័ក្តិសមនឹងហៅថា ជាកូនរបស់លោកឪពុកទៀតទេ សូមឲ្យកូនធ្វើជាអ្នកស៊ីឈ្នួលម្នាក់ របស់លោកឪពុកផង! ២០រួចគាត់ក៏ក្រោកឡើង ត្រលប់ទៅឯឪពុកវិញ កាលគាត់នៅឆ្ងាយនៅឡើយ នោះឪពុករបស់គាត់បានឃើញគាត់ និងមានចិត្ដអាណិតអាសូរជាពន់ពេក ក៏រត់ទៅឱបថើបគាត់។ ២១កូនប្រុសនោះប្រាប់ទៅឪពុកថា លោកឪពុកអើយ! កូនបានធ្វើបាបទាស់នឹងស្ថានសួគ៌ ហើយនឹងលោកឪពុក កូនមិនស័ក្តិសមនឹងហៅថា កូនរបស់លោកឪពុក ទៀតទេ។ ២២ប៉ុន្ដែឪពុកបានប្រាប់ទៅ ពួកបាវបម្រើរបស់គាត់ថា ចូរយកអាវដ៏ល្អបំផុតមកបំពាក់ឲ្យកូនរបស់ខ្ញុំជាប្រញាប់ ទាំងបំពាក់ចិញ្ជៀនលើដៃ និងពាក់ស្បែកជើងឲ្យ ផង ២៣ហើយចូរយកកូនគោដែលបានបំប៉នទុកមកកាប់ រួចចូរយើងបរិភោគដោយអរសប្បាយចុះ ២៤ព្រោះកូនប្រុសរបស់ខ្ញុំនេះបានស្លាប់ហើយ ប៉ុន្ដែរស់ឡើងវិញ វាបានវង្វេងបាត់ទៅ ប៉ុន្ដែរកឃើញវិញ។ រួចពួកគេក៏ចាប់ផ្ដើមអរសប្បាយ។ ២៥រីឯកូនប្រុសច្បងរបស់គាត់វិញនៅឯចម្ការ ពេលគាត់មកជិតដល់ផ្ទះ គាត់បានឮសូរតន្ដ្រី និងការរាំរែក ២៦គាត់ក៏ហៅបាវបម្រើម្នាក់មកសួរថា តើមានហេតុការណ៍អ្វី? ២៧បាវបម្រើនោះប្រាប់គាត់ថា ប្អូនប្រុសរបស់លោកមកវិញហើយ ឪពុករបស់លោកបានកាប់កូនគោដែលបានបំប៉នទុក ព្រោះគាត់បានទទួលកូនមកវិញ ដោយសុខសាន្ដ។ ២៨កូនប្រុសច្បងក៏ខឹង ហើយមិនចង់ចូលក្នុងទេ ដូច្នេះឪពុករបស់គាត់បានចេញមកអង្វរគាត់ ២៩ប៉ុន្ដែគាត់បានឆ្លើយទៅឪពុកថា មើល៍ កូនបានបម្រើលោកឪពុកជាច្រើនឆ្នាំ ហើយមិនដែលមិនស្ដាប់បង្គាប់លោកឪពុកទេ ប៉ុន្ដែ លោកឪពុកមិនដែល ឲ្យកូនពពែមួយដល់ខ្ញុំ ដើម្បីឲ្យខ្ញុំអរសប្បាយជាមួយមិត្តភក្តិរបស់ខ្ញុំទេ ៣០ប៉ុន្ដែនៅពេលកូនរបស់លោកឪពុកម្នាក់នេះ ដែលជាអ្នកបំផ្លាញ ទ្រព្យសម្បត្តិរបស់លោកឪពុកជាមួយស្រី្តពេស្យាមកដល់ លោកឪពុកក៏កាប់កូនគោដែលបំប៉នទុកសម្រាប់វា។ ៣១ឪពុកក៏ប្រាប់កូននោះវិញថា កូនអើយ! កូនឯងនៅជាមួយឪពុកជានិច្ច ហើយអ្វីៗដែលជារបស់ឪពុក គឺជារបស់កូនហើយ ៣២ដូច្នេះត្រូវតែអរសប្បាយ និងមានអំណរឡើង ព្រោះប្អូនប្រុសរបស់កូននេះបានស្លាប់ហើយ តែរស់ឡើងវិញ និងបានវង្វេងបាត់ទៅ ប៉ុន្ដែរកឃើញវិញ»។